អង្គការ​សេដាក់​គ្រោង​នាំ​អង្ករ​សរីរាង្គ​ទៅ​ទីផ្សារ​អឺរ៉ុប​និង​អាមេរិក

អង្គការ​សេដាក់​មាន​គម្រោង​នាំ​អង្ករ​សរីរាង្គ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ពី​២០០​តោន​ទៅ​៣០០​តោន​នៅ​ឆ្នាំ​២០១០ ប្រសិន​បើ​ការ​នាំ​អង្ករ​សរីរាង្គ​ជំហាន​ដំបូង​នៅ​ចុង​ខែ​វិច្ឆិកា​ទទួល​បាន​ជោគជ័យ។

0:00 / 0:00

លោក​បណ្ឌិត យ៉ង សាំងកុមារ នាយក​អង្គការ​សេដាក់ មាន​ប្រសាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​២២ វិច្ឆិកា ថា អង្គការ​សេដាក់​គ្រោង​នាំ​អង្ករ​សរីរាង្គ ឬ​ហៅ​ថា​អង្ករ​ផលិត​ចេញ​តាម​បែប​គោលការណ៍​ធម្មជាតិ​មិន​ប្រើ​សារធាតុ​គីមី ចំនួន​ពី​២០០​ទៅ​៣០០​តោន​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប សហរដ្ឋ​អាមេរិក និង​ប្រទេស​អាល្លឺម៉ង់ នៅ​ឆ្នាំ​២០១០ ប្រសិន​បើ​ការ​នាំ​ចេញ​អង្ក​រសរីរាង្គ​ជំហាន​សាកល្បង​៣២​តោន​ទៅ​កាន់​សហរដ្ឋ​អាមេរិក​នា​ចុង​ខែ​វិច្ឆិកា​ទទួល​បាន​ជោគជ័យ​នោះ។

លោក​បញ្ជាក់​ថា ការ​នាំ​ចេញ​អង្ករ​សរីរាង្គ​ជំហាន​ដំបូង​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​បច្ចុប្បន្ន​បាន​និង​កំពុង​វេច​ខ្ចប់ ៖ «អត់​ទាន់​បាន​ធ្វើ​ជា​កុងត្រា​ជាមួយ​គេ​ទេ។ ក្នុង​ពេល​នេះ​យើង​កំពុង​រៀបចំ​ផ្ញើ​ចេញ ការ​នាំ​ចេញ​សាកល្បង​ទៅ​អាមេរិក​ហ្នឹង​ក្នុង​ចំនួន​ប្រហែល​ជា​៣២​តោន បន្ទាប់​មក​បើ​សិន​ជា​ការ​នាំ​សាកល្បង​ជោគជ័យ យើង​នឹង​ធ្វើ​កុងត្រា​សម្រាប់​ការ​នាំ​ចេញ​ឆ្នាំ​២០១០​តែ​ម្ដង»

ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា បន្ត​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​អង្គការ​សេដាក់​បាន​ជួល​អ្នក​ជំនាញ​មក​ពី​ក្រៅ​ប្រទេស​មក​ត្រួត​ពិនិត្យ​គុណភាព​ក្នុង​ការ​វេច​ខ្ចប់ ក៏​ដូច​ជា​ការ​កិន​អង្ករ​ដើម្បី​ឲ្យ​ស្រប​តាម​ស្តង់ដារ​ទីផ្សារ​នៅ​អឺរ៉ុប។

លោក​បណ្ឌិត យ៉ង សាំងកុមារ បញ្ជាក់​ឲ្យ​ដឹង​ដូច្នេះ ៖ «មាន​បញ្ហា​ច្រើន​ទាក់ទង​នឹង​ការ​កិន ការ​វេច​ខ្ចប់។ យើង​ខ្វះខាត​ទាំង​ពី​សម្ភារៈ​វេច​ខ្ចប់ ឧទាហរណ៍​ថង់​ដែល​យើង​វេច​ខ្ចប់ យើង​ត្រូវ​កុម៉្មង់​មក​ពី​ក្រៅ​ប្រទេស​អី​អ៊ីចឹង ព្រោះ​យើង​ត្រូវការ​ថង់​ដែល​អាច​ខ្ចប់​អត់​ឲ្យ​មាន​ខ្យល់​ចេញ​ចូល អាច​ទុក​បាន​រយៈពេល​១​ឆ្នាំ​អី​អ៊ីចឹង​ទៅ​ណា៎»

លោក ម៉ាក សឿន ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ មាន​ប្រសាសន៍​ថា តាម​ដែល​លោក​ទទួល​បាន​ពី​សមាគម​ម៉ាស៊ីន​កិន​ស្រូវ បាន​ឲ្យ​ដឹង​ថា ប្រភេទ​អង្ករ​ក្រអូប​កាល​ពី​ឆ្នាំ​ពី​២០០៩​កន្លង​ទៅ និង​ឆ្នាំ​២០១០ គឺ​កម្ពុជា​មាន​តួលេខ​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​មាន​ចំនួន​ច្រើន ប៉ុន្តែ​លោក​មិន​បាន​បង្ហាញ​របាយការណ៍​ថា មាន​តួលេខ​ចំនួន​ប៉ុន្មាន​នោះ​ទេ។

លោក ម៉ាក សឿន បាន​បញ្ជាក់​ថា ៖ «តាម​ស្ថិតិ​ពី​សមាគម​រោង​ម៉ាស៊ីន​កិន​ស្រូវ​គឺ​យើង​មាន​ការ​នាំ​ចេញ​ទៅ​អឺរ៉ុប នាំ​ចេញ​ទៅ​សាំងហ្គាពួរ នាំ​ចេញ​ទៅ​ហុងកុង ពូជ​ដែល​មាន​គុណភាព ពូជ​ផ្កា​រំដួល ផ្កា​ម្លិះ»

ទាក់ទង​ការ​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្រៅ​ប្រទេស​នេះ​ដែរ សម្រាប់​លោក ភូ ពុយ អគ្គ​នាយក​ក្រុមហ៊ុន​បៃតង​កម្ពុជា ធ្លាប់​បាន​អះអាង​ថា ក្រុមហ៊ុន​បាន​ត្រៀម​អង្ករ​កែច្នៃ​រួច ជា​ប្រភេទ​អង្ករ​ក្រអូប​និង​អង្ករ​ធម្មតា​យ៉ាង​ហោច​កន្លះ​លាន​តោន​នៅ​ឆ្នាំ​២០១០ ដើម្បី​នាំ​ចេញ​ទៅ​ធ្វើ​ការ​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​អន្តរជាតិ។

មន្ត្រី​ក្រសួង​កសិកម្ម​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០០៨​និង​ឆ្នាំ​២០០៩​នេះ​កម្ពុជា​បាន​សល់​អង្ករ​ប្រមាណ​ជិត​៤​លាន​តោន ដូច្នេះ​ឆ្នាំ​២០១០​ខាង​មុខ កម្ពុជា​រំពឹង​ទុក​ថា ទិន្នផល​ស្រូវ​ក៏​ដូច​ជា​អង្ករ​នឹង​ប្រមូល​បាន​ចំនួន​ប្រហាក់​ប្រហែល​គ្នា​នឹង​ឆ្នាំ​កន្លង​ទៅ​ដែរ សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ស្រុក​និង​សល់​សម្រាប់​នាំ​ចេញ​ទៅ​ទីផ្សារ​ក្រៅ​ប្រទេស៕