ប្រជាពលរដ្ឋសហគមន៍ព្រៃឡង់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០១២ បានអំពាវនាវសុំឲ្យប្រមុខរាជរដ្ឋាភិបាលចាត់វិធានការស៊ើបអង្កេតទៅលើករណីបន្តលូចកាប់ឈើមូលពីក្នុងព្រៃឡង់។
សមាជិកបណ្ដាញព្រៃឡង់ខេត្តកំពង់ធំ គឺលោក ហឿន សុភាព។ លោកបានបញ្ជាក់ថា កាលពីដើមសប្ដាហ៍នេះ ក្រុមសហគមន៍បានចុះឃ្លាំមើលសកម្មភាពលួចកាប់ឈើនៅក្នុងព្រៃឡង់់ជាប់ភូមិសាស្ត្រខេត្តកំពង់ធំ សង្កេតឃើញមានសកម្មភាពអាររំលំឈើមួល នៅក្នុងព្រៃចំណុចអូរជាំវិល អូរឆ្នូ និងអូរច្រោក នៅចម្ងាយប្រមាណ ៣គីឡូម៉ែត្រពីតំបន់ដីសម្បទានរបស់ក្រុមហ៊ុន។ លោកបន្តថា ឈើដែលគេអាររំលំរួចហើយ ត្រូវបានរថយន្តអមដោយក្រុមប្រដាប់អាវុធជាអ្នកការពារដឹកជញ្ជូនឈើនោះ នៅវេលាយប់ចូលរោងអារឈើមួយ ដែលមានទីតាំងនៅក្នុងបរិវេណក្រុមហ៊ុនសម្បទាន ស៊ីអរស៊ីខេ ហើយអារច្រៀកដឹកជញ្ជូនចេញតាមផ្លូវមកស្រុកសណ្ដាន់ ឆ្ពោះមកខេត្តកំពង់ធំ ៖ "គេដឹកឡានអារ៉េវ ហើយក្នុងនោះមានមួយក្រុមគេមានគ្នាបី បួន ប្រាំនាក់ មានកាំភ្លើងពីរដើម។ បាទគេកាប់ក្រៅព្រៃសម្បទាន ហើយគេដឹកចូលស៊ីអរស៊ីខេ ចម្ការកៅស៊ូនោះ"។
វិទ្យុអាស៊ីសេរីបានព្យាយាមស្វែងរកអាសយដ្ឋានទំនាក់ទំនងតំណាងក្រុមហ៊ុនស៊ីអរស៊ីខេ ដើម្បីសុំអធិប្បាយពីសេចក្ដីចោទប្រកាន់របស់សហគមន៍ព្រៃឡង់ ក៏ប៉ុន្តែមិនមានមន្ត្រីអាជ្ញាធរណាផ្ដល់ព័ត៌មានពីករណីនេះឡើយ។
អភិបាលរងខេត្តកំពង់ធំ លោក អ៊ុត សំអន មានប្រសាសន៍បញ្ជាក់ថា លោកមិនបានដឹងពីសេចក្ដីរាយការណ៍ករណីលួចកាប់ឈើក្រៅដីសម្បទានក្រុមហ៊ុនស៊ីអរស៊ីខេនោះទេ ក៏ប៉ុន្តែលោកអះអាងថា មានក្រុមហ៊ុនសម្បទានព្រៃគប់មួយ ដែលលោកមិនចាំឈ្មោះ គឺមានអាជ្ញាប័ណ្ណកាប់ឈើផ្គត់ផ្គង់ក្នុងស្រុក។
លោកបន្តថា ក្រុមហ៊ុនស៊ីអរស៊ីខេ មិនមានជាប់ទាក់ទិនដូចការចោទរបស់ពលរដ្ឋនោះទេ ពីព្រោះមានក្រុមហ៊ុនផ្សេងមួយទៀតបានទទួលអាជ្ញាប័ណ្ណប្រមូលឈើនៅក្នុងតំបន់ដីសម្បទានរបស់ក្រុមហ៊ុនស៊ីអរស៊ីខេ ៖ "ប្រសិនជាមានក្រៅក្រុមហ៊ុនស៊ីអរស៊ីខេ ខ្ញុំយល់ថា ប្រហែលជាក្រុមហ៊ុនដែលដេញបានព្រៃគប់ សិទ្ធិមួយឆ្នាំម្ដង។ បើក្នុងក្រុមហ៊ុនស៊ីអរស៊ីខេ ជាអ្នកប្រមូលឈើឈរ ប៉ុន្តែអាហ្នឹងខ្ញុំមិនបានតាមដានទេ ពីព្រោះជំនាញគេតាមដានជាង"។
កាលពីសប្ដាហ៍មុននេះ តំណាងបណ្ដាញសហគមន៍ព្រៃឡង់ខេត្តកំពង់ធំ នៅឃុំចំនួនពីរ បានផ្ដិតមេដៃរួចហើយ ដើម្បីចូលរួមប្រមូលមេដៃប្ដឹងទៅតុលាការខេត្តពាក់ព័ន្ធ ដើមឈើផលិតជ័រទឹករបស់អ្នកភូមិក្នុងតំបន់ព្រៃឡង់ ខេត្តកំពង់ធំ ជិត២ម៉ឺនដើម ត្រូវក្រុមហ៊ុនស៊ីអរស៊ីខេកាប់ដើម្បីយកឈើ និងយកដីដាំកៅស៊ូ។
អ្នកសម្របសម្រួលគម្រោងពង្រឹងអំណាចសហគមន៍នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ឈឹម សាវុធ មានប្រសាសន៍បញ្ជាក់ថា សាក្សីបានផ្ដល់សេចក្ដីរាយការណ៍មកលោកថា ឈើមូលរាប់សិបឡាន ពិតជាត្រូវគេកាប់ពីតំបន់ព្រៃឡង់ក្រៅបរិវេណដីសម្បទាន ហើយដឹកចូលរោងចក្រអារឈើក្នុងបរិវេណដីក្រុមហ៊ុនស៊ីអរស៊ីខេ ដោយបំពានច្បាប់ក្នុងមួយយប់ៗ។ លោកបន្តថា ក្រុមអ្នកលូចកាប់ឈើនេះ បានប្ដូររូបភាពឈប់កាប់ឈើគរទុកដូចមុនហើយ គឺឈើត្រូវដឹកជញ្ជូនចូលរោងចក្រអារឈើអស់ បន្ទាប់កាប់រំលំរួច ពីព្រោះខ្លាចក្រុមសហគមន៍រកឃើញគំនរឈើក្នុងព្រៃ ហើយនាំគ្នាដុតចោល ៖ "ជាទូទៅក្នុងមួយយប់ៗ កាប់ឈើមូលចេញពីព្រៃឡង់ដែលជាតំបន់ព្រៃឈើគ្រប់គ្រងដោយរដ្ឋជាប្រភេទដូងថែម និងឈើជ័រចុង ឈើទាល។ កាប់ហើយដឹកឈើហ្នឹងផ្ទាល់ ឈើមូលយកមកអារឈើក្នុងរោងចក្រស៊ីអារស៊ីខេ ហ្នឹង ព្រោះយើងដឹងថា រោងចក្រហ្នឹងមានម៉ាស៊ីនអារឈើធំៗ ចំនួនបួនគ្រឿង"។
វិទ្យុអាស៊ីសេរីនៅថ្ងៃអាទិត្យ ទី១ ខែមករា ឆ្នាំ២០១២ មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ គឺលោក តឹក នាកា ដើម្បីបញ្ជាក់ពីសេចក្ដីចោទប្រកាន់របស់សហគមន៍ព្រៃឡង់នេះបានទេ។
យ៉ាងនេះក្ដី តំណាងសហគមន៍ឲ្យដឹងថា ការកាប់ឈើនៅព្រៃឡង់នោះ មិនមែនមានតែក្រុមហ៊ុនសម្បទានទេ។ ក្រៅពីក្រុមហ៊ុនសម្បទានក៏មានក្រុមហ៊ុនព្រៃគប់ និងក្រុមកាប់ឈើអានាធិបតេយ្យ មានបុគ្គលជាកងកម្លាំង អ្នកមានអំណាច និងប្រជាពលរដ្ឋនៅមូលដ្ឋាននោះទៀតផង៕