កាសែត​សេរីភាព​ថ្មី​ផ្អាក​ការ​បោះ​ពុម្ព​ផ្សាយ​ព្រោះ​បញ្ហា​ថវិកា

ចាងហ្វាង​សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ឈ្មោះ សេរីភាពថ្មី បាន​ថ្លែង​ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​៤ វិច្ឆិកា ២០០៩ ថា អង្គភាព​របស់​គាត់​បាន​សម្រេច​ផ្អាក​ការ​បោះពុម្ព​ផ្សាយ​របស់​ខ្លួន​មួយ​រយៈ ដោយសារ​តែ​មាន​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ក្នុង​អង្គភាព​នោះ។

លោក លឹម គីហុង ចាងហ្វាង​ការ​ផ្សាយ​របស់​សារ​ព័ត៌មាន​សេរីភាព​ថ្មី បាន​ថ្លែង​ថា ក្រុម​ការងារ​អង្គភាព​របស់​គាត់​នៅ​មិន​ទាន់​ដឹង​ថា នឹង​ចាប់​ផ្តើម​បោះ​ពុម្ព​ផ្សាយ​វិញ​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។

លោក លឹម គីហុង មាន​ប្រសាសន៍​ដូច្នេះ ៖ «បញ្ហា​រឿង​មួយ​រយៈ​មុន គេ​ចេះ​តែ​មក​ក្រវែលៗ​ផ្ទះ​យើង យើង​អត់​ដឹង​មូល​ហេតុ​ដែរ មិន​ដឹង​ជា​ពាក់ព័ន្ធ​នឹង​រឿង​អី។ យ៉ាប់​ដែរ ព្រោះ​យើង​ចេញ​លុយ​ផ្ទាល់​ខ្លួន អត់​មាន​អ្នក​ជួយ​ពិបាក​ណាស់។ ខាត​រហូត ខ្ញុំ​ចេញ​លុយ​ផ្ទាល់​ខ្លួន​ឡើង​រីង​ខ្លួន​ហើយ។ ខ្ញុំ​លក់​ឡាន​លក់​អី​អស់​ដោយសារ​ស្មោះ​ស្ម័គ្រ​នឹង​កាសែត​ហ្នឹង​ពេក ដើម្បី​ចង់​ឲ្យ​កាសែត​ហ្នឹង​បម្រើ​ប្រជាពលរដ្ឋ​ទូទៅ ព្រោះ​យើង​ចង់​ធ្វើ​ឲ្យ​ទៅ​ជា​កាសែត​ឯករាជ្យ ដោយសារ​ស្រលាញ់​ខ្លាំង​ពេក លះ​បង់​ខ្លាំង​ពេក ឥឡូវ​ធ្លាក់​ខ្លួន​ក្រ​ហើយ»

លោក​បាន​ថ្លែង​ទៀត​ថា អង្គភាព​សារ​ព័ត៌មាន​សេរីភាព​ថ្មី​នេះ លោក​ទើប​តែ​បាន​កាន់​កាប់​ក្នុង​ជាង​កន្លះ​ឆ្នាំ​កន្លង​មក​នេះ ដែល​មាន​និន្នាការ​គាំទ្រ​គោល​នយោបាយ​គណបក្ស​ជំទាស់។

លោក លឹម គីហុង បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ដូច្នេះ​ទៀត​ថា ៖ «ពាណិជ្ជកម្ម ខ្ញុំ​ធ្លាប់​ទាក់​ទង​ទៅ​គេ គេ​ថា គេ​ចង់​ផ្សាយ​ដែរ ប៉ុន្តែ​សម្ពាធ​នយោបាយ។ មាន​ផល​វិបាក​ច្រើន​ណាស់​ធ្វើ​កាសែត​ប្រឆាំង។ ការ​គំរាម​កំហែង​អី​ក៏​ចេះ​តែ​មាន​តិចតួច សុវត្ថិភាព សន្តិសុខ​ផ្ទាល់​ខ្លួន​ក៏​ពិបាក យើង​ធ្វើ​ដំណើរ​ទៅ​ណា​ទៅ​ណី​ក៏​យ៉ាប់ ឃើញ​ថា ស្ថិត​ក្នុង​ការ​ឃ្លាំ​មើល​តាម​ដាន​របស់​គេ»