ពលរដ្ឋ​ថា​ក្រុម​និស្សិត​មិន​វាស់​ដី​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​កាស៊ូទីម ឲ្យ​ពួក​គាត់

អ្នក​ភូមិ​ប្រម៉ា ឲ្យ​ដឹង​ថា ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​កាស៊ូទីម ទំនង​ជា​មិន​អាច​បញ្ចប់​ដោយ​ងាយៗ​នោះ​ទេ ព្រោះ​បច្ចុប្បន្ន ក្រុម​និស្សិត​ដែល​ចុះ​ទៅ​វាស់វែង​ដី​ទំនាស់​នៅ​តំបន់​នោះ បាន​រំលង​មិន​វាស់វែង​ដី​ទំនាស់​រវាង​អ្នក​ភូមិ ជាមួយ​ក្រុមហ៊ុន​កាស៊ូទីម នោះ​ឡើយ។

0:00 / 0:00

ភូមិ​ប្រម៉ា ស្ថិត​ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ គឺ​ជា​ទីតាំង​ទំនាស់​ដី​មួយ​ដ៏​ខ្លាំងក្លា រវាង​អ្នក​ភូមិ​ជាមួយ​ក្រុមហ៊ុន​កាស៊ូទីម ដែល​រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​ថា អ្នក​ភូមិ​នៅ​តំបន់​នោះ​មាន​បំណង​បង្កើត​តំបន់​អបគមន៍។ បន្ទាប់​មក រដ្ឋាភិបាល​បាន​បង្ក្រាប និង​ធ្វើ​ឲ្យ​កុមារី​ម្នាក់​ស្លាប់ ដោយ​ត្រូវ​គ្រាប់​កាំភ្លើង​កង​កម្លាំង​រដ្ឋាភិបាល កាល​ពី​ខែ​ឧសភា កន្លង​ទៅ។

អ្នក​ភូមិ​ជិត​២០​គ្រួសារ នៅ​ភូមិ​ប្រម៉ា ក្នុង​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ស្នើ​សុំ​ឲ្យ​អាជ្ញាធរ និង​ក្រុម​និស្សិត ពន្យល់​ពី​មូលហេតុ​ដែល​ពួក​គេ​មិន​វាស់វែង​ដី​ទំនាស់​រវាង​អ្នក​ភូមិ​ជាមួយ​ក្រុមហ៊ុន​កាស៊ូទីម នៅ​គ្រា​ដែល​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន នេះ ជា​ឫស​គល់​រឿង​នៃ​ការ​ចោទ​ថា អ្នក​ភូមិ​បង្កើត​តំបន់​អបគមន៍។

អ្នក​ភូមិ​ប្រម៉ា ម្នាក់​ឈ្មោះ ណែត ធារ៉ា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា ថា អ្នក​ភូមិ​ជិត​២០​គ្រួសារ​នៅ​ភូមិ​ប្រម៉ា ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចំនួន​២ គឺ​ក្រុមហ៊ុន​កាស៊ូទីម និង​ក្រុមហ៊ុន ប៊ុន ចាន់សុភា ងឿងឆ្ងល់​ចំពោះ​សកម្មភាព​ចុះ​វាស់វែង​ដីធ្លី​របស់​អាជ្ញាធរ និង​ក្រុម​និស្សិត។ ពួក​គេ​វាស់វែង​តែ​ដី​លំនៅឋាន​របស់​អ្នក​ភូមិ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ប៊ុន ចាន់សុភា ប៉ុណ្ណោះ។ រីឯ​ដី​ចម្ការ​ដំឡូង​របស់​អ្នក​ភូមិ ដែល​ក្នុង​មួយ​គ្រួសារ​មាន​ទំហំ​៥ហិកតារ កំពុង​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន​កាស៊ូទីម ក្រុម​និស្សិត​មិន​បាន​ចុះ​វាស់វែង​នោះ​ទេ៖ «ចាន់សុភា ធ្វើ​ប្លង់​ឲ្យ​ខ្ញុំ​ហើយៗ។ ប៉ុន្តែ ក្រុមហ៊ុន​កាស៊ូទីម ដី​ចម្ការ​ខ្ញុំ ហើយ​ទៅ​មើល​ដំឡូង​ខ្ញុំ​លេចៗ​ក្បាល​អស់​ហើយ ហើយ​គេ​ថា​របស់​គេ»

លោក​បន្ត​ថា ក្រុម​និស្សិត​បាន​ចាក​ចេញ​ពី​តំបន់​ភូមិ​ប្រម៉ា នោះ​ហើយ កាល​ពី​ពេល​ថ្មីៗ​នេះ បន្ទាប់​ពី​ពួក​គេ​បញ្ចប់​ការ​វាស់វែង​ដី​ទំនាស់​រវាង​អ្នក​ភូមិ​ជាមួយ​ក្រុមហ៊ុន ប៊ុន ចាន់សុភា។ លោក​បញ្ជាក់​ថា មូលហេតុ​ដំបូង​ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា​មាន​ការ​បង្កើត​តំបន់​អបគមន៍ គឺ​ផ្ដើម​ចេញ​ពី​ការ​ជួយ​ការពារ​ដី​អ្នក​ភូមិ ពី​ការ​រំលោភ​យក​របស់​ក្រុមហ៊ុន​កាស៊ូទីម នេះ​ឯង។ ហើយ​អ្នក​ជួយ គឺ​លោក ប៊ុន រដ្ឋា បែរ​ជា​ត្រូវ​ជាប់​ចោទ​ថា ជា​អ្នក​ចង់​បំបែក​រដ្ឋ​ទៅ​វិញ៖ «ចោទ​ថា​អបគមន៍​វា​ខុស ៣ ឬ​៤​នាក់​អបគមន៍​កើត? ហើយ​ប៉ូលិស ទាហាន ច្រូងច្រាង​ហើយ​ហ្នឹង​មិន​អបគមន៍​ទេ?»

លោក ប៊ុន រដ្ឋា បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ី​សេរី ថា ក្រុមហ៊ុន​កាស៊ូទីម បាន​រំលោភ​យក​ដី​អ្នក​ភូមិ ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ចូល​ខ្លួន​ទៅ​ជួយ​ទាម​ទារ​ដី​នោះ និង​ឲ្យ​អាជ្ញាធរ​ឃុំ ទទួល​ស្គាល់​ថា អ្នក​ភូមិ​ជា​ពលរដ្ឋ​ស្រប​ច្បាប់ បន្ទាប់​ពី​ពួក​គាត់​រស់នៅ​តំបន់​នោះ ដោយ​មាន​ខ្លះ​រស់នៅ​ជិត​១០ឆ្នាំ៖ «កិច្ចការ​ដែល​ខ្ញុំ​ទៅ​ធ្វើ​ហ្នឹង វា​មាន​២ ទី១ គឺ​ដីធ្លី​ដែល​ពួក​គាត់​អត់​ទាន់​ទទួល​បាន​ជា​សិទ្ធិ​ស្រប​ច្បាប់ ហើយ​ត្រូវ​ក្រុមហ៊ុន​កាស៊ូទីម មក​បំពាន​យក។ ទី២ ខ្ញុំ​ទាម​ទារ​ឲ្យ​អាជ្ញាធរ​ទទួល​ស្គាល់​គាត់​ជា​ពលរដ្ឋ​ស្រប​ច្បាប់​នៅ​ទី​នោះ»

អ្នក​ភូមិ​ប្រម៉ា ម្នាក់​ទៀត​ឈ្មោះ ស៊ឹម សារឿន ឲ្យ​ដឹង​ដែរ​ថា គាត់​រស់នៅ​ភូមិ​ប្រម៉ា ៧​ទៅ​៨ឆ្នាំ តែ​គាត់​គ្មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​ថា​រស់នៅ​ស្រប​ច្បាប់​នោះ​ទេ។ លោក​ចង់​ឲ្យ​ក្រុម​និស្សិត​បន្ត​ចុះ​វាស់វែង​ដី​គាត់​ទំហំ​៥ហិកតារ ដែល​កំពុង​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​កាស៊ូទីម ដោយ​សង្ឃឹម​ថា ក្រោយ​ពី​ការ​វាស់វែង គាត់​និង​អ្នក​ភូមិ​ឯ​ទៀត នឹង​មាន​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់ ហើយ​ក្រុមហ៊ុន​កាស៊ូទីម ក៏​មិន​អាច​ប្រើ​សិទ្ធិ​រំលោភ​បំពាន​ដី​អ្នក​ភូមិ​ដូច​មុន៖ «រដ្ឋាភិបាល​ចុះ​ធ្វើ​ជា​ប្លង់​ដី​ឲ្យ​ខ្ញុំ​មាន​សិទ្ធិ​កាន់​កាប់​ដីធ្លី​ស្រប​ច្បាប់»

និស្សិត​ដែល​ចុះ​ទៅ​វាស់វែង​ដី​នៅ​ស្រុក​ឆ្លូង ម្នាក់ ឲ្យ​ដឹង​ថា ក្រុម​និស្សិត​កំពុង​វាស់វែង​ដីធ្លី​ឲ្យ​អ្នក​ភូមិ​ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន ប៊ុន ចាន់សុភា តាម​ការ​ចង្អុល​បង្ហាញ​ពី​មន្ត្រី​ជំនាញ។ រីឯ​ដី​ទំនាស់​ដែល​អ្នក​ភូមិ​មាន​ជាមួយ​ក្រុមហ៊ុន​កាស៊ូទីម មិន​ដឹង​នៅ​ពេល​ណា​នោះ​ទេ។

អភិបាល​ស្រុក​ឆ្លូង លោក សូម សារិទ្ធ ឲ្យ​ដឹង​ថា ជំហាន​ទី​មួយ ក្រុម​និស្សិត​ចុះ​វាស់វែង​ដី​ទំនាស់​របស់​អ្នក​ភូមិ​ជាមួយ​ក្រុមហ៊ុន ដែល​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល ដែល​រួម​មាន​ក្រុមហ៊ុន​កាស៊ូទីម ក្រុមហ៊ុន​ដូវទៀន ខេមបូឌា និង​ក្រុមហ៊ុន ប៊ុន ចាន់សុភា ដែល​ជំហាន​ដំបូង​នេះ ក្រុម​និស្សិត​មិន​ទាន់​បញ្ចប់​សកម្មភាព​វាស់វែង​ដីធ្លី​ជូន​អ្នក​ភូមិ​នៅ​ឡើយ៖ «ស្រុក​ឆ្លូង​ហ្នឹង មាន​៣​ក្រុមហ៊ុន គឺ​ក្រុមហ៊ុន​កាស៊ូទីម មួយ​ទៀត ដូវទៀន ខេមបូឌា និង​ក្រុមហ៊ុន ចាន់សុភា អភិវឌ្ឍន៍​នៅ​ដំរី​ផុង​ខ្លះ កំពង់ដំរី​ខ្លះ។ ដោយ​ឡែក​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​ខុស​ច្បាប់ មាន​ដីកា​ដក​ហូត​អីៗ​ហ្នឹង អត់​ទាន់​បាន​ធ្វើ​ទេ»

អ្នក​សម្រប​សម្រួល​អង្គការ​អាដហុក (Adhoc) និង​មន្ត្រី​ស៊ើប​អង្កេត​ប្រចាំ​ខេត្ត​ក្រចេះ បដិសេធ​មិន​ធ្វើ​ការ​អត្ថាធិប្បាយ ជុំវិញ​ករណី​រឿង​នៅ​ភូមិ​ប្រម៉ា នោះ​ទេ។

ក្រុមហ៊ុន​កាស៊ូទីម បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​១ម៉ឺន​៥ពាន់​ហិកតារ ពី​រដ្ឋាភិបាល កាល​ពី​ឆ្នាំ​២០០៨ លើ​ដំណាំ​កសិឧស្សាហកម្ម​កៅស៊ូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។