ការ​តស៊ូ​ព្យាយាម​របស់​ក្មេង​ស្រី​ដែល​ឪពុក​ម្ដាយ​ផ្ទុក​មេរោគ​អេដស៍

2009-09-14

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​យុវជន​ចំនួន​ជិត​៩​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​បាន​ប្រលង​យក​សញ្ញាបត្រ​ទុតិយភូមិ ប៉ុន្តែ​អ្នក​ដែល​ទទួល​បាន​សញ្ញាបត្រ​នេះ​មាន​ចំនួន​តែ ៧៧,៧៩% ប៉ុណ្ណោះ។

AFP PHOTO

ស្ត្រី​ខ្មែរ​កាន់​បដា​នៅ​ក្នុង​ពេល​ចូលរួម​ដើរ​ហែ​ក្បួន​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​មេរោគ​អេដស៍​និង​ជំងឺ​អេដស៍​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០០១។

យុវតី​ម្នាក់​ឈ្មោះ ជីតា ដែល​ជា​ក្មេង​រស់​កំព្រា​ឪពុក​ដោយសារ​តែ​ជំងឺ​អេដស៍ ហើយ​កំពុង​រស់​នៅ​ជាមួយ​ម្តាយ​ផ្ទុក​មេរោគ​អេដស៍​នៅ​ក្នុង​ដំបូល​ផ្ទះ​ខ្ទម​តូច​មួយ ដំបូល​ធ្លុះ​ធ្លាយ​ក្នុង​ខណ្ឌ​សែន​សុខ រាជ​ធានី​ភ្នំពេញ ក៏​បាន​មាន​មុខ​ជាប់​នៅ​ក្នុង​សម័យ​ប្រលង​នោះ​ដែរ។

ការ​តស៊ូ​អស់​ជាង​ដប់​ឆ្នាំ​ជាមួយ​នឹង​ជោគ​ជ័យ​មួយ​នេះ បាន​ក្លាយ​ទៅ​ជា​មោទនភាព​សម្រាប់​ក្រុម​គ្រួសារ​អ្នក​កើត​អេដស៍​មួយ​នេះ។

នាង ជីតា ប្រាប់​វិទ្យុ​អាស៊ីសេរី​ទាំង​ទឹក​ភ្នែក​ស្តីពី​ជីវិត​តស៊ូ​របស់​នាង យ៉ាង​ដូច្នេះ ៖ «គេ​ថា កូន​នេះ​ម៉ែ​កើត​អេដស៍ ហើយ​ថា ម៉ែ​វា​បន្តិច​ទៀត​ងាប់​ហើយ ហើយ​គេ​ជេរ​ទៀត​ថា មី​កូន​ម៉ែ​កើត​អេដស៍ គេ​និយាយ​អ៊ីចឹង កាល​ពី​ខ្ញុំ​រៀន​ថ្នាក់​ទី​៥ ទី​៦។ ពី​មុន គេ​មើល​ងាយ ខ្ញុំ​ថា​ឲ្យ​គេ​វិញ ប៉ុន្តែ​ឥឡូវ​អត់​ទេ នរណា​គេ​មើល​ងាយ​មើល​ទៅ ខ្ញុំ​គ្រាន់​តែ​ប្រាប់​គេ​ថា មនុស្ស​យើង​កុំ​ឲ្យ​មើល​ងាយ​មនុស្ស ថ្ងៃ​ណា​មួយ​ប្រយ័ត្ន​ខ្លួន​ឯង»

ជីតា បាន​បន្ត​ថា ចាប់​ពី​ពេល​នោះ​មក នាង​បាន​ស៊ី​ឈ្នួល​ឃ្វាល​គោ​ឲ្យ​ម្តាយ​មីង​របស់​នាង​ហាល​ភ្លៀង​ហាល​ថ្ងៃ​ដើម្បី​យក​ប្រាក់​ខែ​មក​ជួយ​ម្តាយ​និង​ការ​សិក្សា​របស់​នាង គឺ​នាង​ទៅ​រៀន​ពេល​ព្រឹក ហើយ​ទៅ​ឃ្វាល​គោ​នៅ​ពេល​ថ្ងៃ។ ចំណែក​នៅ​ពេល​យប់ នាង​ជួយ​ធ្វើ​កិច្ចការ​ផ្ទះ មាន​ដាំ​បាយ​ជ្រូក និង​មើល​ថែ​ជ្រូក ព្រោះ​ម្តាយ​នាង​បាន​ចិញ្ចឹម​ជ្រូក​មួយ​ចំនួន ព្រម​ទាំង​អូស​ទឹក​ជាមួយ​ប្អូនៗ​លក់​ឲ្យ​អ្នក​ភូមិ។

នាង​បន្ត​ថា ដើម្បី​ម្តាយ​និង​ការ​សិក្សា​នាង​ខំ​ប្រឹង​មិន​ដែល​ឈប់​សម្រាក​ឡើយ ៖ «ការ​រៀន ម៉ាក់​ខ្ញុំ​គាត់​ជួយ​សម្រួល​ខ្ញុំ​ដែរ គាត់​ឲ្យ​ខ្ញុំ​ធ្វើ​តែ​ពេល​យប់​ទេ ពេល​ថ្ងៃ​ឲ្យ​ខ្ញុំ​ទៅ​រៀន​ធម្មតា។ ពេល​យប់ ខ្ញុំ​ដាំ​បាយ​ជ្រូក ឲ្យ​ជ្រូក​ស៊ី រៀបចំ​កន្លែង ។ លុយ​ទៅ​រៀន លុយ​លក់​ទឹក​ខ្លួន​ឯង ហើយ​កាល​មុន ខ្ញុំ​មើល​គោ​ឲ្យ​អ៊ី​ខ្ញុំ គាត់​ឲ្យ​មួយ​ខែ ៥​ម៉ឺន​រៀល ដល់​ពេល​អ៊ីចឹង ខ្ញុំ​យក​ជួយ​សម្រួល​ការ​ខ្វះ​ខាត​ខ្ញុំ​បាន​ខ្លះ»

ជីតា បាន​បន្ថែម​ថា ម្ដាយ​នាង​តែងតែ​ផ្តល់​កម្លាំង​ចិត្ត​និង​ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​ការ​សិក្សា​របស់​នាង និង​ប្អូនៗ រហូត​ដល់​ឆ្នាំ​នេះ នាង​បាន​ប្រលង​ជាប់​សញ្ញាបត្រ​ទុតិយ​ភូមិ ៖ «យើង​ត្រូវការ​កាត់​សម្លៀក​បំពាក់​ថ្មី​ដូច​គេ ប៉ុន្តែ​យើង​អាច​មាន​លទ្ធភាព​ស្លៀក​ពាក់​គ្រប់​គ្រាន់ ព្រោះ​ថា មាន​បង​ប្អូន​គេ​ចិត្ត​ល្អ ខោ​អាវ​គេ​ស្លៀក​សល់​គេ​ឲ្យ។ ខ្ញុំ​ចង់​បាន​ឲ្យ​ម៉ាក់​ខ្ញុំ​ដូច​គេ​ដែរ ប៉ុន្តែ​គាត់​អត់​អាច​ជួយ​បាន ខ្ញុំ​មិន​ដឹង​ធ្វើ​ម៉េច ខ្ញុំ​និយាយ​អត់​ចេញ ដូច​ថា​វា​ហួស​នឹង​និយាយ​ពេក»

ស្រី្ត​ដែល​ជា​ម្តាយ​របស់ ជីតា មាន​រូបរាង​ស្គម​កំព្រឹង​មាន​តែ​ស្បែក​ដណ្តប់​ឆ្អឹង មាន​ប្រសាសន៍​ថា ហេតុអ្វី​អ្នក​ជិត​ខាង​និង​បង​ប្អូន​របស់​អ្នកស្រី​ស្អប់​ខ្ពើម​អ្នក​ផ្ទុក​មេរោគ​អេដស៍​ដូច​អ្នកស្រី​យ៉ាង​នេះ?

អ្នកស្រី​ក៏​បាន​សម្ដែង​ភាព​អាណិត​អាសូរ​ដល់​អនាគត​កូនៗ​ទាំង​៤​នាក់​របស់​អ្នកស្រី ថា កូនៗ​អ្នកស្រី​គេ​គ្មាន​កំហុស​អ្វី​ទេ ហើយ​ពួក​គេ​ក៏​គ្មាន​ផ្ទុក​មេរោគ​អេដស៍​ដែរ ៖ «ដូច​នំ​ចំណី​អី ដូច​ថា យើង​ធ្លាប់​ឲ្យ​គេ​ហូប​អ៊ីចឹង យើង​ឲ្យ​ក៏​គេ​មិន​ហូប​ដែរ គេ​យក​មក​ឲ្យ​យើង​វិញ។ ក្រៅ​ពី​ហ្នឹង ដូច​សព្វ​គ្រប់​ទាំង​អស់ ទាំង​ពី​បង​ប្អូន​អី​គេ​មិន​សូវ​គិត​គូរ​យើង គ្រប់​សព្វ​ទាំង​អស់ ... គេ​ខ្លាច​ខូច​ឈ្មោះ​ខូច​អី​អ៊ីចឹង»

អ្នក​ស្ម័គ្រ​ចិត្ត​របស់​សហគមន៍​នៃ​អង្គការ​ទស្សន​ពិភពលោក លោក យី គឹមឡេង ទទួល​បន្ទុក​ជា​ប្រធាន​ក្រុម​ថែទាំ​អ្នក​ជំងឺ​និង​កុមារ​កំព្រា​ដែល​រង​គ្រោះ​ដោយសារ​អេដស៍​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ខណ្ឌ​សែន​សុខ​នេះ អ្នក​ផ្ទុក​មេរោគ​អេដស៍​ដែល​លោក​ធ្វើការ​ជាមួយ​មាន​ចំនួន ១៦៨​នាក់។

លោក​ក៏​អះអាង​ថា ភាព​រើសអើង​ជាមួយ​អ្នក​ផ្ទុក​មេរោគ​អេដស៍​និង​ក្រុម​គ្រួសារ​អ្នក​ផ្ទុក​មេរោគ​អេដស៍​ពិត​ជា​មាន​គ្រប់​ទី​កន្លែង ៖ «អ្នក​កើត​អេដស៍​ហ្នឹង ពី​ដើម​មក កាល​មិន​ទាន់​មាន​អង្គការ គេ​រើស​អើង​ខ្លាំង ព្រោះ​គេ​ថា អ្នក​ហ្នឹង​ពាលា​អាវាសែ បាន​ជា​ឆ្លង​អ៊ីចឹង គេ​អត់​ឲ្យ​តម្លៃ​ថា គ្នា​ដោយ​អចេតនា​ដោយ​អី​ឯ​ណា អត់​គិត​អ៊ីចឹង។ និយាយ​រួម​ទៅ ចរិត​វប្បធម៌​ខ្មែរ​យើង។ ខ្មែរ​យើង ឲ្យ​តែ​បញ្ហា​អ្វី​ដែល​ពាក់ព័ន្ធ​ផ្លូវ​ភេទ ថា អាហ្នឹង​អាវាសែ​ហើយ»

លោក ម៉ៅ វាសនា ប្រធាន​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​បាន​សម្ដែង​ការ​កោត​សរសើរ​ពី​ជីវិត​តស៊ូ​របស់ ជីតា ដែល​បាន​រៀន​និង​បាន​ប្រលង​ជាប់​សញ្ញាបត្រ​ទុតិយ​ភូមិ​បាន​និទេ្ទស D នោះ ៖ «តាម​ដែល​ខ្ញុំ​សង្កេត​កន្លង​ទៅ ដែល​ខ្ញុំ​បាន​ធ្វើ​កិច្ចការ​នេះ​ជាមួយ​នឹង​យុវជន​ច្រើន ឃើញ​ថា កូន​ខ្មែរ​យើង​ដែល​គាត់​រស់នៅ​ទី​ជន​បទ ហើយ​ជីវភាព​គាត់​ក៏​មាន​ភាព​ក្រីក្រ​លំបាក​ខ្លាំង ហើយ​មាន​ការ​ព្យាយាម​រៀន​សូត្រ​បាន​បាក់​ឌុប ហើយ​ចូល​មហាវិទ្យាល័យ​ដើម្បី​យក​អាហារូបករណ៍​អី​អ៊ីចឹង ក៏​ខ្ញុំ​បាន​ឃើញ។ ក៏​ប៉ុន្តែ​ទាក់ទង​រឿង​ស្ថានភាព​ជុំវិញ​គ្រួសារ​ដែល​មាន​ផ្ទុក​មេរោគ​អេដស៍ ហើយ​កូន​របស់​ក្រុម​គ្រួសារ​នោះ ព្យាយាម​តស៊ូ​រៀន​មក​ដល់​ថ្នាក់​បាក់​ឌុប ហើយ​ប្រលង​យក​អាហារូបករណ៍​ដល់​មហា​វិទ្យាល័យ​អី​នេះ ខ្ញុំ​មិន​ដែល​បាន​ជួប​ប្រទះ​ទេ ខ្ញុំ​មាន​ចិត្ត​រំភើប ខ្ញុំ​ក៏​សូម​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​យុវនារី​ខ្មែរ​ដែល​មាន​ឆន្ទៈ​និង​ទឹក​ចិត្ត​បែប​នេះ»

បច្ចុប្បន្ន​នេះ នាង ជីតា កំពុង​ស្វែងរក​ការ​រៀនសូត្រ​បន្ត​ទៀត នៅ​តាម​មហា​វិទ្យាល័យ ប៉ុន្តែ​កង្វល់​ដ៏​ធំ​របស់​នាង បាន​កើត​ឡើង​ជា​ថ្មី គឺ​មហា​វិទ្យាល័យ​ភាគ​ច្រើន​នៅ​ប្រទេស​កម្ពុជា​សុទ្ធ​តែ​តម្រូវ​ឲ្យ​បង់​ប្រាក់ ហើយ​ការ​រៀន​សូត្រ​នៅ​មហា​វិទ្យាល័យ​ក៏​មិន​អាច​គេច​ផុត​ពី​ការ​ចាយ​លុយ​ខ្លះ បើ​ទោះ​បី​ជា​មាន​អាហារូបករណ៍​ក៏​ដោយ។ ជា​ពិសេស បំណង​ប្រាថ្នា​ធំធេង​របស់​នាង​ដែល​ចង់​រៀន​គឺ​មហា​វិទ្យាល័យ​ពេទ្យ ដោយ​សង្ឃឹម​ថា អាច​ជួយ​ព្យាបាល​ម្តាយ​នាង។ នាង​ខ្វាយ​ខ្វល់​ដោយ​គ្មាន​ក្តី​សង្ឃឹម​ទាល់​តែ​សោះ៕

ឧបករណ៍រឿង

ស្តាប់សំឡេង
ថតសំឡេង
អ៊ីម៉េល​
ព្រឹត្តិបត្រព័ត៌មាន
បោះពុម្ព
ចែករំលែករឿងនេះ

អត្ថបទ​ដែល​ទាក់ទង

អាជ្ញាធរ​ខែត្រ​សៀមរាប​ចែក​អង្ករ​ជូន​អ្នក​ភូមិ​ជាង​៧០០​គ្រួសារ

អ្នក​ភូមិ​ដងរ៉ែក​ក្នុង​ខែត្រ​បន្ទាយមានជ័យ​ជួប​ប្រទះ​នឹង​កង្វះ​ស្បៀង

ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​ប្រឈម​បញ្ហា​ដាច់​ស្បៀង​បន្ទាប់​ពី​ទឹក​ជន់​លិច​ភូមិ

មន្រ្តី​អង្គការ​សេដាក់​ខេត្ត​ពោធិ៍សាត់​រង​ការ​ចោទ​ថា​មិន​មាន​តម្លាភាព

អ្នក​ភូមិ​ក្រីក្រ​នៅ​ពោធិ៍សាត់​ចោទ​អាជ្ញាធរ​ថា​មិន​មាន​តម្លាភាព

អ្នក​ស្រុក​នៅ​កំពង់ធំ​បារម្ភ​ពី​បញ្ហា​កង្វះ​ស្បៀង​ក្រោយ​គ្រោះ​ធម្មជាតិ

អ្នក​ភូមិ​រាប់​រយ​នាក់​នៅ​ខែត្រ​បាត់ដំបង​ប្រឈម​មុខ​នឹង​កង្វះ​ស្បៀង

អ្នក​លក់​ដូរ​តាម​ចិញ្ចើម​ថ្នល់​សម្ដែង​ការ​បារម្ភ​ខណៈ​ដែល​អាជ្ញាធរ​ចាត់​វិធានការ

តួនាទី​អង្គការ​អន្តរជាតិ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា