អាជ្ញាធរ​ឡាវ​ដោះលែង​ប៉ូលិស​ខ្មែរ​៤​នាក់

អាជ្ញាធរ​ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ បាន​យល់​ព្រម​ប្រគល់​ក្រុម​ប៉ូលិស​ខ្មែរ ៤​នាក់ មក​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង វិញ​ហើយ បន្ទាប់​ពី​តម្រួត​ព្រំដែន​ឡាវ ចាប់​ឃុំ​ខ្លួន​ពួក​គេ​ប្រមាណ​ជិត​ពីរ​សប្ដាហ៍​កន្លង​ទៅ​នេះ។

0:00 / 0:00

ប៉ូលិស​ខ្មែរ​ចំនួន ៤​នាក់ ដែល​តម្រួត​ព្រំដែន​ប្រទេស​ឡាវ ចាប់​ឃុំ​ខ្លួន​កន្លង​ទៅ​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់ នៅ​ថ្ងៃ​អង្គារ ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១២ បាន​វិល​ត្រឡប់​មក​មាតុ​ប្រទេស​វិញ​ហើយ។

មេបញ្ជាការ​ប៉ូលិស​ការពារ​ព្រំដែន​វរៈ​៧០១ លោក ស៊ុន បាន មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុម​ការងារ​នៃ​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង បាន​ជួប​ប្រជុំ​ជាមួយ​ភាគី​ឡាវ នៅ​តំបន់​ប៉ាក់ផេង ក្នុង​ស្រុក​មឿងខូង ខេត្ត​ចំប៉ាសាក់ និង​បាន​បំពេញ​បែបបទ​ទទួល​យក​ប៉ូលិស​ខ្មែរ​ទាំង ៤​នាក់​ពី​ភាគី​ឡាវ​វិញ។

លោក​បន្ត​ថា ស្នងការ​រង​ប៉ូលិស​មួយ​រូប​បាន​មក​ទទួល​ក្រុម​ប៉ូលិស​ខ្មែរ​យក​ទៅ​អង្គភាព និង​អនុញ្ញាត​ឲ្យ​ជួប​ជុំ​គ្រួសារ​ពួក​គេ​វិញ​ហើយ៖ «បាទ! គេ​កំពុង​ធ្វើ​កំណត់ហេតុ​ដោះ​លែង​ផ្លាស់ប្ដូរ​យោបល់​គ្នា​ហ្នឹង គេ​នឹង​ដោះ​ហើយ ប៉ុន្តែ​រឿង​អ្វីៗ​មិន​ទាន់​ដឹង​ទេ»

ប្រភព​មន្រ្តី​ខេត្ត​ស្ទឹងត្រែង ឲ្យ​ដឹង​ថា ប៉ូលិស​កម្ពុជា ចំនួន ៤​នាក់ បាន​ច្រឡំ​ចូល​ទៅ​ក្នុង​ដី​ឡាវ ប្រមាណ ១០០​ម៉ែត្រ នៅ​ចំណុច​ព្រំដែន​កម្ពុជា ខេត្ត​ស្ទឹងត្រែង ជាមួយ​ខេត្ត​ចំប៉ាសាក់ របស់​ឡាវ ហើយ​ត្រូវ​ឆ្មាំ​ការពារ​ព្រំដែន​ឡាវ ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៧ កក្កដា ដោយ​ឡែក​ប្រជាពលរដ្ឋ​ខ្មែរ ៤​រូប​ទៀត ត្រូវ​បាន​តម្រួត​ព្រំដែន​ឡាវ ចាប់​ខ្លួន​ដោយ​ឡែក​ពី​គ្នា កាល​ពី​ចុង​ខែ​មិថុនា កន្លង​ទៅ​នេះ ដោយសារ​ពួក​គេ​ឆ្លង​ចូល​ទឹក​ដី​ប្រទេស​ឡាវ ខុស​ច្បាប់។

ស្នងការ​រង​ប៉ូលិស​ខេត្ត​ស្ទឹងត្រែង លោក ឯក ស៊ីវ៉ាន់ដន មាន​ប្រសាសន៍​បញ្ជាក់​ថា អាជ្ញាធរ​ឡាវ បាន​ប្រគល់​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន ៤​នាក់ ដែល​តម្រួត​ឡាវ​ចាប់​ខ្លួន​ទៅ​ឲ្យ​អាជ្ញាធរ​ស្រុក​សៀមប៉ាង ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ប្រគល់​ក្រុម​ប៉ូលិស​មក​អាជ្ញាធរ​ខេត្ត​វិញ៖ «គេ​អត់​ផាក​ពិន័យ​អ្វី​ទេ គេ​គិត​ថ្លៃ​បាយ ប្រជាពលរដ្ឋ​គេ​ប្រគល់​ឲ្យ​ទៅ​ខាង​ស្រុក​ហើយ​តើ»

នាយ​ខុទ្ទកាល័យ​សាលា​ខេត្ត​ស្ទឹងត្រែង លោក ដួង ពៅ មាន​ប្រសាសន៍​បញ្ជាក់​ថា អភិបាល​ខេត្ត​ចំប៉ាសាក់ ប្រទេស​ឡាវ បាន​យល់​ព្រម​ដោះ​លែង​ប៉ូលិស​ខ្មែរ​ដោយ​មិន​មាន​ការ​ផាក​ពិន័យ​អ្វី​ទេ ក៏​ប៉ុន្តែ​បាន​សំណូមពរ​ឲ្យ​អាជ្ញាធរ​ខេត្ត​អប់រំ​កង​ប៉ូលិស និង​ប្រជាពលរដ្ឋ កុំ​ឲ្យ​ឆ្លង​ដែន​ចូល​ទឹក​ដី​ប្រទេស​ឡាវ​ខុស​ច្បាប់​ត​ទៅ​ទៀត។

លោក​បន្ត​ថា ជា​កំហុស​អចេតនា​ដែល​ក្រុម​ប៉ូលិស​ខ្មែរ​ឆ្លង​ចូល​ទឹក​ដី​ឡាវ ពីព្រោះ​ក្រុម​ប៉ូលិស​ទាំង​នោះ​ទើប​ចូល​បំពេញ​ការងារ​ថ្មី មិន​ស្គាល់​ពី​ភូមិសាស្ត្រ​ព្រំដែន​នៅ​តំបន់​នោះ​ច្បាស់លាស់។ ចំណែក​ពលរដ្ឋ​ខ្មែរ​នោះ​វិញ ពួក​គេ​តែង​តែ​ទំនាក់​ទំនង​ជាមួយ​ពលរដ្ឋ​ឡាវ ឆ្លង​ដែន​ចេញ​ចូល​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ទៅ​វិញ​ទៅ​មក ហើយ​កន្លង​ទៅ​នេះ​តម្រួត​ព្រំដែន​ខ្មែរ​ក៏​ចាប់​បាន​ប្រជាពលរដ្ឋ​ឡាវ ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ដី​ខ្មែរ​ដូច​គ្នា។

លោក ដួង ពៅ៖ «បាទ! យើង​ទៅ​តាំង​ពី​ម្សិលមិញ (១៦ កក្កដា)។ អភិបាល​ខេត្ត​ចំប៉ាសាក់ គាត់​ឯកភាព​ឲ្យ​មាន​ការ​សម្របសម្រួល​ដោះ​លែង​មក​វិញ​ហើយ គេ​គ្រាន់​តែ​មាន​លក្ខខណ្ឌ​ឲ្យ​យើង​អប់រំ​ប៉ូលិស​យើង​ឲ្យ​បាន​បំពេញ​ភារកិច្ច​ហ្នឹង​កុំ​ឲ្យ​ច្រឡំ​ក្របខ័ណ្ឌ​ព្រំដែន​ឲ្យ​ច្បាស់ ព្រោះ​ប៉ូលិស​គ្នា​សុទ្ធ​តែ​ថ្មី»

បុគ្គលិក​ផ្នែក​អង្កេត​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល កត់​សំគាល់​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ជា​ក្រុមៗ​បាន​ឆ្លង​ដែន​ចូល​ទឹក​ដី​ឡាវ ដើម្បី​កាប់​ឈើ​ប្រណិត ឬ​ធ្វើ​ជំនួញ​ខុស​ច្បាប់ ហើយ​ជា​ញឹកញាប់​ត្រូវ​តម្រួត​ព្រំដែន​ឡាវ បាញ់​សម្លាប់ ឬ​ចាប់​ជំរិត​ទារ​ប្រាក់​ជា​ថ្នូរ​នឹង​ការ​ដោះ​លែង បើ​ទោះ​បី​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​ខេត្ត​បាន​អប់រំ និង​ណែនាំ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ឆ្លង​ដែន​ទៅ​ទឹក​ដី​ឡាវ ខុស​ច្បាប់​ត​ទៅ​ទៀត​យ៉ាង​ណា​ក្តី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។