ពលរដ្ឋ​ស្នើ​ឲ្យ​លោក ហ៊ុន សែន អន្តរាគមន៍​ក្នុង​ជម្លោះ​ដី​នៅ​ជាំក្សាន្ត

តំណាង​ពលរដ្ឋ ៣១៩​គ្រួសារ ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ជាមួយ​ប្រធាន​អង្គការ​ស្រាវ​ជ្រាវ​ទប់​ស្កាត់​គ្រឿង​ញៀន និង​ជំងឺ​អេដស៍ បាន​នាំ​គ្នា​ឡើង​មក​តវ៉ា​នៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៦ មិថុនា ស្នើ​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​រក​យុត្តិធម៌ និង​បើក​កិច្ច​អន្តរាគមន៍​ក្នុង​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ​ជា​បន្ទាន់។

0:00 / 0:00

ការ​ស្វែង​រក​យុត្តិធម៌​របស់​ពលរដ្ឋ​ខេត្ត​ព្រះវិហារ រហូត​មក​ដល់​ភ្នំ​ពេញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក ប៉ែន លឹម ឬ ស ឈួនលឹម ដើរ​ដក​ហូត​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី កាល​ពី​ឆ្នាំ​២០១០ ដែល​បាន​លក់​ឲ្យ​ពួក​គេ​កាល​ពី​ឆ្នាំ​២០០៧ ក្នុង​តម្លៃ​ចាប់​ពី ៣.០០០​ដុល្លារ​ឡើង សម្រាប់​ដី​មួយ​ប្លង់។

អ្នកស្រី សាត សាវឿន អះអាង​ថា ជា​តំណាង​ពលរដ្ឋ​ដែល​កំពុង​មាន​ជម្លោះ​ដី​មួយ​កន្លែង នៅ​ភូមិ​ស្រអែម ខាង​ត្បូង​ឃុំ​កន្ទួត។ អ្នកស្រី​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ឆ្នាំ​២០១២ ថា ពួក​គាត់​ប្រាថ្នា​ចង់​បាន​ដំណោះ​ស្រាយ​ដី​លំនៅឋាន​ឡើង​វិញ និង​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​វិធានការ​លើ​ឈ្មោះ ប៉ែន លឹម ដោយ​ទាម​ទារ​នូវ​សំណង​ជំងឺ​ចិត្ត ខណៈ​ក្រុម​របស់​លោក ប៉ែន លឹម យក​គ្រឿង​ចក្រ​ឈូស​ឆាយ​លំនៅ​ឋាន ផល​ដំណាំ និង​ផ្ទះ​សម្បែង ឲ្យ​ពលរដ្ឋ​វិញ។

អ្នកស្រី សាត សាវឿន៖ «ខ្ញុំ​ឡើង​មក​នេះ ក្នុង​បំណង​ថា សុំ​ឲ្យ​សម្ដេច​លោក​ជួយ​កូន​ចៅ​គាត់ ដែល​ស្ថិត​នៅ​ឆ្ងាយ​ពី​គាត់។ ឥឡូវ​ខ្ញុំ​មក​នៅ​ជិត​ហើយ ឲ្យ​លោក​ចុះ​មក​ឲ្យ​ទាន់​វេលា ដែល​យើង​កំពុង​អត់​ឃ្លាន​នេះ សួរ​យើង​ដោយ​ផ្ទាល់​មាត់ យើង​ស្រណុក​នឹង​និយាយ​ណាស់។ ចង់​ជួប​សម្ដេច​ផ្ទាល់ យើង​ប្រាប់​ពី​ការ​ពិត ទុក្ខ​លំបាក​របស់​យើង បួន​ប្រាំ​ឆ្នាំ​នេះ»

ភ្ជាប់​ទៅ​នឹង​បញ្ហា​ដីធ្លី​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា ខណៈ​លោក​ចូល​រួម​ជាមួយ​ក្រុម​យុវជន​ស្តី​ពី​ការ​កាត់​ដី​ឲ្យ​ពលរដ្ឋ។ លោក​ចាត់​ទុក​ថា កិច្ចការ​នេះ​ត្រូវ​ធ្វើ​ដោយ​ប្រុង​ប្រយ័ត្ន និង​ប្រើ​ពេល​វេលា ព្រោះ​អ្នក​ដែល​ខាតបង់ និង​ប្រឈម​មុខ អាច​ជា​ពលរដ្ឋ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៖ «នោះ គឺ​ជា​រឿង​គ្រោះ​ធ្នាក់ ដែល​យើង​នឹង​បង្កើត​សង្គ្រាម​មួយ​នៅ​ក្នុង​ប្រជាពលរដ្ឋ តាម​ភូមិ តាម​ក្រុម​គ្រួសារ។ សម័យ​មុន ខ្ញុំ​បាន​ដឹង​រឿង​នេះ​ច្បាស់​លាស់​ណាស់ បង​ប្អូន​ឯង​បង្កើត​ទាស់​គ្នា​រឿង​ព្រំ​ដី ឡើង​ក្តី​ក្ដាំ​ដល់​តុលាការ។ ទី​ចុង​បំផុត បង​ប្អូន​ទាំង​ពីរ​ក្រ​ទាំង​អស់​គ្នា ដោយ​សារ​ឡើង​ចុះ​តុលាការ»

វិទ្យុ​អាស៊ី​សេរី ពុំ​អាច​ស្នើ​សុំ​ការ​បំភ្លឺ​បាន​ទេ​ជុំ​វិញ​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​ពី​លោក ប៉ែន លឹម នៅ​ថ្ងៃ​ទី​២៦ ខែ​មិថុនា។

នៅ​ក្នុង​លិខិត​បំភ្លឺ​មួយ​ច្បាប់​របស់​លោក កែវ សម្បត្តិ ប្រធាន​ភូមិ​ប្រជាធម្ម នៅ​ឃុំ​ប៉ោយប៉ែត ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ និង​អម​ដោយ​សំណើ​របស់​ពលរដ្ឋ​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០០២ លោក ប៉ែន លឹម បាន​ទៅ​តាំង​ទី​លំនៅ និង​ធ្វើ​ជា​កម្មករ​សំណង់​នៅ​ប៉ោយប៉ែត។ លិខិត​បន្ត​ថា តែ​ក្រោយ​ពី​ស្គាល់​លោក សឹង ប៊ុនថាច ប្រធាន​អង្គការ​ភាព​ញញឹម​នៃ​ជន​ពិការ និង​បាន​ធ្វើ​ការ​ជាមួយ​គ្នា។ តែ​ក្រោយ​ពី​មាន​ទំនាស់ ឈ្មោះ ប៉ែន លឹម បាន​បាត់​ខ្លួន​ចាប់​ពី​ឆ្នាំ​២០០៣ រហូត​ដល់​ពេល​បច្ចុប្បន្ន។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្នុង​លិខិត​របស់​អ្នក​ភូមិ​ដែល​ដាក់​ចំណង​ជើង​លោក ប៉ែន លឹម ឬ ស ឈួនលឹម ក្លែង​ខ្លួន​ជា​ឧត្តមសេនីយ៍​កង​ទ័ព ដើម្បី​ប្រើ​ប្រាស់ និង​ដឹក​នាំ​បក្ស​ពួក​ធ្វើ​បាប​ប្រជាជន ឲ្យ​ដឹង​ទៀត​ថា លោក ប៉ែន លឹម មាន​តួនាទី​ក្នុង​ជួរ​រដ្ឋាភិបាល ដែល​មាន​ឋានៈ​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន អង្គរក្ស​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ អង្គរក្ស លោក កែ គឹមយ៉ាន អគ្គ​មេបញ្ជាការ​កង​យោធ​ពល​ខេមរភូមិន្ទ និង​បច្ចុប្បន្ន​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា។

ឆ្លើយ​តប​ករណី​នេះ លោក យឹម លាង មេ​បញ្ជា​ការ​កង​អង្គរក្ស​លោក ជា ស៊ីម លោក​ទទួល​ស្គាល់​ថា កាល​ពី​អាណត្តិ​មុន លោក ប៉ែន លឹម ពិត​ជា​ទីប្រឹក្សា​របស់​ប្រធាន​ព្រឹទ្ធសភា​មែន។ តែ​ថា សព្វ​ថ្ងៃ​នេះ ឈ្មោះ ប៉ែន លឹម ត្រូវ​បាន​លុប​ពី​បញ្ជី​ឈ្មោះ​ក្នុង​ឋានៈ​ជា​ទីប្រឹក្សា​រួច​ហើយ។ លោក​ព្រមាន​ថា ប្រសិន​បើ​សកម្មភាព​របស់​លោក ប៉ែន លឹម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប្រធាន​ព្រឹទ្ធសភា លោក ជា ស៊ីម នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។

លោក យឹម លាង៖ «អាណត្តិ​មុន អាណត្តិ​នេះ អត់​មាន​ទេ គឺ​នីតិកាល​ថ្មី​នេះ គឺ​អត់​មាន​តែង​តាំង គាត់​បាន​លាលែង​ពី​ប្រឹក្សា​ហើយ បញ្ឈប់​មក​អត់​មាន​ទេ​អាហ្នឹង។ បើ​សិន​ជា​ពាក្យ​បណ្ដឹង ឬ​មួយ​ក៏​ដឹង​ថា ប៉ះពាល់​ដល់​កិត្តិយស​សម្ដេច យើង​នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ហើយ»

បើ​យ៉ាង​នេះ​ក្តី លោក នៅ រ៉ា នាយរង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចាំ​ទទួល​សំណើ​ពលរដ្ឋ​នៅ​សួន​ច្បារ​វត្តបទុមវតី ថ្លែង​ថា​នឹង​ជូន​ដំណឹង​ទៅ​ពលរដ្ឋ​វិញ ក្នុង​រយៈ​ពេល​១​សប្ដាហ៍​ទៀត។ តែ​លោក​បញ្ជាក់​ថា គេ​នៅ​មិន​ទាន់​ប្រាកដ​ពី​ដំ​ណោះ​ស្រាយ​នោះ​ទេ។

លោក នៅ រ៉ា៖ «អញ្ចឹង ខ្ញុំ​មាន​សំណូមពរ​ឲ្យ​បង​ប្អូន​ទាំង​អស់​គ្នា​រង់ចាំ ដែល​ខ្ញុំ​ផ្តល់​ព័ត៌មាន​ជូន ហើយ ពេល​នេះ​បង​ប្អូន​ទាំង​អស់​គ្នា នាំ​គ្នា​អញ្ជើញ​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ​ណាស់​បាទ ខ្ញុំ​មាន​តែ​ប៉ុណ្ណឹង​ទេ»

ក្នុង​ជម្លោះ​ដីធ្លី​ប្រមាណ​៨០០​ហិកតារ រវាង​ពលរដ្ឋ​ជាង​៣១៩​គ្រួសារ​ក្នុង​ឃុំ​កន្ទួត ស្រុក​ជាំក្សាន្ត ជាមួយ​លោក ប៉ែន លឹម ចាប់​តាំង​ពី​ឆ្នាំ​២០០៧ យ៉ាង​ហោច​ណាស់​បាន​ធ្វើ​ឲ្យ​តំណាង​៣​នាក់​របស់​អ្នក​ភូមិ ត្រូវ​ជាប់​ពន្ធនាគារ និង​មួយ​ចំនួន​ផ្សេង​ទៀត រង​ការ​គំរាម​កំហែង​បាញ់​សម្លាប់។

អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា​រក​ឃើញ​ថា បើ​ទោះ​ជា​ប្រមុខ​រដ្ឋាភិបាល​បាន​ចេញ​បទ​បញ្ជា និង​បន្ត​បែង​ចែក​ដី​ឲ្យ​ពលរដ្ឋ តែ​នៅ​តាម​ទីតាំង​មួយ​ចំនួន ដូច​ជា នៅ​ភូមិ​ព្រៃពាយ ខេត្ត​កំពត ជាដើម សកម្មភាព​នៃ​ការ​ឈូស​ឆាយ និង​ការ​ទន្ទ្រាន​កាន់​កាប់​នៅ​តែ​បន្ត​កើត​មាន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។