ការថ្កោលទោសរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ បានធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍ព័ត៌មានមួយ ដែលវិទ្យុអាស៊ីសេរីទទួលបាននៅថ្ងៃអាទិត្យ ទី២៩ សីហា ឆ្នាំ២០១០ ទាក់ទងទៅនឹងបុគ្គលិករបស់ខ្លួនម្នាក់ ឈ្មោះ លាង សុខជឿន ដែលត្រូវអាជ្ញាធរចាប់ខ្លួនដាក់ពន្ធនាគារ ទាក់ទងនឹងហេតុការណ៍បាចខិត្តប័ណ្ណប្រឆាំងរដ្ឋាភិបាល នៅខែត្រតាកែវ កាលពីខែមករា ឆ្នាំ២០១០កន្លងទៅ។
ប្រធានបច្ចេកទេសផ្នែកស៊ើបអង្កេត នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍បញ្ជាក់បន្ថែមលើសេចក្ដីថ្លែងការណ៍ថា របាយការណ៍ស៊ើបអង្កេតមិនបានបញ្ជាក់ច្បាស់ថា លោក លាង សុខជឿន ពាក់ព័ន្ធនៅក្នុងហេតុការណ៍នោះទេ ហើយការចាប់ឃុំខ្លួននោះខុសនីតិវិធី ៖ «ដីកាបង្គាប់ឱ្យនាំខ្លួន គឺឈ្មោះ លាង សុខលី ហៅ ជឿន ជនជាតិវៀតណាម រស់នៅស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ប៉ុន្តែនៅពេលដែលទៅចាប់ គឺចាប់លោក លាង សុខជឿន នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ អ៊ីចឹងឃើញតែប៉ុណ្ណឹង បើនិយាយពីនីតិវិធីគឺផ្ទុយ។ អ៊ីចឹងបានន័យថាការនាំមនុស្សនេះខុសដីកា»។
លោក លាង សុខជឿន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែឧសភា។
សេចក្ដីថ្លែងការណ៍អង្គការលីកាដូ ធ្វើឡើងមុនមួយថ្ងៃ ដែលតុលាការគ្រោងនាំលោក លាង សុខជឿន ទៅជំនុំជម្រះនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០ ពីបទផ្សាយព័ត៌មានមិនពិត។ សេចក្ដីថ្លែងការណ៍អង្គការលីកាដូ បានសរសេរថា ខ្លួនជំទាស់ទៅនឹងការសម្រេចចិត្តរបស់តុលាការខែត្រតាកែវ ក្នុងការនាំខ្លួនលោក លាង សុខជឿន ទៅកាត់ទោស ទោះបីជាពុំមានភស្តុតាងគ្រប់គ្រាន់ នៅក្នុងរបាយការណ៍ស៊ើបអង្កេត និងខុសការពិតក៏ដោយ។
លោក អំ សំអាត ប្រធានបច្ចេកទេសផ្នែកស៊ើបអង្កេត នៃអង្គការសិទ្ធិមនុស្សលីកាដូ ថ្លែងថា មូលហេតុពុំមានភស្តុតាងគ្រប់គ្រាន់ និងមានកំហុសនីតិវិធីនេះ លោកសុំឱ្យតុលាការដោះលែងលោក លាង សុខជឿន ៖ «តាមផ្លូវច្បាប់ ហើយតាមភស្តុតាងដែលមាន គ្មានអ្វីដែលជាការដាក់បន្ទុកទៅលើលោក លាង សុខជឿន ថាបានប្រព្រឹត្តដូចការចោទប្រកាន់ថាបានផ្សាយព័ត៌មានមិនពិតនោះទេ។ ដូច្នេះ តុលាការដោះលែងលោក លាង សុខជឿន ឱ្យរួចផុតពីបទចោទ និងដោះលែងជាបន្ទាន់»។
ព្រះរាជអាជ្ញាអមតុលាការខែត្រតាកែវ លោក មាស សុភ័ក្ត មិនអាចទាក់ទងសុំការបញ្ជាក់អំពីករណីនេះបានទេ នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០១០៕