នៅ​រតនគិរី អ្នកភូមិ​រាយការណ៍​ថា ព្រៃ​ឈើ​អភិរក្ស​កំពុង​រង​ការកាប់​បំផ្លាញ

អ្នកភូមិ​នៃ​សហគមន៍​ជនជាតិ​ដើម​ខេត្ត​រតនគិរី រាយការណ៍​ថា ឈើ​ប្រណីត​ប្រមាណ ៥០០​ម៉ែត្រ​គូប​ត្រូវ​បាន​គេ​កាប់​អារ​ច្រៀក​និង​ដឹក​ជញ្ជូន​ចេញ​ពី​តំបន់​ព្រៃឈើ​ដែល​កំពុង​អភិរក្ស។

0:00 / 0:00

សេចក្តី​រាយកាណ៍​នេះ​ធ្វើ​ឡើង​តាម​រយៈ​ពាក្យ​បណ្តឹង​របស់​តំណាង​អ្នកភូមិ​ទ្រួសច្រាច់ ឃុំ​តាអង ស្រុក​កូនមុំ ២៨​នាក់​ដែល​បាន​ផ្តិត​មេដៃ​ប្តឹង​ទៅ​ព្រះរាជ​អាជ្ញា​អម​តុលាការ​ខេត្ត​កាល​ពី​ថ្ងៃ​ទី​៦ តុលា ឆ្នាំ​២០០៨ ដើម្បី​សុំ​ឲ្យ​ចាត់​វិធានការ​និង​ផ្តន្ទាទោស​ជន​ល្មើស​ដែល​បាន​បំផ្លាញ​ព្រៃ​ឈើ​និង​ធ្វើ​ឲ្យ​ផ្លូវ​លំ​អភិវឌ្ឍន៍​ក្នុង​ភូមិ​រង​ការ​ខូច​ខាត។

តំណាង​អ្នក​ភូមិ លោក ប៉ង សាម៉ុញ មាន​ប្រសាសន៍​បា្រប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​អង្គារ ទី​៧ តុលា ឆ្នាំ​២០០៨ ថា ចាប់ពី​ខែ​កញ្ញា ឆ្នាំ​២០០៧ រហូត​បច្ចុប្បន្ន ឈើ​ប្រណីត​គ្រប់​ប្រភេទ​ចំនួន ២១៧​ឡាន​ចំណុះ​ជិត ៥០០​ម៉ែត្រ​គូប​ត្រូវ​ឈ្មោះ ហ៊ន សុគង់ មាន​លំនៅ​នៅ​ឃុំ​ឡា​បានសៀក ស្រុក​បានលុង ខេត្ត​រតនគិរី និង​បក្ស​ពួក​កាប់​នៅ​ចំណុច​ភ្នំ​គ្រុយ ជា​តំបន់​ព្រៃឈើ​សហគមន៍ ហើយ​ករណី​នេះ​អ្នក​ភូមិ​បាន​ស្ទាក់​ចាប់​ឡាន​ដឹក​ឈើ​មួយ​គ្រឿង​និង​សុំ​កិច្ច​អន្តរាគមន៍​ពី​មេឃុំ​ក៏​ប៉ុន្តែ​ក្រុម​អ្នក​ដឹក​ឈើ​បាន​សូក​ប៉ាន់​មេឃុំ​ហើយ​នាំ​ឈើ​ចេញ​ទៅ​វិញ។

លោក ប៉ង សាម៉ុញ រៀបរាប់​ដូច្នេះ​ថា ៖ «ពួក​ខ្ញុំ​ចង់​ប្ដឹង​ឲ្យ​ឈប់​ធ្វើ​តែ​ម្ដង ប៉ះពាល់​ដល់​ផ្លូវ​អភិវឌ្ឍ​ន៍​ទៀត អត់​កើត​ទេ​ឥឡូវ»

មេឃុំ​តាអង លោក វ៉ាន់ ប៉ាន ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការកាប់​ឈើ​ដូច​របាយការណ៍​អ្នក​ភូមិ​មែន។ លោក​ថា មេខ្លោង​នៃ​ក្រុម​កាប់ឈើ​គឺ​នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​លោក ស៊ឹម ណារ៉ូ ហើយ​ករណី​នេះ លោក​បាន​រាយការណ៍​ជូន​អាជ្ញាធរ​ស្រុក​រួច​ហើយ ក៏​ប៉ុន្តែ​លោក​មិន​មាន​លទ្ធភាព​ទប់ស្កាត់​បាន​ឡើយ។

តាម​បណ្តឹង​អ្នកភូមិ​ជន​ពាក់​ព័ន្ធ​ផ្សេង​ទៀត នៅ​ក្នុង​ការកាប់​ឈើ​ខាង​លើ​មាន​ឈ្មោះ ប៊ិន និង​ឈ្មោះ ថាន ដែល​អ្នក​ភូមិ​មិន​ស្គាល់​អត្តសញ្ញាណ​ច្បាស់លាស់។

នៅ​ថ្ងៃ​អង្គារ​នេះ វិទ្យុ​អាស៊ីសេរី​មិន​អាច​ស្វែងរក​ជន​ដែល​រង​ការចោទ​ប្រកាន់​ខាង​លើ​ដើម្បី​អធិប្បាយ​បញ្ហា​នេះ​បាន​ទេ ចំណែក​នាយ​ប៉ូលិស​ប៉ុស្តិ៍​លោក ស៊ឺម ណារ៉ូ ក៏​ដូច​គ្នា ព្រោះ​លោក​មិន​មាន​វត្តមាន​នៅ​ការិយាល័យ។

យ៉ាងនេះ​ក្តី ព្រះរាជអាជ្ញា​អម​តុលាការ​ខេត្ត​រតនគិរី លោក ម៉ី សាខន មាន​ប្រសាសន៍​បញ្ជាក់​ថា ស្ថាប័ន​លោក​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​អ្នក​ភូមិ​រួច​ហើយ ហើយ​កំពុង​ពិនិត្យ​ករណី​នេះ។

ចំណែក​នាយផ្នែក​នៃ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ទទួល​បន្ទុក​ស្រុក​កូនមុំ លោក ឡេង យុត មាន​ប្រសាសន៍​ថា នឹង​ធ្វើការ​ស៊ើបអង្កេត​របាយការណ៍​នេះ​ដូចគ្នា។

មន្រ្តី​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា ព្រៃឈើ​ដែល​អ្នកភូមិ​រាយការណ៍​ថា មាន​ការកាប់​យក​ឈើ​ប្រណីត​គឺ​ជា​ការពិត។

លោក​ថា ជា​ការទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​មូលដ្ឋាន​និង​ស្ថាប័ន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ប្រចាំ​មូលដ្ឋាន​នោះ​ដូច​គ្នា។

លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា ៖ «គេ​ធ្វើ​ដល់​ឥឡូវ តាម​គាត់​កត់​វា ២១៧​[ឡាន]។ មួយ​ឡាន​ហ្នឹង​ជា​មធ្យម​មាន​ពីរ​ម៉ែត្រ​គូប អ៊ីចឹង​ប្រហែល​ជា ៥០០​ម៉ែត្រ​គូប ហើយ​នៅ​តំបន់​ព្រៃ​ហ្នឹង​ក៏​អស់។ សុំ​ឲ្យ​មាន​ចាត់​វិធាការ​ជា​បន្ទាន់»

ឈើ​ប្រណីត​កម្រ​មាន​តម្លៃ​ក្នុង​ខេត្ត​រតនគិរី បើ​តាម​ប្រជាសហគមន៍​ជនជាតិ​ដើម​ដែល​អភិរក្ស​ព្រៃឈើ​នៅ​តាម​មូលដ្ឋាន​នានា ឲ្យ​ដឹង​ថា ត្រូវ​បាន​គេ​កាប់​អារ​ច្រៀក​នាំ​ចេញ​លក់​ទៅ​តាម​រោង​សិប្បកម្ម​ក្នុង​ខេត្ត​និង​ដឹក​ជញ្ជូន​ចេញ​ទៅ​ទីផ្សារ​ក្នុង​ប្រទេស ជាពិសេស​លួច​នាំ​ចេញ​តាម​ច្រក​របៀង​ព្រំដែន​ទៅ​កាន់​ទីផ្សារ​ប្រទេស​វៀតណាម​ដែល​នៅ​ជាប់​នឹង​ខេត្ត​រតនគិរី អស់​ស្ទើរ​គ្មាន​សល់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ៕