មេធាវី​អំពាវនាវ​ឲ្យ​ដោះលែង​នាយក​សាលា​នៅ​រតនគិរី

មេធាវី​ការពារ​ក្តី​នៃ​ក្រសួង​អប់រំ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​កូនក្តី​របស់​លោក​ជា​នាយក​សាលា​បឋមសិក្សា ហ៊ុន សែន យក្សឡោម ខេត្ត​រតនគិរី ឲ្យ​បាន​រួច​ពី​ការ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន ហើយ​ចាត់ទុក​សកម្មភាព​របស់​មន្ត្រី​តុលាការ​ខេត្ត​រតនគិរី ថា​ជា​ទង្វើ​បំពាន​ច្បាប់​នៃ​ប្រទេស​កម្ពុជា ។

0:00 / 0:00

ប្រតិកម្ម​ខាងលើ​ធ្វើឡើង​នៅ​ថ្ងៃ​អាទិត្យ ទី​១១ ឧសភា ឆ្នាំ​២០០៨ នៅក្នុង​បទ​សម្ភាសន៏​ជាមួយ​វិទ្យុ​អាស៊ីសេរី ទាក់ទិន​ទៅ​នឹង​ការ​ឃុំខ្លួន​នាយក​សាលា ហ៊ុន សែន យក្សឡោម លោក ឆើន អំពើល បណ្តោះអាសន្ន​រយៈពេល​ជាង ១៣​ខែ ដោយ​គ្មាន​ការ​ជំនុះជម្រះ​និង​មិន​បញ្ជូន​ពាក្យបណ្តឹង​ធានា​ក្រៅ​ឃុំ​ទៅ​សាលា​ឧទ្ធរណ៏ និង​សេចក្ដី​ចោទប្រកាន់​មិន​ឈរ​លើ​មូលដ្ឋាន​ច្បាប់ ។

មេធាវី​ការពារ​ក្តី លោក លឹម វណ្ណា ប្រតិកម្ម ៖ «តាម​ពិត​ខ្ញុំ​ត្រូវ​ធ្វើ​ទៅ​សម្ដេច​នាយក​ដើម្បី​ឲ្យ​លោក​ជួយ កុំ​ឲ្យ​លោក ធឿនហ្នឹង គាត់​ចង់​បាន​ដី​របស់​សាលា​ហ្នឹង ហើយ​គាត់​ជនជាតិ​ទៀត គាត់​អនុញ្ញាត​ដើម្បី​ឲ្យ​សាងសង់​បន្ទប់​មួយ ដើម្បី​ដាក់​បណ្ដោះ​អាសន្ន​ទេ តែ​គាត់​យក​លេស​ចំណុច​ហ្នឹង​យក​ទៅ​ធ្វើ​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​ដើម្បី​លក់​ដូរ»

អតីត​ចៅក្រម​ស៊ើបអង្កេត​នៃ​តុលាការ​ខេត្ត​រតនគិរី លោក នង សុខ កាលពី​ថ្ងៃ​១៩ ខែ​កុម្ភៈ ឆ្នាំ​២០០៧ បាន​សម្រេច​ចេញ​ដីកា​ឃុំខ្លួន​នាយក​សាលា ហ៊ុន សែន យក្សឡោម ជាមួយ​មេឃុំ​ក្នុង​បទ​ចោទប្រកាន់​ថា ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ដោយសារ​លោក​ទាំង​ពីរ​បាន​ដឹកនាំ​អ្នកភូមិ​ជា​មាតា​បិតា​សិស្ស រុះរើ​របង​ហ៊ុមព័ទ្ធ​ដី​សាលារៀន​ពី​សំណាក់​ឈ្មោះ អ៊ុក ប៊ុនធឿន ដែល​សំអាង​ថា​ដី​នោះ​លោក​នាយក​សាលា​បាន​ផ្ទេរ​សិទ្ធិ​មក​លោក​រួចហើយ ។

ឆ្លើយតប​ចំពោះ​ប្រតិកម្ម​នេះ ប្រធាន​តុលាការ​ខេត្ត លោកបណ្ឌិត យា ណារិន បាន​ទម្លាក់​ការ​ទទួល​ខុសត្រួវ​ទៅលើ​ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត និង​ចៅក្រម​ស៊ើបអង្កេត លោក អន សំណាង ដែល​ជា​អ្នក​កាន់​រឿងក្តី​បន្ត​ពី​ចៅក្រម នង សុខ ដែល​ឧត្ដម​ក្រុមប្រឹក្សា​អង្គចៅក្រម បាន​សម្រេច​ឲ្យ​ចូលនិវត្តន៏​មុន​កាល​កំណត់ ។

លោកបណ្ឌិត យា ណារិន បាន​ឲ្យ​ដឹង​ថា ៖ «នៅ​លោក អន សំណាង ឥឡូវ បញ្ជូន​ទៅ​ព្រះអាជ្ញា​ចង់​កន្លះ​ឆ្នាំ ១​ឆ្នាំ​ហើយ ព្រះរាជអាជ្ញា​អត់​ព្រម​បញ្ជូន​មក​វិញ មិន​ដឹង​ធ្វើ​ម៉េច»

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទំនាក់​ទំនង​ចៅក្រម អន សំណាង ដើម្បី​អត្ថាធិប្បាយ​បាន​ទេ ពីព្រោះ​លោក​ត្រូវ​បាន​ផ្ទេរ​ការងារ​ទៅ​ខេត្ត​កំពង់ស្ពឺ ចំណែក​ព្រះរាជអាជ្ញា​អម​តុលាការ លោក ម៊ី សាខន ក៏​មិន​ទទួល​ទូរស័ព្ទ ។

ទោះជា​យ៉ាងនេះ​ក្តី បើ​តាម​មន្ត្រី​ស៊ើបអង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់​ថា​ការ​អូសបន្លាយ​រឿងក្តី​នេះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សេចក្តី​ចោទប្រកាន់​ពី​ភរិយា​ជន​ជាប់ចោទ​ទាំង​ពីរ ទៅ​លើ​ចៅក្រម អន សំណាង ពី​បទ​ជំរិត​ទារ​ប្រាក់​ពួកគាត់​ម្នាក់ ៥០០​ដុល្លារ ជា​ថ្នូរ​នឹង​ការ​អនុញ្ញាត​ឲ្យ​ធានា​នៅ​ក្រៅ​ឃុំ ។

លោក ប៉ែន​ប៊ុណ្ណារ៍ បាន​មាន​ប្រសាសន៍​ថា ៖ «មុន​នឹង​ឈាន​ដល់​គាត់​មិន​ឲ្យ​នៅ​ក្រៅ​ឃុំ គាត់​មាន​ការ​ទារ​ប្រាក់​យក​ពន្ធ​លើ​ជន​ដែល​ជាប់​ចោទ​ហ្នឹង យើង​ឃើញ​ថា​នេះ​ជា​លក្ខណៈ​ផ្ទាល់...»

អគ្គនាយក​ក្រសួង​អប់រំ លោក ជា អឿង តាម​បញ្ជា​រដ្ឋមន្រ្តី​ក្រសួង​អប់រំ បាន​ធ្វើ​លិខិត​ធានា​នាយក​សាលា លោក ឆើន អំពើល ឲ្យ​បាន​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន ដោយ​អះអាង​ថា​លោក​ជា​មនុស្ស​ស្លូតត្រង់​និង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ស៊ើបអង្កេត ។

ចំណែក​ប្រធាន​តុលាការ​កំពូល លោក ឌិត មន្ទីរ ក៏​បាន​ធ្វើ​លិខិត​ជម្រាប​មក​ប្រធាន​តុលាការ​ខេត្ត ដើម្បី​ចាត់​លោក អន សំណាង ឲ្យ​ទទួល​ចុះបញ្ជី​បណ្តឹង​ឧទ្ធរណ៍​ពី​មេធាវី​ជន​ចាប់ចោទ មុនពេល​លោក​ផ្ទេរ​ភារកិច្ច ក៏​ប៉ុន្តែ​មេធាវី លោក លឹម វណ្ណា បញ្ជាក់​ថា​មិនមាន​ចំណាត់ការ​លើ​ករណី​ទាំង​នេះ​ទេ ៕