ចំនួន​ពាក្យ​បណ្តឹង​ប្រឆាំង​​អ្នក​កាសែត​កើន​ឡើង​ក្នុង​ឆ្នាំ​២០០៩

ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​ប្រកាស​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០០៩​នេះ ចំនួន​ពាក្យ​បណ្តឹង​ដែល​មជ្ឈដ្ឋាន​នានា​បាន​ប្តឹង​អ្នក​កាសែត​ទៅ​តុលាការ​មាន​ការ​កើន​ឡើង​ចំនួន ៨​ករណី បើ​គិត​ក្នុង​រយៈពេល​ដូច​គ្នា​ប្រៀបធៀប​ជាមួយ​ឆ្នាំ​២០០៨ កន្លង​ទៅ។

ចំពោះ​ការ​ចាប់​ខ្លួន​និង​ឃាត់​ខ្លួន​អ្នក​កាសែត​ខ្មែរ​វិញ​ក៏​មាន​ការ​កើន​ឡើង​ដែរ ដោយ​ក្នុង​ឆ្នាំ​២០០៩​នេះ មាន​អ្នក​កាសែត​ចំនួន ៣១​នាក់​បាន​ជាប់​ឃុំ​ក្នុង​គុក ក្នុង​នោះ​មាន ២​នាក់​ជាប់​ឃុំ​ដោយ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍ និង​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត។

កាល​ពី​ថ្ងៃ​ទី​២៦ ធ្នូ​កន្លង​ទៅ មាន​ការ​ជួបជុំ​មួយ​របស់​អ្នក​កាសែត​ប្រមាណ ៥០​នាក់ ហើយ​លោក គី សុខលីម ជា​សមាជិក​ក្លឹប​អ្នក​កាសែត​កម្ពុជា ដែល​បាន​អាន​របាយការណ៍​ទាក់ទង​ជាមួយ​ការ​ប្តឹង​និង​ចាប់​ខ្លួន​អ្នក​កាសែត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ៖ «របាយការណ៍​របស់​ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​កត់ត្រា​ឃើញ​ថា នៅ​ឆ្នាំ​២០០៩​នេះ​មាន​ការ​ប្ដឹងផ្ដល់​ចំពោះ​អ្នក​កាសែត​ចំនួន ១០​ករណី ពោល​គឺ​វា​បាន​កើន​ឡើង ៨​ករណី បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០៨ ដែល​មាន​តែ ២​ករណី​ប៉ុណ្ណោះ។ បើ​និយាយ​អំពី​អ្នក​កាសែត​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​វិញ ក្លឹប​អ្នក​កាសែត​កម្ពុជា​បាន​កត់​សម្គាល់​ឃើញ​ថា នៅ​ក្នុង​ឆ្នាំ​២០០៩​នេះ​មាន​អ្នក​កាសែត​ចំនួន ៣១​នាក់​ត្រូវ​បាន​ចាប់​ខ្លួន ពោល​គឺ​មាន​ការ​កើន​ឡើង​ជាង​ពីរ​ដង បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០០៨​កន្លង​មក ដែល​កាល​នោះ​អ្នក​កាសែត​មាន​តែ ១៤​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន។ ក្នុង​ចំណោម​អ្នក​កាសែត​ទាំង ៣១​នាក់​នេះ អ្នក​កាសែត ២៩​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ជំរិត​ទារ​ប្រាក់ ប្លន់ ឆបោក និង​ពី​បទល្មើស​ផ្សេងៗ។ រីឯ​អ្នក​កាសែត ២​នាក់​ទៀត​ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ពី​បទ​បរិហារ​កេរ្តិ៍ និង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ ទាក់ទង​នឹង​ការ​ចាប់​ខ្លួន​អ្នក​កាសែត​នេះ ខ្ញុំ​សូម​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​កាសែត ២៩​នាក់​ដែល​បាន​ចាប់​ខ្លួន​នា​ពេល​កន្លង​មក ពួក​គេ​មួយចំនួន​ត្រូវ​បាន​ដោះលែង​វិញ​ហើយ»