លោក លឹម គីហុង ចាងហ្វាងការផ្សាយរបស់សារព័ត៌មានសេរីភាពថ្មី បានថ្លែងថា ក្រុមការងារអង្គភាពរបស់គាត់នៅមិនទាន់ដឹងថា នឹងចាប់ផ្តើមបោះពុម្ពផ្សាយវិញនៅពេលណានៅឡើយទេ។
លោក លឹម គីហុង មានប្រសាសន៍ដូច្នេះ ៖ «បញ្ហារឿងមួយរយៈមុន គេចេះតែមកក្រវែលៗផ្ទះយើង យើងអត់ដឹងមូលហេតុដែរ មិនដឹងជាពាក់ព័ន្ធនឹងរឿងអី។ យ៉ាប់ដែរ ព្រោះយើងចេញលុយផ្ទាល់ខ្លួន អត់មានអ្នកជួយពិបាកណាស់។ ខាតរហូត ខ្ញុំចេញលុយផ្ទាល់ខ្លួនឡើងរីងខ្លួនហើយ។ ខ្ញុំលក់ឡានលក់អីអស់ដោយសារស្មោះស្ម័គ្រនឹងកាសែតហ្នឹងពេក ដើម្បីចង់ឲ្យកាសែតហ្នឹងបម្រើប្រជាពលរដ្ឋទូទៅ ព្រោះយើងចង់ធ្វើឲ្យទៅជាកាសែតឯករាជ្យ ដោយសារស្រលាញ់ខ្លាំងពេក លះបង់ខ្លាំងពេក ឥឡូវធ្លាក់ខ្លួនក្រហើយ»។
លោកបានថ្លែងទៀតថា អង្គភាពសារព័ត៌មានសេរីភាពថ្មីនេះ លោកទើបតែបានកាន់កាប់ក្នុងជាងកន្លះឆ្នាំកន្លងមកនេះ ដែលមាននិន្នាការគាំទ្រគោលនយោបាយគណបក្សជំទាស់។
លោក លឹម គីហុង បានមានប្រសាសន៍ឲ្យដឹងដូច្នេះទៀតថា ៖ «ពាណិជ្ជកម្ម ខ្ញុំធ្លាប់ទាក់ទងទៅគេ គេថា គេចង់ផ្សាយដែរ ប៉ុន្តែសម្ពាធនយោបាយ។ មានផលវិបាកច្រើនណាស់ធ្វើកាសែតប្រឆាំង។ ការគំរាមកំហែងអីក៏ចេះតែមានតិចតួច សុវត្ថិភាព សន្តិសុខផ្ទាល់ខ្លួនក៏ពិបាក យើងធ្វើដំណើរទៅណាទៅណីក៏យ៉ាប់ ឃើញថា ស្ថិតក្នុងការឃ្លាំមើលតាមដានរបស់គេ»៕
