លោក សួង ចាន់ថន មេធាវីរបស់រដ្ឋាភិបាលដែលតំណាងឲ្យដើមបណ្តឹង បានមានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីថា បណ្តឹងបន្ថែមថ្មីនោះ បានធ្វើឡើងនៅពេលដែលលោកបានឆ្លើយបំភ្លឺនៅមុខតុលាការកាលពីពេលថ្មីៗនេះ។
លោក សួង ចាន់ថន ថ្លែងយ៉ាងដូច្នេះ ៖ «យើងក៏នៅតែរក្សាជំហរតាមបណ្ដឹងដែលយើងប្ដឹង គឺបរិហារកេរ្តិ៍និងផ្សាយព័ត៌មានមិនពិត និងទាមទារជំងឺចិត្តតាមច្បាប់»។
លោកបានបញ្ជាក់ថា បណ្តឹងអំពីការផ្សាយព័ត៌មានមិនពិត គឺជាបណ្ដឹងបទព្រហ្មទណ្ឌ រីឯបណ្តឹងបរិហារកេរ្តិ៍ គឺជាបណ្ដឹងបទល្មើសរដ្ឋប្បវេណី ដោយលោកបានទាមទារសំណងជំងឺចិត្តចំនួន ១០លានរៀល ស្មើនឹង ២.៥០០ដុល្លារអាមេរិក។
ទាក់ទងនឹងការប្តឹងបន្ថែមខាងលើនេះ លោក ហង្ស ចក្រា ជាចាងហ្វាងការផ្សាយនៃកាសែតខែ្មរម្ចាស់ស្រុក បានប្រតិកម្មថា សកម្មភាពប្ដឹងនោះគឺជាការបំបាក់ស្មារតីនិងបំបិទមាត់អ្នករិះគន់និងអ្នកបញ្ចេញមតិ។
លោកមានគម្រោងទៅបំភ្លឺនៅមុខតុលាការក្រុងភ្នំពេញនៅថៃ្ងទី៣ ខែមិថុនា ខាងមុខនេះ តាមដីកាកោះហៅ ៖ «យើងឃើញថា ការដែលមេធាវី សួង ចាន់ថន លោកឆូតមួយចំណុចៗ នៅក្នុងកាសែតរបស់ខ្ញុំ យកមកប្ដឹងហ្នឹង ខ្ញុំចាត់ទុកថា ជាការបំភិតបំភ័យផ្នែកនយោបាយ មិនមែនជារឿងធម្មតាទេ»។
ទាក់ទងនឹងការប្តឹងខាងលើនេះ គឺក្រោយពេលដែលកាសែត ខែ្មរម្ចាស់ស្រុក បានចេញផ្សាយអត្ថបទព័ត៌មានមួយចំនួនកាលពីខែមេសានិងខែឧសភាកន្លងទៅ ក្រោមចំណងជើងថា លោក ហ៊ុន សែន បំបែកសម្បុកមន្រ្តីអាក្រក់និងមន្ត្រីពុករលួយនៅជុំវិញលោក សុខ អាន និងអត្ថបទក្រោមចំណងជើងថា មន្រ្តីនិយមលោក សុខ អាន ប្រឈមមុខនឹងការដកចេញពីតំណែងជាច្រើននាក់។
លោក ប៉ែន សមិទ្ធិ ជាប្រធានក្លឹបអ្នកកាសែតកម្ពុជា បានថែ្លងថា ៖ «ដូច្នេះបានន័យថា គាត់អាចប្ដឹង ឬមួយគាត់អាចសុំឲ្យអង្គការព័ត៌មានហ្នឹងធ្វើការកែតម្រូវ»។
រីឯលោក ចាន់ សូវេត មន្រ្តីស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្ស អាដហុក បានធ្វើអត្ថាធិប្បាយថា ៖ «ការបន្ថែមបទល្មើសនេះ ខ្ញុំគិតថា វាទាក់ទិនដល់ការគំរាមកំហែងដល់ក្រុមអ្នកសារព័ត៌មានហើយ»។
គេបានកត់សម្គាល់ឃើញថា ការប្តឹងកាសែត ខែ្មរម្ចាស់ស្រុក ក្រោមបទបរិហារកេរ្តិ៍និងបទផ្សាយព័ត៌មានមិនពិតខាងលើនេះ គឺនៅស្របពេលដែលលោកស្រី មូរ សុខហួរ តំណាងរាស្រ្តគណបក្សសមរង្ស៊ី កំពុងតែរងការប្តឹងក្រោមបទបរិហារកេរ្តិ៍ ដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកស្រីនឹងទៅបំភ្លឺនៅមុខតុលាការនៅថៃ្ងទី៣ ខែមិថុនាខាងមុខនេះ។
ដោយទ្បែក លោក ហូ វ៉ាន់ តំណាងរាស្រ្តមា្នក់ទៀតរបស់គណបក្សសមរង្ស៊ីក៏កំពុងត្រូវបានប្តឹងផងដែរពីបទបរិហារកេរ្តិ៍ គឺប្តឹងដោយមន្ត្រីជាន់ខ្ពស់យោធាម្នាក់នៃកងយោធពលខេមរភូមិន្ទ។ លោកនឹងទៅបំភ្លឺនៅមុខតុលាការក្រុងភ្នំពេញនៅថៃ្ងទី៥ ខែមិថុនានេះផងដែរ។
ក្រុមសកម្មជននៃអង្គការសិទ្ធិមនុស្សមួយចំនួនបានមើលឃើញថា ការប្តឹងជាបន្តបន្ទាប់ខាងលើនេះ ហាក់ដូចជាយន្តការជាប្រព័ន្ធមួយក្នុងការប្រើប្រាស់តុលាការដើម្បីប្រឆាំងនឹងក្រុមអ្នករិះគន់រដ្ឋាភិបាលកម្ពុជា៕