នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នគរបាលខេត្តស្ទឹងត្រែង លោក ភៀន ភើយ បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៧ ខែកក្កដាថា ប្រទេសលាវបានបញ្ជូនពលករខ្មែរចំនួន ១៩នាក់ត្រឡប់មកប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី១៤ ខែកក្កដា កន្លងមក ក្នុងពេលដែលពួកគេព្យាយាមឆ្លងកាត់ទឹកដីលាវ ចូលទៅរកការងារធ្វើនៅប្រទេសថៃ។
លោកឲ្យដឹងបន្តថា ក្នុងចំណោមពលករទាំងនោះ មានមួយចំនួនរស់នៅឃុំព្រះរំកិល និងខ្លះទៀតរស់នៅឃុំអូរស្វាយ ក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ជាមួយគ្នា។ រីឯបុរសម្នាក់ដែលសង្ស័យថា ជាមេខ្យល់នោះ មានឈ្មោះ វ៉ាន់ តៀក ក៏រស់នៅភូមិឈើទាលតូច ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ដែរ។
លោក ភៀន ភើយ ឲ្យដឹងដូច្នេះ ៖ «អាប៊ុន វាទៅមុនហ្នឹង វាទៅចាំនៅស្រែក្រសាំង ឲ្យអាតៀកហ្នឹងដឹកទៅតាមក្រោយទៅជួបជុំគ្នាឯណោះ សមត្ថកិច្ចលាវ គេឃើញទៅគេឃាត់ទាន់បញ្ជូនមកឲ្យកម្ពុជា យើងវិញ។ សួរទៅបានដឹងថា ពួកនេះគេទៅធ្វើការនៅប្រទេសក្រៅបណ្ដោយ»។
លោក ភៀន ភើយ បានរៀបរាប់ទៀតថា វ៉ាន់ តៀក ត្រូវបានចោទប្រកាន់ពីបទនាំមនុស្សឆ្លងដែនខុសច្បាប់ និងជួញដូរ។ វ៉ាន់ តៀក បានយកប្រាក់ពីពលករទាំងនោះម្នាក់ ៥ម៉ឺនរៀល សម្រាប់សេវាជូនឆ្លងទៅប្រទេសថៃ។
លោក ភៀន ភើយ ឲ្យដឹងដូច្នេះទៀតថា ៖ «តាមច្បាប់ជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ មាត្រាទី១៨ អំពើនាំមនុស្សដោយខុសច្បាប់ ជាប់ទោសពី ៧ឆ្នាំ ទៅ ១៥ឆ្នាំ»។
លោកបានបញ្ជាក់បន្ថែមថា ពលករ ១៩នាក់នេះ គឺជាក្រុមទី២ ដែលឆ្លងដែនខុសច្បាប់ ដោយឡែកក្រុមទី១ មានគ្នា ៧នាក់ ដឹកនាំដោយមេខ្យល់ឈ្មោះ សៀន ប៊ុន បានចូលជ្រៅទៅក្នុងទឹកដីលាវ រួចហើយ ហើយកំពុងរង់ចាំក្រុមរបស់ វ៉ាន់ តៀក នេះ ដើម្បីបន្តដំណើរចូលទៅប្រទេសថៃ ទាំងអស់គ្នា ហើយក្រុមរបស់ សៀន ប៊ុន មិនទាន់ត្រូវអាជ្ញាធរលាវ ចាប់ខ្លួនបាននៅឡើយទេ។
មេឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ លោក ម៉ាន់ លីហ៊ បានថ្លែងថា ក្នុងចំណោមពលករ ១៩នាក់ មាន ៦នាក់រស់នៅឃុំអូរស្វាយ។ ពួកគេមានជីវភាពក្រីក្រតោកយ៉ាក អាស្រ័យដោយដំណាំផ្សេងៗត្រូវបានបំផ្លាញអស់ដោយភាពរាំងស្ងួតក្នុងរយៈពេលជាងមួយខែកន្លងមកនេះ។
លោក ម៉ាន់ លីហ៊ ឲ្យដឹងថា ៖ «មូលហេតុរាំងឫសអ៊ីចឹងគ្នាអត់ដឹងរកអីធ្វើអី ដល់អ៊ីចឹងទៅក៏មានអ្នកមកបបួលថា ទៅថៃ ទៅរកការងារធ្វើនៅថៃ ក៏គ្នាទៅតាមគេ ហើយបង់ម្នាក់ ៥ម៉ឺន(រៀល)»។
អ្នកស៊ើបអង្កេតអង្គការសិទ្ធិមនុស្សអាដហុក ខេត្តស្ទឹងត្រែង លោក ហូរ សំអុល បានបញ្ជាក់ថា ភាពក្រីក្រ ភាពគ្មានការងារធ្វើនៅក្នុងស្រុក និងខ្វះការយល់ដឹង ជាកត្តាសំខាន់ដែលជំរុញឲ្យពួកគាត់ធ្វើចំណាកស្រុកខុសច្បាប់។
លោក ហូរ សំអុល មានប្រសាសន៍ថា ៖ «ខ្មែរយើងស្លាប់នៅថៃច្រើនណាស់។ គាត់គេបោកបញ្ឆោតបន្តទៅមួយកន្លែងទៅមួយកន្លែង។ ឧទាហរណ៍គាត់ទៅដាំអំពៅឲ្យគេអ៊ីចឹង គេមិនបើកប្រាក់ខែឲ្យ គាត់ត្រូវតែទៅមួយកន្លែងទៀត។ មួយទៀតបើសិនជាកម្មករខាងនេសាទវិញ ប្រធានទូកវាហ្នឹងត្រូវតែចាត់ការហើយ គេឲ្យធាក់ទម្លាក់សមុទ្រហ្នឹង ស្លាប់ច្រើនណាស់»។
ប្រជាពលរដ្ឋនៅស្រុកថាឡាបរិវ៉ាត់ ត្រូវបានកត់សម្គាល់ឃើញថា បានឆ្លងដែនខុសច្បាប់រកការងារនៅក្នុងប្រទេសថៃ ច្រើនជាងប្រជាពលរដ្ឋនៅបណ្ដាស្រុកផ្សេងៗទៀតក្នុងខេត្តស្ទឹងត្រែង។ ពួកគេប្រឈមមុខទៅនឹងគ្រោះថ្នាក់ជាច្រើន ដោយសារតែការចាញ់ការឃោសនារបស់មេខ្យល់។
អាជ្ញាធរខេត្តស្ទឹងត្រែង បានបញ្ជូនពលករទាំងនោះទៅកាន់ទីលំនៅវិញអស់ហើយ លើកលែងតែបុរសម្នាក់ជាមេខ្យល់ត្រូវបានតុលាការឃុំខ្លួន កាលពីថ្ងៃទី១៦ ខែកក្កដា ពីបទចោទប្រកាន់នាំមនុស្សឆ្លងដែនខុសច្បាប់ និងជួញដូរ៕
