អ្នកស្រី ឈឹម ប៉ុក ប្រជាពលរដ្ឋដែលមានលំនៅឋាននៅក្បែរទីកើតហេតុបានរៀបរាប់អំពីហេតុការណ៍ដែលគាត់បានឃើញយ៉ាងដូច្នេះថា ៖ «រន្ទះបាញ់ការ៉ាស់សាំងឆេះ ផ្ទះនៅជិតហ្នឹង ខ្ញុំខ្លាចផ្ទុះខ្ញុំរត់ចេញ។ មុនដំបូងមានរន្ទះបាញ់ផង ដល់អ៊ីចឹងខ្យល់ព្យុះឡើងខ្មៅ ដល់មើលទៅការ៉ាស់សាំងឡើងសំពោងខ្មៅទៅណា៎ ហើយប្រជាជនទាំងអស់នាំគ្នារត់ចោលផ្ទះទាំងអស់គ្នា ប៉ុន្តែមិនដឹងត្រូវរបួសអ្នកណាឬមិនត្រូវខ្ញុំអត់ដឹងទេ ពេលហ្នឹងខ្ញុំរត់ចោលផ្ទះដែរ។ ឥឡូវឮសូរថាឡានទឹកមកពន្លត់ហើយ»។
មន្ត្រីអង្គការអាដហុកប្រចាំខេត្តពោធិ៍សាត់ លោក ភួង សុធា បានឲ្យដឹងថា ការផ្ទុះឆេះនេះបានកើតឡើងនាវេលាម៉ោងប្រមាណ៤:៣០នាទីល្ងាចថ្ងៃ២៦ នៅពេលមានភ្លៀងធ្លាក់ព្រមទាំងខ្យល់បក់បោកយ៉ាងខ្លាំង។
លោកក៏បានឲ្យដឹងផងដែរថា ព្រឹត្តិការណ៍នេះបានបណ្តាលឲ្យបុគ្គលិកហាងសាំងម្នាក់រងគ្រោះថ្នាក់សន្លប់ដោយសារឥទ្ធិពលនៃរន្ទះ តែពុំមានបាត់បង់ជីវិតមនុស្សឡើយ។ ឯផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះក៏ពុំរងការឆេះបំផ្លាញដែរដោយមានការសង្គ្រោះបន្ទាន់ពីរថយន្តពន្លត់អគ្គីភ័យខេត្ត៕
