បុរស​២​នាក់​ត្រូវ​បាន​ចោទ​ពី​បទ​ដឹក​ជញ្ជូន​ឈើ​ប្រណិត​ខុស​ច្បាប់​នៅ​សៀមរាប

មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​កន្ទួត​ខ្នារ​ក្រៅ ខេត្ត​សៀមរាប បាន​ឃាត់​ខ្លួន​បុរស ២​នាក់ ដែល​បាន​លួច​លាក់​ដឹក​ឈើ​ប្រណីត​ប្រភេទ​គ្រញូង​ខុស​ច្បាប់​ចំនួន​ជាង ៤​ម៉ែត្រ​កូប កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​មិនា។

0:00 / 0:00

តុលាការ​ខេត្ត​សៀមរាប​បាន​ចោទ​ប្រកាន់​បុរស ២​នាក់ ពី​បទ​ថា​បាន​ដឹក​ជញ្ជូន និង​ប្រមូល​ផល អនុ​ផល​ព្រៃ​ឈើ​ដែល​មាន​ដោយ​កម្រ ដើម្បី​យក​ទៅ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ បន្ទាប់​ពី​អ្នក​ទាំង​២​នោះ ត្រូវ​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ចាប់​ខ្លួន នៅ​ពេល​ដែល​កំពុង​ដឹក​ជញ្ជូន​ឈើ​លួច​លាក់​តាម​រថយន្ត​កូរ៉េ ១​គ្រឿង ដោយ​កប់​បន្លំ​ជា​មួយ​ដំឡូង​មី​និង​អង្កាម​ផង​នោះ។

លោក ហុក ពៅ ចៅក្រម​ស៊ើប​សួរ​ដែល​កាន់​សំណុំ​រឿង​ក្ដី​នោះ បាន​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មិនា​ថា​លោក​បាន​សម្រេច​ឲ្យ​ធ្វើ​ការ​ឃុំ​ខ្លួន​បុរស​ឈ្មោះ យាន ទិន អាយុ​២៩​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ វ៉ាន់ ម៉ាច អាយុ​២៧​ឆ្នាំ ជា​បណ្ដោះ​អាសន្ន​នៅ​ក្នុង​ពន្ធនាគារ​ដើម្បី​បន្ត​ការ​ស៊ើប​សួរ កាល​ពី​រសៀល​ថ្ងៃ​អាទិត្យ ៖ "ចោទ​ពី​បទ​ដឹក​ជញ្ជូន និង​ប្រមូល​ផល អនុផល​ព្រៃ​ឈើ​ដែល​មាន​ដោយ​កម្រ។ គាត់​នឹង​មាន​ទោស​ពិន័យ​ផង និង​ទោស​ត្រូវ​ផ្ដន្ទា​ទោស​ជាប់​ពន្ធនាគារ​ផង ហើយ​ក្នុង​ចំណោម ២​នាក់​ហ្នឹង​មាន​ម្នាក់​ជា​អ្នក​ស៊ី​ឈ្នួល​បើក​រថ​យន្ត​ដែល​គាត់​គេ​ជួល​គាត់​ណា"

មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​បាន​ឲ្យ​ដឹង​ថា គេ​បាន​ចាប់​ខ្លួន​បុរស​ទាំង ២​នាក់ នោះ កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ នៅ​ពេល​ដែល​គេ​ឃើញ​រថយន្ត​កូរ៉េ ១​គ្រឿង បាន​ដឹក​ដំឡូង និង​ដាក់​អង្កាម​ពី​លើ ហើយ​សមត្ថកិច្ច​មាន​ការ​សង្ស័យ និង​ធ្វើ​ការ​ឆែកឆេរ។

លោក ម៉ុង ប៊ុន​លីម នាយ​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​កន្ទួត​ខ្នារ​ក្រៅ បាន​មាន​ប្រសាសន៍​ថា​នៅ​ពេល​ដែល​មន្ត្រី​ជំនាញ​ព្រៃ​ឈើ​កាក់​រថ​យន្ត​នោះ​ឆែកឆេរ​ក៏​ប្រទះ​ឃើញ​សុទ្ធ​តែ​ឈើ​ប្រណីត​ប្រភេទ​គ្រញូង ដែល​ជា​ឈើ​កម្រ​ប្រមាណ ៤​ម៉ែត្រ​កូប និង​៣​ផ្លាន។

មន្ត្រី​ដដែល​បាន​មាន​ប្រសាសន៍​ថា តាម​ការ​សាក​សួរ​ជន​ទាំង​ពីរ​នាក់​នោះ បាន​ឆ្លើយ​ថា​ឈើ​ទាំង​នោះ​គេ​បាន​ដឹក​ចេញ​ពី​តំបន់​ភូមិ​ស្រអែម ចម្ងាយ​ប្រមាណ ២៧​គីឡូ​ម៉ែត្រ​ភាគ​ខាង​កើត​ពី​តំបន់​ប្រាសាទ​ព្រះវិហារ ៖ "ដល់​កន្លែង​ទីស្នាក់ការ​របស់​ខ្ញុំ​ហ្នឹង គ្នា​យើង​បាន​ពិនិត្យ​ទៅ​ឃើញ​ថា​ឡាន​ហ្នឹង​បាន​ដាក់​ដំឡូង និង​ដាក់​អង្កាម​ពី​លើ​យើង មើល​ទៅ​ស្មាន​តែ​ដឹក​ស្រូវ ប៉ុន្តែ​មាន​លក្ខណ​ធ្ងន់​ប្លែក​ខុស​ពី​ឡាន​ដទៃ​ទៀត ដល់​ហើយ​ក៏​យើង​ធ្វើ​ការ​សាក​ល្បង​ឆែកឆេរ​មើល​ទៅ ក៏​ឃើញ​គ្រញូង​នោះ​ចំនួន ៣៧​ដុំ"

ព័ត៌មាន​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​ដដែល បាន​ចាប់​រថ​យន្ត​ដឹក​ឈើ​ម៉ាក​កូរ៉េ​ចំណុះ ២​តោន​កន្លះ ១​គ្រឿង​ទៀត កាល​ពី​ព្រឹក ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មិនា​នេះ។

មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃ​ឈើ​កន្ទួត​ខ្នារ​ក្រៅ បាន​ឲ្យ​ដឹង​ថា​ចាប់​តាំង​ពី​ដើម​ខែ​មករា​រហូត​មក ដល់​ពាក់​កណ្ដាល​ខែ​មិនា ឆ្នាំ​២០១១ នេះ គេ​បាន​បង្ក្រាប​អំពើ​ដឹក​ជញ្ជូន​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ ដែល​ជា​សកម្ម​ភាព​របស់​ក្រុម​ឈ្មួញ បាន​ចំនួន​១០​លើក ដោយ​បាន​រឹបអូស​ឈើ​ខុស​ច្បាប់​ប្រភេទ​គ្រញូង និង​ត្រសេក​ចំនួន​ជាង ២០​ម៉ែត្រ​កូប និង​បាន​ចាប់​ខ្លួន​អ្នក​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ចំនួន ៧​នាក់​ហើយ បញ្ជូន​ទៅ​តុលាការ៕