មន្ត្រី​អង្គការ​សង្គម​ស៊ីវិល៖ គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ ជួប​ការ​លំបាក​ច្រើន

គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​បាន​ឲ្យ​ដឹង​ថា ក្រុម​ការងារ​កំពុង​ដំណើរ​ការ​ចុះ​ធ្វើ​វាស់​វែង​ដី និង​ធ្វើ​ជំរឿន​គ្រួសារ​ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ស្រុក​ចំនួន ៦ ក្នុង​ខេត្ត​បាត់ដំបង។

0:00 / 0:00

ដី​នៅ​តាម​ស្រុក​ទាំង​នេះ មាន​ចំនួន ៧ ទី​តាំង​ស្មើ​នឹង​ទំហំ​ជាង ៤ ម៉ឺន​ហិកតារ។ រហូត​មក​ដល់​ពេល​នេះ គេ​នៅ​មិន​ទាន់​រក​ឃើញ​ចំនួន​គ្រួសារ​ប្រជា​ពលរដ្ឋ​ពិត​ប្រាកដ ដែល​កំពុង​កាន់កាប់​នៅ​លើ​ដីធ្លី​នោះ​ជាក់​ស្ដែង​ទេ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ក្រុម​ការងារ​របស់​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ នឹង​ជួប​ការ​លំបាក​ច្រើន ដែល​ត្រូវ​ដោះស្រាយ។

ការ​ធ្វើ​ប្រទានកម្ម​ដី ឬ​ហៅ​ថា ការ​ផ្ដល់​កម្មសិទ្ធិ​ដី​ធ្លី​ទៅ​ឲ្យ​ប្រជា​ពលរដ្ឋ ដែល​ជា​អ្នក​រស់​នៅ និង​កាន់​កាប់​លើ​ដី​ជាក់​ស្ដែង តាម​បទ​បញ្ជា​របស់​រដ្ឋាភិបាល បាន​ចាប់​ផ្ដើម​ហើយ។ ប៉ុន្តែ នៅ​ពុំ​ទាន់​មាន​លទ្ធផល​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ។

គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ ខេត្ត​បាត់ដំបង នៅ​ពុំ​ទាន់​រក​ឃើញ​ចំនួន​គ្រួសារ​ប្រជា​ពលរដ្ឋ​ជាក់​ស្ដែង​ថា មាន​ប៉ុន្មាន​គ្រួសារ​ទេ ដែល​កំពុង​កាន់​កាប់​ដីធ្លី នៅ​ក្នុង​ស្រុក​ជា​គោលដៅ​ទាំង ៦ ក្នុង​ខេត្ត​បាត់ដំបង។

ក្រុម​ការងារ​នេះ កំពុង​ដំណើរ​ការ​ចុះ​ធ្វើ​វាស់វែង​ដី និង​ធ្វើ​ជំរឿន​គ្រួសារ​ប្រជា​ពលរដ្ឋ នៅ​ក្នុង​ស្រុក​ ចំនួន ៦។ ក្នុង​នោះ មាន​នៅ​ស្រុក​គាស់​ក្រឡ ស្រុក​សំឡូត ស្រុក​បាណន់ ស្រុក​បវេល ស្រុក​ភ្នំ​ព្រឹក និង​ស្រុក​សំពៅ​លូន។

លោក ងួន រតនៈ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​បាត់ដំបង មាន​ប្រសាសន៍​ថា ដី​នៅ​តាម​ស្រុក​ទាំង​នេះ មាន​ចំនួន ៧ ទី​តាំង ស្មើ​នឹង​ជាង ៤ ម៉ឺន​ហិកតារ។

លោក ងួន រតនៈ បញ្ជាក់៖ «យើង​បាន​បញ្ជូន​កម្លាំង​វាស់​វែង​ ទៅ​ដល់​គោលដៅ​អស់​ហើយ ​ជាមួយ​និស្សិត​ស្ម័គ្រ​ចិត្ត​ ដាក់​តាម​ទីតាំង។ កំពុង​ផ្សព្វ​ផ្សាយ​ពី​គោល​ដៅ ​ផែន​ការ​ជូន​ប្រជាពលរដ្ឋ​ហ្នឹង​ ហើយ​ព្រឹក​មិញ ជាមួយ​ឯកឧត្ដម​អភិបាល​ខេត្ត​ យើង​ប្រកាស​តំបន់​វិនិច្ឆ័យ​ សម្រាប់​បី​ចំណុច ឆ្នាល់​មាន់ និង​អក្សរ​តេ (T)។ ទាំង​ពីរ​ យើង​ប្រកូក​ប្រកាស​អ្នក​ដែល​មាន​ដី​នៅ​តំបន់​ហ្នឹង ដែល​ត្រូវ​វាស់វែង​ធ្វើ​ប័ណ្ណ​កម្មសិទ្ធិ​ជូន​ឲ្យ​គាត់​ចូល​រួម​ដឹង ហើយ​ផែន​ការ​បន្ត​ថ្ងៃ ៤ យើង​ធ្វើ​នៅ ​ព្រៃ​ព្រាល​ នៅ​ភ្នំ​ព្រឹក​ នៅ​សំពៅ​លូន ​ទៀត»។

លោក ជន ប៊ុន ចាន់ អភិបាល​រង​ស្រុក​បវេល​មាន​ប្រសាសន៍​ថា ក្រុម​ការងារ​ថ្នាក់​ស្រុក ​មាន​ភូមិបាល​ស្រុក និង​មន្ទីរ​ពាក់ព័ន្ធ​កំពុង​ប្រឹង​ប្រែង​លើ​ការងារ​នេះ។ ក្រោយ​ពី​ធ្វើ​ការ​វិនិច្ឆ័យ​ថា ជា​ដី​របស់​រដ្ឋ​ បន្ទាប់​មក​កាត់​មក​ជា​ដី​ឯកជន​របស់​រដ្ឋ និង​បន្ត​ធ្វើ​អនុបយោគ មក​ជា​ដី​សម្បទាន​សង្គមកិច្ច ដោយ​បាន​បម្លែង​ទៅ​ជា​ដី​សម្បទាន​សេដ្ឋកិច្ច​នោះ មាន​ទំហំ ១.៣០០ ហិកតារ សម្រាប់​ចែក​ជូន​ប្រជា​ពលរដ្ឋ​បង្កបង្កើន​ផល។ ទី​តាំង​ដី​នេះ ស្ថិត​នៅ​ចំណុច​ព្រៃ​ព្រាល​ស្ថិត​ក្នុង​ឃុំ​ឃ្លាំង​មាស​ស្រុក​បវេល​ខេត្ត​បាត់ដំបង។

លោក​បញ្ជាក់​ថា ឃុំ​ឃ្លាំង​មាស ជា​ឃុំ​ដែល​រាជរដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​បង្កើត​ថ្មី។ ឃុំ​នេះ មាន​ប្រជា​ពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត​ផ្សេងៗ ចូល​ទៅ​រស់​នៅ​ជា​អចិន្ត្រៃយ៍ និង​ខ្លះ​ទៀត មិន​អចិន្ត្រៃយ៍​ទេ។

លោក ជន ប៊ុន ចាន់៖ «អ៊ីចឹង​ទេ ក្រុម​ការងារ​ខ្ញុំ​ចុះ​ទៅ ទី​១ ធ្វើ​អត្តសញ្ញាណ ​ប្រជា​ពលរដ្ឋ។ ទី​ពីរ ធ្វើ​អត្តសញ្ញាណ​ដី​ហើយ ដូច​ជា តំបន់​ព្រៃ​ព្រាល​នេះ យើង​បាន​ធ្វើ​អត្តសញ្ញាណ​ប្រជា​ពលរដ្ឋ​ម្ដង​រួច​ហើយ ឯកសារ​អី​មាន​រូប ថត មាន​ជាង ៥០០ គ្រួសារ»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក ងួន រតនៈ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគររូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​បាត់ដំបង បាន​បញ្ជាក់​ថា ក្រុម​ការងារ​ទើប​ចាប់​ផ្ដើម​យុទ្ធនាការ។ នៅ​ពុំ​បាន​ដឹង​ពី​ចំនួន​គ្រួសារ​ប្រជាពលរដ្ឋ​ជាក់លាក់​នោះ​ទេ។

លោក ងួន រតនៈ បញ្ជាក់​បន្ថែម៖ «អ៊ីចឹង​គ្រួសារ​ យើង​សម្រង់​អត់​ទាន់​បាន​ទេ។ ធ្វើ​បណ្ដើរ​បាន​ស្រង់​ចេញ។ បាទ! បាន​យូរ​ដែរ ទាក់​ទង​ក្បាល​ដី​ធំ​តូច ខែ​នេះ ខែ​ភ្លៀង ជួន​កាល​អាច​ធ្វើ​បាន​មួយ​ព្រឹក។ ប៉ុន្តែ បច្ចុប្បន្ន​អត់​ភ្លៀង​ទេ។ ប៉ុន្តែ​អាច​ភ្លៀង​ហើយ ​យើង​កំពុង​ជំរឿន​រឿង​ហ្នឹង ទើប​បាន​ពីរ​ថ្ងៃ​ទេ។ ប៉ុន្តែ ភាគ​ច្រើន​ប្រជាពលរដ្ឋ​គាត់​​នៅ​ហ្នឹង​របស់​គាត់»។

ប្រធាន​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស អាដហុក ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េង លី កត់​សម្គាល់​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ចំនួន​បី​ឃុំ ដែល​ក្នុង​នោះ​មាន នៅ​ឃុំ​បារាំង​ធ្លាក់ ឃុំ​អូរ​រំដួល និង​ឃុំ​ចក្រី ស្រុក​ភ្នំ​ព្រឹក​កំពុង​ជួប​ប្រទះ​បញ្ហា​ដីធ្លី។

នៅ​តំបន់​នោះ មាន​ភាព​ងាយ​ស្រួល​សម្រាប់​ក្រុម​ការងារ​ចុះ​វាស់វែង ដោយសារ​ប្រជាជន​ពួក​គាត់​ចូល​ទៅ​កាន់កាប់​ដី ដែល​ទាក់​ទង​ដី​បរិស្ថាន និង​ដី​គម្រប​ព្រៃ​ឈើ។ កន្លង​មក​នេះ អាជ្ញាធរ​មិន​បាន​ទទួល​ស្គាល់​មិន​បាន​ដេញ និង​មិន​បាន​ប្ដឹងផ្ដល់​គ្នា។ ក៏​ប៉ុន្តែ នៅ​មាន​តំបន់​មួយ​ចំនួន​ទៀត ក្រុម​ការងារ​គ្រប់គ្រង​ដី​រដ្ឋ និង​ប្រឈម​បញ្ហា​ច្រើន។

លោក​បាន​លើក​ជា​ឧទាហរណ៍​ថា ដី​នៅ​ចំណុច​អណ្ដូង​កន្ទួត មាន​ប្រជាពលរដ្ឋ ៤០០ ទៅ ៥០០ គ្រួសារ។ ប៉ុន្តែ ពួក​គាត់​បែក​ខ្ញែក​អស់ ដោយសារ​តែ​មាន​ការ​ភ័យខ្លាច និង​ដីកា​ចាប់​ខ្លួន​របស់​តុលាការ រួម​ទាំង​ការ​គំរាមកំហែង ធ្វើ​ឲ្យ​អ្នក​ភូមិ រត់​គេច​ខ្លួន​អស់។ ប៉ុន្តែ នៅ​ពេល​ពួក​គាត់​ចូល​ទៅ​កាន់កាប់​ដី​នោះ​វិញ បញ្ហា​នេះ​ធ្វើ​ឲ្យ​មាន​ភាព​ច្របូក​ច្របល់ ដែល​អាច​ធ្វើ​ឲ្យ​ក្រុម​ការងារ ប្រឈម​ការ​លំបាក​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃ​ថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។