ក្រុមអ្នកឃ្លាំមើលអំពីបទឧក្រិដ្ឋព្រៃឈើ ក្នុងប្រទេសកម្ពុជា បានសម្ដែងក្តីបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពការកាប់បំផ្លាញដើមច្បោះ ដើមឈើទាល និងឈើប្រណិតៗជាច្រើនយ៉ាងទៀត យ៉ាងគគ្រឹកគគ្រេងសាជាថ្មីក្នុងតំបន់ព្រៃឡង់។
មន្ត្រីមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ ដែលចុះអង្កេតផ្ទាល់ដល់ទីតាំងដែលមានក្រុមសមត្ថកិច្ចចម្រុះប្រដាប់ដោយអាវុធ និងរណាយន្តត្រង់ស្សឺណឺ គ្រប់ដៃ កំពុងស្ទុះស្ទាចុះកាប់បំផ្លាញដើមជ័រទឹករបស់ពលរដ្ឋស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយគ្មានខ្លាចរអា។
លោកបន្តថា ពលរដ្ឋសហគមន៍ព្រៃឡង់នឹងលើកគ្នារាប់រយនាក់ នៅពេលដ៏ឆាប់ខាងមុខ ដើម្បីចុះត្រួតពិនិត្យការកាប់បំផ្លាញព្រៃឈើនៅទីនោះ។
តំបន់ព្រៃឡង់មានព្រំប្រទល់ជាប់ខេត្តចំនួនបួន មានកំពង់ធំ ក្រចេះ ស្ទឹងត្រែង និងព្រះវិហារ។ វាជាព្រៃធម្មជាតិ ដែលមានទំហំធំជាងគេនៅភូមភាគអាស៊ី។ តំបន់ព្រៃឡង់មានទំហំ ៣.៦០០គីឡូម៉ែត្រក្រឡា សម្បូរទៅដោយជាព្រៃស្រោង និងជីវៈចម្រុះ។ វាជាជម្រកសត្វព្រៃចំនួន ២៧ប្រភេទ និងមានឈើប្រណិតៗដ៏មានតម្លៃចំនួន ២០ប្រភេទ។ ពលរដ្ឋនៅតំបន់នោះ ត្រូវគេប៉ាន់ស្មានថា មានចំនួនជាង ៧សែននាក់ រស់នៅពឹងផ្អែកលើអនុផលព្រៃឡង់ ជារៀងរាល់ថ្ងៃ។
លោក ឈឹម សាវុធ មានប្រសាសន៍ថា ព្រៃឡង់កំពុងរងការកាប់បំផ្លាញធ្ងន់ធ្ងរពីសំណាក់ក្រុមសមត្ថកិច្ចចម្រុះ ក្រុមហ៊ុន CRCK និងក្រុមហ៊ុន សេង សារ៉ាវុធ។ លោកបន្តថា ខេត្តកំពង់ធំ គឺជាចំណុចដែលក្រុមឈ្មួញនាំឈើចេញទៅលក់នៅវៀតណាម ច្រើនជាងគេ បន្ទាប់មកគឺខេត្តស្ទឹងត្រែង ស្ថិតនៅចំណុចវាលបី ក្នុងឃុំអន្លង់ជ្រៃ នៃស្រុកថាឡាបរិវ៉ាត់។ លោកបញ្ជាក់ថា ផ្អែកតាមការស៊ើបអង្កេតរបស់ឈើដែលក្រុមឈ្មួញកំពុងនាំចេញទៅលក់នៅប្រទេសឡាវ និងវៀតណាម នោះ មានឈើដួងចែម កកោះ ឈើទាល និងដើមច្បោះ ដែលគេដឹកតាមគោយន្ត រទេះ ឬតាមទូកជាដើម។
លោក ឈឹម សាវុធ បន្តទៀតថា ឈើប្រណិតៗដ៏មានតម្លៃខ្ពស់ក្នុងតំបន់ព្រៃឡង់នេះ នឹងត្រូវកាប់បំផ្លាញដាច់ពូជអស់ ប្រសិនបើគ្មានការទប់ស្កាត់ទាន់ពេលវេលាទេនោះ។
លោកបន្តថា យ៉ាងហោចណាស់មានឡានកែច្នៃប្រភេទគោយន្តប្រមាណជាង ១០គ្រឿង ក្នុងមួយថ្ងៃ ដឹកឈើមូលរុំតង់កៅស៊ូយ៉ាងជិត កាត់តាមស្រុកទំរីង។
ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរខេត្តកំពង់ធំ បានអះអាងថា ពុំមានសកម្មភាពកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ ដោយក្រុមសមត្ថកិច្ច ឬក្រុមហ៊ុនឯកជន ដូចការចោទប្រកាន់នោះឡើយ។
អភិបាលរងខេត្តកំពង់ធំ ទទួលបន្ទុកធនធានធម្មជាតិ លោក អ៊ុត សំអន មានប្រសាសន៍ថា រហូតមកទល់ពេលនេះ លោកនៅមិនទាន់បានទទួលព័ត៌មានណាមួយ អំពីការបំផ្លាញឈើធ្វើជំនួញពីតំបន់ព្រៃឡង់ ក្នុងខេត្តកំពង់ធំ នេះនៅឡើយទេ។ ផ្ទុយទៅវិញ លោកអះអាងថា សមត្ថកិច្ចរបស់ខេត្តបានខិតខំប្រឹងការពារតំបន់នោះយ៉ាងហ្មឺងហ្មាត់។
ការអះអាងថា គ្មានសកម្មភាពកាប់ឈើយ៉ាងអនាធិបតេយ្យ ដោយមានការចូលរួមពីសមត្ថកិច្ចចម្រុះរបស់ខេត្តកំពង់ធំ នេះ ត្រូវពលរដ្ឋសហគមន៍ការពារព្រៃឡង់ច្រានចោល ហើយដើម្បីបញ្ជាក់ថា ការកាប់បំផ្លាញធនធានធម្មជាតិក្នុងតំបន់ព្រៃឡង់ កំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេងពិតមែននោះ ពួកគេស្ម័គ្រចិត្តចុះទៅបង្ហាញដល់ទីកន្លែង និងចាប់ជនល្មើសជូនសមត្ថកិច្ច ប្រសិនបើអាជ្ញាធរយល់ព្រម។
លោក ស៊ឹម ស៊ាន ជាសកម្មជនការពារព្រៃឡង់ ហើយដែលអះអាងថា ជាសាក្សីឃើញផ្ទាល់ភ្នែកនៃសកម្មភាពកាប់ និងដឹកឈើចេញពីព្រៃឡង់នោះ បញ្ជាក់ថា លោកបានថតរូបរថយន្តដឹកឈើ និងបានឃើញក្រុមប្រដាប់អាវុធផ្សំគំនិតជាមួយជនល្មើស នាំគ្នាធ្វើអាជីវកម្មនៅទីនោះ។
លោកថ្លែងថា សហគមន៍របស់លោកមិនអាចទទួលយកបានចំពោះការបដិសេធរបស់អភិបាលរងខេត្តកំពង់ធំ ដែលថាគ្មានបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ ស្ថិតក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ ដែលគេតែងឮរណាយន្តអាថ្លង់បំពងពេញព្រៃរៀងរាល់ថ្ងៃនោះ។
ការបដិសេធរបស់អភិបាលរងខេត្តកំពង់ធំ លោក អ៊ុត សំអន នេះ មិនស៊ីសង្វាក់គ្នានឹងលោក ចាន់ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នោះទេ។
លោក ចាន់ សារុន បានប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ថា លោកបានដឹងព័ត៌មានអំពីការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់នោះមែន ហើយថា លោកក៏បានបញ្ជាឲ្យមានការចុះត្រួតពិនិត្យបញ្ហានេះ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។
លោករដ្ឋមន្ត្រីក្រសួងកសិកម្ម មានប្រសាសន៍បន្តថា ក្រសួងកសិកម្មក៏កំពុងចុះសិក្សា និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋក្នុងតំបន់ព្រៃឡង់ មុនពេលរដ្ឋាភិបាលប្រកាសចេញអនុក្រឹត្យដាក់តំបន់ព្រៃឡង់ ស្ថិតជាតំបន់អភិរក្ស។
អង្គការអន្តរជាតិមួយ ដែលឃ្លាំមើលបទល្មើសព្រៃឈើនៅកម្ពុជា បានរាយការណ៍ថា ចាប់តាំងពីឆ្នាំ២០០១ មក ឈើប្រណិតៗក្នុងតំបន់ព្រៃឡង់ បានរងការកាប់បំផ្លាញស្ទើរហិនហោចទាំងស្រុង ពីសំណាក់ក្រុមហ៊ុនឯកជនមួយចំនួន ដែលមានទំនាក់ទំនងជិតស្និទ្ធស៊ីជម្រៅជាមួយរដ្ឋាភិបាលកម្ពុជា ដូចជាក្រុមហ៊ុន ភាពីម៉ិច ក្រុមហ៊ុន CRCK និងក្រុមហ៊ុន សេង សារ៉ាវុធ ជាដើមនោះ។
ក្រុមអ្នកជំនាញខាងផ្នែកបរិស្ថាននិយាយថា ប្រសិនបើប្រទេសមួយដែលខ្ជះខ្ជាយធនធានធម្មជាតិរបស់ខ្លួន ហើយខ្វះការអនុវត្តច្បាប់នោះ នឹងអាចនាំឲ្យមានវិបត្តិសង្គម ដូចជាមានការឡើងកម្ដៅផែនដី ការបង្កើនឧស្ម័នពុលក្នុងបរិយាកាស ការហិនហោចសត្វព្រៃ ព្រៃឈើ ជីវិតមនុស្ស ការបំផ្លាញនូវប្រព័ន្ធការពារបរិស្ថាន និងអាចធ្វើឲ្យខាតបង់ដល់សេដ្ឋកិច្ចរបស់ប្រទេសដ៏ធ្ងន់ធ្ងរ។
សាស្ត្រាចារ្យនៃសកលវិទ្យាល័យ Oxford ក្នុងប្រទេសអង់គ្លេស លោក ប៉ូល កូលៀរ (Paul Collir) ថ្លែងថា ប្រសិនបើរដ្ឋាភិបាលនៃប្រទេសក្រីក្រមួយខ្វះការគ្រប់គ្រង ចាត់ចែងឲ្យបានត្រឹមត្រូវនូវភោគទ្រព្យដ៏មហាសាលពីធម្មជាតិ នៃប្រទេសរបស់ខ្លួន វានឹងកាន់តែធ្វើឲ្យប្រទេសនោះក្រីក្រងើបមិនរួច ហើយម្យ៉ាងទៀត វាអាចបង្កឲ្យមានភាពវឹកវរក្នុងសង្គម ដូចជាសង្គ្រាមក្នុងស្រុក និងអស្ថិរភាពនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។