អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក អ៊ិត រ៉ាឌី មានប្រសាសន៍ថា ក្រសួងយុត្តិធម៌បានជញ្ជួនសេចក្ដីព្រាងទៅទីស្ដីការគណៈរដ្ឋមន្ត្រីរួចហើយ ស្ដីពីការបង្កើតសាលាឧទ្ធរណ៍បន្ថែមទៀតនៅតាមតំបន់។
លោកបញ្ជាក់ថា ការបង្កើតសាលាឧទ្ធរណ៍នេះ ធ្វើទៅតាមលទ្ធភាពដែលក្រសួងអាចធ្វើទៅបាន មានន័យថា ផែនការចំពោះមុខ គឺក្រសួងមានគម្រោងបង្កើតនៅខែត្រនៅប៉ែកពាយព្យ និងនៅខែត្រនៅប៉ែកឦសាន៖ «យើងមានគម្រោងរួចហើយក្នុងការបង្កើតសាលាឧទ្ធរណ៍ថ្នាក់តំបន់ហ្នឹង យើងបានចែងនៅក្នុងច្បាប់អង្គការចាត់តាំងតុលាការ ហើយនៅក្នុងសេចក្ដីព្រាងដែលផ្ញើជួនទៅទីស្ដីការគណៈរដ្ឋមន្ត្រីក៏បានចែងអំពីករណីនេះដែរ»។
ការលើកឡើងដូច្នេះ នៅខណៈដែលអង្គការសិទ្ធិមនុស្សលីកាដូ បានចេញរបាយការណ៍មួយនៅថ្ងៃទី២៤ ខែមេសា ស្ដីពីសិទ្ធិក្នុងការប្ដឹងឧទ្ធរណ៍ និងវិបត្តិក្នុងការដឹកជញ្ជួនពិរុទ្ធជននៅកម្ពុជា។
នៅក្នុងរបាយការណ៍នេះសរសេរថា គិតពីឆ្នាំ២០១០ ដល់ឆ្នាំ២០១២ មានពិរុទ្ធជន ឬជនជាប់ចោទជិត ៨០០នាក់ នៅពន្ធនាគារក្នុងខែត្រចំនួន ១១ ក្នុងចំណោម ២៤ខែត្រ ក្រុង ត្រូវបានសាលាឧទ្ធរណ៍កាត់ទោសកំបាំងមុខ ដោយមិនបានដឹកអ្នកជាប់ឃុំទាំងនោះទៅចូលរួមឆ្លើយតទល់នៅក្នុងសវនាការឡើយ។
របាយការណ៍បានសរសេរថា ការជម្រះក្ដីកំបាំងមុខទៅលើបណ្ដឹងឧទ្ធរណ៍ជាច្រើនក្នុងករណីព្រហ្មទណ្ឌនៅប្រទេសកម្ពុជា។ ពិរុទ្ធជនរាប់រយនាក់ត្រូវបានជាប់ឃុំនៅក្នុងពន្ធនាគារខែត្រទាំងនោះ មិនអាចមកចូលរួមសវនាការនៅរាជធានីភ្នំពេញ បានឡើយ ដោយសារគ្មានថវិកាចំណាយលើការដឹកជញ្ជួន ការរៀបចំបានល្អរវាងពន្ធនាគារ និងតុលាការ។ ជាងនេះទៅទៀត គិតពីឆ្នាំ២០១០ មកដល់បច្ចុប្បន្ន បញ្ហាទាំងនេះនៅតែកើតមានដដែល គឺប្រព័ន្ធគ្រប់គ្រងពន្ធនាគារខ្វះរថយន្តដឹកជញ្ជួន ខ្វះសាំង បុគ្គលិក និងថវិកាចាំបាច់សម្រាប់ដឹកជញ្ជួនពិរុទ្ធជនដែលនៅខែត្រឆ្ងាយដាច់ស្រយាល។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា បញ្ហាទាំងនេះស្ថាប័នយុត្តិធម៌គួរតែឲ្យមន្ត្រីពន្ធនាគារដឹកពិរុទ្ធជនយកមកស្នាក់នៅទីក្រុងភ្នំពេញ មុន នៅពេលគេបានទទួលដីកាពីសាលាឧទ្ធរណ៍ ដើម្បីបើកសវនាការជំនុំជម្រះក្ដីនោះ ពីព្រោះថា ពិរុទ្ធជនដែលសាលាដំបូងជំនុំជម្រះក្ដីនោះ មិនមែនមានន័យថា ពួកគាត់ជាអ្នកមានទោសនោះទេ ហើយការប្ដឹងឧទ្ធរណ៍របស់ជនជាប់ចោទនោះ គឺពួកគាត់រំពឹង ការរកយុត្តិធម៌នៅសាលាឧទ្ធរណ៍។
លោក អំ សំអាត៖ «រឿងខ្លះគាត់មិនបានប្រព្រឹត្តិ អ៊ីចឹងគាត់ផ្ញើក្ដីសេចក្ដីសង្ឃឹមទៅសាលាឧទ្ធរណ៍ក្នុងការកាត់ក្ដី ហើយនៅក្នុងក្រមព្រហ្មទណ្ឌថ្មីក៏បានចែងដែរ សិទ្ធិរបស់គាត់ គាត់មានសិទ្ធិត្រូវបានឈរឆ្លើយបំភ្លឺនៅក្នុងសវនាការ»។
សិទ្ធិក្នុងការប្ដឹងឧទ្ធរណ៍ គឺជាសិទ្ធិមូលដ្ឋានក្នុងការទទួលបានការជម្រះក្ដីដោយយុត្តិធម៌។ នៅក្នុងប្រព័ន្ធច្បាប់កម្ពុជា ការបំពេញសិទ្ធិនេះ តម្រូវឲ្យមានវត្តមានជនត្រូវចោទក្នុងសវនាការលើបណ្ដឹងឧទ្ធរណ៍។
អនុប្រធានសាលាឧទ្ធរណ៍ លោក ជួន ស៊ុនឡេង បានទទួលស្គាល់របាយការណ៍នេះ។ លោកបញ្ជាក់ថា ទោះបីអវត្តមានជនជាប់ចោទ តែគេមានមេធាវីការពារ។
អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោក អ៊ិត រ៉ាឌី ក៏បានទទួលស្គាល់របាយការណ៍នេះដែរ ប៉ុន្តែលោកបញ្ជាក់ថា ចំពោះបញ្ហាដឹកជញ្ជួនពិរុទ្ធជននេះ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានពន្ធនាគារ និងក្រសួងមហាផ្ទៃ។
ទាក់ទងទៅនឹងបញ្ហានេះ មន្ត្រីនាំពាក្យនៃក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា រដ្ឋាភិបាលបានចំណាយលុយច្រើនលើករណីពិរុទ្ធជន ឬជនជាប់ចោទនៅក្នុងពន្ធនាគារនៅទូទាំងប្រទេស ដែលមានប្រមាណ ១៥.០០០នាក់។
លោកបញ្ជាក់ថា វាមានករណីខ្លះដែលមិនបានដឹកជញ្ជួនពិរុទ្ធជនទៅចូលរួមក្នុងសវនាការ ដោយសារនៅខែត្រឆ្ងាយជាដើម៖ «ថវិកាវាមាន មិនមែនអត់ទេ វាពេលខ្លះករណីចាំបាច់គេត្រូវយកពិរុទ្ធជននោះមកហើយ តែបើករណីមិនចាំបាច់នៅក្នុងសវនាការ អាហ្នឹងសាលាឧទ្ធរណ៍ទេ បើពិរុទ្ធជនមិនមកចូលរួមអាហ្នឹងគាត់ពន្យារពេលទៅ ប៉ុន្តែអាហ្នឹងជាឆន្ទានុសិទ្ធិរបស់តុលាការទេ»។
អង្គការលីកាដូ បានរកឃើញថា មានពិរុទ្ធជនមួយចំនួនបានទៅចូលរួមក្នុងសវនាការបាននោះ ពួកគេបានចេញថ្លៃធ្វើដំណើរដោយខ្លួនឯង។ បញ្ហាផ្សេងៗទៀត ស្ទើរតែគ្រប់យ៉ាងនៅតាមពន្ធនាគារ សិទ្ធិជាមូលដ្ឋានក្នុងការទទួលបានការជម្រះក្ដី បានក្លាយទៅជាទំនិញមួយដែលអាចធានាសុវត្ថិភាពទៅបានតាមរយៈការសូកប៉ាន់។
ទោះបីជាយ៉ាងណាក៏ដោយ កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងនយោបាយដែលកម្ពុជា បានផ្ដល់សច្ចាប័ននៅឆ្នាំ១៩៩២ ចែងថា ជនគ្រប់រូបដែលជាប់ពិរុទ្ធពីបទល្មើសព្រហ្មទណ្ឌ ត្រូវមានសិទ្ធិសុំឲ្យសាលាក្ដីជាន់ខ្ពស់ពិនិត្យឡើងវិញស្របតាមច្បាប់ទៅលើការប្រកាសពិរុទ្ធភាព និងការផ្ដន្ទាទោសទៅលើខ្លួន។ កតិកាសញ្ញានេះក៏តម្រូវឲ្យមានវត្តមានជនជាប់ចោទក្នុងការសម្រេចចោទប្រកាន់ពីបទព្រហ្មទណ្ឌណាមួយទៅលើខ្លួនផងដែរ។
ប្រធានក្រុមតំណាងរាស្ត្រគណបក្ស សម រង្ស៊ី លោក សុន ឆ័យ បានពន្យល់ថា វាមិនមែនតែបញ្ហាខ្វះមធ្យោបាយដឹកជញ្ជួនពិរុទ្ធជន ឬបញ្ហាខ្វះថវិកា ដើម្បីយកជនជាប់ចោទទៅចូលរួមឆ្លើយតទល់នៅក្នុងសវនាការនោះទេ អ្វីដែលសំខាន់នោះ វាស្ថិតនៅលើការទទួលខុសត្រូវរបស់ស្ថាប័នដែលពាក់ព័ន្ធ។ ប្រការនេះមានន័យថា ការទទួលខុសត្រូវរបស់ក្រសួងយុត្តិធម៌ និងក្រសួងមហាផ្ទៃ៖ «ពន្ធនាគាររាជធានីភ្នំពេញ ព្រៃសហ្នឹងត្រូវបានគេលក់យកទៅដាក់នៅកន្លែងឆ្ងាយទៅ វាធ្វើឲ្យការដឹកជញ្ជួនពិរុទ្ធជនហ្នឹងក៏លំបាក។ មានការត្អូញត្អែរនៅខែត្រទីឆ្ងាយក៏លំបាក តែទោះបីជាយ៉ាងណាក៏ដោយ ក្រសួងយុត្តិធម៌ហ្នឹងត្រូវទទួលខុសត្រូវ»។
ទោះបីជាយ៉ាងណាក៏ដោយ បញ្ហាទំាងនេះមកពីសាលាឧទ្ធរណ៍នៅប្រទេសកម្ពុជា មានតែមួយនៅរាជធានីភ្នំពេញ។ ទាក់ទងនឹងបញ្ហានេះ លោក អ៊ិត រ៉ាឌី បានឲ្យដឹងថា ក្រសួងនឹងបង្កើតសាលាឧទ្ធរណ៍ចំនួនពីរទៀត នៅប៉ែកពាយ័ព្យ និងនៅប៉ែកឦ សាន្តនៃប្រទេសកម្ពុជា។
នាយិកាអង្គការលីកាដូ អ្នកស្រីបណ្ឌិត ពុង ឈីវកេក មានប្រសាសន៍ថា វាជាបញ្ហាមួយដែលគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង ទាក់ទងទៅនឹងតម្រូវការនៃធនធាន និងចំនួនប្រជាពលរដ្ឋដែលទទួលរងប៉ះពាល់។ អ្នកស្រីបញ្ជាក់ថា បញ្ហានេះមិនត្រូវបណ្ដោយទុកឲ្យស្ថិតនៅក្នុងភាពអសកម្មទៀតឡើយ ពីព្រោះថា ការរំលោភបំពានទៅលើសិទ្ធិរបស់ជនជាប់ឃុំក្នុងការទទួលបាននូវការជំនុំជម្រះក្ដីចំពោះមុខ បានក្លាយទៅជាការរំលោភដែលមានលក្ខណៈជាប្រព័ន្ធទៅហើយ។ ការបន្ដកើតមាននូវស្ថានភាពដដែលៗនេះ ក៏បានក្លាយទៅជារឿងធម្មតា ដែលមិនមែនជាសិទ្ធិក្នុងការជ្រើស។
របាយការណ៍របស់អង្គការលីកាដូ ដដែល បានសរសេរទៀតថា ដោយសារគ្មានប្រព័ន្ធដឹកជញ្ជួនជនជាប់ឃុំ ដំណើរការសវនាការលើបណ្ដឹងឧទ្ធរណ៍នៅកម្ពុជា ត្រូវធ្វើឡើងជាប្រចាំដោយគ្មានវត្តមានរបស់ចុងចោទក្នុងករណីព្រហ្មទណ្ឌ។ ការសិក្សាឃ្លាំមើលការជម្រះក្ដីដែលចេញផ្សាយកាលឆ្នាំ២០១០ រកឃើញថា ជនជាប់ចោទទាំងឡាយមិនមានវត្តមានចូលរួមសវនាការលើបណ្ដឹងឧទ្ធរណ៍ចំនួន ៦៩%។ របាយការណ៍នេះបានបញ្ជាក់ថា មកដល់ឆ្នាំ២០១២ គឺមិនមានការប្រែប្រួលអ្វីទេ បញ្ហានៅតែកើតមានដដែល ដូចជាពន្ធនាគារនៅខែត្រសៀមរាប កំពង់ធំ ក្រុងព្រះសីហនុ កោះកុង កំពង់ឆ្នាំ ពោធិ៍សាត់ កំពង់ស្ពឺ កំពត បាត់ដំបង ស្វាយរៀង និងមណ្ឌលអប់រំកែប្រែទី៣៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
