ពលរដ្ឋ​មួយ​ចំនួន ចោទ​ក្រុម​អាជ្ញាធរ ជាប់​ពាក់ព័ន្ធ​នឹង​របរ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់

ក្រុម​ប្រជា​ពលរដ្ឋ​មួយ​ចំនួន នៅ​ក្នុង​ស្រុក​ស្វាយ​លើ​ ចម្ងាយ​ប្រមាណ ៧០ គីឡូ​ម៉ែត្រ ភាគ​ឦសាន​ពី​ទី​រួម​ខេត្ត​សៀមរាប ចោទ​ប្រកាន់​មន្ត្រី​សាលា​ស្រុក រួម​ទាំង​សមត្ថកិច្ច នគរបាល និង​កង​រាជ​អាវុធ​ហត្ថ ប្រចាំ​ស្រុក​នោះ​មួយ​ចំនួន​ផង ថា​ជាប់​ពាក់ព័ន្ធ​នឹង​របរ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់។

0:00 / 0:00

ក្រុម​អ្នក​ភូមិ​បាន​អះអាង​ថា មន្ត្រី​ទាំង​នោះ បាន​ប្រកប​របរ​រកស៊ី​ឈើ​ជា​យូរ​មក​ហើយ រហូត​ដល់​ពេល​នេះ។ ក៏​ប៉ុន្តែ ពួក​គេ​មិន​ដែល​ឃើញ​រដ្ឋាភិបាល​ស៊ើបអង្កេត និង​ដាក់​វិន័យ​ណា​មួយ​ឡើយ។

ប្រភព​ពី​អ្នកភូមិ នៅ​លើ​ខ្នង​​ភ្នំ​គូលែន ឱ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន​សកម្មភាព​លួច​កាប់​ឈើ​ខុស​ច្បាប់ នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ កំពុង​កើត​មាន​គួរ​ឱ្យ​ព្រួយ​បារម្ភ ដោយសារ​តែ​អាជ្ញាធរ និង​មន្ត្រី​បរិស្ថាន​ការពារ​ឧទ្យាន​ជាតិ​ប្រចាំ​តំបន់​នោះ ចាត់​វិធានការ​បង្ក្រាប​តិចតួច។

បុរស​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ រស់​នៅ​ភូមិ​ខ្លា​ឃ្មុំ នៃ​ឃុំ​ខ្នង​ភ្នំ មាន​ប្រសាសន៍ នៅ​រសៀល​ថ្ងៃ​អាទិត្យ​ទី ១២ ខែ​សីហា​ថា ពេល​បច្ចុប្បន្ន​នេះ ការ​កាប់​ឈើ​ខុស​ច្បាប់ ក្នុង​តំបន់​ការពារ​របស់​ឧទ្យាន​ជាតិ​កំពុង​កើត​មាន​ស្ទើរ​តែ​រាល់​ថ្ងៃ នៅ​ក្នុង​ភូមិសាស្ត្រ ភូមិ​ខ្លាឃ្មុំ និង​ភូមិ​ពពេល។

បុរស​ដដែល​មាន​ប្រសាសន៍​ថា បើ​ទោះ​បី​ជា​មាន​ការ​លួច​កាប់​ឈើ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ជា​ហូរហែ​ក៏​ដោយ ក៏​អាជ្ញាធរ និង​មន្ត្រី​បរិស្ថាន​ការពារ​ឧទ្យាន​ជាតិ​ប្រចាំ​តំបន់​នោះ បាន​ចាត់​វិធាន​ការ​បង្ក្រាប​តិចតួច។

សំឡេង៖ «នៅ​ខ្លាឃ្មុំ ពពេល កាប់​នឹង​រណា​ង៉ោង​ហ្នឹង​ឯង។ ប្រភេទ​ឈើ​យាង ឈើ​ផ្ដៀក​រាល់​តែ​ថ្ងៃ។ រាយ​ខ្លះ​យប់​ខ្លះ​ថ្ងៃ ទៅ​តាម​ឱកាស​គេ​អាច​ធ្វើ​ទៅ​បាន។ គេ​ដឹក​យក​មក​លក់​ឱ្យ​អ្នក​ស្រុក​ធ្វើ​ផ្ទះ​ និយាយ​រួម​ទៅ គេ​ត្រូវ​គ្នា​ជា​មួយ​មន្ត្រី​រាជការ។ គេ​ចេះ​តែ​ធ្វើ​ទៅ ស៊ី​លុយ​ទៅ​ចេះ​តែ​សំងំ»។

ទោះ​ជា​យ៉ាង​នេះ​ក្ដី វិទ្យុ​អាស៊ី​សេរី មិន​អាច​ស្វែង​រក​ការ​ទាក់ទង​មន្ត្រី​ស្នាក់​ការ​បរិស្ថាន​នៃ​ឧទ្យាន​ជាតិ ដើម្បី​ពន្យល់ តប​ការ​អះអាង​របស់​អ្នក​ភូមិ​ទាំង​នោះ​បាន​នៅ​ឡើយ​ទេ។

ក៏​ប៉ុន្តែ លោក ឈឿម តាំង ជា​មេ​ឃុំ​ខ្នង​ភ្នំ បាន​បដិសេធ​ចំពោះ​ការ​អះអាង​របស់​ក្រុម​អ្នក​ភូមិ​ថា ជា​ការ​មិន​ពិត។

លោក ឈឿម តាំង មាន​ប្រសាសន៍​ថា មិន​មាន​ការ​កាប់​ឈើ​នៅ​តំបន់​ខ្លា​ឃ្មុំ និង​ពពេល​សម្រាប់​នាំ​ចេញ​ទៅ​លក់​នៅ​ខាង​ក្រៅ​ទេ គឺ​មាន​តែ​ការ​កាប់ និង​អារ​ធ្វើ​ផ្ទះ នៅ​ក្នុង​តំបន់​នោះ។ លោក​មេ​ឃុំ​បញ្ជាក់​ថា នៅ​លើ​ខ្នង​ភ្នំ​គូលែន គឺ​ព្រៃ​ឈើ​នៅ​តំបន់​ខ្លះ ត្រូវ​ការពារ​សម្រាប់​ឧទ្យាន​ជាតិ។ ក៏​ប៉ុន្តែ តំបន់​ខ្លះ​ទៀត គឺ​ជា​តំបន់​ព្រៃ​សហគមន៍ ដែល​បាន​ស្នើសុំ​រដ្ឋាភិបាល ដើម្បី​ដក​ហូត​ព្រៃ​ឈើ​ទុក​កាប់​យក​ទៅ​សាងសង់​លំនៅឋាន​ជា​ដើម។

ចំណែក​នៅ​ឯ​ស្រុក​ស្វាយ​លើ ជាប់​ជើង​ភ្នំ​គូលែន​ដែរ មាន​សេចក្ដីរាយការណ៍​ថា មន្ត្រី​សាលា​ស្រុក​ខ្លះ មន្ត្រី​នៃ​អធិការដ្ឋាន​នគរបាល​​ខ្លះ រួម​ទាំង​​កង​រាជ​អាវុធ​ហត្ថ​មួយ​ចំនួន​ផង កំពុង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រកប​របរ​រក​ស៊ី​ឈើ​ខុស​ច្បាប់។

ប្រភព​ពី​ប្រជា​ពលរដ្ឋ​ម្នាក់ រស់​នៅ​ស្រុក​ស្វាយ​លើ អះអាង​ថា ពេល​បច្ចុប្បន្ន​នេះ មាន​មន្ត្រី​សាលា​ស្រុក មន្ត្រី​ប៉ូលិស​នៃ​អធិការដ្ឋាន និង​ប៉េអឹម​ស្រុក នៅ​តែ​ពាក់ព័ន្ធ​ការ​កាប់ និង​រកស៊ី​ឈើ​ខុស​ច្បាប់។

សំឡេង៖ «ព្រៃ​នៅ​ម្ដុំ​ភូមិ​ត្រពាំង​ស្វាយ និង​នៅ​ម្ដុំ​ភូមិ​អូរ​អា​កុក។ កាប់​តែ​ឈើ​ប្រភេទ​ល្អៗ ទេ ដូច​ជា ឈើ​បេង ឈើ​ធ្នង់ ខ្នាត​ល្មមៗ ហើយ​នៅ​ឈើ​ក្ដារ ឈើ​អ្វីៗ ហើយ​អ្នក​ដែល​ប្រព្រឹត្ត​ហ្នឹង ភាគ​ច្រើន​ជា​មនុស្ស ដែល​មាន​ឥទ្ធិពល ឬ​ក៏​ជា​ប៉ូលិស ប៉េអឹម។ គាត់​ឱ្យ​គេ​ឯង អ្នក​ស្រុក​ទៅ​កាប់ ហើយ​គាត់​ចាំ​ប្រមូល​ទិញ ហើយ​អ្នក​ដែល​ទៅ​កាប់​ហ្នឹង គឺ​គ្មាន​មន្ត្រី​បរិស្ថាន គ្មាន​នរណា​ហ៊ាន​ទៅ​ចាប់​ទេ»។

ពេល​បច្ចុប្បន្ន​ នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន ជាប់​ព្រំដែន​ខ្មែរ-ថៃ ដូចជា ខេត្ត​ឧត្តរ​មាន​ជ័យ​ ខេត្ត​ព្រះ​វិហារ និង​ខេត្ត​សៀមរាប នៅ​តែ​មាន​ការ​ដឹក​ឈើ​គ្រញូង និង​កាប់​ឈើ​ប្រណីតៗ នាំ​ចេញ​យក​ទៅ​លក់​ឱ្យ​ក្រុម​ឈ្មួញ​ខុស​ច្បាប់​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ។ សមត្ថកិច្ច​ជំនាញ ដូច​ជា រដ្ឋបាល​ព្រៃ​ឈើ​ជា​ដើម​ តែង​តែ​រាយ​បណ្ដាក់​គ្នា​នៅ​តាម​ដង​ផ្លូវ​នានា។ ក៏​ប៉ុន្តែ​ការ​បង្ក្រាប ហាក់​មាន​ប្រសិទ្ធភាព​តិចតួច ដោយ​សារ​​ការ​ដឹក​ឈើ​ខុស​ច្បាប់​ខ្លះ មាន​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។