អង្គការ SORF ពិគ្រោះ​យោបល់​រឿង​ការ​ផ្ដល់ និង​ការ​​ទទួល​សេវា​នៅ​​ថ្នាក់​មូលដ្ឋាន

ក្នុង​គោល​បំណង​បង្កើន​ការ​យល់​ដឹង​ពី​ដំណើរ​ការ​អនុវត្តន៍​គម្រោង​អភិបាល​កិច្ច​ល្អ​ថ្នាក់​ក្រោម​ជាតិ របស់​រាជ​រដ្ឋាភិបាល ដល់​ប្រជា​ពលរដ្ឋ អង្គការ​ទ្រទ្រង់​កសិករ​ជនបទ ឬ​ហៅ​កាត់​ថា «អង្គការ សូហ្វ» (SORF) ​ប្រារព្ធ​ធ្វើ​វេទិកា​ពិគ្រោះ​យោបល់​រវាង​អ្នក​ផ្ដល់​សេវា និង​អ្នក​ទទួល​សេវា​ថ្នាក់​មូលដ្ឋាន​មួយ នៅ​វត្ត​នាគ​កួច ស្ថិត​នៅ​ក្នុង​ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

0:00 / 0:00

បញ្ហា​ដី​ធ្លី និង​ការ​បាត់បង់​ដី​ព្រៃ​សហគមន៍ គឺ​ជា​ក្ដី​កង្វល់​ចម្បង​របស់​អ្នក​ភូមិ​ជិត ១០០ នាក់ ដែល​មក​ជួប​គ្នា​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ ស្រុក និង​អាជ្ញាធរ​ជំនាញ​ក្នុង​ខេត្ត ក្នុង​វេទិកា​មួយ ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ឈ្មោះ «អង្គការ សូហ្វ» (SORF=Support Organization for Rural Farmers) បានក្រោម​ប្រធាន​បទ​វេទិកា​ពិគ្រោះ​យោបល់ រវាង​អ្នក​ផ្ដល់​សេវា និង​អ្នក​ទទួល​សេវា​ថ្នាក់​មូលដ្ឋាន។

បុរស​អ្នក​ភូមិ​ឈ្មោះ សួន ថន ជា​តំណាង​ប្រជាពលរដ្ឋ​ភូមិ​សំរោង ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។ គាត់​បាន​សំដែង​ពី​ក្ដី​កង្វល់​របស់​គាត់​ចំពោះ​បញ្ហា ការ​ទន្ទ្រាន​កាន់កាប់​ដី​ធ្លី​ពី​សំណាក់​អ្នក​មាន​ប្រាក់ និង​អ្នក​មាន​អំណាច​ក្នុង​មូលដ្ឋាន​របស់​គាត់។ លោក សួន ថន បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ ដែល​ជា​អ្នក​ភូមិ​ក្រីក្រ​គោរព​ច្បាប់​មិន​ហ៊ាន​កាប់​រាន​ព្រៃ ដើម្បី​វាត​យក​ដី​ធ្វើ​ស្រែ​ចម្ការ​ទេ តែ​ផ្ទុយ​ទៅ​វិញ​អាជ្ញាធរ​ដែន​ដី ដើម្បី​លាភ​សក្ការ បែរ​ជា​បណ្ដោយ​ឲ្យ​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​កាប់​រាន​ព្រៃ​យក​ដី​ធ្វើ​កម្មសិទ្ធិ​ដោយ​មិន​រវល់​ក្នុង​ការ​ទប់​ស្កាត់​នោះ​ឡើយ។

លោក សួន ថន ៖ «រាស្ត្រ​ស្លូត​ត្រង់​ខ្លាច​ច្បាប់ បាន​ត្រឹម​តែ​មើល​មុខ​គ្នា ហើយ​ស្ដាប់​គេ​និយាយ​គួរ​ឲ្យ​ចុក​ចាប់​ណាស់! តើ​វាសនា​ម្ចាស់​ឆ្នោត​ហ្នឹង​ទៅ​ជា​យ៉ាង​ណា? សូម​អង្គ​ពិភាក្សា​ទាំង​មូល​ជួយ​បំភ្លឺ និង​ជួយ​ដោះ​ស្រាយ​ឲ្យ​ប្រជា​ពលរដ្ឋ​ក្រីក្រ​អត់​មាន​ដី​បាន​ទទួល។ មិន​សុំ​ច្រើន​ទេ បើ​តាម​សំដី​សម្ដេច​នាយក គឺ​មួយ​គ្រួសារ ៥ ហិកតារ​ចុះ បើ​ឥឡូវ​រក​តែ​កន្លះ​ហិកតារ​មិន​បាន​ផង»។

ឆ្លើយ​តប​ចំពោះ​សំនួរ​នេះ អ្នកស្រី ឌុច មុំ អភិបាល​រង​ស្រុក​ក្រគរ ដែល​ជា​តំណាង​អាជ្ញាធរ​ស្រុក បាន​រុញ​បញ្ហា​នេះ ទម្លាក់​មក​ឲ្យ​អាជ្ញាធរ​ឃុំ​ជា​អ្នក​ទទួល​ខុស​ត្រូវ ក្នុង​ការ​ស្វែង​រក​ដំណោះស្រាយ។ ដោយ​អ្នក​ស្រី​ព្រមាន​ថា អាជ្ញាធរ​នឹង​បាត់បង់​ជំនឿ​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ ប្រសិន​បើ​បញ្ហា​នេះ​ជា​ការ​ពិត។

អ្នកស្រី ឌុច មុំ៖ «អាជ្ញាធរ​ឃុំ​ត្រូវ​ពិនិត្យ​បញ្ហា​នេះ​ប្រយ័ត្ន​គេ​ទម្លាក់​ចោល​ខ្មាស​គេ។ ត្រូវ​យក​បញ្ហា​នេះ​ទៅ​ពិភាក្សា​រក​ដំណោះ​ស្រាយ​ឲ្យ​បាន»។

វេទិកា​ពិគ្រោះ​យោបល់​រវាង​អ្នក​ផ្ដល់​សេវា និង​អ្នក​ទទួល​សេវា​ថ្នាក់​មូលដ្ឋាន​នេះ ក៏​មាន​បំណង​ផ្ដល់​ឱកាស​ដល់​ឲ្យ​អ្នក​ផ្ដល់​សេវា គឺ​អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់ និង​អ្នក​ទទួល​សេវា គឺ​ប្រជា​ពលរដ្ឋ​មាន​ឱកាស​ពិភាក្សា​គ្នា ដើម្បី​បន្ថែម​ការ​យល់​ដឹង​ពី​អត្ថប្រយោជន៍ ពី​បញ្ហា​បរិស្ថាន ដីធ្លី ព្រៃ​សហគមន៍ និង​សិទ្ធិ​ក្នុង​ការ​ប្រើប្រាស់។ ពិសេស គឺ​ធ្វើ​ឲ្យ​មាន​ការ​ខិត​ជិត​គ្នា​រវាង​អ្នក​ផ្ដល់ និង​អ្នក​ទទួល​សេវា ក្នុង​ការ​ជំរុញ​ឲ្យ​ផែនការ​អភិវឌ្ឍន៍​ថ្នាក់​ក្រោម​ជាតិ ទទួល​បាន​ប្រសិទ្ធភាព ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​ជូន​ប្រជា​ពលរដ្ឋ។

លោក គុជ វ៉េង ជា​ប្រធាន​សហគមន៍​ព្រៃ​ឈើ​ឃុំ​ក្បាល​ត្រាច។ លោក​បាន​ឲ្យ​ដឹង​ថា កង្វះ​ការ​សិក្សា​ពី​ផល​ប៉ះពាល់​ក្នុង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ចំពោះ​ក្រុមហ៊ុន ភាពីម៉ិច គឺ​ជា​ក្ដី​កង្វល់​ដ៏​ចម្បង​សម្រាប់​អ្នក​ភូមិ​ក្រឡាញ់ ឃុំ​ក្បាល​ត្រាច។ លោក​ថា ដី​ភូមិ ដី​ស្រែ និង​ដី​ចម្ការ​របស់​អ្នក​ភូមិ ត្រូវ​បាន​ក្រុមហ៊ុន ភាពីម៉ិច ឈូស​ឆាយ​រំលោភ​យក​ដោយ​គ្មាន​ការ​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​ដែន​ដី។ រី​ឯ​ដី​ព្រៃ​សហគមន៍ ដែល​អ្នក​ភូមិ​ធ្លាប់​អាស្រ័យ​ផល ក៏​ត្រូវ​បាន​អាជ្ញាធរ​ប្រគល់​ក្រុមហ៊ុន​ដែរ។លោក​អំពាវនាវ​ឲ្យ​ក្រុម​និស្សិត ដែល​ចុះ​មក​វាស់​វែង​ដី​ជូន​ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​ពោធិ៍សាត់ ជួយ​ពិនិត្យ​បញ្ហា​នេះ ដើម្បី​ជួយ​ផ្ដល់​យុត្តិធម៌​ដល់​ប្រជា​ពលរដ្ឋ​ក្រីក្រ​ផង។

លោក គុជ វ៉េង៖ «ក្រុមហ៊ុន ភាពីម៉ិច ឲ្យ​តែ​ចាប់​ផ្ដើម​ឡើង គឺ​ឈូស​សំដៅ​រក​ចម្ការ​អ្នក​ភូមិ​ចោល​ក្នុង​បំណង​បំបាត់​តាង។ ដល់​ក្រុម​ការងារ​មក​វាស់​វែង គឺ​អត់​បាន​វាស់​ចំណុច​នេះ​ទេ។ នេះ​ជា​គ្រោះថ្នាក់​ធំ​ណាស់ សម្រាប់​អ្នក​ភូមិ​ក្រីក្រ»។

យ៉ាង​នេះ​ក្ដី អភិបាល​រង​ស្រុក​ក្រគរ ដែល​ជា​តំណាង​អាជ្ញាធរ​ស្រុក​អ្នកស្រី ឌុច មុំ ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា គោលការណ៍​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​ត្រូវ​កាត់​ចេញ​នូវ​ផល​ប៉ះពាល់​ទាំង​ឡាយ ដែល​បាន​កើត​ឡើង។ អ្នកស្រី​ព្រមាន​ថា ការ​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​នេះ គឺ​ជា​ការ​ប្រឆាំង​នឹង​សេចក្ដី​ណែនាំ​របស់​ប្រមុខ​រដ្ឋាភិបាល និង​ជា​ការ​ប្រឆាំង​នឹង​ច្បាប់។
អ្នកស្រី ឌុច មុំ៖ «សូម​មេត្តា​កត់​ចំណុច​នេះ ហើយ​យក​ទៅ​ពិភាក្សា​ក្នុង​ថ្នាក់​ឃុំ។ឆ្លៀត​ពេល​នេះ ខ្ញុំ​ក៏​សូម​ជម្រាប​ត្រួសៗ ថា គោលការណ៍​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច គឺ​អនុវត្ត​រូបមន្ត​ស្បែក​ខ្លា។ គឺ​កាត់​ចេញ​នូវ​ការ​ប៉ះពាល់​ដី​របស់​ប្រជា​ពលរដ្ឋ»។

ទាក់ទិន​ចំពោះ​សំណួរ​នានា របស់​អ្នក​ភូមិ អភិបាល​ខេត្ត​ពោធិ៍សាត់ លោក ខូយ សុខា មាន​ប្រសាសន៍​ថា តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ប្រជា​ពលរដ្ឋ​ភាគ​ច្រើន បាន​កាប់​រាន​ព្រៃ ដែល​ជា​ដី​គម្រប​ព្រៃ​ឈើ​របស់​រដ្ឋ មក​ធ្វើ​ជា​កម្មសិទ្ធិ​ដោយ​ខុស​ច្បាប់។ហេតុ​នេះ​ហើយ ទើប​អាជ្ញាធរ​ខេត្ត​មិន​អាច​ជួយ​ដោះ​ស្រាយ​ជូន​តាម​ការ​ទាមទារ​របស់​ប្រជា​ពលរដ្ឋ​បាន។

លោក ខូយ សុខា៖ «បាន​ទៅ​ដល់​កន្លែង​មួយ​ចំនួន​ហើយ យើង​ឃើញ​ថា ប្រជា​ពលរដ្ឋ​បាន​កាប់​បំផ្លាញ​ឈើ​យ៉ាង​អនាធិបតេយ្យ​គួរ​ឲ្យ​ស្ដាយ​ណាស់។ មិន​មែន​ដី​ខ្មែរ​យើង​អត់​ដី​នៅ​ឯណា តែ​យើង​ត្រូវ​មាន​កន្លែង​ដែល​ត្រូវ​រៀបចំ។ បើ​យើង​កាប់​រាតត្បាត​ស្រេច​ចិត្ត​នោះ រលាយ​អស់​ព្រៃ​ឈើ​ហើយ»។

អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ក្នុង​ខេត្ត​ពោធិ៍សាត់ បាន​យល់​ស្រប​គ្នា​ថា អំពើ​ពុក​រលួយ ដែល​ចាក់​ឫស​យ៉ាង​ជ្រៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន បាន​បិទ​បាំង និង​បង្វែរ​គោលការណ៍​អភិបាលកិច្ច​ល្អ ថ្នាក់​ក្រោម​ជាតិ ឲ្យ​នៅ​ក្នុង​កម្រិត​គួរ​ឲ្យ​ព្រួយ​បារម្ភ។ អង្គការ​ទាំង​នោះ ក៏​យល់​ស្រប​គ្នា​ថា អាជ្ញាធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់ បាន​ដឹង​បាន​ឮ​ពី​ផល​ប៉ះពាល់​ក្នុង​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច​រវាង​ក្រុមហ៊ុន ភាពីម៉ិច ជាមួយ​ប្រជា​ពលរដ្ឋ​ដែរ តែ​មិន​ហ៊ាន​សម្រេច​អារ​កាត់​ផល​ប៉ះពាល់​ដោយ​សារ​កត្តា ២ យ៉ាង គឺ​កត្តា​ផល​ប្រយោជន៍ និង​ការ​ខ្លាច​ឥទ្ធិពល អគ្គ​នាយិកា​ក្រុមហ៊ុន ភាពីម៉ិច អ្នក​ស្រី ជឹង សុភាព ដែល​ជា​អនុប្រធាន​កាកបាទ​ក្រហម​កម្ពុជា និង​ជា​មនុស្ស​ជំនិត និង​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​រាជ​រដ្ឋាភិបាល។

ទោះ​ជា​យ៉ាង​នេះ​ក្ដី នាយិកា​អង្គការ​ទ្រទ្រង់​កសិករ​ជន​បទ ឬ​ហៅ​ថា​អង្គការ សូហ្វ អ្នក​ស្រី ជា ជ័យ​សុវណ្ណា មាន​ប្រសាសន៍​ថា អ្នក​ស្រី​នឹង​ចង​ក្រង​បណ្ដា​ក្ដី​កង្វល់​របស់​អ្នក​ភូមិ​ផ្ញើ​ជូន​ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់ ដើម្បី​ទុក​ជា​មូលដ្ឋាន​ក្នុង​ការ​អនុវត្ត​គម្រោង​អភិបាល​កិច្ច​ល្អ​ថ្នាក់​ក្រោម​ជាតិ​របស់​រាជ​រដ្ឋាភិបាល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។