តាមលទ្ធផលស្រាវជ្រាវនៅពន្ធនាគារ ១៨កន្លែងរបស់អង្គការសិទ្ធិមនុស្សក្នុងស្រុកមួយ ឈ្មោះ លីកាដូ បានរកឃើញថាមានភាពប្រសើរជាងមុនបន្តិច បើប្រៀបធៀបទៅនឹងពេលមុន ។
ប្រធានអង្គការលីកាដូ បានទទួលស្គាល់ថា ការចូលជួបជាមួយអ្នកទោសឃើញថា មានភាពងាយស្រួលជាងលើកមុនៗ ហើយការរស់នៅរបស់ពួកអ្នកទោស ក៏មានស្ថានភាពប្រសើរបន្តិចដែរ ។
លោកស្រីវេជ្ជបណ្ឌិត ពុង ឈីវកេក បានឲដឹងថា ៖ «ប្រសើរជាងមុនបន្តិច ដោយសារយើងប្រៀបធៀបនឹងពេលមុន ។ ប្រសើរជាងមុន គឺថា ទី១ លោកអគ្គនាយក[ពន្ធនាគារ]ថ្មី អនុញ្ញាតឲ្យអង្គការមិនមែនរដ្ឋាភិបាលចូលទៅជួយមើលអ្នកដែលនៅក្នុងពន្ធនាគារ មិនមែនមើលតែខាងពេទ្យទេ រឿងទាក់ទងនឹងអ្នកនៅក្នុងពន្ធនាគារយើងចូលទៅសម្ភាសសួរថាតើអ្នកណាមានមេធាវី ឬក៏អត់ ហើយថាតើ អ្នកណាដែលគេចាប់យកមកហ្នឹង តើគេគោរពពេលវេលាមុនកាត់ទោស ព្រោះច្បាប់ពីមុន ទុកតែ៦ខែ ត្រូវតែកាត់ទោស តើលើសទេពេលហ្នឹង? ឥឡូវនេះ ច្បាប់ថ្មីគឺ ២២ខែ អ៊ីចឹងយើងទៅសម្ភាសអ្នកទោសទាំងអស់នៅក្នុងពន្ធនាគារទាំង១៨ ដែលយើងបានចូលទៅ ឃើញមានបញ្ហាអី យើងលើកទៅអគ្គនាយក ។ អ៊ីចឹង ឲ្យលោកដោះស្រាយ ដោះស្រាយបានខ្លះ មិនបានខ្លះ ហើយអ្នកណាខ្វះមេធាវីអី យើងរកមេធាវីឲ្យពួកអ្នកទាំងអស់គ្នា ហើយម្យ៉ាងទៀត តាំងពីឆ្នាំ១៩៩២ មកដល់ឥឡូវ យើងឃើញថា លែងដាក់ខ្នោះហើយ ... ហើយរឿងធ្វើទារុណកម្មក៏ថយចុះ» ។
លោក មួង សំអាត ប្រធានពន្ធនាគារខេត្តកណ្តាល ក៏បានឲ្យដឹងដែរថា ស្ថានភាពរស់នៅរបស់ពួកអ្នកទោសក្នុងពេលបច្ចុប្បន្ននេះ មានលក្ខណៈល្អជាងពេលមុន ៖ «នៅខេត្តកណ្ដាល ពន្ធនាគារមានគម្រោងអូស្ត្រាលីជួយសាងសង់ថ្មីមួយ ហើយប្រព័ន្ធគ្រប់គ្រងអ្នកទោសវាមិនដូចមុន វាមានច្បាប់ បទដ្ឋានត្រឹមត្រូវ ហើយណាមួយយើងបានបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកទោស មិនដូចមុន ដែលអ្នកទោសអត់ការងារធ្វើ» ។
នៅក្នុងពេលកន្លងមក មានសេចក្តីរាយការណ៍ឲ្យដឹងថា ស្ថានភាពរស់នៅរបស់អ្នកជាប់ឃុំ មានភាពអាក្រក់ក្រៃលែង ឧទាហរណ៍អ្នកទោសនៅគុកព្រៃស ត្រូវគេដាក់ឲ្យរស់នៅក្នុងបន្ទប់មួយ ដែលមានទំហំប្រហែល ៦ម៉ែត្រ និងមានបណ្តោយប្រហែល ៨ម៉ែត្រ រហូតទៅដល់ ១៥នាក់ ឯណោះ ។ ការលំបាកផ្សេងទៀតមានដូចជា ទឹកសម្រាប់ផឹកសម្រាប់ងូតនិងអាហារជាដើម ។
អតីតអ្នកជាប់ឃុំនៅព្រៃស ក្នុងអំឡុងឆ្នាំ២០០២ ដែលសុំមិនបញ្ចេញឈ្មោះ បានរៀបរាប់ថា ៖ «បាយក្រហម បាយខ្មៅៗ ហើយយ៉ាប់រឿងទឹក អត់សូវមានទឹកប្រើ ទឹកផឹកចែកម្ដងមួយប៊ីដុង២០លីត្រ សម្រាប់គ្នា១៥នាក់សម្រាប់មួយថ្ងៃ ទឹកងូតថ្ងៃខ្លះបានពីរអម្រែក ថ្ងៃខ្លះបានតែមួយអម្រែក» ។
ក្រៅពីមានការលំបាកដូចខាងលើ អ្នកជាប់ទោសក៏ធ្លាប់ទទួលរងទារុណកម្មដែរ ។
លោកស្រីប្រធានអង្គការសិទ្ធិមនុស្ស លីកាដូ បានឲ្យដឹងថា ៖ «ពីមុនមក យើងបានសម្ភាសសួរ យើងឃើញថា អ្នកទោសខ្លះបានឆ្លើយប្រាប់ថា ទារុណកម្មភាគច្រើនធ្វើនៅប៉ុស្តិ៍ប៉ូលិស ប៉ូលិសដែលចាប់មកហ្នឹង វាយធ្វើបាបដើម្បីឲ្យសារភាព» ។
ជាមួយគ្នានេះផងដែរ អតីតអ្នកជាប់ឃុំនៅព្រៃស បានបញ្ជាក់បន្ថែមទៀតថា ៖ «ចាប់នៅខណ្ឌបានយ៉ាប់ នៅខណ្ឌគឺយ៉ាប់តែម្ដង គ្រាន់តែបាយមួយកញ្ចប់ និងឆៃប៉ូវមួយ ក៏វ៉ៃ ដូចថា បើប្រើដៃគឺយកសៀវភៅទ្រាប់ ប៉ុន្តែភាគច្រើនគឺប្រើដំបងឆក់តែម្ដង» ។
លោក ស្វាយ ធី អ្នកគ្រប់គ្រងកម្មវិធីស្រាវជ្រាវពន្ធនាគាររបស់អង្គការលីកាដូ បានឲ្យដឹងថា កាលពីមុន អ្នកទោសត្រូវទទួលទានបាយក្រហម ឥឡូវពួកគាត់មានបាយសសម្រាប់បរិភោគហើយ ។
គួរបញ្ជាក់ផងដែរថា តាមរយៈការស្រាវជ្រាវរបស់មន្រ្តីខាងលើ នៅតាមមន្ទីរឃុំឃាំង ១៨កន្លែង បានរកឃើញថា មានអ្នកជាប់ឃុំចំនួន ៩១០៥នាក់ និងមានអនីតិជនចំនួន ៦១០នាក់ ។
សូមបញ្ជាក់ផងដែរថា របបសម្រាប់អ្នកទោសនៅមន្ទីរឃុំឃាំងក្នុងម្នាក់ៗ ត្រូវទទួលបានតែ ១៥០០រៀលប៉ុណ្ណោះ ក្នុងមួយថ្ងៃៗ គឺសម្រាប់ទិញម្ហូបអាហារ ទឹក ភ្លើង និង អុស ជាដើម ។
ទោះបីជាការធ្វើទារុណកម្ម គេពិបាកនឹងរកឃើញក៏ដោយ ប៉ុន្តែប្រសិនបើមានវិញនោះ វាគឺជាអំពើខុសទាំងផ្លូវច្បាប់ជាតិនិងអន្តរជាតិ ព្រមទាំងផ្នែកសាសនាផងដែរ ។
ក្នុងមាត្រា ៤នៃអនុសញ្ញាអន្តរជាតិស្តីពីការប្រឆាំងនឹងការធ្វើទារុណកម្មនិងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀត ដែលឃោរឃៅអមនុស្សធម៌ ឬបន្ថោកបន្ទាប ដែលកម្ពុជាក៏ជាប្រទេសហត្ថលេខីផងដែរនោះ បានចែងថា ៖ រដ្ឋភាគីត្រូវធានាថា ទារុណកម្មជាបទល្មើសក្រោមច្បាប់ព្រហ្មទណ្ឌរបស់ខ្លួន ។
ច្បាប់នេះត្រូវអនុវត្តចំពោះការប៉ុនប៉ង ការប្រព្រឹត្តទារុណកម្ម ឬអំពើប្រព្រឹត្ត ដោយជនណាម្នាក់ ដែលចាត់ទុកជាការសមគំនិត ឬការចូលរួមប្រព្រឹត្តទារុណកម្ម ។
ព្រះភិក្ខុ អ៊ឹម ទៀង គង់នៅវត្តស្វាយពពែ បានធ្វើការពន្យល់ថា ៖ «បុគ្គលណាម្នាក់ដែលបានប្រព្រឹត្តអំពើដោយកាយក្ដី គឺការធ្វើទុក្ខទោស វ៉ៃដំច្រំធាក់ទៅលើគេ ដោយវាចារ គឺការជេរប្រមាថគេ ឬការចាក់ដោតគេឲ្យគេមានការឈឺចាប់ទាំងផ្លូវចិត្ត ឬកាយ គឺការវាយដំច្រំធាក់ឲ្យមានការឈឺចាប់សៅហ្មងទៅលើគេ រីឯផ្លូវចិត្តគឺការនិន្ទាឈ្នានីសទៅលើគេ ឬចងអឃាតទៅលើគេ បុគ្គលទាំងនេះ ដែលធ្វើឲ្យគេសៅហ្មងយ៉ាងនេះឈ្មោះថា អ្នកទទួលនូវអំពើបាប អ្នកបានធ្វើនូវអំពើបាប» ។
ទោះបីជាស្ថានភាពអ្នកទោសនាពេលបច្ចុប្បន្ននេះ មានភាពប្រសើរមួយកម្រិតក៏ដោយ ក៏មន្រ្តីសិទ្ធិមនុស្សនៅតែសំណូមពរដល់រដ្ឋាភិបាលខ្មែរ ឲ្យបន្តការកែលំអឲ្យមានភាពប្រសើរថែមទៀត ជាពិសេស នៅគ្រប់ពន្ធនាគារទូទាំងប្រទេសទាំងអស់ ដូចជា ពង្រីកអគារ បន្ថែមថវិកាលើរបបអាហារប្រចាំថ្ងៃ បន្ថែមថវិកាសម្រាប់ថ្នាំពេទ្យ គ្រូពេទ្យ និងអនុញ្ញាតឲ្យអ្នកទោសចេញទៅហាត់ប្រាណជាដើម ។
មន្រ្តីសិទ្ធិមនុស្សបានបញ្ជាក់ថា បើទោះជាអ្នកទោសទាំងនោះបានប្រព្រឹត្តខុសឆ្គងក៏ដោយ ក៏ពួកគេបាត់បង់តែសេរីភាព ដោយត្រូវរស់នៅក្នុងមន្ទីរឃុំឃាំងតាមរយៈកាលមួយកំណត់ដោយច្បាប់ប៉ុណ្ណោះ ប៉ុន្តែ ក្នុងនាមជាមនុស្សជាតិ ពួកគេត្រូវតែទទួលបានការថែទាំនិងការប្រព្រឹត្តក្នុងនាមជាមនុស្សដែរ ៕
