របាយការណ៍របស់អង្គការសិទ្ធិមនុស្សលីកាដូ ដែលចេញផ្សាយជាសាធារណៈ និងផ្ញើជូនទៅរដ្ឋាភិបាល បន្ទាប់ពីចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៦ មករា បានឲ្យដឹងថា ក្នុងរយៈពេលជិត ៣ខែកន្លងមក គេឃើញមានការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធបាញ់បោះ និងបាញ់ប្រហារទៅលើប្រជាពលរដ្ឋនៅតំបន់មានជម្លោះដីធ្លីមាន ៥ករណី។
ក្នុងយុទ្ធនាការបង្ក្រាបពីសំណាក់អាជ្ញាធរក្នុងអំឡុងពេលនោះ បានបណ្ដាលឲ្យប្រជាពលរដ្ឋរបួសធ្ងន់ប្រមាណ ១៩នាក់ និងមានការចាប់ខ្លួនប្រជាពលរដ្ឋប្រមាណ ២០នាក់។
លោក អំ សំអាត ជាមន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្សលីកាដូ។ លោកមានប្រសាសន៍ថា ករណីទាំងនេះជាហេតុការណ៍មួយដែលគេកម្រជួបប្រទះកាលពីពេលកន្លងមក៖ «អានេះវាជាការព្រួយបារម្ភមួយខ្លាំងមែនទែនចំពោះអង្គការលីកាដូយើង ព្រោះយើងខ្លាចបញ្ហានេះរីករាលដាលតទៅទៀត ហើយធ្ងន់ធ្ងរជាងនេះទៅទៀត»។
ការចេញរបាយការណ៍នៅបន្ទាប់ពីអង្គការសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានចេញរបាយការណ៍ប្រចាំឆ្នាំ២០១១ ឈ្មោះរបាយការណ៍សង្ខេបប្រចាំប្រទេស បានរៀបរាប់អំពីការរំលោភសិទ្ធិមនុស្ស និងការបណ្ដេញប្រជាពលរដ្ឋដោយបង្ខំថា ជាទង្វើខុសច្បាប់ និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ដោះស្រាយបញ្ហានេះជាបន្ទាន់។ របាយការណ៍បញ្ជាក់ថា ការអភិវឌ្ឍប្រទេសរបស់គឺបានផលតែក្រុមអ្នកមាន ឬអ្នកមានអំណាចតិចតួចទេ រីឯប្រជាពលរដ្ឋរាប់ពាន់នាក់រងគ្រោះដោយសារការអភិវឌ្ឍនោះ។
របាយការណ៍អង្គការលីកាដូដដែល បានបង្ហាញដែរថា បញ្ហានេះបានជំរុញឲ្យមានអស្ថិរភាពក្នុងសង្គមដែលកើតចេញពីការប្រើអំពើហិង្សាកាប់សម្លាប់គ្នាក្នុងជម្លោះដណ្ដើមដីគ្នារវាងប្រជាពលរដ្ឋ និងភាគីក្រុមហ៊ុនឯកជន ដូច្នេះរដ្ឋាភិបាលគួរតែមានវិធានការទប់ស្កាត់បញ្ហានេះជាបន្ទាន់។
លោក អំ សំអាត បន្តថា បច្ចុប្បន្នក្រុមហ៊ុនឯកជនមួយចំនួនកំពុងប្រើប្រាស់កងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលដើម្បីការពារ និងបង្ក្រាបប្រជាពលរដ្ឋណាដែលមានជម្លោះជាមួយខ្លួន៖ «សូមឲ្យបញ្ឈប់ ទី១ ការប្រើប្រាស់កម្លាំងប្រដាប់អាវុធបង្ខំបណ្ដេញប្រជាពលរដ្ឋចេញពីទីក្រុង ឬពីទីប្រជុំជន និងកុំឲ្យមានកម្លាំងប្រដាប់អាវុធទៅស៊ីឈ្នួលក្រុមហ៊ុនឯកជនក្នុងការបាញ់ប្រហារគំរាមកំហែងប្រជាពលរដ្ឋដែលមានវិវាទដីធ្លី»។
ទាក់ទិនបញ្ហានេះ លោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។ លោកមានប្រសាសន៍ថា ក្រសួងមិនអនុញ្ញាតអោយកងកម្លាំងនគរបាលទៅស៊ីឈ្នួល ឬទៅបំរើក្រុមហ៊ុន ហើយប្រើអាវុធគំរាមកំហែង ឬបាញ់បោះលើប្រជាពលរដ្ឋនោះទេ។
លោកបញ្ជាក់ថា ទង្វើបែបនេះជារឿងខុសច្បាប់៖ «កំណត់មួយគឺថា សមត្ថកិច្ចអាចការពារខ្លួនបាន។ ឧទាហរណ៍មានកាំបិតពូថៅអីមក អាចបាញ់ដោះខ្លួនបាន ការពារខ្លួនមានតែប៉ុណ្ណឹងទេ តែបើសិនជាអ្នកនឹងដាក់អាវុធចំប្រជាពលរដ្ឋ អាហ្នឹងខុសច្បាប់បាត់ហើយ ក្រសួងមហាផ្ទៃមិនដែលណែនាំឲ្យអ្នកឯងទៅត្រូវតែបាញ់បោះលើប្រជាពលរដ្ឋអត់មានទេ»។
លោកបន្តថា ក្រសួងនឹងពិនិត្យបញ្ហានេះឡើងវិញ ហើយអ្នកណាដែលចេញបទបញ្ជាឲ្យកម្លាំងប្រដាប់អាវុធបាញ់បោះលើប្រជាពលរដ្ឋអ្នកនោះត្រូវតែទទួលខុសត្រូវ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។