ពលរដ្ឋ​ចោទ​មន្ត្រី​តុលាការ​ខេត្ត​កំពត​ថា​ធ្វើ​ការ​ក្រោម​ឥទ្ធិពល​ទឹក​លុយ

ប្រជាពលរដ្ឋ​ដែល​អះ​អាង​ថា រង​គ្រោះ​ក្នុង​ជម្លោះ​ដី​ធ្លី​ជា​មួយ​នឹង​ម្ចាស់​ស្រែ​អំបិល បាន​ប្រតិកម្ម​ទៅ​នឹង​មន្ត្រី​តុលាការ​ខេត្ត​កំពត ដោយ​ចាត់​ទុក​អង្គ​សវនាការ​ក្រោម​បទ​ចោទ​ប្រើ​ហិង្សា​លើ​ការ​កាន់​កាប់​អចលនវត្ថុ​ដោយ​សុចរិត​ថា ពុំ​បាន​ឈរ​លើ​ភាព​ឯករាជ្យ និង​យុត្តិធម៌​ទេ។

0:00 / 0:00

ការ​ប្រតិកម្ម​របស់​អ្នក​ភូមិ​ត្រពាំងកញ្ចែត ឃុំ​កំពង់សំរោង ស្រុក​ទឹកឈូ ខេត្ត​កំពត ប្រមាណ ៣០​នាក់​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​សវនាការ​ពេញ​មួយ​ព្រឹក ហើយ​បាន​សម្រេច​លើក​ពេល​សាក​សួរ​ជន​ជាប់​ចោទ ៣​នាក់ គឺ លោក ព្រាប អ៊ុង លោក ឈឹម បឿង និង លោក តែត ឃឿន ទៅ​ថ្ងៃ​ទី​៨ ខែ​មិថុនា ខាង​មុខ​ទៀត ដោយ​ចាត់​ទុក​ថា​សំណុំ​រឿង​មាន​ភាព​ស្មុគ​ស្មាញ។

លោក អ៊ួច ជី ដែល​អះ​អាង​ថា ជា​ប្រ​ធាន​សហគមន៍​សំរោង​ទ្វារ​ថ្មី ចាត់​ទុក​ថា អង្គ​សវនាការ​ដែល​ដេញ​ដោល​សាក​សួរ​ពេញ​មួយ​ព្រឹក​នេះ គឺ​ពុំ​បាន​ផ្តល់​ភាព​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ទេ។ លោក អ៊ួច ជី បាន​ហៅ​ចំ​ណាត់​ការ​របស់​មន្ត្រី​តុលាការ​ខេត្ត​កំពត​នេះ​ថា មាន​ភាព​លំ​អៀង និង​ស្ថិត​ក្រោម​ឥទ្ធិពល​អ្នក​មាន​ប្រាក់។ យ៉ាង​ណា​ក៏​ដោយ លោក​អំពាវ​នាវ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជាតិ អន្តរជាតិ និង​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​ដោះ​លែង​ជន​ជាប់​ចោទ​ទាំង ៣​នាក់ ឲ្យ​មាន​សេរីភាព​ឡើង​វិញ៖ «អង្គការ​សង្គម​ស៊ីវិល និង​រាជ​រដ្ឋាភិបាល​ដោះ​ស្រាយ​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ច្បាស់​លាស់ ឲ្យ​មាន​យុត្តិ​ធម៌​ជូន​ចំពោះ​អ្នក​ក្រីក្រ​ក្នុង​សង្គម​គ្រួសារ ក៏​ដូច​ជា​សង្គម​ជាតិ​ទាំង​មូល។ អញ្ចឹង​អ្នក​ទន់​ខ្សោយ​មាន​ការ​ឈឺ​ចាប់​ណាស់ »

ចំណែក​អ្នក​ស្រី ឈឹម វណ្ណះ ដែល​អះ​អាង​ថា មាន​ឈ្មោះ​នៅ​ក្នុង​បណ្ដឹង តែ​តុលាការ​បែរ​ជា​ចាប់​ប្ដី​របស់​អ្នក​ស្រី គឺ​លោក តែត ឃឿន ជំនួស​វិញ អ្នក​ស្រី​ចាត់​ទុក​ថា មន្ត្រី​តុលាការ​បំពេញ​កាតព្វកិច្ច​ដោយ​លំ​អៀង និង​ជា​ឧបករណ៏​របស់​អ្នក​មាន​លុយ៖ «គាត់​អត់​ត្រឹម​ត្រូវ​ទេ ស៊ី​សូក​ប៉ាន់ អ្នក​ក្រ អ្នក​មាន​អាង​មាន​លុយ​ពុក​រលួយ តុលាការ​ពុក​រលួយ »

បើ​តាម​ក្រុម​អ្នក​ភូមិ​ដែល​រង់​ចាំ​ស្តាប់​លទ្ធផល នៃ​អង្គ​សវនាការ​នៅ​ខាង​ក្រៅ​នៃ​បរិវេណ​របង​សាលា​ដំបូង​ខេត្ត​កំពត អះ​អាង​ថា ដី​កំពុង​មាន​ជម្លោះ​ប្រមាណ ៥​ហិកតារ​របស់​អ្នក​ភូមិ ៥​គ្រួសារ ពួក​គេ​បាន​ចូល​កាន់​កាប់​តាំង​ពី​ឆ្នាំ​១៩៨៣ មក​ដោយ​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដែល​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ភូមិ​ឃុំ។ ក៏​ប៉ុន្តែ​ប្រភព​ដដែល​បន្ត​ថា ក្នុង​រយៈ​ពេល ២​ឆ្នាំ ចុង​ក្រោយ​នេះ ទើប​អ្នក​ស្រី ហូរ គីម ដែល​ជា​ម្ចាស់​ស្រែ​អំបិល​ដ៏​ល្បី​ឈ្មោះ​ក្នុង​ខេត្ត​មួយ​នេះ​អះ​អាង​ថា ជា​កម្មសិទ្ធិ​របស់​ខ្លួន ហើយ​ចោទ​ប្រកាន់​ពលរដ្ឋ ៥​គ្រួសារ​នេះ​ថា រស់​លើ​ដី​របស់​អ្នក​ស្រី​ដោយ​ខុស​ច្បាប់។

វិទ្យុ​អាស៊ីសេរី ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​បាន​ទេ​ពី លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំ​ជម្រះ និង​លោក ខៃ សម្ផស្ស ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​ខេត្ត​កំពត ដោយ​ទូរស័ព្ទ​ពុំ​អាច​ទាក់​ទង​បាន។ ចំណែក​អ្នក​ស្រី ហូរ គីម ក៏​ពុំ​អាច​ស្នើ​សុំ​បំភ្លឺ​បាន​ដែរ។

បើ​យ៉ាង​នេះ​ក្តី មេធាវី​ការ​ពារ​ឲ្យ​ជន​ជាប់​ចោទ​របស់​អង្គការ​ស្ពាន​យុត្តិធម៌​អន្តរជាតិ អាយ.ឌី.ជេ (IDJ) គឺ​លោក គិន វិបុល លោក​ស្ទាក់​ស្ទើរ​ក្នុង​ការ​អត្ថាធិប្បាយ​ជុំវិញ​នីតិវិធី​សាក​សួរ​របស់​តុលាការ​ដោយ​លោក​ចាត់​ទុក​ថា សំណុំ​រឿង​នេះ នឹង​ត្រូវ​បើក​សវនាការ​ជា​ថ្មី​ម្តង​ទៀត នៅ​ដើម​ខែ​មិថុនា ខាង​មុខ​ទៀត៖ «ឥឡូវ​តុលាការ​គេ​កំពុង​មាន​នីតិវិធី​របស់​គេ។ ក៏​ប៉ុន្តែ​ខ្ញុំ​អត់​អាច​ឆ្លើយ​បាន ព្រោះ​រឿង​ហ្នឹង​អត់​ទាន់​កាត់​ចប់​ទេ​ណា។ សវនាការ​នឹង​លើក​នៅ​ថ្ងៃ​ទី​៨ ខែ​ក្រោយ​នេះ​ម្តង​ទៀត​ណា»

យ៉ាង​ណា​ក៏​ដោយ លោក ម៉ម កេសី អ្នក​ស្រាវ​ជ្រាវ​ពន្ធនាគារ​របស់​អង្គការ​ការ​ពារ​សិទ្ធិ​មនុស្ស លីកាដូ ខេត្ត​កំពត លោក​កត់​សំគាល់​ថា អង្គ​សវនាការ​ពេញ​មួយ​ព្រឹក​នៅ​ថ្ងៃ​ទី​៣០ ខែ​ឧសភា ប្រព្រឹត្ត​ទៅ​ក្នុង​ក្របខ័ណ្ឌ​ច្បាប់ និង​យុត្តិធម៌។ ក្នុង​ន័យ​នេះ លោក​ថា ការ​សម្រេច​លើក​ពេល​សាក​សួរ​របស់​មន្ត្រី​តុលាការ គឺ​ជៀស​វាង​ការ​សម្រេច​ក្តី​ខុស​លើ​អង្គហេតុ។

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០១១ សាលា​ដំបូង​ខេត្ត​កំពត បាន​ចេញ​ដីកា​កោះ​ហៅ​ជន​សង្ស័យ​ក្នុង​ជម្លោះ​ដី​ធ្លី​ចំនួន ៤​នាក់ រួម​មាន លោក ព្រាប អ៊ុង លោក ឈឹម បឿង អ្នក​ស្រី ឈឹម វណ្ណះ និង​អ្នក​ស្រី ព្រាប សន ដើម្បី​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ដំបូង​ខេត្ត តាម​បណ្ដឹង​របស់​អ្នក​ស្រី ហូរ គីម ថៅកែ​ស្រែ​អំបិល ក្រោម​បទ​ចោទ​ថា ពលរដ្ឋ​ទាំង​នេះ​ប្រើ​ហិង្សា​លើ​ការ​កាន់​កាប់​អចលន​វត្ថុ​ដោយ​សុចរិត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។