សង្គម​ស៊ីវិល​រិះគន់​វិធានការ​លុបបំបាត់​​​បទល្មើស​ព្រៃ​ឈើ​និង​កុងត្រូល​ជជុះ​

មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​អភិរក្ស​ព្រៃ​ឈើ​ក្នុង​ប្រទេស​កម្ពុជា គ្មាន​ជំនឿ​ចំពោះ​វិធានការ​ទប់​ស្កាត់​កុងត្រូល​ជជុះ ឬ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ផ្ដើម​ដោយ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ​នោះ​ទេ។

0:00 / 0:00

សង្គម​ស៊ីវិល​អះអាង​ថា វិនាសកម្ម​ព្រៃ​ឈើ​បាន​បន្ត​កើត​មាន​រាល់​ថ្ងៃ និង​មាន​រូបភាព​ធ្ងន់ធ្ងរ ហើយ​អ្នក​នៅ​ពី​ក្រោយ​​បទល្មើស​ព្រៃ​ឈើ​ភាគ​ច្រើន​ជា​មន្ត្រី​ជំនាញ ឬ​មន្ត្រី​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ជួរ​រដ្ឋាភិបាល​នេះ​ឯង។

មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ និង​ថ្នាក់​ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ ក្នុង​សប្ដាហ៍​កន្លង​ទៅ​នេះ បាន​​​​ព្រមាន​​​ឲ្យ​មន្ត្រី​ក្រោម​ឱវាទ​បង្ក្រាប​​​កុងត្រូល​ជជុះ ​​​និង​បទល្មើស​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព ព្រោះ​បទ​បញ្ជា​ប្រមុខ​ដឹកនាំ​នៅ​ជា​​ធរមាន​នៅ​ឡើយ។

ទោះ​យ៉ាង​ណា ការ​អះអាង​នេះ​ត្រូវ​បាន​មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​​អភិរក្ស​ព្រៃ​ឈើ​គ្មាន​ជំនឿ​ថា មន្ត្រី​រដ្ឋាភិបាល​អាច​លុប​បំបាត់​កុងត្រូល​ជជុះ ឬ​បទល្មើស​ព្រៃ​ឈើ​បាន​ទេ ព្រោះ​ពួកគេ​យល់​ថា ទាំង​អ្នក​បង្ក្រាប និង​អ្នក​ប្រព្រឹត្ត​​​​ល្មើស ​ស្ថិត​ក្នុង​ចង្កោម ឬ​ក្រុម​តែមួយ។

លោក ឈឹម សាវុធ ជា​មន្ត្រី​កម្មវិធី​របស់​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា។ លោក​បាន​អះអាង​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ថា បទល្មើស​ព្រៃ​ឈើ ឬ​កុងត្រូល​ជជុះ មិន​មែន​ពលរដ្ឋ​សាមញ្ញ ឬ​អ្នក​ស្រែ​ចំការ​ហ៊ាន​ប្រព្រឹត្ត​បទល្មើស​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ​លោក​ថា សមត្ថកិច្ច​ប្រដាប់​អាវុធ​ស្ថិត​ក្នុង​ស្ថាប័ន​កង​យោធពល​ខេមរភូមិន្ទ ស្ថាប័ន​នគរបាល ឬ​កង​រាជ​​អាវុធហត្ថ​ឯ​ណោះ​ទេ ជា​អ្នក​បង្ក​បទ​ល្មើស ឬ​នៅ​ពី​ក្រោយ​បទល្មើស។

លោក ឈឹម សាវុធ បាន​បញ្ជាក់​ថា សព្វថ្ងៃ​នេះ​បទល្មើស​ព្រៃ​ឈើ​ ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​មូលដ្ឋាន​ស្រុក​​ស្នូល ខេត្ត​ក្រចេះ និង​នៅ​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ អ្នក​ប្រព្រឹត្ត​ល្មើស​ជា​មន្ត្រី​​ធ្វើ​ការ​ក្នុង​ស្ថាប័ន​ជំនាញ​រដ្ឋាភិបាល។

លោក ឈឹម សាវុធ៖ «ព័ត៌មាន​ថ្មីៗ​នេះ ឥឡូវ​នេះ​នៅ​ក្នុង​តំបន់​អូរ​ឆ្នូ យប់​មិញ និង​យប់​ម្សិល មាន​ឡាន​ធុន​ធំ​ដឹក​ឈើ​ចេញ​ពី​តំបន់​អូរ​ឆ្នូ ចូល​មក​ក្រុមហ៊ុន ស៊ី.អា.ស៊ី.ខេ. (CRCK) ក្នុង ១​យប់​មាន​ពី ៥ ទៅ ៦​ឡាន ហើយ​ក្នុង ១​ឡាន​ៗ​មាន​​​រាប់​រយ​ម៉ែត្រ​គូប។ និយាយ​ជា​រួម​ទៅ បញ្ហា​នៅ​ព្រៃ​ឡង់​បច្ចុប្បន្ន​នេះ​ជា​រឿង​១ ដែល​ត្រូវ​ប្រកាស​អាសន្ន និង​ទាមទារ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ចុះ​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​ជា​បន្ទាន់​ពី​ក្រសួង​សាមី ក៏​ដូច​ជា​រាជរដ្ឋាភិបាល បើ​សិន​ជា​មាន​ចេតនា​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​មែន​នោះ»

​ទោះ​យ៉ាង​ណា​លោក​នាយ​ឧត្ដមសេនីយ៍ គន់ គីម អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ កាល​ពី​ថ្ងៃ​សុក្រ ទី​១៧ ខែ​សីហា នា​ខេត្ត​ព្រះវិហារ។ លោក​​បាន​ព្រមាន​​ធ្ងន់ៗ​ទៅ​កាន់​នាយ​ទាហាន និង​កង​នគរបាល​ជាតិ​នៅ​តាម​​​ព្រំដែន​កម្ពុជា-​ថៃ ត្រូវ​បង្ក្រាប​កុង​ត្រូល​ជជុះ និង​គេច​​ឲ្យ​ផុតពី​បទល្មើស​ព្រៃ​ឈើ។

ស្រដៀង​គ្នា​ដែរ លោក កែប ជុតិមា អភិបាល​សាលា​រាជធានី​ភ្នំពេញ នៅ​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ ការ​អនុវត្ត​​គោលនយោបាយ​ភូមិ​​សង្កាត់​មាន​​សុវត្ថិភាព បាន​ព្រមាន​ឲ្យ​ចៅ​សង្កាត់ ​និង​អភិបាល​ខណ្ឌ​ទូទាំង​រាជធានី​ភ្នំពេញ ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​ដាក់​​កុងត្រូល​ជជុះ ​ក្នុង​មូលដ្ឋាន​រៀងៗ​ខ្លួន។

លោក កែប ជុតិមា បាន​បញ្ជាក់​ថា ការ​អនុវត្ត​​​គោលនយោបាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព​​​កន្លង​ទៅ​ មាន​តែ ៥​​ចំណុច​ ប៉ុន្តែ​ឥឡូវ​ត្រូវ​បន្ថែម ៤​ចំណុច​ទៀត។ ដូច​ជា​គ្មាន​គ្រោះថ្នាក់​ចរាចរណ៍ គ្មាន​គ្រោះថ្នាក់​ដោយ​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ មាន​វិធានការ​ទប់ស្កាត់​​ចំពោះ​គ្រោះ​មហន្តរាយ និង​គ្មាន​ការ​ត្រួត​ពិនិត្យ​ខុស​ច្បាប់ ឬ​គ្មាន​កុងត្រូល​ជជុះ។

បញ្ហា​នេះ លោក​នាយ​ឧត្ដមសេនីយ៍ គន់ គីម បាន​សង្កត់​ធ្ងន់​ថា បទបញ្ជា​លុប​បំបាត់​កុងត្រូល​ជជុះ ឬ​ទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើ​​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅ​ជា​ធរមាន​​នៅ​ឡើយ។ ហេតុ​នេះ​កង​កំលាំង​ប្រដាប់​​​អាវុធ​ទាំង​អស់​ត្រូវ​​បង្ក្រាប​កុងត្រូល​ជជុះ​​ឲ្យ​មាន​ប្រសិទ្ធភាព។

លោក​ទទួល​ស្គាល់​ថា សព្វ​ថ្ងៃ​នេះ​កុង​ត្រូល​ជជុះ បាន​បន្ត​ធ្វើ​សកម្មភាព​តាម​ផ្លូវ​​ហូរហែ ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​ពាក់​ព័ន្ធ​ផ្នែក​ណា​មួយ​ចេញ​មុខ​បង្ក្រាប​នោះ​ទេ។ បន្ថែម​លើ​នេះ លោក គន់ គីម បាន​ឲ្យ​ដឹង​ថា មក​មាន​កងពល​យោធា​ខ្លះ បាន​ជាប់​ពាក់ព័ន្ធ​សកម្មភាព​ការ​រក​ស៊ី​ឈើ​ល្មើស​ច្បាប់។

យ៉ាង​នេះ​ក្ដី លោក​បាន​ព្រមាន ​និង​ស្នើ​ដល់​នាយ​ទាហាន ឬ​ពលទាហាន មិន​ត្រូវ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃ​ឈើ​ទៀត​ទេ និង​ត្រូវ​ចូល​រួម​សហការ​បង្ក្រាប​ឲ្យ​បាន​ជា​ស្ថាពរ​តាម​បទបញ្ជា​ប្រមុខ​ដឹកនាំ​បាន​ដាក់​ចេញ។

បុរស​វ័យ​កណ្ដាល​ឈ្មោះ យឹម រស្មី ​ពលរដ្ឋ​រស់​នៅ​ខេត្ត​ក្រចេះ បាន​ឲ្យ​ដឹង​ថា សកម្មភាព​ជួញដូរ​ឈើ​ប្រណិត​បាន​បន្ត​ឆ្លង​កាត់​មូលដ្ឋាន​រាល់​ថ្ងៃ។ លោក​ថា យូរៗ​ម្ដង​ឃើញ​មាន​សកម្មភាព​បង្ក្រាប​របស់​មន្ត្រី​ជំនាញ​ម្ដងម្កាល​ដែរ ប៉ុន្តែ​សកម្មភាព​បង្ក្រាប​នេះ​នៅ​ពេល​ឈ្មួញ​ល្មើស​ចរចា​ជាមួយ​មន្ត្រី​ជំនាញ​មិន​ត្រូវ​ថ្លៃ​គ្នា ទើប​មាន​សកម្មភាព​បង្ក្រាប។

លោក យឹម រស្មី៖ «សម្ដេច​នាយករដ្ឋមន្ត្រី​បាន​ប្រកាស​ជា​ឱឡារិក​ថា សារចរ​លេខ ០១ ត្រូវ​អនុវត្ត​ឲ្យ​បាន​ក្ដៅ​គគុក​បែប​ណា​ក៏ដោយ ក៏​បទល្មើស​ព្រៃឈើ​នៅ​លើ​ទឹក​ដី​ភូមិ​ភាគ​ឦសាន​ទាំង​អស់​ហ្នឹង គឺ​មិន​មាន​សញ្ញា​ថយ​ចុះ​ទេ ជា​ពិសេស​អ្នក​ប្រព្រឹត្ត​បទល្មើស​ធំៗ​នេះ​ច្រើន​តែ​ពាក់ព័ន្ធ​នឹង​មន្ត្រី​ប្រដាប់​អាវុធ​ធំៗ​ជាក់ស្ដែង គឺ​យប់​មិញ​នេះ​មាន​ចៅក្រម​តុលាការ​ខេត្ត​ក្រចេះ ចេញ​មុខ​រត់​ការ​រឿង​ឈើ​ខុស​ច្បាប់​ហ្នឹង​ទៀត»

ពលរដ្ឋ​រូប​នេះ​បាន​ចោទ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃ​ឈើ ឬ​ថ្នាក់​ដឹកនាំ​ពាក់ព័ន្ធ​ខេត្ត​ក្រចេះ ស្ថិត​នៅ​ពី​ក្រោយ​ឈ្មួញ​បទល្មើស​ព្រៃ​ឈើ ទើប​មិន​សូវ​ឃើញ​មាន​សកម្មភាព​បង្ក្រាប​របស់​សមត្ថកិច្ច។

ទាក់ទិន​បញ្ហា​នេះ លោក ឈឹម សាវុធ ​ បញ្ជាក់ថា បទ​ល្មើសព្រៃឈើកំពុង​ធ្វើ​សកម្ម​ភាព នៅ​ខេត្ត​កំពុងធំ ក្នុង​តំបន់​​ព្រៃឡង់ មាន​រូបភាព​ធ្ងន់ធ្ងរ ហើយ​ថា បទល្មើស​នេះ​បើ​រដ្ឋាភិបាល​គ្មាន​វិធានការ​បង្ក្រាប់ ឬ​ទប់​ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ​នោះ ព្រៃ​ឈើ​កម្ពុជា​នឹង​វិនាស​ហិនហោច។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បាន​ចោទ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ខេត្ត​កំពង់ធំ ថា​បាន​ត្រូវ​ដង​ត្រូវ​ផ្លែ​ជាមួយ​ឈ្មួញ​ព្រៃ​ឈើ ជា​ថ្នូរ​ទទួល​បាន​សំណូក​លុយ​កាក់​ប្រចាំ​ខែ ទើប​បទល្មើស​បន្ត​កើត​មាន និង​គ្មាន​ការ​ទប់ស្កាត់។

លោក ឈឹម សាវុធ៖ «ទាមទារ​ឲ្យ​មាន​ការ​ទប់ស្កាត់​ណា​មួយ​ឲ្យ​មាន​ប្រសិទ្ធភាព​ហើយ។ បើ​សិន​ជា​ទាំង​​អស់​គ្នា​មាន​ចេតនា​ក្នុង​ការ​ទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​ព្រៃ​ឡង់ ក៏​ដូច​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ទាំង​មូល»

ទោះ​យ៉ាង​ណា លោក​នាយ​ឧត្ដមសេនីយ៍ គន់ គីម ដែល​ជា​អនុ​ប្រធាន​ទី​១ គណៈ​បញ្ជាការ​សមរភូមិ​មុខ​ព្រំដែន​កម្ពុជា-​ថៃ ផង​នោះ បាន​ព្រមាន​ធ្ងន់ៗ​ទៅ​កាន់​នាយ​ទាហាន និង​កង​នគរបាល​ជាតិ​ជាន់​ខ្ពស់​​ថា ត្រូវ​បង្ក្រាប​កុង​ត្រូល​ជជុះ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ​ឲ្យ​មាន​ប្រសិទ្ធភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។