អ្នកឃ្លាំមើលស្ថានការណ៍នយោបាយបានរិះគន់ថា ការបង្ក្រាបបទល្មើសនីមួយៗដែលកើតមានក្នុងសង្គម អាចធ្វើឡើងទៅបានលុះត្រាតែមានបញ្ជាពីអ្នកដឹកនាំប្រទេស ទើបមន្ត្រីក្រោមបង្គាប់ចាប់ផ្តើមមានវិធានការបង្ក្រាបបទល្មើសទាំងនោះ។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយបានលើកឧទាហរណ៍កន្លងមក ដូចជាករណីបង្ក្រាបកុងត្រូលជជុះ ការបង្ក្រាបបទល្មើសនេសាទ និងការបញ្ជាឲ្យមន្ត្រីក្រសួងពាក់ព័ន្ធពិនិត្យមើលលើករណីកម្មកររោងចក្រពុលសន្លប់ កាលពីពេលថ្មីៗនេះជាដើម។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ បានពន្យល់ថា មន្ត្រីអនុវត្តច្បាប់របស់រដ្ឋាភិបាលមួយចំនួនបច្ចុប្បន្នលែងគិតអំពីការអនុវត្តច្បាប់ត្រឹមត្រូវហើយ ព្រោះគេគិតថា ការអនុវត្តច្បាប់នោះវានឹងមិនមានផលប្រយោជន៍សម្រាប់ពួកគាត់ទេ ដូច្នេះគេគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួនច្រើនជាង ហើយរង់ចាំការបញ្ជាពីនាយករដ្ឋមន្ត្រីម្ដងម្កាល ទើបគេចាប់ផ្ដើមប្រតិបត្តិការងារនោះ។
នាយកប្រតិបត្តិវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ហង្ស ឆាយា បានបញ្ជាក់ថា ការអនុវត្តច្បាប់នៅប្រទេសកម្ពុជា ផ្ទុយពីរបបលទ្ធិប្រជាធិបតេយ្យ ពីព្រោះថា ការអនុវត្តច្បាប់នៅថ្នាក់មូលដ្ឋានគេធ្វើទៅតាមទម្លាប់ ចាំតែទទួលបញ្ជាពីថ្នាក់ដឹកនាំប្រទេសបញ្ជា ដែលបញ្ហានេះជាបញ្ហាមួយមិនមាននិរន្តរភាពនោះឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កន្លងមកតែងតែដាក់បទបញ្ជាទៅស្ថាប័ន និងក្រសួងពាក់ព័ន្ធក្នុងការបង្ក្រាបបទល្មើសផ្សេងៗ បន្ទាប់ពីលោកបានប្រកាស ឬដាក់បញ្ជាទើបមន្ត្រីនៅក្រោមបង្គាប់អនុវត្តទៅលើបទបញ្ជានោះយ៉ាងឆាប់រហ័ស និងប្រុងប្រយ័ត្នជាទីបំផុត ពីព្រោះគេខ្លាចធ្លាក់ពីតួនាទីរបស់ខ្លួន ប្រសិនបើគេអនុវត្តបទបញ្ជាមិនបានល្អទេនោះ។
កាលពីថ្ងៃទី១៦ ខែសីហា កន្លងទៅ នៅក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ផ្លូវជាតិលេខ១ ជាផ្លូវការ លោក ហ៊ុន សែន ប្រកាសជាសាធារណៈ បញ្ជាឲ្យដកហូតឡូត៍នេសាទ និងសម្រាស់ចេញពីទន្លេសាប បន្ទាប់ពីលោកបានប្រកាសដកប្រធានជលផលនៅតាមខែត្រមួយចំនួននៅពេលកន្លងមក។
សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៦ ខែសីហា លោក ហ៊ុន សែន បានបញ្ជាឲ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ថាប័នពាក់ព័ន្ធ ត្រូវមានស្មារតីភ្ញាក់រឭកចុះពិនិត្យ និងដោះស្រាយជាបន្ទាន់ចំពោះរោងចក្រសហគ្រាសណាដែលមានបុគ្គលិក កម្មករជួបឧបទ្ទវហេតុ ដូចជាករណីរោងចក្រ អ៊ឹម វ៉េ (M & V) នៅក្នុងខែត្រកំពង់ឆ្នាំង ជាដើម។
បន្ទាប់ពីលោក ហ៊ុន សែន បង្គាប់ឲ្យពិនិត្យលើករណីកម្មករ កាលពីថ្ងៃពុធ ទី៣១ ខែសីហា រដ្ឋមន្ត្រីចំនួន ៤ក្រសួង មានក្រសួងសុខាភិបាល ក្រសួងសង្គមកិច្ច និងអតីតយុទ្ធជន ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល បានចុះត្រួតពិនិត្យរោងចក្រ ហាត អ៊ីនធឺប្រាយ (Heart Enterprise) ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលមានកម្មករសន្លប់ និងមានវិធានការដោះស្រាយចំពោះបញ្ហានេះ បន្ទាប់ពីមានបញ្ជារបស់លោក ហ៊ុន សែន។
ទាក់ទងទៅនឹងបញ្ហានេះ ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា បានពន្យល់ថា ការដោះស្រាយបញ្ហា ឬអនុវត្តច្បាប់នៅពេលមានបញ្ជាពីអ្នកគ្រប់គ្រងប្រទេស ទើបមន្ត្រីថ្នាក់ក្រោមអនុវត្ត ឬចុះធ្វើកិច្ចការនោះវាមានប្រសិទ្ធភាព។ ក្នុងន័យគ្មានប្រសិទ្ធភាព មានន័យថា វាមានប្រសិទ្ធភាពក្នុងពេលខ្លី តែពេលអនាគតវាមិនមានប្រសិទ្ធភាពនោះទេ ហើយនឹងមានបញ្ហាប្រសិនបើរដ្ឋាភិបាលនៅតែដឹកនាំប្រទេសតាមទម្រង់បែបនេះ។
មន្ត្រីអង្គការឃ្លាំមើលស្ថានការណ៍នយោបាយទាំងនោះ បានលើកករណីលោក ហ៊ុន សែន បានប្រកាសឲ្យមន្ត្រីក្រោមបង្គាប់បង្ក្រាបបទល្មើសព្រៃឈើ និងករណីដកលោក ទី សុគន្ធ អតីតប្រធានរដ្ឋបាលព្រៃឈើពីតំណែងកាលពីឆ្នាំ២០១០ ដោយសារតែមិនអាចបង្ក្រាបបទល្មើសព្រៃបាន ប៉ុន្តែករណីបទល្មើសកាប់ព្រៃឈើនៅតែបន្តកើតមានដល់បច្ចុប្បន្នដដែល។
មន្ត្រីនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ប្រទេសកម្ពុជា កំពុងធ្វើដំណើរពង្រឹងនីតិរដ្ឋ និងអភិវឌ្ឍន៍បន្ថែមនីតិរដ្ឋនៅរបបកម្ពុជាប្រជាធិបតេយ្យ ដោយសារគោលការណ៍នយោបាយរបស់កម្ពុជា យកប្រសិទ្ធភាពនៃច្បាប់រវាងអ្នកតាក់តែងច្បាប់ និងអ្នកអនុវត្តច្បាប់ ដូច្នេះច្បាប់ដែលដាក់ចេញទៅនោះ មិនមែនមានន័យថា មន្ត្រីនៅថ្នាក់ក្រោមមិនអនុវត្តនោះទេ គឺគេបានអនុវត្តមិនមែនដូចការលើកឡើងរបស់មន្ត្រីអង្គការសង្គមស៊ីវិលនោះឡើយ។
ប្រធានអង្គការសិទ្ធិមនុស្សលីកាដូ លោកស្រី ពុង ឈីវកេក បានបញ្ជាក់ថា នៅក្នុងប្រទេសនីមួយៗ កាលណារដ្ឋសភា ព្រឹទ្ធសភា និងឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រហើយនោះ ត្រូវគោរពច្បាប់ទាំងអស់គ្នា មិនចាំបាច់មានបញ្ជាពីស្ថាប័នណាផ្សេងទៀតនោះទេ។ លោកស្រីបញ្ជាក់ថា តួនាទីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋមានសារសំខាន់ណាស់ ដើម្បីលើកស្នើទៅតំណាងរាស្ត្រ និងរដ្ឋាភិបាល ដើម្បីជំរុញឲ្យគោរពច្បាប់។
លោក អ៊ូ វីរៈ បានលើកហេតុផលទៀតថា បើពឹងផ្អែកទៅលើប្រព័ន្ធតុលាការវិញមានការសម្រុះសម្រួលច្រើនលើករណីជម្រះរឿងក្ដីទៅតាមផ្លូវច្បាប់ ដើម្បីឆក់ឱកាសមួយពុករលួយនៅក្នុងប្រព័ន្ធតុលាការ ហើយរឿងក្ដីណាមួយដែលមានការអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី ហ៊ុន សែន ទើបតុលាការធ្វើការប្រុងប្រយ័ត្ន និងរកយុត្តិធម៌ជូនជនរងគ្រោះ។ លោកបន្ថែមថា បើពិនិត្យមើលនៅតាមស្ថាប័ន ឬមន្ត្រីអ្នកមានអំណាចមួយចំនួនទៀតគេបានឡើងបុណ្យស័ក្ដិដោយសារការសូកប៉ាន់ ដូច្នេះការអនុវត្តច្បាប់វាមិនមានប្រសិទ្ធភាពទេ។
លោក ផៃ ស៊ីផាន បានលើកឡើងថា នេះជាការយល់ខុសមួយ ដោយរដ្ឋាភិបាលខិតខំតាក់តែងច្បាប់សម្រាប់យកមកអនុវត្តនៅក្នុងប្រទេស ដែលទើបតែទទួលសន្តិភាពដូចជាប្រទេសកម្ពុជា ដូចជាកន្លងមករដ្ឋាភិបាលបង្កើតច្បាប់ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយសម្រាប់ឲ្យប្រជាពលរដ្ឋគ្រប់រូបប្រើប្រាស់ និងទប់ស្កាត់នូវអំពើពុករលួយ ដើម្បីបញ្ចប់រឿងអាស្រូវនៅក្នុងជួររដ្ឋាភិបាល។
ក្រុមអ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា បានពន្យល់ថា ប្រទេសកម្ពុជាបច្ចុប្បន្នមិនអាចអនុវត្តច្បាប់បាននោះ ដោយសារមូលហេតុមួយចំនួន ដូចជាការខ្វះឆន្ទៈរបស់រដ្ឋាភិបាលនៅខណៈដែលប្រទេសកម្ពុជា មិនទាន់មានស្ថិរភាពនយោបាយនៅឡើយ ហើយមន្ត្រីរដ្ឋាភិបាលភាគច្រើនមើលឃើញតែប្រយោជន៍ផ្ទាល់ខ្លួន បញ្ហាខ្វះសមត្ថភាពដែលរដ្ឋាភិបាលមិនបានឆ្លុះបញ្ចាំងអំពីទស្សនវិស័យនៅពេលខាងមុខ៕