ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​បញ្ឈប់​ការ​បណ្ដេញ​ចេញ

តំណាង​សហគមន៍​ចំនួន ៤ មក​ពី​តំបន់​ខុស​គ្នា​នៅ​រាជធានី​ភ្នំពេញ ជួប​ប្រជុំ​គ្នា​នៅ​សហគមន៍​បឹងកក់ ខណ្ឌ​ដូនពេញ ដោយ​មាន​កាន់​បដា​ដែល​សរសេរ​ពាក្យ​ស្លោក​ផ្សេងៗ ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស ដែល​កើត​ចេញ​ពី​ការ​រំលោភ​យក​ដីធ្លី និង​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ។

0:00 / 0:00

ការ​ប្រមូល​ផ្ដុំ​គ្នា​របស់​សហគមន៍​ទាំង​នោះ គឺ​ដើម្បី​ទាក់ទាញ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​នៃ​មេដឹកនាំ​កំពូលៗ​លើ​ពិភពលោក ដែល​មក​ចូល​រួម​ប្រជុំ​កំពូល​អាស៊ាន ជា​ពិសេស​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដើម្បី​ជំរុញ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​គោរព​សិទ្ធិ​មនុស្ស និង​បញ្ឈប់​ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន និង​ដីធ្លី​របស់​ពួក​គេ។

ប្រជាសហគមន៍​ប្រមាណ ២០០​នាក់ ឈរ​នៅ​លើ​វាល​ខ្សាច់​ដែល​ក្រុម​ហ៊ុន​បាន​បូម​ពន្លិច​ផ្ទះ​របស់​អ្នក​ភូមិ​បឹងកក់ ស្រែក​អំពាវនាវ​ដល់​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​ដែល​អញ្ជើញ​ចូល​រួម​ប្រជុំ​កំពូល​អាស៊ាន​សុំ​ឲ្យ​ជួយ​ពួក​គេ។

អ្នកស្រី ទេព វន្នី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា ថា អ្នក​ភូមិ​ពិត​ជា​ពិបាក​ក្នុង​ការ​រង់ចាំ​ចំណាត់​ការ​នៃ​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី និង​លំនៅឋាន​របស់​ពួកគាត់​ខ្លាំង​ណាស់។ ដូច្នេះ​អ្នក​ភូមិ​មក​ជួប​ប្រជុំ​គ្នា​ថ្ងៃ​អាទិត្យ​នេះ គឺ​ប្រាថ្នា​ទាមទារ​ឲ្យ​មេដឹកនាំ​ពិភពលោក​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួក​គាត់​ផង ជា​ពិសេស​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា ធ្វើ​យ៉ាង​ណា​ជំរុញ​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​ផ្សេងៗ​តាម​រយៈ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​អភិវឌ្ឍ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​រង​ទឹក​ភ្នែក។

ម្យ៉ាង​ទៀត អ្នកស្រី​អះអាង​ថា អ្នកស្រី​ចង់​ឃើញ​រដ្ឋាភិបាល​ឈប់​យក​តុលាការ​ធ្វើ​ឧបករណ៍​ដើម្បី​ចាប់​សកម្មជន​ដីធ្លី​ដាក់​គុក៖ «ពួក​ខ្ញុំ​មិន​អាច​រង់ចាំ​នូវ​ការ​ដោះស្រាយ​ដ៏​រ៉ាំរ៉ៃ​របស់​រដ្ឋាភិបាល​កម្ពុជា​ទៀត​ទេ ព្រោះ​ពួក​ខ្ញុំ​រស់​នៅ​វេទនា​ណាស់។ បើ​សិន​ជា​នៅ​តែ​បន្ត​អា​ដំណោះស្រាយ​រ៉ាំរ៉ៃ ហើយ​មាន​តែ​ការ​លាប​ពណ៌ និង​ការ​ប្រើ​អំពើ​ហិង្សា និង​ការ​ប្រើប្រាស់​តុលាការ​ដែល​មិន​ឯករាជ្យ​នោះ​ធ្វើ​បាប​ពួក​ខ្ញុំ ពួក​ខ្ញុំ​នឹង​ស្លាប់​នៅ​ថ្ងៃ​ណា​មួយ​ជា​មិន​ខាន។ ដូច្នេះ​ខ្ញុំ​ដាក់​អក្សរ SOS នេះ ដើម្បី​ឲ្យ​គាត់​ជួយ​សង្គ្រោះ​ជីវិត​ពួក​ខ្ញុំ​តែម្ដង ជា​ពិសេស​លោក ប៉ារ៉ាក់ អូបាម៉ា និង​លោក​ជំទាវ ហ៊ីលឡារី គ្លីនតុន ត្រូវ​តែ​ដោះស្រាយ​ជំរុញ​រដ្ឋាភិបាល ដោះស្រាយ​ជម្លោះ​គ្រប់​សព្វ​បែប​យ៉ាង​នៅ​តំបន់​បឹងកក់ និង​បុរី​កីឡា ក៏​ដូច​ជា​តំបន់​ផ្សេងៗ​ដែល​កំពុង​មាន​បញ្ហា»

ទាក់ទង​នឹង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នេះ​ដែរ អ្នកស្រី ទេព វន្នី លើក​ឡើង​ថា អ្នកស្រី​ចង់​ឲ្យ​ការ​ជួប​ប្រជុំ​គ្នា​របស់​មេដឹកនាំ​កំពូលៗ​នេះ​ជំរុញ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​នូវ​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​ក្នុង​តំបន់​អាស៊ាន។

ឆ្លើយ​តប​បញ្ហា​នេះ អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​សុំ​ឲ្យ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ទាំង​នោះ​គួរ​ប្រើ​ប្រព័ន្ធ​តុលាការ ដើម្បី​ដោះស្រាយ​ជា​ជាង​ប្រើ​មធ្យោបាយ​ធ្វើ​បាតុកម្ម៖ «ការ​ទាមទារ​ធ្វើ​កូដកម្ម បាតុកម្ម​នេះ ដូច​ជា​មិន​ទាន់​ឃើញ​ប្រសិទ្ធភាព​នៅ​ឡើយ គួរ​តែ​ប្រើប្រាស់​នូវ​មធ្យោបាយ​ផ្សេង​ទៀត តាម​រយៈ​ពេល តាម​រយៈ​អី​ហ្នឹង​ល្អ​ជា​ជាង»

ភ្ជាប់នឹងការធ្វើបាតុកម្មនេះដែរ អាជ្ញាធរបានដាក់កំលាំងគ្រប់ច្រកចេញចូលនៃសហគមន៍បឹងកក់ ភូមិ២២ សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីរារាំងកុំឲ្យប្រជាសហគមន៍ដង្ហែក្បួនចេញក្រៅភូមិ។

ភ្ជាប់​នឹង​ការ​ធ្វើ​បាតុកម្ម​នេះ​ដែរ អាជ្ញាធរ​បាន​ដាក់​កម្លាំង​រាប់​រយ​នាក់​គ្រប់​ច្រក​ចេញ​ចូល​នៃ​សហគមន៍​បឹង​កក់ ភូមិ​២២ សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ ដើម្បី​រារាំង​កុំ​ឲ្យ​ប្រជា​សហគមន៍​ដង្ហែ​ក្បួន​ចេញ​ក្រៅ​ភូមិ។

អ្នក​ភូមិ​បាន​ឈរ​តម្រៀប​គ្នា​ជា​ជួរ ហើយ​អ្នក​ខ្លះ​ដៃ​កាន់​បដា​ចំនួន​ពី​ផ្ទាំង​ធំៗ ដែល​មាន​បិទ​រូបថត​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា និង​រូប​អ្នកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) ព្រម​ទាំង​សរសេរ​អក្សរ SOS ដែល​ជា​សញ្ញា​ប្រកាស​អាសន្ន​សុំ​ឲ្យ​គេ​ជួយ។ អ្នក​ភូមិ​បាន​លើក​ផ្ទាំង​បដា​នោះ​ឡើង​ខ្ពស់ បែរ​មុខ​ទៅ​កាន់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

តំណាង​សហគមន៍​ចំនួន ៤ មក​ពី​តំបន់​ខុស​គ្នា​រួម​មាន ទី​១ សហគមន៍​ភូមិ​ថ្មគោល ជាប់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ ដែល​ប្រឈម​នឹង​ការ​បាត់បង់​លំនៅឋាន​ឥត​សំណង​ដោយសារ​គម្រោង​ពង្រីក​អាកាសយានដ្ឋាន​ ទី​២ សហគមន៍ ៣៤៧ ស្ថិត​នៅ​ភូមិ ៣ សង្កាត់​បឹងកក់ ខណ្ឌ​ទួលគោក ដែល​មាន​ជាង ១០០​គ្រួសារ នឹង​ត្រូវ​បាត់បង់​លំនៅឋាន​ដោយសារ​ការ​ពង្រីក​ផ្លូវ ទី​៣ សហគមន៍​បឹងកក់ និង​ទី​៤ សហគមន៍​បុរី​កីឡា។

ទោះ​យ៉ាង​ណា ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿន តុលា មាន​ប្រសាសន៍​ថា ការ​ធ្វើ​បាតុកម្ម​ទាមទារ​យុត្តិធម៌​របស់​ប្រជា​សហគមន៍​នេះ ទំនង​ជា​ពួកគេ​អស់​ជំនឿ​ទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៃ​ប្រទេស​កម្ពុជា ទើប​ពួក​គាត់​អំពាវនាវ​សុំ​កិច្ច​អន្តរាគមន៍​ពី​សំណាក់​ប្រទេស​ដទៃ។ លោក​បន្ត​ថា សកម្មភាព​តវ៉ា​របស់​ពលរដ្ឋ​នេះ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មុខ​មាត់​រដ្ឋាភិបាល​លើ​ឆាក​អន្តរជាតិ។

ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នេះ​ដែរ នៅ​ថ្ងៃ​ទី​១៨ វិច្ឆិកា មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ស្វាគមន៍​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក បារ៉ាក់ អូបាម៉ា (Barack Obama) និង​សម្ដែង​ជំនឿ​យ៉ាង​មុត​មាំ​ថា ការ​អញ្ជើញ​មក​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​នៅ​កម្ពុជា នេះ នឹង​នាំ​មក​នូវ​ភាព​ប្រសើរ​ឡើង​នៃ​បញ្ហា​រំលោភ​សិទ្ធិ​ធ្ងន់ធ្ងរ​នៅ​ប្រទេស​មួយ​នេះ ជា​ពិសេស​ការ​រំលោភ​សិទ្ធិ​មនុស្ស ដែល​បណ្ដាល​មក​ពី​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​ការ​រឹតត្បិត​សេរីភាព​បញ្ចេញ​មតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។