ប្រជាពលរដ្ឋចំនួន ៣គ្រួសាររស់នៅភូមិសាមគ្គី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ត្រូវបានអាជ្ញាធរចុះរុះរើផ្ទះជាបន្តបន្ទាប់ កាលពីចុងសប្ដាហ៍កន្លងមក។ ការរុះរើនេះ ធ្វើឡើងមុនដំបូងគេក្នុងចំណោមអ្នកភូមិជិត ២០០គ្រួសារផ្សេងទៀត ដែលស្ថិតនៅក្នុងគម្រោងបណ្ដេញចេញដូចគ្នា។ ពួកអ្នកភូមិបានដាក់ពាក្យបណ្ដឹងមកសាលាក្រុងស្ទឹងត្រែង នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ដោយចោទក្រុមអាជ្ញាធរថាបានរំលោភបំពានរុះរើលំនៅឋានពួកគាត់ និងសូមទាមទារយកគ្រឿងផ្ទះមកសង់រស់នៅលើដីនោះវិញ។ ក៏ប៉ុន្តែអាជ្ញាធរវិញអះអាងថាមានប្រជាពលរដ្ឋខ្លះទើបនឹងចូលទៅរស់នៅលើដីសម្បទានសង្គមកិច្ចរបស់រដ្ឋ កាលពីពេលថ្មីៗនេះទេ ចំពោះអ្នករស់នៅទីនោះមុនឆ្នាំ២០០៨ អាជ្ញាធរមិនប៉ះពាល់ឡើយ។
ស្រ្តីម៉េម៉ាយកូន៥នាក់ ឈ្មោះ ម៉ម គឹមអម មានប្រសាសន៍ថា អាជ្ញាធរបានរុះរើផ្ទះរបស់គាត់ និងបានដឹកយកសម្ភារៈរបស់គាត់គ្មានសល់ សូម្បីតែចានឆ្នាំង ហើយអាជ្ញាធរបានចោទប្រកាន់ថា គាត់បានសង់ផ្ទះនៅលើដីកម្មសិទ្ធិរបស់រដ្ឋ។
ម៉ម គឹមអម បានបន្តថា ផ្ទះរបស់ខ្លួនទើបនឹងបានសាងសង់នៅលើក្បាលដីទំហំ ៥០ម៉ែត្រ និងបណ្ដោយ២០០ម៉ែត្រ ដែលបានកាន់កាប់តាំងពីឆ្នាំ១៩៩៧។ ប៉ុន្តែអាជ្ញាធរចុះរុះរើបានហៅការរស់នៅទីនេះជិត ២០០គ្រួសារថា ជាប្រជាជនអនាធិបតេយ្យ ដែលនឹងត្រូវរុះរើបណ្ដេញចេញជាបន្តបន្ទាប់ដូចគ្នានាពេលខាងមុខ។
ស្ត្រីម៉េម៉ាយកូន ៤នាក់ ឈ្មោះ សឿង ផល្លី បានបញ្ជាក់ថា អាជ្ញាធរបានដកហូតយកដីរបស់គាត់ ដែលបានកាន់កាប់ពីឆ្នាំ១៩៩៧ និងបានរុះរើផ្ទះគាត់អស់ដែរ កាលពីសប្ដាហ៍មុន។ ដូច្នេះហើយទើបគាត់ស្វែងរកការជួយគាំទ្រពីអង្គការសិទ្ធិមនុស្ស ដើម្បីឲ្យមានដំណោះស្រាយពីសាលាក្រុងស្ទឹងត្រែង ផ្ដល់ឲ្យគាត់អាចរស់នៅលើដីនោះតទៅទៀត។
ទាក់ទងនឹងការចោទប្រកាន់ក្រុមអាជ្ញាធររួមមានមេព្រៃ អាវុធហត្ថ និងនគរបាល ដែលបានចុះទៅរុះរើផ្ទះអ្នកភូមិដោយបង្ខំនេះ អភិបាលក្រុងស្ទឹងត្រែង លោក ផឹក សុបិន្ត បានបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា គណៈកម្មការដោះស្រាយទំនាស់ដីធ្លី គឺជាអ្នកទៅអនុវត្តផ្ទាល់ ដោយសារដីនេះជាដីបម្រុងទុកធ្វើសម្បទានសង្គមកិច្ចជូនគ្រួសារយោធា ពលី គ្រួសារនគរបាល អាវុធហត្ថ និងប្រជាពលរដ្ឋក្រីក្រតាមគោលការណ៍រដ្ឋាភិបាល។
លោកអភិបាលក្រុងស្ទឹងត្រែងបានបញ្ជាក់បន្តថា ដីសម្បទានសង្គមកិច្ចនេះ មានទំហំ២០០០ហិកតារ ត្រូវបានបម្រុងតាំងពីឆ្នាំ២០០៧ និងមាន ស.ជ.ណ រក្សាការពារទុកនៅឆ្នាំ២០០៨។ ចំពោះប្រជាជន ដែលរស់នៅទីនោះ ត្រឹមឆ្នាំ២០០៨ និងមុនឆ្នាំ២០០៨ អាជ្ញាធរមិនប៉ះពាល់ទេ លើកលែងតែអ្នកទើបនឹងចូលទៅកាន់កាប់។
អ្នកស៊ើបអង្កេតសមាគមសិទ្ធិមនុស្សអាដហុក ខេត្តស្ទឹងត្រែង លោក ហូ សំអុល បានសម្ដែងនូវកង្វល់ថា ប្រជាពលរដ្ឋជិត ២០០គ្រួសារនោះនឹងគ្មានដីដាំដំណាំ និងដីធ្វើផ្ទះសម្បែង ព្រោះតាមគម្រោង អាជ្ញាធរនឹងចុះធ្វើការរុះរើជាបន្តបន្ទាប់ថែមទៀត។
សមាគមអាដហុកបានអំពាវថា សូមឲ្យអាជ្ញាធរជួយគិតគូរដល់សុខទុក្ខរបស់អ្នកភូមិ និងបញ្ហាវិបត្តិគ្មានដីធ្លីនេះថាជាការប៉ះពាល់ដល់សិទ្ធិនៃការរស់រានមានជីវិតរបស់ពលរដ្ឋ៕
