ចាងហ្វាង​កាសែត​"ខែ្មរ​ម្ចាស់​ស្រុក"​ត្រៀម​ខ្លួន​ចុះ​ផ្សាយ​កែ​តម្រូវ

ចាងហ្វាង​កាសែត​ខែ្មរ​ម្ចាស់​ស្រុក​ដែល​កំពុង​រង​ការប្តឹង​ពី​រដ្ឋាភិបាល​កម្ពុជា​ក្រោម​បទ​បរិហារ​កេរ្តិ៍​និង​បទ​ផ្សាយ​ព័ត៌មាន​មិន​ពិត​នោះ​បាន​អះអាង​ថា លោក​ត្រៀម​ខ្លួន​ក្នុង​ការចុះ​ផ្សាយ​កែ​តម្រូវ បើ​សិន​ណា​លោក​បាន​ទទួល​សំណើ​ពី​មន្រ្តី​រដ្ឋាភិបាល​ឬ​មេធាវី​របស់​រដ្ឋាភិបាល​ចំពោះ​អ្វី​ដែល​លោក​បាន​ចុះ​ផ្សាយ​កន្លង​មក​នោះ​ប៉ះពាល់​ជាមួយ​រដ្ឋាភិបាល។

0:00 / 0:00

លោក ហង្ស ចក្រា ជា​ចាងហ្វាង​កាសែត​ខែ្មរ​ម្ចាស់​ស្រុក​ដែល​បាន​មក​ឆ្លើយ​បំភ្លឺ​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ កាលពី​ព្រឹក​ថៃ្ង​ពុធ​នេះ​បាន​ថែ្លង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ខាង​ក្រៅ​តុលាការ​ថា ៖ «ធ្វើ​ជា​លាយលក្ខណ៍អក្សរ​មក ខ្ញុំ​នឹង​កែ​តម្រូវ​ជូន។ អត់​សុំ​ទោស​ទេ ខ្ញុំ​មិន​សុំ​ទោស​ជា​ដាច់​ខាត សុំ​ទោស​ធ្វើ​អី? ខ្ញុំ​អត់​មាន​ទោស​ផង​ហ្នឹង គឺ​បំបិទ​មាត់​បំបាក់​ស្មារតី​អ្នក​សារព័ត៌មាន​មិន​ឲ្យ​និយាយ​ការ​ពិត។ នេះ​ជា​វិធី​បំបិទ​មាត់​មួយ​ដោយ​យក​ច្បាប់​តុលាការ​យ៉ាង​ត្រជាក់​បំផុត​មក​ធ្វើ​បាប​យើង»

ប្រតិកម្ម​ទៅ​នឹង​ការអះអាង​ខាង​លើ​នេះ លោក សួង ចាន់ថន ជា​មេធាវី​របស់​រដ្ឋាភិបាល​កម្ពុជា​តំណាង​ឲ្យ​ដើម​បណ្តឹង​បាន​ថែ្លង​ថា ៖ «ក្នុង​ករណី​ហ្នឹង​ខ្ញុំ​មេធាវី​នឹង​ធ្វើការ​ពាំនាំ​ទៅ​ថ្នាក់​ដឹកនាំ​របស់​រដ្ឋាភិបាល ព្រោះ​ខ្ញុំ​មេធាវី​មិន​មាន​សិទ្ធិ​សម្រេច​អី​លើស​ពី​ម្ចាស់​ទេ»។

លោក ជូង ជូងី ជា​មេធាវី​របស់​លោក ហង្ស ចក្រា ជា​ចាងហ្វាង​នៃ​កាសែត​ខែ្មរ​ម្ចាស់​ស្រុក​បាន​មាន​ប្រសាសន៍​នៅ​ខាង​ក្រៅ​តុលាការ​ក្រុង​ភ្នំពេញ​ថា ៖ «រឿង​នេះ​គឺ​ការកត់​សម្គាល់​របស់​ខ្ញុំ ជា​រឿង​នយោបាយ​សុទ្ធសាធ»

ទាក់ទង​នឹង​សំណុំរឿង​ខាង​លើ​នេះ​ផងដែរ លោក អំ សំអាត ជា​ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ដែល​បាន​តាមដាន​ករណី​នេះ​បាន​ធ្វើ​អត្ថាធិប្បាយ​ថា ៖ «ខ្ញុំ​យល់​ថា​រឿង​ក្ដី​របស់​ខ្មែរ​ម្ចាស់​ស្រុក​នេះ បើ​យើង​គិត​ទៅ​នេះ​ជា​រឿង​មួយ​ដែល​ការប្ដឹង​នេះ​គឺ​ជា​ការមួយ​ដែល​មាន​ការបំភិត​បំភ័យ​និង​យាយី​ទៅ​ដល់​អ្នក​កាសែត​និង​ជា​ការបំបាក់​ស្មារតី។ ច្បាប់​សារព័ត៌មាន​គឺ​មិន​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ទេ អ៊ីចឹង​ច្បាប់​ហ្នឹង​ចែង​មក​ធ្វើ​អី?»

ការទ្បើង​មក​បំភ្លឺ​របស់​លោក ហង្ស ចក្រា ជា​ចាងហ្វាង​នៃ​កាសែត​ខែ្មរ​ម្ចាស់​ស្រុក​នៅ​ថៃ្ង​ពុធ​នេះ​បាន​ធ្វើ​ទ្បើង​ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ប្តឹង​ក្រោម​បទ​ព្រហ្មទណ្ឌ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​បទ​បរិហារកេរ្តិ៍​ជា​បទ​រដ្ឋប្បវេណី​ដោយសារ​តែ​កាសែត​នេះ​បាន​ចុះ​ផ្សាយ​ព័ត៌មាន​មួយចំនួន​កាលពី​ខែ​មេសា​កន្លង​ទៅ​ថ្មីៗ​នេះ​ក្រោម​ចំណង​ជើង​ថា លោក ហ៊ុន សែន បំបែក​សំបុក​មន្រ្តី​អាក្រក់​និង​ពុក​រលួយ​នៅ​ជុំវិញ​លោក សុខ អាន និង​អត្ថបទ​មួយ​ទៀត​កាលពី​ខែ​ឧសាភា​កន្លង​ទៅ​នេះ​ក្រោម​ចំណងជើង​ថា មន្រ្តី​និយម លោក សុខ អាន ប្រឈម​មុខ​នឹង​ការដក​ពី​តំណែង​ជា​ច្រើន​នាក់។

ជាមួយ​គ្នា​នេះ​ដែរ នៅ​ថ្ងៃ​ទី​៣ មិថុនា​នេះ កាសែត​មួយ​ទៀត​ឈ្មោះ មាតុភូមិ កំពុង​តែ​រង​ការប្តឹង​ក្រោម​បទ​បរិហារកេរ្តិ៍​ផងដែរ គឺ​ប្តឹង​ដោយ​លោក មាស សុភាព ជា​មេ​បញ្ជាការ​យោធា​វរ២០៤ ប្រចាំការ​នៅ​ក្នុង​ខេត្ត​កំពង់ចាម​និង​ក្រចេះ​ដោយសារ​កាសែត​មាតុភូមិ​នោះ​បាន​ចុះ​ផ្សាយ​កាលពី​ចុង​ខែ​មេសា​កន្លង​ទៅ​ចោទ​ប្រកាន់​ថា លោក​មាន​ការពាក់ព័ន្ធ​នឹង​ការកាប់​ឈើ​ខុស​ច្បាប់។

និពន្ធ​នាយក​នៃ​កាសែត​មាតុភូមិ​នោះ​ក៏​បាន​ទ្បើង​ទៅ​បំភ្លឺ​នៅ​តុលាការ​ក្រុង​ភ្នំពេញ​នៅ​ថៃ្ង​ពុធ​នេះ​ផងដែរ​ក្រោម​បទ​បរិហារ​កេរ្ដិ៍៕