អ្នក​ស្រុក​បារម្ភ​អំពី​ការ​បំផ្លាញ​ព្រៃ​ឈើ​នៅ​ខេត្ត​ប៉ៃលិន

ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ ​នៅ​ក្នុង​ខេត្ត​ប៉ៃលិន កំពុង​ក្លាយ​ជា​ចំណោទ​មួយ​យ៉ាង​ធ្ងន់ធ្ងរ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​ស្រុក​ប្រកប​របរ​កសិកម្ម។

បើ​គេ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៥៧ អតីត​ផ្លូវ​ជាតិ​លេខ​១០ ពី​ខេត្ត​បាត់ដំបង ចូល​ទៅ​ដល់​ទឹក​ដី​ខេត្ត​ប៉ៃលិន គេ​អាច​មើល​ឃើញ​ភ្នំ​តូច ភ្នំ​ធំ​ជា​ច្រើន​កន្លែង នៅ​ហូរហែ​អម​សង​ខាង​ដង​ផ្លូវ ដែល​ពី​មុខ​សំបូរ​ទៅ​ព្រៃ​ឈើ​តូច​ធំ ដុះ​ព្រោង​ព្រាត បច្ចុប្បន្ន​កំពុង​រង​ការ​វិនាស​ហិន​ហោច ដោយ​សារ​ការ​ធ្វើ​អាជីវកម្ម​ឈើ​ខុស​ច្បាប់ និង​ការ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​ភ្នំ​មក​បង្ក​បង្កើន​ផល។

អ្នក​ភូមិ​ក្នុង​ខេត្ត​ប៉ៃលិន បាន​សម្តែង​ការ​បារម្ភ​ថា ការ​វិនាស​ហិន​ហោច​ព្រៃ​ធម្មជាតិ កំពុង​គំរាម​កំហែង​ដល់​ធន​ធាន​បរិស្ថាន និង​វិស័យ​កសិកម្ម​នា​ពេល​អនាគត។ ពួក​គាត់​បន្ត​ថា ដោយ​សារ​ខ្វះ​ការ​គ្រប់​គ្រង បទ​ល្មើស​ព្រៃ​ឈើ​នៅ​តែ​បន្ត​កើត​មាន រហូត​មក​ទល់​នឹង​សព្វ​ថ្ងៃ ៖ «ព្រៃ​ឈើ​អស់​ហើយ ខ្ញុំ​ចង់​ជម្រាប​ថា បើ​យើង​មិន​ឲ្យ​កាប់​តើ​គេ​ហ៊ាន​កាប់​ទេ ទាល់​តែ​យើង​ដែរ»

ចាប់​តាំង​ពី​ចំណុច​ជើង​ភ្នំ​ឡើង​ទៅ​កំពូល​ភ្នំ និង​ទី​ទួល​ខ្ពង់រាប រួម​ទាំង​កូន​ភ្នំ​តូច​ៗ ជា​ច្រើន​កន្លែង​ខ្លះ​ទៀត គេ​មើល​ឃើញ​តែ​ដី គ្មាន​ព្រៃ​ទាល់​តែ​សោះ។ ជាក់​ស្តែង​ជា​តំបន់​នៅ​ជួរ​ភ្នំ​ជ្រូក តាម​ផ្លូវ​លេខ​១៨ ភ្នំ​នៅ​ចំណុច ​(S.22) ក្នុង​សង្កាត់​អូរ​តាវ៉ៅ ជើង​ភ្នំ​ប៉ោត ភ្នំ​បឹង​ព្រលិត ភ្នំ​រាំង​នៅ​ចំណុច​ក្រចាប់ និង​នៅ​ទីតាំង​ផ្សេងៗ​ទៀត ត្រូវ​បាន​គេ​​កាប់​ព្រៃ​បំផ្លាញ​តាំង​ពី​ឆ្នាំ​១៩៩៧ រហូត​មក​ដល់​ឆ្នាំ​២០១០​នេះ ក៏​កំពុង​រង​ការ​កាប់​បន្ត។

ដំឡូង ពោត សណ្ដែក និង ដំណាំ​មួយ​ចំនួន​ផ្សេង​ទៀត ត្រូវ​គេ​សង្កេត​ឃើញ​ថា កំពុង​មាន​ការ​ដាំ​ដុះ​ជា​ហូរហែ​មិន​ថា​នៅ​លើ​ផ្ទៃ​ដី ដែល​មាន​សណ្ឋាន​ខ្ពង់រាប​ទេ សូម្បី​តែ​នៅ​តាម​ជើង​ភ្នំ​តូច​ធំ ដែល​មាន​ចំណោទ​ខ្ពស់ៗ ក៏​រង​ការ​កាប់​ព្រៃ ទន្ទ្រាន​យក​ដី​មក​ដាំ​ដុះ​ដែរ។

កាល​ពី​ខែ​កក្កដា ឆ្នាំ​២០០៨ បន្ទាប់​ពី​មាន​សភាព​ការ​តាន​តឹង រវាង​កង​ទ័ព​ខ្មែរ-ថៃ តាម​ខ្សែ​ក្រវាត់​ព្រំដែន រដ្ឋាភិបាល​ខ្មែរ បាន​ប្រកាស​ឲ្យ​អាជ្ញាធរ​ខេត្ត​ធ្វើ​ការ​សម្រប​សម្រួល ក្នុង​ការ​អនុញ្ញាត​ឲ្យ​កង​ទ័ព​កាប់​ឈើ​យក​​ទៅ​ធ្វើ​ទី​ជម្រក ឃ្លាំង និង​បន្ទាយ​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ​ជាប់​ប្រទេស​ថៃ។

មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​ថ្លែង​ថា ឱកាស​ខាង​លើ​នេះ​បាន​ធ្វើ​ឲ្យ​ជន​ខិល​ខូច​ប្រព្រឹត្តិ​អំពើ​កាប់​ឈើ​ខុស​ច្បាប់ ៖ «បើ​តាម​គោល​ការណ៍​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ គឺ​មិន​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទេ ការ​កាប់​យក​មក​ធ្វើ​ជម្រក់ ប៉ុន្តែ​ក្នុង​នោះ​មាន​ជន​ឆ្លៀត​ឱកាស»

ក្រោយ​ពី​មាន​កើត​មាន​បញ្ហា​ខាង​លើ​នេះ អភិបាល​ខេត្ត​ប៉ៃលិន លោក អ៊ី ឈាន កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ បាន​ចាត់​វិធាន​ការ​ទប់​ស្កាត់ មិន​ឲ្យ​កង​ទ័ព​កាប់​ឈើ​ក្នុង​ខេត្ត​ប៉ៃលិន​យក​ទៅ​សាង​សង់​បន្ទាយ​ជា​បន្ត​ទៀត ៖ «រដ្ឋបាល​ព្រៃ​ជេរ​គេ​ផង មាន​វិធានការ​ផង អា​ខ្លួន​ឯង​កាប់​ផង ដល់​អ៊ីចឹង​បិទ​ទាំង​អស់​ទៅ អ៊ីចឹង​ចាប់​ពី​ស្អែក បើ​មាន​ដឹក គឺ​ចាប់​តែ​ម្តង មិន​ថា​កង​ទ័ព​មិន​ថា​អី​ទេ»

លោក​ស្រី វ៉េន តារា សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ប៉ៃលិន បាន​មាន​ប្រសាសន៍​ថា វិធានការ​ខាង​លើ​បាន​ធ្វើ​ឡើង​ហាក់​បី​ដូច​យឺត​ពេល​ទៅ​ហើយ។ លោក​ស្រី​ថា រយៈ​ពេល​កន្លង​មក ក្រុម​អាជ្ញាធរ​មិន​បាន​មាន​វិធានការ​ទប់​ស្កាត់​ឡើយ ៖ «កន្លង​មក​ហ្នឹង អត់​មាន​វិធានការ​ទប់​ស្កាត់​ទេ ទើប​តែ​ប្រជា​ពល​រដ្ឋ​កាប់ វាស​អស់​ហើយ​ទើប​ខ្ញុំ​ប្រជុំ​ក្រុម​ប្រឹក្សា​ខេត្ត​ខែ​មុន​ហ្នឹង គឺ​មាន​វិធានការ​ទប់​ស្កាត់ ប៉ុន្តែ​វិធានការ​មិន​ឲ្យ​កាប់​ព្រៃ​កាប់​អី​ហ្នឹង តែ​កាប់​ហួស​ទៅ​ហើយ និង​ប្រជា​ពល​រដ្ឋ​គាត់​នៅ​តែ​ដាំ​អ៊ីចឹង​ហើយ ព្រោះ​គាត់​ខំ​កាប់​ឆ្ការ​វាល​អស់​ហើយ»

នៅ​ក្នុង​វិស័យ​កំណែ​ទម្រង់​ព្រៃ​ឈើ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​បញ្ចូល​បញ្ហា​ខាង​លើ​នេះ ទៅ​មុំ​ទី​៤ នៃ​យុត្តិ​សាស្ត្រ​ចតុកោណ​របស់​ខ្លួន។ ប៉ុន្តែ​ការ​ផ្លាស់​ប្ដូរ​ទី​តាំង​កង​ទ័ព ការ​អនុញ្ញាត​ឲ្យ​ក្រុម​យោធា​កាប់​ឈើ​សាង​សង់​បន្ទាយ នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ ជាប់​ព្រំដែន​ថៃ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​រុញ​ច្រាន​ឲ្យ​ការ​វិនាស​ហិន​ហោច​ធន​ធាន​ព្រៃ​ឈើ​រីក​ធំធាត់​ទៅៗ។

សហគមន៍​ព្រៃ​ឈើ​ក្នុង​ខេត្ត​ប៉ៃលិន​បាន​ថ្លែង​ថា ឈើ​ប្រណិត​ ដែល​ត្រូវ​បាន​កង​ទ័ព​កាប់​យក​ទៅ​ដើម្បី​សាង​សង់​បន្ទាយ​នៅ​តាម​តំបន់​ព្រំដែន​នោះ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ និង​ដឹក​ចេញ​ទៅ​ប្រទេស​វៀត​ណាម ៖ «ដែល​សោក​ស្ដាយ​បំផុត​នៅ​ក្នុង​ឆ្នាំ​នេះ ការ​ពារ​ទាំង​យប់​ទាំង​ថ្ងៃ ប៉ុន្តែ​ទី​ចុង​បញ្ចប់ អា​លីង សូម្បី​តែ​ខ្លួន​ឯក​អ្នក​ការពារ​ក៏​អត់​ទទួល​បាន​ជោគ​ជ័យ​អី​ដែរ»

ជា​មួយ​នឹង​ការ​ព្រួយ​បារម្ភ ក្រុម​អ្នក​ភូមិ​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​មាន​វិធានការ​ទប់​ស្កាត់​ជា​បន្ទាន់ បើ​ពុំ​ដូច្នេះ​ទេ ព្រៃ​ឈើ​ក្នុង​ខេត្ត​ប៉ៃលិន​នឹង​វិនាស​ហិន​ហោច​ធ្ងន់ធ្ងរ​ទៅៗ ៖ «អ៊ីចឹង ខ្ញុំ​សូម​អំពាវនាវ​ដល់​កម្លាំង​សមត្ថកិច្ច​ខាង​លើ ដូច​ជា​ក្រសួង និង​រាជ​រដ្ឋាភិបាល​សូម​ឲ្យ​រដ្ឋាភិបាល​មាន​វិធានការ​ទប់​ស្កាត់​បទ​ល្មើស​នេះ»

ខេត្ត​ប៉ៃលិន​សំបូរ​ភ្នំ ព្រៃ​ឈើ​តូច​ធំ ដែល​កាល​ពី​សម័យ​សង្រ្គាម ត្រូវ​បាន​អតីត​កង​ទ័ព​ខ្មែរ​ក្រហម​ប្រើ​ប្រាស់​ព្រៃ​ឈើ​ជា​ទី​ជម្រក ក្នុង​ការ​តតាំង​ច្បាំង​ជា​មួយ​កង​ទ័ព​រដ្ឋាភិបាល​ខ្មែរ​។ ឥឡូវ​នេះ តំបន់​ដែល​មាន​ព្រៃ​ឈើ​ទាំង​នោះ កំពុង​ក្លាយ​ជា​វាល​រហោដ្ឋាន ដោយ​សារ​ការ​កាប់​ព្រៃ​យក​ដី​បង្ក​បង្កើន​ផល និង​ការ​កាប់​ព្រៃ​យក​ឈើ​ទៅ​លក់។

ផ្អែក​តាម​ផែន​ទី​ចម្រុះ​ព្រៃ​ឈើ​របស់​រដ្ឋាភិបាល​កម្ពុជា កាល​ពី​ឆ្នាំ​២០០២ ព្រៃ​ឈើ​ក្នុង​ខេត្ត​ប៉ៃលិន​មាន​រហូត​ទៅ​ដល់​ជាង​៨០% ប៉ុន្តែ​ជាក់​ស្តែង បច្ចុប្បន្ន​ព្រៃ​ទាំង​នោះ​កំពុង​ក្លាយ​ជា​ដី​កសិកម្ម មាន​ចំការ ដំឡូង ល្ង សណ្តែក។

លោក​ស្រី មួរ សុខ​ហួរ តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី បាន​មាន​ប្រសាសន៍​ថា ការ​ហិន​ហោច​ធន​ធាន​ធម្មជាតិ​ព្រៃ​ឈើ​ក្នុង​ខេត្ត​ប៉ៃលិន គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​អាជ្ញាធរ និង​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ចាំបាច់​ត្រូវ​តែ​មាន​វិធានការ​ជា​បន្ទាន់ ៖ «សូម​ឲ្យ​រដ្ឋ​អំណាច​ការ​ពារ​ធន​ធាន​ធម្មជាតិ​នៅ​ខេត្ត​ប៉ៃលិន​ទាំង​មូល អ្វី​ដែល​ជា​ការ​ភ័យ​ខ្លាច ព្រួយ​បារម្ភ​បំផុត​នោះ ប្រជា​កសិករ​របស់​យើង និង​ដីធ្លី​របស់​យើង​អស់ ហើយ​និង​ការ​កាប់​ព្រៃ​ឈើ​ប៉ះ​ពាល់​ដល់​បរិស្ថាន បរិស្ថាន​គឺ​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត»

ខេត្ត​ប៉ៃលិន​មាន​ផ្ទៃ​ដី​សរុប​ចំនួន ១០៩៨​គីឡូ​ម៉ែត្រ​ការ៉េ។ ផ្ទៃ​ដី​កសិកម្ម​ចំនួន ៤៩.០០០​ហិកតារ ផ្ទៃ​ដី​ព្រៃ​ឈើ និង​ភ្នំ​ចំនួន ៣០.៦០០​ហិកតារ។ មាន​ប្រជា​ពល​រដ្ឋ​សរុប​ចំនួន ១២.៤៨៦​គ្រួសារ មនុស្ស​សរុប​ចំនួន ៥៦.៤១០​នាក់។ ទឹក​ដី​ខេត្ត​ប៉ៃលិន ជា​តំបន់​ខ្ពង់រាប​ជាប់​ព្រំប្រទល់​កម្ពុជា-ថៃ និង​ជា​តំបន់​មាន​ភ្នំ​ព័ទ្ធ​ពេន​ជុំវិញ។

គេ​មាន​ការ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​ព្រៃ​ឈើ​នៅ​តាម​ចង្កេះ​ភ្នំ លើ​ភ្នំ និង​នៅ​តាម​ទី​ទួល​ខ្ពង់រាប ដែល​រង​ការ​កាប់​បំផ្លាញ​នោះ នៅ​ក្នុង​រយៈ​ពេល​តែ​៤ ទៅ​៥​ឆ្នាំ​ទៀត ទឹក​ភ្លៀង​នឹង​ហូរ​ច្រោះ​ដី​នោះ​អស់ សល់​តែ​ថ្ម​ភ្នំ​នៅ​គ្រា​នោះ ចំណោទ​យ៉ាង​ធ្ងន់ធ្ងរ​គឺ​ធ្លាក់​លើ​ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​ប៉ៃលិន ដែល​ភាគ​ច្រើន​ពួក​គាត់​ពឹង​ផ្អែក​លើ​របរ​កសិកម្ម​ដាំ​ដុះ៕