លោក ហង្ស ចក្រា ជាចាងហ្វាងកាសែតខែ្មរម្ចាស់ស្រុកដែលបានមកឆ្លើយបំភ្លឺនៅមុខតុលាការក្រុងភ្នំពេញ កាលពីព្រឹកថៃ្ងពុធនេះបានថែ្លងប្រាប់ក្រុមអ្នកកាសែតនៅខាងក្រៅតុលាការថា ៖ «ធ្វើជាលាយលក្ខណ៍អក្សរមក ខ្ញុំនឹងកែតម្រូវជូន។ អត់សុំទោសទេ ខ្ញុំមិនសុំទោសជាដាច់ខាត សុំទោសធ្វើអី? ខ្ញុំអត់មានទោសផងហ្នឹង គឺបំបិទមាត់បំបាក់ស្មារតីអ្នកសារព័ត៌មានមិនឲ្យនិយាយការពិត។ នេះជាវិធីបំបិទមាត់មួយដោយយកច្បាប់តុលាការយ៉ាងត្រជាក់បំផុតមកធ្វើបាបយើង»។
ប្រតិកម្មទៅនឹងការអះអាងខាងលើនេះ លោក សួង ចាន់ថន ជាមេធាវីរបស់រដ្ឋាភិបាលកម្ពុជាតំណាងឲ្យដើមបណ្តឹងបានថែ្លងថា ៖ «ក្នុងករណីហ្នឹងខ្ញុំមេធាវីនឹងធ្វើការពាំនាំទៅថ្នាក់ដឹកនាំរបស់រដ្ឋាភិបាល ព្រោះខ្ញុំមេធាវីមិនមានសិទ្ធិសម្រេចអីលើសពីម្ចាស់ទេ»។
លោក ជូង ជូងី ជាមេធាវីរបស់លោក ហង្ស ចក្រា ជាចាងហ្វាងនៃកាសែតខែ្មរម្ចាស់ស្រុកបានមានប្រសាសន៍នៅខាងក្រៅតុលាការក្រុងភ្នំពេញថា ៖ «រឿងនេះគឺការកត់សម្គាល់របស់ខ្ញុំ ជារឿងនយោបាយសុទ្ធសាធ»។
ទាក់ទងនឹងសំណុំរឿងខាងលើនេះផងដែរ លោក អំ សំអាត ជាប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូដែលបានតាមដានករណីនេះបានធ្វើអត្ថាធិប្បាយថា ៖ «ខ្ញុំយល់ថារឿងក្ដីរបស់ខ្មែរម្ចាស់ស្រុកនេះ បើយើងគិតទៅនេះជារឿងមួយដែលការប្ដឹងនេះគឺជាការមួយដែលមានការបំភិតបំភ័យនិងយាយីទៅដល់អ្នកកាសែតនិងជាការបំបាក់ស្មារតី។ ច្បាប់សារព័ត៌មានគឺមិនត្រូវបានគេយកមកប្រើប្រាស់ទេ អ៊ីចឹងច្បាប់ហ្នឹងចែងមកធ្វើអី?»។
ការទ្បើងមកបំភ្លឺរបស់លោក ហង្ស ចក្រា ជាចាងហ្វាងនៃកាសែតខែ្មរម្ចាស់ស្រុកនៅថៃ្ងពុធនេះបានធ្វើទ្បើងក្រោយពីរដ្ឋាភិបាលកម្ពុជាបានប្តឹងក្រោមបទព្រហ្មទណ្ឌផ្សាយព័ត៌មានមិនពិត និងបទបរិហារកេរ្តិ៍ជាបទរដ្ឋប្បវេណីដោយសារតែកាសែតនេះបានចុះផ្សាយព័ត៌មានមួយចំនួនកាលពីខែមេសាកន្លងទៅថ្មីៗនេះក្រោមចំណងជើងថា លោក ហ៊ុន សែន បំបែកសំបុកមន្រ្តីអាក្រក់និងពុករលួយនៅជុំវិញលោក សុខ អាន និងអត្ថបទមួយទៀតកាលពីខែឧសាភាកន្លងទៅនេះក្រោមចំណងជើងថា មន្រ្តីនិយម លោក សុខ អាន ប្រឈមមុខនឹងការដកពីតំណែងជាច្រើននាក់។
ជាមួយគ្នានេះដែរ នៅថ្ងៃទី៣ មិថុនានេះ កាសែតមួយទៀតឈ្មោះ មាតុភូមិ កំពុងតែរងការប្តឹងក្រោមបទបរិហារកេរ្តិ៍ផងដែរ គឺប្តឹងដោយលោក មាស សុភាព ជាមេបញ្ជាការយោធាវរ២០៤ ប្រចាំការនៅក្នុងខេត្តកំពង់ចាមនិងក្រចេះដោយសារកាសែតមាតុភូមិនោះបានចុះផ្សាយកាលពីចុងខែមេសាកន្លងទៅចោទប្រកាន់ថា លោកមានការពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់។
និពន្ធនាយកនៃកាសែតមាតុភូមិនោះក៏បានទ្បើងទៅបំភ្លឺនៅតុលាការក្រុងភ្នំពេញនៅថៃ្ងពុធនេះផងដែរក្រោមបទបរិហារកេរ្ដិ៍៕
