ខិត្តប័ណ្ណ​ចោទ​លោក ហ៊ុន សែន ថា​រៀបចំ​ផែន​ការ​សម្លាប់​រាស្ត្រ

មាន​ខិត្តប័ណ្ណ​ថ្កោល​ទោស​រដ្ឋាភិបាល​ខ្មែរ​ជា​ច្រើន​សន្លឹក ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​លួច​យក​ទៅ​បាច​នៅ​ខេត្ត​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​​កម្ពុជា។
ដោយ សួន សុផល មុន្នី
2010.11.27
RFA/Sek Bandith
ពិធី​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់​នៅ​ស្ពាន​កោះ​ពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា ឆ្នាំ​២០១០

អាជ្ញាធរ​ខ្មែរ​កំពុង​ស្រាវជ្រាវ​រក​មុខ​សញ្ញា​ក្រុម​ជន​មិន​ស្គាល់​មុខ ដែល​បាន​លួច​ធ្វើ​សកម្មភាព​បាច​ខិត្តប័ណ្ណ​ជា​ច្រើន​សន្លឹក នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ដោយ​មាន​ខ្លឹម​សារ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ខ្មែរ ជា​អ្នក​រៀបចំ​ផែន​ការ​សម្លាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ នៅ​លើ​ស្ពាន​កោះ​ពេជ្រ កាល​ពី​យប់​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០១០។

មេ​បញ្ជា​ការ​រង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ លោក ឱ បូរិន បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​វិច្ឆិកា​ថា ខិត្តប័ណ្ណ​ដែល​មាន​ខ្លឹម​សារ​ចោទ​ប្រកាន់ និង​ប្រឆាំង​នឹង​រដ្ឋាភិបាល​ខ្មែរ​នោះ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ធ្វើ​សកម្មភាព​លួច​យក​ទៅ​បាច​ក្នុង​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន​ជ័យ កាល​ពី​វេលា​ទាប​ភ្លឺ ព្រឹក​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ៖ «ក្រោម​បញ្ជា​លោក​មេ​បញ្ជា​ការ ឧត្ដមសេនីយ៍​ត្រី រ័ត្ន ស្រ៊ាង គាត់​ដាក់​ឲ្យ​ស្រាវជ្រាវ​ឲ្យ​បាន​អ្នក​ដែល​ចែក​ខិត្តប័ណ្ណ ហើយ​មុខ​សញ្ញា​មក​ពី​ភ្នំពេញ​យើង​កំពុង​ធ្វើ​ការ​តាម​ដាន»

មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ លោក អ៊ុក កែវ​រតនៈ បាន​មាន​ប្រសាសន៍​ថា ខិត្តប័ណ្ណ​នោះ​ត្រូវ​បាន​គេ​នាំ​យក​មក​ពី​ទីក្រុង​ភ្នំពេញ ៖ «តាម​រយៈ​អ្នក​ម៉ូតូ​ឌុប​មួយ​ដែល​ឲ្យ​ព័ត៌មាន ស្លៀក​ជា​សង្ឃ យើង​មិន​ដឹង​ថា​ជា​សង្ឈ​ពិត​ប្រាកដ ឬ​មិន​ពិត​ប្រាកដ​ទេ មក​ដល់​គាត់​ចុះ ហើយ​បន្ត​ដំណើរ​ទៅ​ស្វាយ​ចេក​ទៀត តែ​ឥឡូវ​អ្នក​ម៉ូតូ​ឌុប​គាត់​បាន​មក​រាយ​ការណ៍​ប្រាប់​ហើយ ប្រាប់​ថា​លោក​សង្ឃ​ឥឡូវ​យើង​កំពុង​តាម​រក ឥឡូវ​សមត្ថកិច្ច​កំពុង​រាយ​កម្លាំង​តាម​រក លោក​ហ្នឹង​ហើយ​ជា​លោក​ពិត ឬ​ក៏​លោក​ក្លែង​ក្លាយ»

នៅ​ក្នុង​ខិត្តប័ណ្ណ​នោះ នៅ​ដើម​ទំព័រ​ខាង​លើ មាន​ដាក់​រូប​សញ្ញា​ប្រាសាទ​កំពូល​បី ហើយ​សរសេរ​ដាក់​ចំណង​ជើង​ធំៗ នៅ​ផ្នែក​ខាង​ក្រោម​ថា «យើង​ខ្ញុំ​សូម​ចូល​រួម​រំលែក​ទុក្ខ​ជា​មួយ​គ្រួសារ​ជន​រង​គ្រោះ​ខ្មែរ ក្នុង​សោកនាដកម្ម​គួរ​ឲ្យ​រន្ធត់ ដែល​បាន​កើត​ឡើង​ចំពោះ​ប្រជា​ពល​រដ្ឋ​ខ្មែរ នា​ថ្ងៃ​ទី​២២-២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១០ ដែល​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ស្លាប់​ប្រមាណ​ជិត​៥០០​នាក់ និង​របួស​ជា​ច្រើន​រយ​នាក់ ក្នុង​ពិធី​បុណ្យ​អុំទូក​នោះ យើង​ខ្ញុំ​ទាំង​អស់​គ្នា ជា​អ្នក​ស្នេហា​ជាតិ ជា​អ្នក​ប្រជាធិបតេយ្យ មាន​ការ​សោក​សង្រេង និង​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បាត់បង់​អាយុ​ជីវិត​ខ្មែរ​ដ៏​ច្រើន​នេះ»

ខិត្តប័ណ្ណ​នោះ​បាន​បន្ត​ថា «យើង​ខ្ញុំ​សូម​ថ្កោលទោស​ចំពោះ​របប​ឃាតក​អាយ៉ង​យួន ហ៊ុន សែន និង​ពួក​តិរច្ឆាន​យួន​កុម្មុយនិស្ត ដែល​បាន​រៀបចំ​ផែនការ​សម្លាប់​ប្រជា​ពល​រដ្ឋ​ខ្មែរ។ នេះ​មិន​មែន​ជា​ឧបទ្ទវហេតុ​ទេ តែ​ជា​គម្រោង​ផែនការ​សម្លាប់​ខ្មែរ​របស់​ពួក​យួន​កុម្មុយនិស្ត»

ខ្លឹម​សារ​ក្នុង​ខិត្តប័ណ្ណ​បាន​ចោទ​ប្រកាន់​ថា «បើ​សិន​ជា​គ្មាន​ការ​បាញ់​ថ្នាំ​ពុល និង​បង្កប់​ខ្សែ​ភ្លើង​ដែល​ធ្វើ​ឡើង​ដោយ​ពួក​ប៉ូលិស និង​ប៉េអិម​ទេ (ពួក​បម្រើ​យួន នឹង​យួន​ក្លែង​ភេទ​ជា​ខ្មែរ) វា​ក៏​មិន​អាច​បណ្ដាល​ឲ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​រង​គ្រោះ​ដោយ​សារ​ខ្សែ​ភ្លើង​ឆក់​ស្លាប់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​បែប​នេះ​ដែរ»

មន្ត្រី​នាំ​ពាក្យ​សាលា​ខេត្ត​បន្ទាយ​មាន​ជ័យ លោក អ៊ុក កែវ​រតនៈ បាន​ចាត់​ទុក​ខិត្តប័ណ្ណ​នោះ​ថា​បង្ក​ឡើង​ដោយ​ក្រុម​សកម្ម​ជន​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា ៖ «ពួក​ឆ្លៀត​ឱកាស​និយម យើង​ដឹង​ហើយ ក្នុង​រដ្ឋាភិបាល​ក៏​ធ្លាប់​និយាយ​ករណី​ហ្នឹង ពួក​សកម្ម​ជន​ដែល​ទាក់​ទិន​ប្រឆាំង​នឹង​រដ្ឋាភិបាល ប៉ុន្តែ​ប្រជា​ពល​រដ្ឋ​គេ​អត់​ពេញ​ចិត្ត​ទេ ទាំង​មន្ត្រី​រាជ​ការ​គេ​ក្ដៅ​ក្រហាយ​ណាស់ ពេល​គេ​ឃើញ​ត្រាក់​ហ្នឹង​ឡើង ព្រោះ​ឥឡូវ​គេ​កំពុង​គគ្រឹក​គគ្រេង​ដើម្បី​ចូល​រួម​ជា​ថវិកា ជា​អំណោយ ជា​មូលនិធិ​បាយ័ន មូលនិធិ​ស៊ីធីអ៊ិន គេ​ទៅ​ព្រោង​ព្រាត​គ្មាន​សល់​ចន្លោះ ចូល​រួម​កាន់​មរណទុក្ខ មក​ប្រើ​ភាសា​ហ្នឹង​គេ​អត់​សប្បាយ​ចិត្ត»

អាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​ប្រមូល​ខិត្តប័ណ្ណ​អាណា​មឹក​ប្រឆាំង​នឹង​រដ្ឋាភិបាល​នេះ​បាន​ចំនួន ២៤​សន្លឹក ហើយ​បាន​រាយ​ការណ៍​ទៅ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​របស់​រដ្ឋាភិបាល ដើម្បី​ចាត់​វិធាន​ការ​ស្រាវ​ជ្រាវ​រក​មុខ​សញ្ញា​ក្រុម​ជន​មិន​ស្គាល់​អត្តសញ្ញាណ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។