មនុស្ស​២​នាក់​ស្លាប់​ដោយសារ​រន្ទៈ​បាញ់​នៅ​ខែត្រ​បាត់ដំបង

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ពីរ​នាក់​នៅ​ក្នុង​ភូមិ​តែ​មួយ​បាន​ស្លាប់​ភ្លាមៗ​ដោយសារ​រន្ទៈ​បាញ់​ផ្ទួនៗ​ចំនួន​ពីរ​ដង​បន្ទាប់​ពី​មាន​មេឃ​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១១ ខែ​មេសា​នេះ។

0:00 / 0:00

ហេតុការណ៍​គ្រោះថ្នាក់​ធម្មជាតិ​ដោយសារ​រន្ទៈ​បាញ់​នេះ​បាន​កើត​មាន​ឡើង​នៅ​ភូមិ​និគមក្នុង ឃុំ​ជ្រួយស្តៅ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង បណ្តាល​ឲ្យ​ស្លាប់​អ្នក​ភូមិ​ពីរ​នាក់​នៅ​កន្លែង​ផ្សេង​គ្នា។

មេ​ឃុំ​ជ្រោយស្តៅ លោក ង៉ែត នឹម បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី​នា​ព្រឹក​ថ្ងៃ​អាទិត្យ​ថា មនុស្ស​ទាំង​ពីរ​នាក់​ដែល​ទទួល​រងគ្រោះ​នោះ​ម្នាក់ ឈ្មោះ វ៉ន វ៉េត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ត្រូវ​បាន​រន្ទៈ​បាញ់​ស្លាប់​នៅ​វេលា​ម៉ោង​៣:៣០​នាទី​ល្ងាច ខណៈ​ដែល​កំពុង​អង្គុយ​មើល​ទូរទស្សន៍​នៅ​ក្រោម​ផ្ទះ​និង​ម្នាក់​ទៀត​ឈ្មោះ អែល សុយ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ត្រូវ​បាន​រន្ទៈ​បាញ់​នៅ​វេលា​ម៉ោង​៥​ល្ងាច​ខណៈ​ដែល​កំពុង​បើកបរ​ម៉ាស៊ីន​គោ​យន្ត​ទៅ​វាល​ស្រែ។ ជន​រងគ្រោះ​ទាំង​ពីរ​រស់នៅ​ក្នុង​ភូមិ​និគមក្នុង ឃុំ​ជ្រោយស្តៅ ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ដូច​គ្នា។

លោក ង៉ែត នឹម បាន​ឲ្យ​ដឹង​ថា ៖ «អា​នេះ​បើ​និយាយ​ពិត​ទៅ​ម្នាក់​នោះ​វា​ជ្រក​នៅ​ក្រោម​ផ្ទះ វា​បាញ់​ទៅ​ឃើញ​ថា ត្រូវ​សសរ​ហើយ​និង​ទូរទស្សន៍ មូលហេតុ​ទូរទស្សន៍​បែប​មិន​បិទ​អី​មិន​ដឹង ហ្នឹង​បញ្ហា​ដែល​ស្លាប់​នៅ​ក្រោម​ផ្ទះ។ មួយ​ទៀត​នោះ​គឺ​បើក​គោ​យន្ត ដល់​របៀប​វា​យ៉ាង​ម៉េច​វា​ស្រូប​ដោយសារ​ដែក​ហ្នឹង​ក៏​មិន​ដឹង បាញ់​កណ្ដាល​ផ្លូវ​មក​វិញ​ហើយ​ហ្នឹង»

មន្ត្រី​នៃ​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម រួម​ទាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​បញ្ជាក់​ថា នេះ​គឺ​ជា​គ្រោះថ្នាក់​ដំបូង​គេ​បង្អស់​នៅ​ក្នុង​ខេត្ត​បាត់ដំបង​នា​ដើម​ឆ្នាំ​២០០៩​នេះ។

ប្រធាន​មន្ទីរ​ធនធាន​ទឹក​និង​ឧតុនិយម​ខេត្ត​បាត់ដំបង លោក ឡុង ផលគុណ បាន​ឲ្យ​ដឹង​ថា កន្លង​មក​ខាង​មន្ទីរ​និង​អង្គការ Jica ជប៉ុន បាន​សហការ​គ្នា​ដោយ​បាន​បោះពុម្ព​សៀវភៅ​យល់ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​រន្ទៈ​បាញ់​នេះ ហើយ​សៀវភៅ​ទាំង​នោះ​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង។

លោក ឡុង ផលគុណ បាន​បញ្ជាក់​ថា ៖ «ឲ្យ​បញ្ជូន​ឯកសារ​ហ្នឹង​ទៅ​អាជ្ញាធរ​ដែន​ដី​គ្រប់​ទាំង​អស់​ហ្នឹង​ដើម្បី​ឲ្យ​គាត់​ធ្វើការ​អប់រំ​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​បន្ត​ទៀត​អ៊ីចឹង​ទៅ​ណា៎»

លោក លាង សុធី ប្រធាន​ការិយាល័យ​ឧតុនិយម​និង​ជលសាស្ត្រ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការប្រុងប្រយ័ត្ន​ពី​គ្រោះថ្នាក់​ដោយសារ​រន្ទៈ​បាញ់​នៅ​ពេល​មាន​មេឃ​ភ្លៀង​នេះ ៖ «យើង​ការពារ​រន្ទៈ​ហ្នឹង​យើង​ត្រូវ​ដក​ខ្សែ​ទូរទស្សន៍ កុំ​ប្រើ​គ្រឿង​អគ្គិសនី​ប៉ុណ្ណឹង​ឯង ដូច​ជា​នៅ​ក្នុង​ឡាន បើក​ទ្វារ​ឡាន​ចំហរ ហើយ​កុំ​ប៉ះ​ចង្កូត​វា ក្នុង​ឡាន​កាល​ណា​មាន​រន្ទៈ​យើង​បិទ​ត្រចៀក​គ្រាន់​ការពារ ហើយ​កុំ​ឲ្យ​ជ្រក​ក្រោម​ដើម​ឈើ​អី»

មេ​ឃុំ​ជ្រោយស្តៅ លោក ង៉ែត នឹម បាន​បញ្ជាក់​ការកត់​សម្គាល់​របស់​លោក​ថា នៅ​ក្នុង​ភូមិ​និគមក្នុង​តាំង​ពី​តៗ​មក​រហូត​មក​ដល់​ដើម​ឆ្នាំ​២០០៩​នេះ យ៉ាង​ហោច​ណាស់​មាន​អ្នក​ភូមិ​រងគ្រោះ​ថ្នាក់​ស្លាប់​ដោយសារ​រន្ទៈ​បាញ់​រហូត​ដល់​៥​នាក់​ហើយ ៖ «យ៉ាប់​ជាង​គេ​គឺ​ភូមិ​ហ្នឹង​ឯង ភូមិ​និគមក្នុង បាញ់​ច្រើន​ជាង​គេ​គឺ​កន្លែង​ហ្នឹង»

គួរ​បញ្ចាក់​ថា សាកសព​ជន​រងគ្រោះ​ដោយសារ​រន្ទៈ​បាញ់​បច្ចុប្បន្ន​ត្រូវ​ក្រុម​គ្រួសារ​កំពុង​រៀបចំ​ធ្វើ​បុណ្យ​សព​នៅ​ភូមិ​ឃុំ​ខាង​លើ។

ចំណែក​ឯ​អាជ្ញាធរ​មូលដ្ឋាន​បាន​អះអាង​បញ្ជាក់​ថា គេ​នឹង​ធ្វើ​របាយការណ៍​ដាក់​ជូន​ទៅ​កាកបាទក្រហម​កម្ពុជា​ដើម្បី​សុំ​ជំនួយ​ឧបត្ថម្ភ​ដល់​ក្រុម​គ្រួសារ​សព។

សូម​ជម្រាប​ថា តាម​ឱវាទ​អ្នក​វិទ្យាសាស្រ្ត​ផ្នែក​ឧតុនិយម​និង​ធាតុ​អាកាស​នៅ​បស្ចិម​ប្រទេស គេ​រំឭក​ថា ឲ្យ​មនុស្ស​រត់​រក​ទី​ជម្រក​នៅ​ទី​ទំនាប​ពេល​មាន​ព្យុះ​ភ្លៀង​ផ្ទុក​ដោយ​រន្ទៈ ហើយ​ក្រាប​ឬ​អង្គុយ​បើ​អាច​ធ្វើ​ទៅ​បាន ពោល​គឺ​ចៀសវាង​នៅ​កណ្តាល​វាល​ហើយ​នៅ​ទី​ខ្ពស់។

ចំណែក​គ្រឿង​ឧបករណ៍​ប្រើ​ចរន្ត​ភ្លើង​អគ្គិសនី​វិញ ដូច​ជា​វិទ្យុ ទូរទស្សន៍ កុំព្យូទ័រ​ជាដើម គេ​ត្រូវ​ដក​ខ្សែ​ចេញ​សិន​ពេល​រន្ទៈ​ខ្លាំង បើ​គ្មាន​ខ្សែ​ភ្ជាប់​ដោត​ចូល​ក្នុង​ដី​ហើយ​គ្មាន​សម្ភារៈ​ទប់​កំណើន​កម្លាំង​ភ្លើង​នៅ​ពេល​រន្ទៈ​បាញ់៕