របាយការណ៍នេះ មានគោលបំណងពីរ គឺទី១ ដើម្បីពិនិត្យមើលបរិយាកាសប្រព័ន្ធផ្សាយព័ត៌មានកម្ពុជាបច្ចុប្បន្ន អំពីបញ្ហាសេរីភាពក្នុងការបញ្ចេញមតិ និងការទទួលព័ត៌មាន និងទី២ របាយការណ៍នេះ ពិនិត្យមើលការវាយប្រហារមកលើអ្នកសារព័ត៌មាន ។
លីកាដូ ថ្លែងថា ចំណុចសំខាន់របស់របាយការណ៍ខ្លួន គឺ រកគុណវិបត្តរបស់សារព័ត៌មានខ្មែរ ព្រមទាំងភាពខ្លាំងខ្លះៗផងដែរ និងវិធីសាស្ត្រនៃការត្រួតត្រានានាដែលអ្នកអាន អ្នកស្តាប់ និងអ្នកតាមដានមើល មិនអាចមើលឃើញនូវបញ្ហាទាំងអស់នេះ ។
លីកាដូ កត់សម្គាល់ថា ថ្វីបើមានការលើកឡើងជាញឹកញាប់ថា កម្ពុជាមានសេរីភាពទូលំទូលាយខាងការផ្សាយព័ត៌មាន តែការត្រួតពិនិត្យ ក៏នៅតែមាន ។
ក្នុងការផ្សាយរបស់ទូរទស្សន៍រដ្ឋ ទ.ទ.ក. ព័ត៌មានណាដែលពាក់ព័ន្ធនយោបាយ និងរឿងវិវាទផ្សេងៗ បានត្រូវឆ្លងកាត់ការត្រួតពិនិត្យពីសំណាក់មន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មាន ហើយ«ព័ត៌មានបន្ទាន់» ក៏ត្រូវហាមមិនឲ្យផ្សាយ ឬឲ្យផ្សាយដែរ តែត្រូវកែសម្រួលឲ្យស្របនឹងមាគ៌ារដ្ឋាភិបាលជាមុនសិន ។
ក្នុងការសិក្សាស្រាវជ្រាវនៅឆ្នាំ២០០៧ ទៅលើអ្នកសារព័ត៌មាន ១៥០នាក់ ដែលធើ្វឡើងដើម្បីរបាយការណ៍នេះ លីកាដូ បានអះអាងថា ៦៥% និយាយថា គេមានការភ័យខ្លាចពីការវាយប្រហារលើរូបរាងកាយ ហើយ ៦២% ខ្លាចការប្រើប្រាស់វិធានការច្បាប់មកលើពួកគេ ។
ចាប់ពីមានរដ្ឋធម្មនុញ្ញថ្មី ឆ្នាំ ១៩៩៣ មក គេជឿថា យ៉ាងតិចណាស់ អ្នកសារព័ត៌មាន ៩នាក់ បានត្រូវគេសម្លាប់ ដោយសារតែការងារជាអ្នកកាសែតរបស់ពួកគេ ។
នៅក្នុងអនុសាសន៍សម្រាប់រដ្ឋាភិបាល សភា និងសហគមន៍ជាតិនិងអន្តរជាតិ របាយការណ៍ជាភាសាអង់គ្លេសកម្រាស់ជាង៧០ទំព័រ ដែលតាក់តែងឡើងដោយ លីកាដូ ក្រោមកិច្ចឧបត្ថម្ភរបស់ស្ថានទូតអង់គ្លេស បានទាមទារឲ្យកែប្រែច្បាប់ លុបចោលនូវបទព្រហ្មទណ្ឌ បរិហារកេរ្តិ៍/បទបង្ខូចកេរ្តិ៍ឈ្មោះ និងផ្សាយព័ត៌មានមិនពិត ចេញពីច្បាប់ព្រហ្មទណ្ឌរបស់កម្ពុជា ដើម្បីទុកអាទិភាពដល់ការប្រើប្រាស់បទប្បញ្ញត្តិនៅក្នុងច្បាប់សារព័ត៌មានដែលជាច្បាប់រដ្ឋប្បវេណីក្នុងការដោះស្រាយទំនាស់ពីបទបរិហារកេរ្តិ៍ ឬផ្សាយព័ត៌មានមិនពិតនេះវិញ ។
ក្នុងចំណោមអនុសាសន៍នោះទៀត ក៏មានការស្នើឲ្យក្រសួងព័ត៌មានឈប់គ្រប់គ្រងស្ថានីយទូរទស្សន៍និងវិទ្យុជាតិទ.ទ.ក. ស្ថានីយ AM 918 និង FM96 ដើម្បីឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងនេះ ក្លាយជាសេវាសាធារណៈ ៕