សហគមន៍ព្រៃឈើឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ បានប្ដឹងទាមទារឲ្យអាជ្ញាធរឃុំកោះអញ្ជើញមនុស្សម្នាក់ ដើម្បីយកទៅអប់រំ ដែលត្រូវបានចោទថា បានប្រព្រឹត្តបទល្មើសព្រៃឈើនៅទីហាមឃាត់ ។
តំណាងសហគមន៍ឃុំស្រែចារ គឺលោក អ៊ុន ពៅ បានអះអាងថា សហគមន៍រួមទាំងប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាទៅចាប់រឹបអូសយករណារយន្តអារឈើរបស់មនុស្សមួយក្រុមដែលដឹកនាំដោយឈ្មោះ អ៊ី ទៀង នៅចំណុចទឹកផុសត្រពាំងព្រីង ភូមិស្អាត ឃុំស្រែចារ កាលពីថ្ងៃទី២ មិថុនា ពេលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង ហើយសុំឲ្យអាជ្ញាធរឃុំ អប់រំជាលើកដំបូងបន្ទាប់ពីជននេះ បានប្រព្រឹត្តបទល្មើស ហើយគំរាមថា ប៉ងសម្លាប់មន្រ្តីសហគមន៍ទៀត ។
លោក អ៊ុន ពៅ ថ្លែងដូច្នេះថា ៖ «...គាត់ប្រព្រឹត្តតែបទល្មើសទេ ប្រមាថដល់សហគមន៍យើង ថាប៉ុនប៉ងបរឡានសម្លាប់សហគមន៍យើងចោល ។ បានរាយការណ៍ជូនមេឃុំហើយ ។ ដូចថាជំហានទី១ គេអប់រំ» ។
លោក អ៊ុន ពៅ តំណាងសហគមន៍បានឲ្យដឹងបន្ថែមថា ចំណុចទឹកផុសព្រៃព្រីង ត្រូវបានអាជ្ញាធរឃុំ និងអាជ្ញាធរខេត្តចុះហត្ថលេខាទទួលស្គាល់ថា ជាព្រៃអភិរក្សសាសនា ដែលហាមប៉ះពាល់ ។
មេឃុំស្រែចារ គឺលោក ចន ឈន បានផ្ដល់សម្ភាសន៍កាលពីព្រឹកថ្ងៃទី៤ មិថុនា ថា លោកពុំទាន់មានលទ្ធភាពអញ្ជើញ អ៊ី ទៀង មកអប់រំបាននៅឡើយទេ ៖ «មិនទាន់បានហៅមកទេ ព្រោះការងារខ្ញុំមមាញឹកពេក ប្រហែលជាថ្ងៃចន្ទ ព្រោះឥឡូវនេះ ការងារបោះឆ្នោតមមាញឹក» ។
លោក អ៊ី ទៀង មិនអាចរកទូរស័ព្ទទំនាក់ទំនងសុំការបំភ្លឺបានឡើយ ។
មេឃុំស្រែចារបានបញ្ជាក់បន្ថែមថា ទាំងសងខាងសុទ្ធតែធ្លាប់រកស៊ីឈើដូចគ្នា ប៉ុន្តែលោក អ៊ុន ពៅ តំណាងសហគមន៍បានអះអាងថា អ៊ី ទៀង មានៈចង់បំផ្លាញព្រៃអភិរក្សសាសនា ទើបពួកគេចាប់បញ្ជូនរណារយន្តទៅឲ្យសហគមន៍ស្រុក ។
មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត គឺលោក ទេព សាមៃ បានផ្ដល់សម្ភាសន៍ថា មកទល់នឹងពេលនេះ ការប្រមូលរណារយន្តអារឈើខុសច្បាប់ ដោយស្ម័គ្រចិត្ត និងដោយចាប់ ក្នុងបទល្មើសបានប្រមាណមិនដល់ មួយពាន់គ្រឿងផង ។ ប៉ុន្តែលោកថា កំពុងតែចាប់បញ្ជូនជាបណ្ដើរៗ ចំពោះចំនួនដែលសេសសល់ ហើយថា ការចាប់រណារយន្តនៅស្នួល លោកឲ្យធ្វើការបញ្ជូនតាមច្បាប់ ។
លោក ទេព សាមៃ មានប្រសាសន៍ថា ៖ «តាមច្បាប់បទល្មើសព្រៃឈើទាំងឡាយ អ្នកណាចាប់ក៏ដោយត្រូវតែប្រគល់មកឲ្យរដ្ឋបាលព្រៃឈើ ដើម្បីចងក្រងសំណុំលិខិតទៅតុលាការ រីឯសហគមន៍មិនមានសិទ្ធិចងក្រងសំណុំលិខិតទៅតុលាការទេ» ។
បទល្មើសព្រៃឈើក្នុងស្រុកស្នួលត្រូវបានសហគមន៍ឃុំខ្សឹម រាយការណ៍មកដែរថា មានរថយន្តហ្សីល ស្លាកលេខយោធាទៅដឹកឈើចេញជាញឹកញាប់ ដោយគ្មានការបង្រ្កាប ពិសេសកាលពីថ្ងៃទី ៣ មិថុនា ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
មន្ត្រី៧នាក់ត្រូវបានដកហូតភារកិច្ចព្រោះពាក់ព័ន្ធនឹងសកម្មភាពកាប់ឈើ
ក្រុមហ៊ុនមួយត្រូវគេសង្ស័យថាពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់
ការដឹកជញ្ជូនឈើកើតមាននៅរតនគិរី ខណៈដែលការឃោសនាបោះឆ្នោតកំពុងប្រព្រឹត្ត
សកម្មភាពកាប់ឈើធ្វើអាជីវកម្មនៅខែត្រសៀមរាបកើនឡើង
ប្រជាសហគមន៍នៅរតនគិរីអំពាវនាវឲ្យស៊ើបអង្កេតករណីកាប់ឈើ
ជនជាតិវៀតណាមឆ្លងដែនមកលួចកាប់ឈើនៅរតនគិរី?
កម្មករស៊ីឈ្មួលកាប់រានព្រៃឈើ២០នាក់ត្រូវបានចាប់ខ្លួន
ឈើប្រណីតនៅតំបន់ឧទ្យានជាតិភ្នំគូលែនរងការកាប់ធ្វើអាជីវកម្ម