មន្រ្តីស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឲ្យដឹងថា ឈើប្រណីតប្រភេទគ្រញូងប្រមាណពី ៨ ទៅ ១០ម៉ែត្រគូប ត្រូវបានគេដឹកជញ្ជូនពីតំបន់ទ្រនាប់នៃឧទ្យានជាតិវីរជ័យស្ទើររៀងរាល់ថ្ងៃ ចាប់តាំងពីពេលអាជ្ញាធរនៅតំបន់នោះរវល់ក្នុងការរៀបចំយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៤នេះ ។
ប្រភពមន្រ្តីសុំមិនឲ្យបញ្ចេញឈ្មោះ មានប្រសាសន៍ឈើត្រូវបានឈ្មួញដឹកជញ្ជូនតាមកាណូតតូចៗចំណុះពី ៣ ទៅ ៤ម៉ែត្រគូប នាំចេញពីបណ្តាភូមិសាស្រ្តឃុំសន្តិភាព ឃុំព្រែកមាស ដែលអ្នកភូមិលួចចូលកាប់ក្នុងតំបន់ទ្រនាប់នៃឧទ្យានជាតិវីរជ័យ ហើយឈ្មួញជាអ្នកប្រមូលទិញដោយបំពានច្បាប់ ៖ «ពេលឃោសនាបោះឆ្នោតហ្នឹង កំពុងតែខ្លាំងហើយឥឡូវហ្នឹង ពីយប់មិញដល់ថ្ងៃហ្នឹង ពីរបីទូកហើយ យប់ក៏ដឹកថ្ងៃក៏ដឹក ... ឈើគេដឹកតាមរទេះ អូសតាមគោយន្ត អូសចូលទន្លេដើម្បីយកដាក់ទូក ... ក្នុងមួយទូកដាក់បានពី៣ទៅ៤ម៉ែត្រគូប» ។
កាលពីដើមឆ្នាំ២០០៨ មន្រ្តីអនុរក្សឧទ្យានជាតិវីរជ័យស្នាក់ការប្រចាំស្រុកសៀមប៉ាង បានផ្តល់របាយការណ៍ថា មានអ្នកភូមិប្រើប្រាស់រទេះរុញដោយមនុស្សនិងប្រើកាំបិតពូថៅចូលលួចកាប់ឈើគ្រញូងដើម្បីលក់ឲ្យឈ្មួញ ។
មេឃុំព្រែកមាស លោក ភួង លន់ មានប្រសាសន៍បញ្ជាក់ថា ការចរាចរឈើប្រណីតតាមដងទន្លេពិតជាកើតមាន ហើយឈើមួយចំនួននាំចេញពីតំបន់ព្រៃជាប់ព្រំដែនប្រទេសលាវទៀតផង ៖ «វាមានខ្លះដឹកឆ្លងកាត់តាមដងទន្លេតូច មានចេញទៅសៀមប៉ាង មានមកពីព្រំដែន» ។
ឆ្លើយតបចំពោះសេចក្តីអះអាងខាងលើ នាយផ្នែកនៃខណ្ឌរដ្ឋបាលព្រៃឈើប្រចាំស្រុកសៀមប៉ាង លោក ខែក យោ មានប្រសាសន៍ថា លោកមិនបានទទួលរបាយការណ៍នោះទេ ក៏ប៉ុន្តែលោកអះអាងថា មានឈើប្រណីតប្រមាណ ៣០ម៉ែត្រគូប ដែលអាជ្ញាធរបង្រ្កាបនៅតំបន់នោះ ត្រូវបានដាក់ឲ្យឈ្មួញដេញថ្លៃ ដូច្នេះការចរាចរឈើអាចជាឈើដែលដាក់ឲ្យដេញថ្លៃនោះ ។
លោក ខែក យោ មានប្រសាសន៍ថា ៖ «ឈើជាឈើដែលគេដេញថ្លៃទេដឹង? អតិថិជនដែលគេដេញថ្លៃបាន គេដឹកជញ្ជូនចុះ ។ ឈើយើងចាប់បាន ៣០-៤០ម៉ែត្រគូប ឥឡូវអតិថិជនដេញថ្លៃនៅខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង» ។
ចំណែកអភិបាលស្រុកសៀមប៉ាង លោក សាន់ រិទ្ធចំរើន បញ្ជាក់ដែរថា លោកក៏ទទួលបានព័ត៌មានដូចសេចក្តីរាយការណ៍នោះដែរ ក៏ប៉ុន្តែលោកថា អាជ្ញាធរស្រុករវល់នឹងកិច្ចការពារយុទ្ធនាការឃោសនាបោះឆ្នោតមិនបានត្រួតពិនិត្យករណីនោះទេ ។
លោក សាន់ រិទ្ធចំរើន មានប្រសាសន៍ថា ៖ «ប្រហែលជាវាអាចឆ្លៀតហើយ ព្រោះចន្លោះពេលខ្លះ យើងអត់នៅទីរួមស្រុក យើងចេញទៅនេះទៅនោះ» ។
កាលពីឆ្នាំ២០០៧ ស្រុកសៀមប៉ាង បើតាមអាជ្ញាធរស្រុកឲ្យដឹងថា មានមូលដ្ឋានធ្វើអាជីវកម្មឈើប្រណីតមានតម្លៃគ្រញូង បេង នាងនួន កើតមានរាប់សិបទីតាំងនិងឈើរាប់សិបម៉ែត្រគូប ត្រូវបានបង្រ្កាបនិងរឹបអូសក្នុងព្រៃ ។
បើតាមមន្រ្តីមូលដ្ឋាន តាមបណ្តាឃុំមានព្រំប្រទល់ជាប់តំបន់ឧទ្យានជាតិវីរជ័យ មានប្រសាសន៍ឲ្យដឹងថា ព្រៃឈើប្រណីតនៅតំបន់នោះរងការកាប់ធ្វើអាជីវកម្មអស់ស្ទើរគ្មានសល់់ ហើយ បច្ចុប្បន្ន អ្នកភូមិកំពុងលួចចូលទៅកាប់បន្តនៅតំបន់ទ្រនាប់ឧទ្យាន ហើយសកម្មភាពនេះកើតមានជាបន្តបន្ទាប់ មិនអាចបង្រ្កាបបានឡើយ ពីព្រោះឈ្មួញសុទ្ធសឹងបុគ្គលជាមន្ត្រីមានអំណាចនៅមូលដ្ឋានជាអ្នកប្រមូលទិញ ៕
|
|
ស្តាប់សំឡេង |
|
|
ថតសំឡេង |
|
|
អ៊ីម៉េល |
|
|
ព្រឹត្តិបត្រព័ត៌មាន |
|
|
បោះពុម្ព |
មន្ត្រី៧នាក់ត្រូវបានដកហូតភារកិច្ចព្រោះពាក់ព័ន្ធនឹងសកម្មភាពកាប់ឈើ
ក្រុមហ៊ុនមួយត្រូវគេសង្ស័យថាពាក់ព័ន្ធនឹងការកាប់ឈើខុសច្បាប់
សកម្មភាពកាប់ឈើធ្វើអាជីវកម្មនៅខែត្រសៀមរាបកើនឡើង
ប្រជាសហគមន៍នៅរតនគិរីអំពាវនាវឲ្យស៊ើបអង្កេតករណីកាប់ឈើ
ជនជាតិវៀតណាមឆ្លងដែនមកលួចកាប់ឈើនៅរតនគិរី?
កម្មករស៊ីឈ្មួលកាប់រានព្រៃឈើ២០នាក់ត្រូវបានចាប់ខ្លួន
ឈើប្រណីតនៅតំបន់ឧទ្យានជាតិភ្នំគូលែនរងការកាប់ធ្វើអាជីវកម្ម
សហគមន៍នៅក្រចេះប្ដឹងឲ្យអាជ្ញាធរយកជនល្មើសកាប់ព្រៃឈើទៅអប់រំ