ក៏ប៉ុន្តែប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រាំនាក់នោះ បានរត់រួចខ្លួននៅពេលមន្ត្រីព្រៃឈើបញ្ជូនពួកគេមកដល់តុលាការខេត្តនៅព្រឹកថ្ងៃច័ន្ទ ទី៣០ ខែមករា ឆ្នាំ២០១២។
អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក រដ្ឋា វីសាល រាយការណ៍ឲ្យដឹងថា ប្រជាពលរដ្ឋទាំងប្រាំនាក់ ត្រូវចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២ នៅឃុំតាវែងក្រោម ស្រុកតាវែង រួមមានឈ្មោះ គ្រី ស៊ីថា ឡុង កុយ ហូរ សំអុល សៀន សុង និង សុខ ឃុន បានរត់រួចខ្លួន។
បុគ្គលិកផ្នែកអង្កេតសមាគមអាដហុក (Adhoc) ខេត្តរតនគិរី គឺលោក ឆាយ ធី។ លោកបានបញ្ជាក់ថា ប្រជាពលរដ្ឋដែលត្រូវចាប់ខ្លួន គឺមានគេជួលមកធ្វើជាកម្មករកាប់រានព្រៃនៅឃុំតាវែងក្រោម ដើម្បីយកដីដាំកៅស៊ូ ៖ "ខ្ញុំចុះផ្ទាល់ខ្ញុំបានសួរគាត់ៗថាមកជាងកន្លះខែហើយនឹងមកពីព្រៃវែងផង កំពង់ចាមផង ហើយអ្នករត់រួចគឺនៅខេត្តកំពង់ចាម។ បួននាក់គាត់បញ្ជាក់ដែរថា នាំមកហើយមួយសន្ទុះបាត់ខ្លួនគ្នាគាត់មួយ ហើយមេការធំដែរមិនដឹងនរណាទទួលខុសត្រូវទេ។ អាហ្នឹងយើងកំពុងស៊ើបអង្កេតរឿងហ្នឹង"។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក វង សុខសិរី បដិសេធមិនធ្វើអត្ថាធិប្បាយពីករណីនេះទេ ដោយលោកបញ្ជាក់ខ្លីថា កំពុងធ្វើការងារនេះ។ ចំណែកព្រះរាជអាជ្ញារងអមតុលាការខេត្តរតនគិរី លោក រស់ សារាំ បានបញ្ជាក់ថា ព្រៃឈើដែលគេជួលកម្មករមកកាប់រានមានទំហំប្រមាណ ៧០ហិកតារ ពាក់ព័ន្ធប្រជាពលរដ្ឋ និងមន្ត្រីនៅមូលដ្ឋាននោះបានធ្វើលិខិតលក់ដីព្រៃឈើនោះទៅឲ្យអ្នកទិញដីម្នាក់នៅភ្នំពេញ។ ពេលនេះស្ថាប័នអយ្យការកំពុងរៀបចំស៊ើបអង្កេតករណីលក់ដូរដីព្រៃរដ្ឋនេះ៕
កំណត់ចំណាំ៖ ចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណាដែលមិនជេរប្រមាថដល់អ្នកដទៃតែប៉ុណ្ណោះ។
