សហគមន៍​នៅ​មណ្ឌលគិរី​អំពាវនាវ​ឲ្យ​មាន​ការ​ទប់​ស្កាត់​ការ​បំផ្លាញ​ព្រៃឈើ

ប្រជាពលរដ្ឋ​នៃ​សហគមន៍​ជនជាតិ​ភាគ​តិច​ព្នង ភូមិ​ស្រែ​អំពិល បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​មួយ​ឈ្មោះ សុវណ្ណ​រាជសី ដែល​មាន​ទីតាំង​នៅ​ខេត្ត​ក្រចេះ ថា​បាន​ប្រើ​គ្រឿង​ចក្រ​ឈូស​ឆាយ​បំពាន​លើ​តំបន់​ព្រៃ​អភិរក្ស​របស់​សហគមន៍ ដែល​នៅ​ជាប់​ព្រំប្រទល់​គ្នា​ក្នុង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។

0:00 / 0:00

អ្នក​ភូមិ​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​ឈូស​ឆាយ​ព្រៃ​ដើម្បី​យក​ដី​ដាំ​កៅស៊ូ ប៉ុន្តែ​សកម្មភាព​នេះ​វា​បាន​បំផ្លាញ​ព្រៃ​ដែល​ប្រជាពលរដ្ឋ​ធ្លាប់​រក​អនុផល​ព្រៃ​ឈើ​សម្រាប់​ចិញ្ចឹម​ជីវិត​តាំង​ពី​ដូន​តា​របស់​ពួកគាត់ និង​ប៉ះ​ពាល់​ដល់​តំបន់​ព្រៃ​អភិរក្ស​របស់​សហគមន៍​ថែម​ទៀត។

ប្រជា​សហគមន៍​ជនជាតិ​ភាគ​តិច​ព្នង នៅ​ភូមិ​ស្រែ​អំពិល​ជាង ៦០​គ្រួសារ បាន​អំពាវនាវ​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​កិច្ចការ​អភិរក្ស​ព្រៃ​ឈើ​ក្នុង​ស្រុក​កែវសីមា មាន​វិធានការ​ជា​បន្ទាន់ ដើម្បី​ទប់ស្កាត់​ចំពោះ​ក្រុមហ៊ុន​ដែល​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋ ប៉ះពាល់​ដល់​តំបន់​អភិរក្ស​ព្រៃ​ឈើ​របស់​សហគមន៍​នេះ។

ប្រធាន​សហគមន៍ លោក ភួន សី បាន​ឲ្យ​ដឹង​ថា នៅ​ប៉ុន្មាន​ខែ​មុន​នេះ សហគមន៍​លោក​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ព្រៃ​ឈើ អាជ្ញាធរ​មូលដ្ឋាន និង​តុលាការ ឲ្យ​រក​យុត្តិធម៌​លើ​ករណី​ដែល​ក្រុមហ៊ុន សុវណ្ណ​រាជសី បាន​ឈូស​ផ្ដួល​រំលំ​ដើម​ឈើ​ធំៗ ក្នុង​តំបន់​ដែល​ប្រជាពលរដ្ឋ​ជន​ជាតិ​ភាគ​តិច​ធ្លាប់​រក​អនុផល​ព្រៃ​ឈើ ដូច​ជា​បោច​វល្លិ កាប់​ផ្ដៅ រក​ជ័រ​ជាដើម នៅ​តំបន់​ដែល​មាន​ព្រំ​ប្រទល់​ជាប់​គ្នា​រវាង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ និង​ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី។

លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ពុំ​ទាន់​ឃើញ​មាន​ចំណាត់​ការ​ណា​មួយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ឡើយ ហើយ​ក្រុមហ៊ុន​នៅ​តែ​មាន​សកម្មភាព​ឈូស​ឆាយ​បន្ត​ចូល​មក​ក្នុង​តំបន់​ព្រៃ​ការពារ​របស់​សហគមន៍​ប្រហែល ៤០០​ម៉ែត្រ​ថែម​ទៀត។

លោក ភួន សី៖ «ខាង​ក្រុមហ៊ុន​ឈូស​ឆាយ​ប្រាប់​ថា ដី​ព្រំ​ប្រទល់​អត់​ច្បាស់​ទៀត។ ថ្ងៃ​ណា​មក​ល្បាត​គាត់​មិន​ឈូស ថ្ងៃ​ណា​មិន​មក​ល្បាត​គាត់​ឈូស វា​ពិបាក​អ៊ីចឹង​ទៀត។ ខាង​សហគមន៍​មាន​ប្រាក់​ខែ​ណា មាន​ពេល​ណា​រាល់​តែ​ថ្ងៃ មួយ​ខែ​ដើរ បី​បួន​ដង​វា​ច្រើន​ពេក​ហើយ​សម្រាប់​សហគមន៍ រវល់​ធ្វើ​ស្រែ​ផង ធ្វើ​ចំការ​ផង។ រដ្ឋាភិបាល​គាត់​មិន​មើល​ឃើញ​សោះ បាន​ខាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​គាត់​ជួយ​តិចៗ បើ​នៅ​តែ​ឈូស​យ៉ាង​នេះ​ទៀត កុំ​ថា តែ​ដី​ចំការ តែ​ដី​ស្រែ​មិន​ដឹង​នៅ ឬ​មិន​នៅ​ផង​ទៅ​មុខ​ទៀត។ មាន​ន័យ​ថា អភិវឌ្ឍ​យ៉ាង​នេះ​ធ្វើ​ឲ្យ​សហគមន៍​ជនជាតិ​ភាគ​តិច​យើង​ខ្ញុំ​ទឹក​ភ្នែក អភិវឌ្ឍ​យ៉ាង​ហ្នឹង»

អ្នក​ភូមិ​ម្នាក់​ទៀត​ឈ្មោះ ចេង សាម៉ាន់ បាន​ថ្លែង​ទាំង​ក្ដី​បារម្ភ​ថា ការ​កាប់​ព្រៃ​ឈើ​ដើម្បី​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ​នេះ ជា​ការ​បំផ្លិចបំផ្លាញ​ព្រៃ​ធម្មជាតិ​ដ៏​មាន​តំលៃ និង​ជា​ការ​វាយ​បំបែក​ឆ្នាំង​បាយ​ប្រពលរដ្ឋ​ ជា​ពិសេស​ជន​ជាតិ​ដើម​ភាគ​តិច​តែម្ដង៖ «ពីព្រោះ​ថា មា​ម្ដុំ​ត្រង់​នេះ​ដឹង​ថា ព្រៃ​ជ័រ ព្រៃ​អារក្ស អ្នកតា​ទាំង​អស់​ហើយ​តាម​ហ្នឹង ជ័រ​ចុង ជ័រ​ច្បោះ​យើង​ហ្នឹង។ អ៊ីចឹង​បាន​ន័យ​ថា ព្រៃ​ដែល​គេ​កំពុង​ឈូស​ឆាយ​នេះ​សុទ្ធ​តែ​ព្រៃ​ធំៗ សុទ្ធ​តែ​ព្រៃ​ធំ​ទាំង​អស់ ព្រៃ​ចាស់ សុទ្ធតែ​បង​ប្អូន​ប្រជាពលរដ្ឋ​ទៅ​ដង​ជ័រ​ដង​អី​ហ្នឹង»

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​រក​ប្រភព​ពី​តំណាង​ក្រុមហ៊ុន សុវណ្ណ​រាជសី ដើម្បី​បកស្រាយ​ពី​បញ្ហា​ដែល​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​មក​នេះ​បាន​ទេ នៅ​ថ្ងៃ​អង្គា ទី​១៥ វិច្ឆិកា។ ប៉ុន្តែ​បុរស​ម្នាក់​ឈ្មោះ នាក់ គង់ ដែល​អះអាង​ថា ជា​អ្នក​អារ​ច្រៀក​ដើម​ឈើ​ដែល​ក្រុមហ៊ុន​ឈូស​ផ្ដួល​រំលំ​រួច​ហើយ បាន​អះអាង​ថា ដើម​ឈើ​ដែល​លោក​ឃើញ​នៅ​សេស​សល់​នោះ​មិន​មែន​ជា​ប្រភេទ​ឈើ​ធំៗ​ទេ៖ «ឈើ​ដែល​ដួល​ហ្នឹង​មុខ ២០ មុខ ៣០ ហ្នឹង​តូចៗ​ដែរ តូច​ជាង​ព្រៃ​ដែល​គេ​គ្រប់គ្រង​ហ្នឹង​ទេ»

អ្នក​ភូមិ​អះអាង​ទៀត​ថា ផល​លំបាក​ម្យ៉ាង​ទៀត​នៅ​ពេល​មាន​ក្រុមហ៊ុន​វិនិយោគ​នៅ​ជិត​តំបន់​ព្រៃ​អភិរក្ស​នោះ ធ្វើ​ឲ្យ​មាន​ជន​ខិលខូច​លួច​កាប់​ឈើ​ប្រណិត​ក្នុង​ព្រៃ​សហគមន៍ ដោយ​ចេញ​ចូល​តាម​ច្រក​ឆ្លង​កាត់​តំបន់​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ដែល​មាន​ឈូស​ធ្វើ​ផ្លូវ​រថយន្ត​ចូល​ដល់​តំបន់​ព្រៃ​ការពារ។

ទោះ​យ៉ាង​ណា មេ​ឃុំ​ស្រែខ្ទម លោក ជា ឆឹង មាន​ប្រសាសន៍​ថា បញ្ហា​នេះ​ជា​រឿង​ស្មុគស្មាញ​មួយ ពីព្រោះ​តំបន់​នោះ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ពីរ​ផ្សេង​គ្នា។ លោក​បន្ត​ថា ចំពោះ​ករណី​ក្រុមហ៊ុន​ប្រើ​គ្រឿងចក្រ​ឈូស​ចូល​ព្រៃ​អភិរក្ស​ការពារ​ដោយ​សហគមន៍​ជន​ជាតិ​ភាគ​តិច​នៅ​ភូមិ​ស្រែ​អំពិល ក្នុង​ទឹកដី​ឃុំ​ស្រែខ្ទុំ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី នោះ អាជ្ញាធរ​ខាង​បរិស្ថាន និង​អាជ្ញាធរ​ពាក់ព័ន្ធ រួម​មាន​សង្គម​ស៊ីវិល​ផង បាន​កោះ​ប្រជុំ​គ្នា​រយៈពេល ២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១៥ និង​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ដោយ​ផ្ដោត​សំខាន់​លើ​បញ្ហា​បោះ​ព្រំ​កំណត់​ដី​របស់​សហគមន៍។

លោក ជា ឆឹង៖ «កាល​ណា​យើង​រៀបចំ​ព្រំ​សហគមន៍​ហើយ យើង​មាន​លំនឹង​ហើយ ក្រុមហ៊ុន​មិន​អាច​មក​ជ្រៀត​បាន​ទេ ហើយ​ខាង​ក្រុមហ៊ុន​ក៏​គាត់​ស្ដាប់​បាន​ដែរ សុំ​គាត់​ក៏​ផ្អាក​ដែរ។ ដូច​ថា កន្លង​មក​គាត់​បាន ស.ជ.ណ. (សេចក្ដី​ជូន​ដំណឹង) អ៊ីចឹង​មក​គាត់​មិន​បាន​សិក្សា​ឲ្យ​ជ្រៅ​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ដល់​សហគមន៍​ជនជាតិ​ភាគ​តិច​នៅ​ស្រែ​អំពិល និង​ភូមិ​នានា​ដែរ ដែល​មាន​ផល​ប៉ះពាល់​ហ្នឹង»

អ្នក​សម្របសម្រួល​ការងារ​អភិវឌ្ឍន៍​សហគមន៍​ជនជាតិ​ភាគ​តិច​ក្នុង​ស្រុក​កែវសីមា លោក ដេន ណារ៉ា បាន​ឲ្យ​ដឹង​ថា ទោះ​យ៉ាង​ណា​ក្ដី អ្នក​ភូមិ​បាន​រង​គ្រោះ​រួច​ទៅ​ហើយ ពីព្រោះ​ពួក​គាត់​រស់​នៅ​ពឹង​តែ​ទៅ​អនុផល​ព្រៃ​ឈើ​តាំង​ពី​ដូន​តា​មក ប៉ុន្តែ​តំបន់​ព្រៃ​កាន់​តែ​រួម​តូច ធនធាន​ព្រៃ​សំខាន់ៗ​ដែល​ស្ថិត​ក្នុង​រង្វង់​ការពារ​ដោយ​ច្បាប់​ ក៏​មិន​អាច​ការពារ​បាន ហើយ​បច្ចុប្បន្ន​វា​កំពុង​បាត់បង់​ស្ទើរ​តែ​អស់​ទៅ​ហើយ។

លោក ដេន ណារ៉ា៖ «មុន​ដែល​ក្រុមហ៊ុន​ចូល​មក​កន្លែង​ហ្នឹង ជា​កន្លែង​ពួកគាត់​រក​ជ័រ រក​ចុង​ផ្ដៅ​អី​ទៅ​តាម​ប្រពៃណី​ពួក​គាត់។ ខ្ញុំ​គិត​ថា វា​ប៉ះពាល់​ហើយ​ដល់​ការ​រក​ស៊ី​របស់​គាត់​មែន​ទែន​តែម្ដង ជា​ទូទៅ​គាត់​រក​មិន​ត្រឹមតែ​កន្លែង​កៀកៗ​ភូមិ​ហ្នឹង​ទេ គឺ​គាត់​រក​ទូទៅ​អ៊ីចឹង»

របាយការណ៍​ពី​ប្រជា​សហគមន៍ និង​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា បាន​បង្ហាញ​ថា ក្នុង​ចំណោម​ប្រភេទ​ដើម​ឈើ​សំខាន់ៗ ដែល​អ្នក​ភូមិ​អាច​យក​ជ័រ​បាន ដូចជា​ដើម​ឈើ​ទាល និង​ដើម​ត្រាច​ជា​ដើម​នោះ កាល​ពី​មុន​មាន​ជាង ៤​ពាន់​ដើម នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស​របស់​សហគមន៍​ស្រែ​អំពិល ប៉ុន្តែ​បច្ចុប្បន្ន​វា​បាន​បាត់បង់​អស់​ជាង ២​ពាន់​ដើម​ទៅ​ហើយ ដោយសារ​មាន​ជនល្មើស​លួច​កាប់​ឈើ​ធ្វើ​អាជីវកម្ម។

អ្នក​ភូមិ​បាន​កត់​សម្គាល់​ថា ការ​បាត់បង់​លឿន​បំផុត គឺ​ក្រោយ​ពេល​កើត​មាន​ក្រុមហ៊ុន​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ផ្ដល់​ដោយ​រដ្ឋាភិបាល​នៅ​តំបន់​នោះ កាល​ពី​ខែ​មេសា ឆ្នាំ​២០១១​នេះ៕