ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​សហគមន៍​អភិរក្ស​ខេត្ត​មណ្ឌលគិរី ត្រូវ​គេ​លួច​កាប់

ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​ខេត្ត​មណ្ឌលគិរី បាន​រក​ឃើញ​ឈើ​មាន​តម្លៃ​ក្នុង​ព្រៃ​សហគមន៍​អភិរក្ស ត្រូវ​បាន​គេ​កាប់ ដើម្បី​នាំ​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម។

0:00 / 0:00

ក្រុម​សហគមន៍​ឲ្យ​ដឹង​ថា អ្នក​លួច​កាប់​ឈើ​លក់​ឲ្យ​វៀតណាម​នោះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​តម្រួត​ព្រំដែន​ខ្មែរ​នៅ​តំបន់​នោះ។

ក្រុម​សហគមន៍​ការពារ​ព្រៃ​ឈើ​ភូមិ ពូ​លេះ ឃុំ​ដាក់ដាំ ស្រុក​អូរ​រាំង ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ២០១២ បាន​ឲ្យ​ដឹង​ថា ក្រុម​ប្រជា​សហគមន៍​អ្នក​ដើរ​ល្បាត​ក្នុង​ព្រៃ​ចំនួន ៦ នាក់ បាន​រក​ឃើញ​គំនរ​ឈើ​មួយ​កន្លែង មាន​បរិមាណ​ឈើ​ជាង ៣០​ដើម ត្រូវ​គេ​លួច​កាប់​គរ​ទុក ដើម្បី​ដឹក​ជញ្ជូន​ឆ្លង​ដែន​ចូល​ទៅ​ប្រទេស​វៀតណាម​មាន​ព្រំដែន​ជាប់​និង​តំបន់​ព្រៃ​នោះ។

សមាជិក​សហគមន៍​មួយ​រូប​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ មាន​បញ្ជាក់​ថា គំនរ​ឈើ​ដែល​សហគមន៍​រក​ឃើញ​នោះ នៅ​ចម្ងាយ​ប្រមាណ​ពី ៥ ទៅ ៦ គីឡូ​ម៉ែត្រ​ពី​ភូមិ​ពូ​លេះ។ ឈើ​នោះ ជា​ប្រភេទ​ឈើ​លេខ ១ ត្រូវ​គេ​អារ​ច្រៀក​ជា​ឈើ​ជ្រុង​ទំហំ​ពី ៦ ទៅ ៩ តឹក​បួន​ជ្រុង និង​មាន​បណ្ដោយ​ពី ២ ម៉ែត្រ ៥០
ដល់ ៣ ម៉ែត្រ។

ប្រជា​សហគមន៍​ដដែល​បន្ត​ទៀត​ថា សហគមន៍​បាន​ចំណាយ​ពេល​អស់​ពីរ​ថ្ងៃ ដើម្បី​យាម​ការពារ​ឈើ​នោះ ហើយ​សុំ​កិច្ច​អន្តរាគមន៍​ពី​មន្ត្រី​សង្កាត់​ព្រៃ​ឈើ​ដាក់ដាំ។ ក៏​ប៉ុន្តែ សហគមន៍​មិន​ឃើញ​មន្ត្រី​ព្រៃ​ឈើ​ចុះ​មក​បំពេញ​ការងារ​របស់​ខ្លួន​នោះ​ឡើយ។

សំឡេង៖ «សង្ស័យ​ពួក​ប៉ូលិស​ពួក​ទាហាន​ហ្នឹង​គាត់​កាប់​ឈើ​យក​ទៅ​លក់​ឲ្យ​វៀតណាម។ ឃើញ​ឈើ​ហ្នឹង ខ្ញុំ​ទូរស័ព្ទ​ទៅ​រដ្ឋបាល​ព្រៃ​ឈើ។ គាត់​ថា​អត់​អី​ទេ គាត់​ទៅ​យក​ឡាន​ដឹក និង​កម្លាំង​សហគមន៍​ជួយ​លើក ហើយ​ពួក​ខ្ញុំ​ចាំ​នៅ​ហ្នឹង អត់​ឃើញ​មក។ រង់ចាំ​ពីរ​ថ្ងៃ​ហ្នឹង ជួប​ការ​លំបាក​អត់​បាយ​អត់​ទឹក​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហ្នឹង»។

មេឃុំ​ដាក់ដាំ លោក សំ វ៉ាន្នី មាន​ប្រសាសន៍​ថា តំបន់​ដែល​សហគមន៍​រាយការណ៍​ថា​មាន​បទល្មើស​ព្រៃ​ឈើ ជា​តំបន់​ឆ្ងាយ​មិន​មាន​ផ្លូវ​គមនាគមន៍​ដឹក​ជញ្ជូន​ទេ។ ហេតុ​នេះ ក្រុម​សហគមន៍​មិន​មាន​លទ្ធភាព​ដឹក​ជញ្ជូន​វត្ថុ​តាង​បទល្មើស​ព្រៃ​ឈើ​នោះ មក​មូលដ្ឋាន​បាន​ឡើយ។

លោក សំ វ៉ាន្នី៖ «ពិបាក​ត្រង់​ថា មេឃ​វា​ភ្លៀង។ ណា​វា​នៅ​ឆ្ងាយ។ សន្តិសុខ​វា​អត់​ធានា យើង​អត់​ហ៊ាន​ដែរ របស់​ហ្នឹង​របស់​ព្រំដែន​អី​ទេ»។

នាយ​សង្កាត់​ព្រៃ​ឈើ​ដាក់ដាំ​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី លោក តូច រតនា បដិសេធ​មិន​ឆ្លើយ​នឹង​សំណួរ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ក្នុង​រឿង​នេះ​ទេ នៅ​ថ្ងៃ​អាទិត្យ​ទី​១ ខែ​មេសា ឆ្នាំ ២០១២។

លោក​បញ្ជាក់​ថា លោក​កំពុង​រវល់​ក្នុង​ប្រតិបត្តិការ​មួយ។ ចំណែក​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មណ្ឌលគិរី គឺ​លោក កែប តក់ ។ លោក​បាន​បញ្ជាក់​ថា លោក​មិន​បាន​ទទួល​សេចក្ដីរាយការណ៍​ពី​ករណី​នេះ​ទេ។ ប៉ុន្តែ​ករណី​នេះ លោក​នឹង​ចាត់​មន្ត្រី​សង្កាត់​ព្រៃឈើ​ចុះ​ពិនិត្យ​សេចក្ដី​រាយការណ៍​នេះ។

សេចក្ដី​រាយការណ៍​របស់​ប្រជា​សហគមន៍​ឃុំ​ដាក់ដាំ​ឲ្យ​ដឹង​ថា ដើម​ឈើ​ប្រណិត​ក្នុង​ព្រៃ​សហគមន៍​ការពារ ត្រូវ​គេ​លួច​កាប់​ច្រើន​ឆ្នាំ​កន្លង​មក​នេះ ហើយ​នាំ​ឆ្លង​ចូល​ទៅ​ប្រទេស​វៀតណាម តាម​ប៉ុស្តិ៍​ការពារ​ព្រំដែន​អូរ​ស្វាយ។

កន្លង​ទៅ​នេះ​ក្រុម​សហគមន៍​បាន​រក​ឃើញ​មាន​ករណី​លួច​កាប់​ឈើ​មួយ​ចំនួន​ជាប់​ពាក់ព័ន្ធ​នឹង​មន្ត្រី​តម្រួត​ការពារ​ព្រំដែន​នៅ​តំបន់​នោះ​ឃុបឃិត​ឲ្យ​ពលរដ្ឋ​វៀតណាម ចូល​មក​អារ​ឈើ​នាំ​ចូល​ទៅ​ដី​វៀតណាម។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​សហគមន៍​ឃុំ​ដាក់ដាំ អះអាង​ថា ពួក​គេ​កំពុង​ត្រូវ​ការ​មន្ត្រី​ជំនាញ​ព្រៃ​ឈើ ដើម្បី​ចុះ​ទៅ​ប្រមូល​យក​ឈើ​នោះ មក​ទុក​ជា​វត្ថុ​តាង និង​ស្រាវជ្រាវ​រក​មុខ​អ្នក​ប្រព្រឹត្ត​ល្មើស៕

កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទ​នេះ ដើម្បី​រក្សាសេចក្ដីថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។