អ្នកភូមិប្រមាណជាង៥០០នាក់ ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ សីហា បាននាំគ្នាយកលិខិតឆ្លើយតបជាផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅអានឲ្យតំណាងក្រុមហ៊ុនស្ករសភ្នំពេញរបស់លោក លី យ៉ុងផាត់ ស្ដាប់ដើម្បីឲ្យបញ្ឈប់ការឈូសឆាយដីធ្លីរបស់ពួកគាត់ ដែលពុំទាន់មានការដោះស្រាយនៅឡើយនោះ។
លោក រិត សុផាត ដែលអះអាងថាជាតំណាងប្រជាពលរដ្ឋនៅភូមិអូរពន្លៅ ឃុំអមលាំង បានថ្លែងថា ពួកគាត់នាំគ្នាយកលិខិតឆ្លើយតបរបស់រាជរដ្ឋាភិបាលទៅនឹងការជជែកសួរដេញដោលពីសមាជិកទាំង ៧នាក់ នាពេលកន្លងមក ដែលពួកគាត់ទើបទទួលបាននោះ ទៅអាននូវចំណុចខ្លះ ដែលក្រុមហ៊ុននេះធ្វើឡើងផ្ទុយទៅនឹងលិខិតនេះ ដូចជាករណីក្រុមហ៊ុនបន្តការឈូសឆាយលើដីប្រជាពលរដ្ឋជាដើម ៖ «ចំណារហ្នឹងថាហ៊ុនសែនគាត់ប្រកាសថាឲ្យដីប្រជាពលរដ្ឋតាមផ្លូវ៥២ហ្នឹងចំនួន២០០ សងខាង ហើយហ្នឹងដីស្រែដីចម្ការកុំឲ្យប៉ះពាល់ ឥឡូវហ្នឹងដល់យកដីស្រែដីចម្ការហ្នឹងអស់ហើយ គាត់យកអាដីតាមផ្ទះ ដីតាមថ្នល់ហ្នឹងទៀត ចង់អានពាក្យហ្នឹងឲ្យក្រុមហ៊ុនឮតែតំណាងក្រុមហ៊ុនអត់មាននៅអីម្នាក់ផង»។
លិខិតឆ្លើយតបជាផ្លូវការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈប្រធានរដ្ឋសភា បន្ទាប់ពីមានការស្នើសុំពីអ្នកតំណាងរាស្ត្រទាំង៧នាក់នោះ ក្នុងចំណុចមួយបានសរសេរថា ចំពោះផ្ទៃដីពាក់ព័ន្ធជាមួយប្រជាពលរដ្ឋ និងតំបន់ដែលត្រូវរក្សាទុក និងតំបន់ដែលត្រូវការពារផ្សេងៗ ចំនួន១.០៥០ហិកតារបន្ថែមទៀត ដែលនាំឲ្យផ្ទៃដីក្រុមហ៊ុននៅសល់សម្រាប់ធ្វើអាជីវកម្មបានតែចំនួន៨.៣៤៣ហិកតារប៉ុណ្ណោះ និងបានធ្វើការកាត់ដីពាក់ព័ន្ធចំនួន២០០ម៉ែត្រសងខាង ផ្លូវលេខ៥២ ពីស្រុកឧត្តុង្គ ទៅស្រុកឱរ៉ាល់ជូនប្រជាពលរដ្ឋបន្ថែមទៀត។
ទាក់ទងបញ្ហានេះ លោកស្រី ឈួន គឹមស៊ុន តំណាងក្រុមហ៊ុនស្ករសភ្នំពេញរបស់លោក លី យ៉ុងផាត់ បានឆ្លើយតបថា ប្រជាពលរដ្ឋដែលចង់ទៅអានឲ្យតំណាងក្រុមហ៊ុនបានឮពីលិខិតរបស់លោកនាយករដ្ឋមន្ត្រីនោះ គឺជាក្រុមដែលរំលោភដីគេទាំងអស់ ៖ «គឺគេទុកពីចម្ងាយសងខាងផ្លូវ ២០០ម៉ែត្រ ទុកឲ្យប្រជាពលរដ្ឋ តែទាល់តែម្ចាស់កម្មសិទ្ធិដែលគេមាននៅលើហ្នឹងតែម្ដង តែបើសិនណាប្រជាជនមួយចំនួនទៅនៅលើដីកម្មសិទ្ធិគេ ម្ចាស់កម្មសិទ្ធិគេត្រូវតែប្ដឹងហើយ»។
ក៏ប៉ុន្តែមន្ត្រីស៊ើបអង្កេតដីធ្លីសមាគមអាដហុក លោក អ៊ូច ឡេង ដែលបានចូលរួមឃ្លាំមើលករណីដីធ្លី មានមតិថា លោកសង្កេតឃើញប្រជាពលរដ្ឋមួយចំនួនបានឯកភាពទៅនឹងចំណុចខ្លះក្នុងលិខិតនេះ ក៏ប៉ុន្តែមានចំណុចមួយចំនួនមានភាពលំអៀងខ្លាំងទៅខាងក្រុមហ៊ុនទៅវិញ ៖ «នៅក្នុងលិខិតហ្នឹង គឺមានហត្ថលេខារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហ្នឹងគឺអ្នកដែលសរសេរហាក់ដូចជាលំអៀងខ្លាំងទៅលើខាងក្រុមហ៊ុន កន្លងមកដោយគាត់មិនបានផ្ដោតការយកចិត្តទុកដាក់អំពីផលប៉ះពាល់ទៅលើជីវភាពទៅលើដីស្រែចម្ការរបស់ប្រជាពលរដ្ឋនោះទេ ផ្ទុយទៅវិញ គាត់បែរជាវាយប្រហារប្រជាជនថា មិនយល់ពីនីតិវិធីនៃការផ្ដល់ដីសម្បទាន ធ្វើបាតុកម្មដោយអនាធិបតេយ្យកន្លងមកពីម្ង៉ៃទៅម្ង៉ៃ ព្រមទាំងវាយប្រហារទៅលើខាងសង្គមស៊ីវិលទៀតផង ដែលគាត់បានគាំទ្រទៅលើសង្គមស៊ីវិលកន្លងមក»។
ប្រភពពីមន្ត្រីសង្គមស៊ីវិលបានអះអាងថា ក្រុមហ៊ុនភ្នំពេញ Sugar របស់លោក លី យ៉ុងផាត់ នេះ នៅមិនទាន់មានសិទ្ធិសម្បទានពេញលេញនៅឡើយទេ ដោយសារពុំមានលិខិតជាផ្លូវការណាមួយពីរដ្ឋាភិបាល ហើយក្រុមហ៊ុននេះគ្រាន់តែបានទទួល ស. ជ. ណ. ឬសេចក្ដីជូនដំណឹងកាលពីខែកុម្ភៈ ឆ្នាំ២០០៩ ដែលពួកគេបានហៅថា ផ្ទុយពីនីតិវិធីនៃការផ្ដល់ដីសម្បទានសេដ្ឋកិច្ច។ ហើយតាមរយៈការផ្ដល់ដីសម្បទាននេះ បានធ្វើឲ្យអ្នកភូមិចំនួន១០ភូមិ មានចំនួន១០៩៩គ្រួសារ ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កំពុងជួបការលំបាកគ្មានដីធ្វើស្រែចម្ការ ពុំទាន់មានការដោះស្រាយ៕
