ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ស្វែង​រក​ដំណោះស្រាយ​លើ​ទំនាស់​ដី​ធ្លី

ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច មក​ពី​ស្រុក​ចំនួន​៧ នៅ​ខេត្ត​រតនគិរី​ អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​រាជ​រដ្ឋាភិបាល និង​សង្គម​ស៊ីវិល​ស្វែង​រក​ដំណោះស្រាយ​បញ្ឈប់​សកម្មភាព​រំលោភ​បំពាន​ទៅ​លើ​ដី​ធ្លី​ស្រែ​ចំការ និង​តំបន់​ព្រៃឈើ​សហគមន៍​អភិរក្ស​អាស្រ័យ​ផល ជា​លក្ខណៈ​ប្រពៃណី ពី​សំណាក់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច និង​ក្រុមហ៊ុន​ឯកជន​នានា។

0:00 / 0:00

តំណាង​ប្រជាពលរដ្ឋ កំណើត​ជនជាតិ​ដើម​ភាគ​តិច ២៥​សហគមន៍ ក្នុង​ខេត្ត​រតនគិរី នៅ​ថ្ងៃ​អង្គារ​ ទី​២២ ខែ​ឧសភា ឆ្នាំ​២០១២ ចោទ​ប្រកាន់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច និង​ក្រុមហ៊ុន​ឯកជន​នានា ដែល​បាន​ចូល​មក​គ្រប់គ្រង​ដី​នៅ​ជិត​តំបន់​អ្នក​ភូមិ​រស់​នៅ​ថា បាន​បង្ក​ផល​ប៉ះពាល់​ ដូច​ជា​កាប់​បំផ្លាញ​ព្រៃ​ស្រោង ឈូស​ឆាយ​ដី​ស្រែ​ចំការ ផល​ដំណាំ​ប្រជាពលរដ្ឋ ហើយ​ក្រុម​អាជ្ញាធរ​មូលដ្ឋាន​មិន​បាន​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ។

សេចក្តី​ចោទ​ប្រកាន់​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ រវាង​តំណាង​សហគមន៍ និង​អង្គការ​សង្គម​ស៊ីវិល កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ នៅ​ការិយាល័យ​សមាគម អាដហុក ខេត្ត​រតនគិរី ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ឲ្យ​មាន​ប្រសិទ្ធភាព លើ​បញ្ហា​អសកម្ម​កំពុង​កើត​មាន​ចំពោះ​ប្រជាពលរដ្ឋ។

តំណាង​ប្រជាពលរដ្ឋ មក​ពី​ឃុំ​ម៉ាលិច ស្រុក​អណ្តូង​មាស លោក សូ សុផាត មាន​ប្រសាសន៍​បញ្ជាក់​ថា រហូត​មក​ទល់​នឹង​ថ្ងៃ​នេះ ក្រុមហ៊ុន​សម្បទាន​ដែល​ទទួល​បាន​សិទ្ធិ​ផ្តល់​ដី​ដាំ​កៅស៊ូ​ពី​រាជរដ្ឋាភិបាល នៅ​តែ​ប្រើ​គ្រប់​រូបភាព​ដើម្បី​ទន្ទ្រាន​កាន់​កាប់​ដី​ធ្លី​ប្រជាពលរដ្ឋ​បន្ថែម​ទៀត។ ចំណែក​ក្រុម​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មិន​បាន​បំពេញ​តួនាទី​ត្រឹម​ត្រូវ​ការពារ​សិទ្ធិ​រស់​នៅ​របស់​សហគមន៍​ជនជាតិ​ដើម​នោះ​ទេ។ លោក បន្ត​ថា ប្រជាពលរដ្ឋ​អស់​សង្ឃឹម និង​លែង​មាន​ជំនឿ​ទៅ​លើ​ការ​ដឹក​នាំ​របស់​មន្ត្រី​មូលដ្ឋាន ដោយ​សារ​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ច្រើន​ករណី មិន​ត្រូវ​បាន​ដោះស្រាយ​ត្រឹមត្រូវ។

លោក សូ សុផាត៖ «និយាយ​រួម អាជ្ញាធរ​គ្រប់​ជាន់​ថ្នាក់ គេ​ឃុបឃិត​ជាមួយ​ក្រុមហ៊ុន គាប​សង្កត់​មក​លើ​ប្រជាពលរដ្ឋ​ឲ្យ​ប្រជាពលរដ្ឋ​ឯកភាព យល់​ព្រម​ទៅ​ឲ្យ​ក្រុមហ៊ុន​ទៅវិញ​ទេ ការ​ពិត​ដោះស្រាយ​លំអៀង គាត់​មិន​មែន​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទេ»

ដូច​គ្នា​នេះ​ដែរ តំណាង​សហគមន៍​ជនជាតិ​ដើម​មក​ពី​ឃុំ សេដា ស្រុក​អូរយ៉ាដាវ លោក ប៉ាង ញ៉ច បាន​ថ្លែង​ដោយ​អស់​សង្ឃឹម​ថា ប្រជាពលរដ្ឋ​បាន​តវ៉ា​តាម​ផ្លូវ​ច្បាប់​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត រហូត​ដល់​ថ្នាក់​ជាតិ​ច្រើន​លើក​កន្លង​ទៅ​នេះ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​នៅ​តែ​រំលោភ​ឈូស​ឆាយ​ដី​ស្រែ និង​ដី​ព្រៃ​ឈើ​សហគមន៍​ជា​បន្ត​បន្ទាប់។ លោក​បន្ត​ថា ច្បាប់ និង​បទ​បញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល មិន​ត្រូវ​បាន​គេ​អនុវត្ត ឬ​ប្រតិបត្តិ​តាម​ឡើយ។

លោក ប៉ាង ញ៉ច៖ «ប្រជាពលរដ្ឋ​ហ្នឹង ព្រួយ​បារម្ភ​ណាស់​សព្វ​ថ្ងៃ បញ្ហា​ដី​ធ្លី​ហ្នឹង ខ្លាច​ក្រោយ​ពី​ការ​បោះឆ្នោត​ហ្នឹង គេ​ឈូស​ឆាយ​យក​អស់។ ដល់​នាយករដ្ឋមន្ត្រី ក៏​ផ្តល់​ឲ្យ​ហើយ គេ​ថា​អត់​ខ្លាច យើង​គិត​មើល យើង​ប្រជារាស្ត្រ»

អភិបាល​ខេត្ត​រតនគិរី លោក ប៉ាវ ហមផាន កន្លង​ទៅ​នេះ លោក​ធ្លាប់​បាន​បញ្ជាក់​ជុំវិញ​សេចក្តី​ចោទ​ប្រកាន់​របស់​ប្រជាពលរដ្ឋ​ថា អ្វីៗ​ដែល​ជា​កង្វល់​របស់​ប្រជាពលរដ្ឋ​ពី​បញ្ហា​ផល​ប៉ះពាល់ ស្តី​ពី​ការ​ផ្តល់​ដី​សម្បទាន​អាជ្ញាធរ​ខេត្ត និង​ប្រមុខ​រាជរដ្ឋាភិបាល​មាន​គោលនយោបាយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​អស់​ហើយ។

ការ​ស្រាវ​ជ្រាវ​ផ្លូវ​ការណ៍ របស់​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ មាន​ការិយាល័យ​នៅ​ខេត្ត​រតនគិរី​​ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា រហូត​បច្ចុប្បន្ន​នេះ​មាន​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ប្រមាណ ២៥​ក្រុមហ៊ុន បាន​ចុះ​បញ្ជី​ស្នើ​សុំ​ដី​សម្បទាន​នៅ​ខេត្ត​រតនគិរី ហើយ​ចូល​មក​បោះ​ទី​តាំង​ឈូស​ឆាយ​ដី តំបន់​ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​រតនគិរី តាម​រយៈ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រាជរដ្ឋាភិបាល។ នេះ​មិន​ទាន់​រាប់​បញ្ចូល​ក្រុមហ៊ុន​ឯកជន​មួយ​ចំនួន​ធំ​ទៀត ដែល​បាន​ចូល​មក​កាន់​កាប់​ដី​សហគមន៍​ជនជាតិ​ដើម​ខេត្ត​រតនគិរី​ រាប់​ពាន់​ហិកតា​តាម​រយៈ​ការ​ទិញ​ដី ឬ​ទន្ទ្រាន​ឈូស​ឆាយ​យក​ដោយ​ខុស​ច្បាប់។

អ្នក​សម្រប​សម្រួល​កម្មវិធី​ពង្រឹង​អំណាច​សហគមន៍ នៃ​សមាគម អាដហុក (ADHOC) លោក នី សុខា មាន​ប្រសាសន៍​បញ្ជាក់​ថា អង្គការ​លោក រួម និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​ មាន​គំរោង​ពង្រឹង​ការ​យល់​ដឹង​របស់​សហគមន៍ និង​មន្ត្រី​មូលដ្ឋាន​ទាក់​ទិន​ទៅ​នឹង​ការ​អនុវត្ត​ច្បាប់​ពាក់​ព័ន្ធ​សិទ្ធិ​រស់​នៅ​របស់​ក្រុម​ជនជាតិ​ដើម​ភាគ​តិច សិទ្ធ ច្បាប់​ដី​ធ្លី ច្បាប់​ព្រៃ​ឈើ និង​ជា​ពិសេស​បទ​បញ្ជា​សំខាន់ៗ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ស្តី​ពី​ដំណោះស្រាយ​ផល​ប៉ះពាល់ និង​វិធានការ​ផ្លូវ​ច្បាប់ ចំពោះ​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ដែល​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ។

លោក នី សុខា៖ «ស្ថានភាព​កន្លង​មក វា​មាន​បញ្ហា​រំលោភ​ក្រុមហ៊ុន ឬ​បុគ្គល​ឯកជន​នៅ​តែ​ទន្ទ្រាន​កាប់​រាន​ព្រៃ​ឈើ រាន​យក​ដី​ធ្លី សហគមន៍ បញ្ហា​ទាំង​អស់​នេះ​ហើយ​ដែល​រដ្ឋាភិបាល លោក​បាន​មើល​ឃើញ ដូច្នេះ​ហើយ បាន​ថ្មីៗ​នេះ មាន​បទ​បញ្ជា​០១​ហ្នឹង»

កាល​ពី​ដើម​ខែ​ឧសភា រាជរដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បាន​ចេញ​បទ​បញ្ជា​សំខាន់​រួម​មាន៖ ផ្អាក​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច ពិនិត្យ​ដក​ហូត​ដី​សម្បទាន ដែល​ក្រុម​ហ៊ុន​​មួយ​ចំនួន​បាន​អនុវត្ត​ខុស​គោលការណ៍ ដូច​ជា​ប៉ះពាល់​ដី​ធ្លី​សហគមន៍ និង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ និង​វិធានការ​ពង្រឹង បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់​គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច​ជា​ដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។