អាជ្ញាធរ​ប៉ៃលិន​ហាម​ទាហាន​កាប់​ឈើ​សង់​បន្ទាយ​​​នៅ​តាម​ព្រំដែន​ខ្មែរ​ថៃ

រដ្ឋាភិ​បាល​ខ្មែរ​បាន​អនុញ្ញាត្ត​ឲ្យ​កងទ័ព​កាប់​ឈើ​ធ្វើ​ជំរំយោធា​បន្ទាប់​ពី​ស្ថាន​ការណ៍​យោធា​រវាង​កម្ពុជា-​ថៃ នៅ​តំបន់​ប្រាសាទ​ព្រះ​វិហារ​តាន​តឹង តែ​ក្រោយ​មក​ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​កាប់​យក​ទៅ​លក់​​បណ្តាល​ឲ្យ​រដ្ឋាភិបាល​ប្រកាស​ហាម​កាប់​ឈើ​វិញ។

អាជ្ញាធរ​ខេត្ត​ប៉ៃលិន​បាន​ប្រកាស​បិទ​មិន​ឲ្យ​កង​ទ័ព​កាប់​ឈើ​យក​ទៅ​សាង​សង់​បន្ទាយ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ខ្មែរ​នៅ​ជាប់​ព្រំ​ដែន​ប្រទេស​ថៃ ខណៈ​ដែល​ការ​បំផ្លាញ​ព្រៃ​ក្នុង​ខេត្ត​នេះ​ត្រូវ​បាន​គេ​រាយ​ការណ៍​មក​ថា កំពុង​កើត​មាន​ភាព​អនា​ធិបតេយ្យ។

លោក អ៊ី ឈាន អភិបាល​ខេត្ត​ប៉ៃលិន​បាន​​មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២៥ ខែ​មករា​ថា កាល​ពីចុង​សប្តាហ៍​​កន្លង​ទៅ​នេះ​អាជ្ញាធរ​ខេត្ត​ប៉ៃលិន បាន​ចាត់​វិធានការ​មិន​ឲ្យ​កងទ័ព​កាប់​ឈើ​យក​ទៅ​សាង​សង់​បន្ទាយ​ដោយសារ​ឈើ​ដែល​រង​ការ​កាប់​បំផ្លាញ​នោះ​ត្រូវ​បាន​គេ​លក់​ដូរ​មិន​យក​ទៅ​សាងសង់​បន្ទាយ​ទ័ព​ទេ។

លោក អ៊ី ឈាន មាន​​ប្រសាសន៍​ថា ៖ «អ្នក​ផ្សេង​វា​ច្របូក​ច្របល់។ ពី​ណា​ពី​ណី​មក យើង​ផ្អាក​សិន​ដើម្បី​រៀប​ចំ​គណៈ​កម្មការ​មួយ​ចុះ​ទៅ​ធ្វើ​ការងារ​ជាក់​ស្តែង​ដើម្បី​បម្រើ​ការងារ​ការពារ​ឲ្យ​បាន​ពិត​ប្រាកដ​»

ក្រោយ​ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០០៨ បន្ទាប់​ពី​មាន​សភាព​ការ​តាន​តឹង​រវាង​កងទ័ព​ខ្មែរ-ថៃ នៅ​តំបន់​ព្រំ​ដែន​និង​នៅ​តំបន់​​ប្រា​សាទ​ព្រះវិហារ រដ្ឋាភិបាល​ខ្មែរ​បាន​ដាក់​ពង្រាយ​កងទ័ព​របស់​ខ្លួន​ការពារ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ដោយ​បាន​ប្រកាស​ឲ្យ​អាជ្ញាធរ​ខេត្ត​ធ្វើការ​សម្រប​សម្រួល​ក្នុង​ការ​អនុញ្ញាត​ឲ្យ​​កងទ័ព​កាប់​ឈើ​យក​ទៅ​ធ្វើ​ទី​ជម្រក​ ឃ្លាំង​និង​បន្ទាយ​នៅ​តាម​តំបន់​ព្រំដែន។

ប្រជា​ពលរដ្ន​នៅ​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា ឈើ​ប្រណីត​ដែល​ត្រូវ​បាន​​កង​ទ័ព​​កាប់​​នោះ​​ត្រូវ​​បាន​គេ​ដឹក​យក​ទៅ​លក់​ឲ្យ​ថៃ​និង​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម។

ប្រជា​ពលរដ្ឋ​មួយ​រូប​នោះ​បាន​អះអាង​ថា ៖ «ឈើ​យក​ទៅ​លក់​ខាង​ក្រៅ​ច្រើន​ជាង​ឈើ​យក​មក​ធ្វើ​បន្ទាយ។ ឈើ​យក​មក​ធ្វើ​បន្ទាយ​គឺ​ឈើ​របៀប​ឈើ​គ្រោង​ធ្វើ​ផ្ទះ។ ដល់​ពេល​អារ​ឈើ​នាំ​ទៅ​លក់​ ឈើ​ហ្នឹង​​អារ​ពី​ព្រៃ​មក​ដែរ តែ​២​គុណ​៨ ឈើ​នាំ​ចេញ​ទៅ​លក់​នៅ​ថៃ ទៅ​យួន​នេះ​»

លោក​ឧត្តម​សេនីយ៍ ហ៊ាន ហ៊ឹម មេ​បញ្ជាការ​តំបន់​ប្រតិបត្តិការសឹក​ប៉ៃលិន​បាន​មាន​ប្រសាសន៍​ថា ការ​កាប់​ឈើ​យក​ទៅ​លក់​កើត​មាន​ខ្លះ​មែន ប៉ុន្តែ​លោក​អះអាង​ថា ជា​រឿង​បុគ្គល ​ដោយ​លោក​បញ្ជាក់​ដូច្នេះ​ ៖ «ជា​ការ​ណែនាំ​​របស់​យើង ​គឺ​យើង​មិន​ឲ្យ​ធ្វើ​ផ្តេស​ផ្តាស​ក្រៅ​ពី​សង់​ជម្រក​កងទ័ព​​ទេ។ រឿង​ហ្នឹង​ជា​រឿង​បុគ្គល​ទេ ខ្ញុំ​ក៏​មាន​វិធានការ​តឹង​តែង​ដែរ​អារឿង​អារ​ឈើ​»

លោក ឆាង ភូរិន នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ប៉ៃលិន​ បាន​គាំទ្រ​វិធានការ​របស់​លោក អ៊ី ឈាន។ លោក​បាន​មាន​ប្រសាសន៍​ថា ក្រោយ​ពី​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​កាប់​ឈើ​យក​ទៅ​ធ្វើ​បន្ទាយ​​កង​ទ័ព​​គឺ​​មាន​​ជន​​ឆ្លៀត​ឱកាស​លួច​ធ្វើ​អាជីវកម្ម។

លោក​នាយ​ផ្នែក​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ប៉ៃលិន​ដែល​គាំទ្រការ​​ប្រកាស​បិទ​របស់​រដ្ឋាភិបាល​មាន​ប្រសាសន៍​ដូច្នេះ ៖ «ពេល​គាត់​អនុញ្ញាត​ឲ្យ​គេ​កាប់​ឈើ​ធ្វើ​បន្ទាយ​វា​មាន​ជន​ឆ្លៀត​ឱកាស​មិន​បាន​យក​ឈើ​ហ្នឹង​​ទៅ​ធ្វើ​បន្ទាយ​បែរ​ជា​ធ្វើ​ការ​ជួញ​ដូរ​ទៅ​វិញ​»

ប្រពភ​ពី​អ្នក​ស្រុក​ប៉ៃ​លិន​បាន​ថ្លែង​ថា ការ​ហាម​ឃាត់​មិន​ឲ្យ​កង​ទ័ព​កាប់​ឈើ​​គឺ​បាន​ធ្វើ​ឡើង​ហាក់​ដូច​យឺត​ពេល​ទៅ​ហើយ ​ព្រោះ​ព្រៃ​ឈើ​ធំៗ​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​ស្ទើរ​អស់​ទាំង​ស្រុង។

អ្នក​ភូមិ​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​បន្ថែម​ថា ៖ «ដល់​ពេល​ប្រកាស​បិទ​ហ្នឹង​​ក៏​វា​ល្មម​ចប់​ពេលហ្នឹង​​ដែរ ចប់​ពេល​ហ្នឹង​​តែ​ម្តង​ហ្នឹង។ (ព្រៃឈើ) នៅ​​សល់​តែ​ខាង​ក្រោម​ជាយ​ៗ​ដូច​ជា​ម្តុំ​បរហ៊ុយ»

គេ​រង់​ចាំ​មើល​ជា​បន្ត​ទៀត​ថា តើ​វិធានការ​នេះ​មាន​ប្រសិទ្ធភាព​ឬ​ក៏​អត់៕