បក្ស​ប្រឆាំង៖ ការបញ្ចប់​ថ្ងៃ​តវ៉ា​ពី​ការបោះ​ឆ្នោត​ជា​ការបង្ហាញ​នូវ​ភាព​អយុត្តិធម៌

មន្រ្តី​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា ការបញ្ចប់​នៃ​ថ្ងៃ​តវ៉ា​ការបោះ​ឆ្នោត​នា​ថ្ងៃ​នេះ គឺ​គ្រាន់តែ​ជា​ការបង្ហាញ​នូវ​រូបភាព​ដ៏​អាក្រក់ ដូច​ជា​ភាព​អយុត្តិធម៌ ការបំពាន​សិទ្ធិ​ពលរដ្ឋ ភាព​លម្អៀង​នៃ​ស្ថាប័ន​ដោះស្រាយ​ការបោះឆ្នោត​សម្រាប់​ប្រទេស​កម្ពុជា​តែប៉ណ្ណោះ ។

0:00 / 0:00

លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​ពាក្យបណ្ដឹង​ចុង​ក្រោយ​របស់​គណបក្ស​លោក ស្តីពី​ភាព​មិន​ប្រក្រតី​នៃ​ការបោះ​ឆ្នោត និង​ស្នើ​ឲ្យ​មាន​ការបោះ​ឆ្នោត​ឡើង​វិញ​នោះ​ត្រូវ​បាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បដិសេធ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​មាន​ប្រសាសន៍​ថា ៖ «ខ្ញុំ​គិត​ថា​បញ្ចប់​ដោយ​ការឈឺចាប់​បញ្ចប់​ដោយ​អយុត្តិធម៌ បញ្ចប់​ដោយ​គ្មាន​បើក​ផ្លូវ ដោយ​តម្លាភាព ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ អ្នក​ដែល​មាន​ការតវ៉ា អស់​ចិត្ត គឺ​បញ្ចប់​ដោយ​ក្រៀមក្រំ»

កាលពី​ថ្ងៃ​ពុធ ក្រុមប្រឹក្សា​ធម្មនុញ្ញ​ក៏​បាន​បដិសេធ​ពាក្យបណ្តឹង​ស្រដៀង​គ្នា​នេះ​ដែរ​របស់​គណបក្ស​សមរង្ស៊ី ដែល​ជា​បណ្តឹង​ចុងក្រោយ​ក្នុង​ការតវ៉ា​លទ្ធផល​បោះ​ឆ្នោត​ជាតិ កាលពី​ថ្ងៃ​ទី​២៧ ខែ​កក្កដា​កន្លង​ទៅ​នេះ ។

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា​ទង្វើ​ដ៏​អាក្រក់​នៃ​ប្រព័ន្ធ​បោះឆ្នោត​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​នេះ ៖ «ស​ឲ្យ​ឃើញ​ថា ស្ថាប័ន​ទាំង​ពីរ​គឺ​ថា លើក​ទី​១​គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយ​លើក​ទី​២ គឺ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នេះ គឺ​បម្រើ​គណបក្ស​ប្រជាជន​ដែល​ជា​គណបក្ស​កាន់​អំណាច គឺ​បម្រើ​ផ្ដាច់ថ្លៃ គឺ​គ្មាន​រក​ដំណោះស្រាយ គ្មាន​ផ្ដល់​យុត្តិធម៌​ចំពោះ​ជម្លោះ ចំពោះ​ពាក្យ​បណ្ដឹង​របស់​យើង ហើយ​ចំពោះ​ប្រជារាស្រ្ដ​ដែល​បាត់បង់​សិទ្ធិ​បោះ​ឆ្នោត ហើយ​ដែល​ត្រូវ​គេ​ក្លែងបន្លំ​សន្លឹក​ឆ្នោត»

ប៉ុន្តែ​ទាក់ទង​នឹង​បញ្ហា​នេះ​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​អ្នក​មាន​ជ័យជម្នះ​លើសលុប​ក្នុង​ការបោះ​ឆ្នោត​កន្លង​ទៅ គឺ​លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា​ការចោទ​ប្រកាន់​នោះ​គឺ​ជា​ប្រពៃណី​របស់​អ្នក​ចាញ់​តែ​ប៉ុណ្ណោះ ។

លោក ជាម យៀប បាន​មាន​ប្រសាសន៍​ថា ៖ «អ្នក​ដែល​បាន​ទទួល​អាសនៈ​តិច ច្រើនតែ​ចោទ​ប្រកាន់​គ្រប់​បែប​យ៉ាង​ដែល​គេ​ឈ្នះ​ឆ្នោត ថា​គេ​អ៊ីចេះ​មួយ អ៊ីចុះ​មួយ ។ បើសិន​ជា​គាត់​បាន​ជាប់​វិញ ឈ្នះ​ដូច​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ក៏​ស្ងាត់​ចឺម​ដូច​តែ​គ្នា​ហ្នឹង»

លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (គ.ជ.ប.) បាន​មាន​ប្រសាសន៍​ថា ឥឡូវ​នេះ​ការតវ៉ា​និង​ការដោះស្រាយ​រឿង​បោះ​ឆ្នោត​បាន​បញ្ចប់​ហើយ ហើយ​គ.ជ.ប.​នឹង​អាច​ចេញ​លទ្ធផល​ផ្លូវការ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទាំង​លោក កឹម សុខា និង​លោក សម រង្ស៊ី បាន​ថ្លែង​បញ្ជាក់​ដែរ​ថា គណបក្ស​របស់​លោក​ទាំង​ពីរ​នៅតែ​រក្សា​ជំហរ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការបោះ​ឆ្នោត​កន្លង​ទៅ​នេះ​ទេ ហើយ​នឹង​ធ្វើការ​តវ៉ា​បន្ត​ទៀត​ដល់​សហគមន៍​អន្តរជាតិ ។

មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​នេះ​ក៏​បាន​អះអាង​ដែរ​ថា​ការរក្សា​ជំហរ​មិន​ចូលរួម​ប្រជុំស្បថ​ចូល​កាន់​តំណែង​សភា​ក៏​មិនមាន​ការផ្លាស់ប្តូរ​ដែរ​រហូត​មក​ទល់​ពេល​នេះ ៕