ស្ត្រីអ្នកភូមិ ឈ្មោះ តុប យីម ជាប្រជាពលរដ្ឋនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច មានប្រសាសន៍ថា អាជ្ញាធរជំនាញ និងអាជ្ញាធរភូមិ ឃុំ បានមកវាស់វែងដីដែលគាត់ធ្លាប់តែចងគោក្របីបន្ទាប់ភ្ជួររួចនោះ និងបានប្រាប់ថា នេះជាតំបន់ព្រៃសហគមន៍របស់ប្រជាពលរដ្ឋ។ គាត់ថា អ្នកភូមិមិនពេញចិត្តចំពោះការវាស់វែងនេះទេ។
អ្នកស្រី តុប យីម៖ «គេមកវាស់ទុកប្រហែល ១ហិកតារ ពីក្បាលស្រែខ្ញុំជាកន្លែងដែលអ្នកភូមិទុកមើលក្របី ហើយក្រៅពីហ្នឹង គេយកទៅដាក់សហគមន៍។ ហើយខាងត្បូងដីខ្ញុំប្រហែល ១០ម៉ែត្រ គេថា ដីក្រុមហ៊ុន។ គេបាញ់ថ្នាំ គេថា គេទុកឲ្យយើងមើលគោក្របីម៉េចកើត?...»
អ្នកភូមិម្នាក់ទៀត ឈ្មោះ លី ឡាញ់ បានឲ្យដឹងថា ការវាស់វែងដីដើម្បីប្រគល់ឲ្យប្រជាពលរដ្ឋឃុំក្បាលត្រាច ធ្វើជាព្រៃសហគមន៍នេះ បានប៉ះពាល់ដល់ដីចំការរបស់គាត់ដែលមានផលដំណាំដូចជាដើមស្វាយចន្ទី ខ្នុរ និងស្វាយរាប់សិបដើមរួចទៅហើយ។
លោក លី ឡាញ់៖ «ដីខ្ញុំប្រហែលជិត ១ហិកតារ មានដើមឈើហូបផ្លែ គេក៏មកបាញ់ថ្នាំសម្គាល់ដែរ តែមិនទាន់ដឹងថា គេយក ឬយ៉ាងណាទេ តែមេភូមិបានប្រាប់ថា គឺជាដីព្រៃសហគមន៍ហើយ...»។
ថ្មីៗនេះ រាជរដ្ឋាភិបាលបានយល់ព្រមកាត់ដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុន ភាពីម៉ិច ចំនួន ៥០០ហិកតារ ក្នុងឃុំក្បាលត្រាច ស្រុកក្រគរ ដើម្បីប្រគល់ឲ្យប្រជាពលរដ្ឋបង្កើតព្រៃសហគមន៍។ អាជ្ញាធរដែនដី និងផ្នែកជំនាញ គឺខណ្ឌរដ្ឋបាលព្រៃឈើជាអ្នកទទួលបន្ទុកអនុវត្តកិច្ចការនេះ។
ប៉ុន្តែតំណាងសហគមន៍ព្រៃឈើ ឃុំក្បាលត្រាច គឺ លោក គុជ វេង ដែលលោកជាអ្នកតាមឃ្លាំមើលការអនុវត្តន៍របស់អាជ្ញាធរដែនដី និងផ្នែកជំនាញ គឺខណ្ឌរដ្ឋបាលព្រៃឈើបញ្ជាក់ថា អាជ្ញាធរមិនបានអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកាត់ដីសម្បទានសេដ្ឋកិច្ចពីក្រុមហ៊ុន ភាពីម៉ិច មកឲ្យប្រជាពលរដ្ឋបង្កើតព្រៃសហគមន៍នោះទេ តែគេបែរជានាំគ្នាវាស់យកដីក្បាលស្រែរបស់ប្រជាពលរដ្ឋ និងដីព្រៃរិចរិលមកឲ្យប្រជាពលរដ្ឋធ្វើព្រៃសហគមន៍ទៅវិញ។ លោកថា ដោយសារមូលហេតុនេះហើយ ទើបប្រជាពលរដ្ឋចេះតែធ្វើការតវ៉ាមិនព្រមឈប់នោះ។
លោក គុជ វេង៖ «តាមពិត ការពិតលទ្ធផល គឺប្រជាពលរដ្ឋអត់បានអីទាំងអស់ ព្រោះដីដែលគេវាស់នោះ គឺជាដីរបស់ប្រជាពលរដ្ឋ។ មួយចំណែកទៀត គឺជាដីព្រៃរពាក់ និងព្រៃគុម្ពោត អញ្ចឹងយកមកធ្វើព្រៃសហគមន៍អីកើត។ ដល់អញ្ចឹង គេអត់បានកាត់ដីក្រុមហ៊ុនមកឲ្យប្រជាពលរដ្ឋទេ។ នេះមិនមែនជាដំណោះស្រាយទេ...»។
ប៉ុន្តែ មេឃុំក្បាលត្រាច គឺ លោក ដួង សារិន អះអាងថា អាជ្ញាធរដែនដីបានអនុវត្តបានត្រឹមត្រូវតាមការណែនាំរបស់រាជរដ្ឋាភិបាលហើយ។ លោកបន្តថា ដីព្រៃ ២កន្លែង ដែលអាជ្ញាធរជំនាញបានសហការជាមួយអាជ្ញាធរដែនដីវាស់វែងរួចជាស្រេច ដើម្បីប្រគល់ជូនប្រជាពលរដ្ឋធ្វើជាព្រៃសហគមន៍ក្នុងពេលឆាប់ៗខាងមុខ៖ «យើងបានធ្វើរួចរាល់អស់ហើយ ហើយយើងបានហៅប្រជាពលរដ្ឋទៅមើល ដើម្បីឲ្យគាត់ស្គាល់ទីតាំងដីសហគមន៍ គឺនៅម្ដុំព្រៃប្រចាក់ ២៥០ហិកតារ និងម្ដុំជិតវត្តក្រឡាញ់ ២៥០ហិកតារ។ ប្រជាជនគាត់បានយល់ព្រមទទួលរួចហើយ...»។
ច្បាប់ពុំទាន់បានកំណត់ឲ្យច្បាស់លាស់ចំពោះទំហំ ឬប្រវែងនៃដីក្បាលស្រែនោះទេ។ កត្តានេះបានបង្កជាទំនាស់រវាងអ្នកភូមិ និងអាជ្ញាធរអំពីការវាស់វែងដីព្រៃសហគមន៍ជូនប្រជាពលរដ្ឋ។
ទោះបីជាយ៉ាងនេះក្ដី ប្រធានសហគមន៍ព្រៃឈើ ឃុំក្បាលត្រាច គឺ លោក គុជ វេង បានទទូចសុំឲ្យអាជ្ញាធរដែនដី និងអាជ្ញាធរជំនាញប្រគល់ដីព្រៃ ដែលប្រជាពលរដ្ឋធ្លាប់ប្រើប្រាស់ និងអាស្រ័យផលនាពេលកន្លងទៅ។ លោកថា ដីព្រៃ ២កន្លែង ដែលអាជ្ញាធរជំនាញបានសហការជាមួយអាជ្ញាធរដែនដីវាស់វែងទុកឲ្យប្រជាពលរដ្ឋធ្វើព្រៃសហគមន៍នោះ គឺជាក្បាលស្រែ និងដីព្រៃរិចរិលដែលប្រជាពលរដ្ឋមិនអាចអាស្រ័យផលបាននោះទេ៖ «ប្រជាពលរដ្ឋសុំដីនោះ មិនមែនយកមកចែកគ្នាទេ គឺចង់ឲ្យមានដើមឈើអីៗសម្រាប់ទទួលផល និងអនុផល។ ឥឡូវវាអត់មានដីព្រៃ គេមកវាស់ដីក្បាលស្រែគាត់មួយលើក ជាពីរលើក បានគាត់ចេះតែតវ៉ាហ្នឹង...»។
ទាក់ទិនចំពោះបញ្ហាផលប៉ះពាល់ក្នុងការផ្ដល់ដីសម្បទានសេដ្ឋកិច្ចនេះ ប្រមុខរាជរដ្ឋាភិបាល លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៧ ឧសភា ឆ្នាំ២០១២ បានចេញបទបញ្ជាលេខ ០១ប.ប បញ្ជាក់ពីវិធានការ ៤ចំណុច ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ចដែលក្នុងចំណុចទី២ បានបញ្ជាក់ថា៖ «ក្រសួង ស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់នូវគោលនយោបាយ និងរាល់លក្ខខណ្ឌទាំងឡាយនៃសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ស្ដីពីការផ្ដល់សម្បទានដីសេដ្ឋកិច្ច និងផ្ដោតការយកចិត្តទុកដាក់លើការអនុវត្តន៍កិច្ចសន្យា ស្ដីពីសម្បទានដីសេដ្ឋកិច្ចពិសេស គឺការអនុវត្តន៍តាមគោលនយោបាយរូបមន្តស្បែកខ្លា និងការមិនធ្វើឲ្យប៉ះពាល់ដល់ដីធ្លីសហគមន៍ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងគោលដៅធ្វើឲ្យសម្បទានដីសេដ្ឋកិច្ចទាំងនេះ បានផ្ដល់ផលប្រយោជន៍ពិតប្រាកដជូនដល់ប្រទេសជាតិ និងប្រជាជនប្រកបដោយចិរភាព»។
មន្ត្រីសម្របសម្រួលអង្គការ លីកាដូ ប្រចាំខេត្តពោធិ៍សាត់ លោក អេង ឈុនហាន បានឲ្យដឹងថាកង្វះតម្លាភាពក្នុងការកាត់ដីចេញពីក្រុមហ៊ុន ភាពីម៉ិច មកឲ្យប្រជាពលរដ្ឋឃុំក្បាលត្រាច បានបង្កឲ្យមានការតវ៉ានេះ។ លោកថា អាជ្ញាធរគួរតែប្រគល់ដីព្រៃដែលប្រជាពលរដ្ឋធ្លាប់អាស្រ័យផលឲ្យប្រជាពលរដ្ឋធ្វើជាព្រៃសហគមន៍។ ការកាត់ដីក្បាលស្រែរបស់ប្រជាពលរដ្ឋ មកធ្វើជាដីព្រៃសហគមន៍ ជាយថាហេតុបណ្ដាលឲ្យមានទំនាស់ដីធ្លីរវាងសហគមន៍ និងប្រជាពលរដ្ឋ។
លោក អេង ឈុនហាន៖ «បើសិនជាអាជ្ញាធរមានឆន្ទៈដោះស្រាយបញ្ហានេះ គឺគាត់ត្រូវហៅប្រជាពលរដ្ឋទៅចូលរួមក្នុងការវាស់វែង។ បើអាជ្ញាធរធ្វើស្ងាត់តែឯង រួចយកមកកំណត់នៅលើផែនទីនោះ គឺមិនអាចដោះស្រាយបញ្ហាបានទេ ព្រោះអាចមានការប៉ះពាល់ទៅលើដីរបស់ប្រជាពលរដ្ឋ...»។
មន្ត្រីរដ្ឋបាលព្រៃឈើខេត្តពោធិ៍សាត់ ដែលសុំមិនបញ្ចេញឈ្មោះ បានទទួលស្គាល់ថា ដីដែលបានវាស់កន្លងទៅ ដើម្បីឲ្យប្រជាពលរដ្ឋធ្វើជាដីព្រៃសហគមន៍នោះ មិនមែនជាដីព្រៃអាស្រ័យផលនោះទេ យ៉ាងនេះក្ដី លោកថា លោកពុំមានលទ្ធភាពក្នុងការពន្យល់បញ្ហានេះទៅឲ្យថ្នាក់លើបានដឹងនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
