អាជ្ញាធរ​មូលដ្ឋាន​នៅ​រតនគិរី​ត្រូវ​បាន​ចោទ​ថា​ពាក់ព័ន្ធ​នឹង​ការ​កាប់​រាន​ដី​ព្រៃ

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​យក​ដី​កើត​មាន​ច្រើន​ក្នុង​ខេត្ត ដោយ​សារ​អាជ្ញាធរ​មូលដ្ឋាន​មួយ​ចំនួន ជា​អ្នក​ចុះ​ហត្ថ​លេខា​លើ​ឯកសារ​ទិញ​លក់​ដី​ព្រៃ​ឈើ​នោះ​តែ​ម្ដង។

0:00 / 0:00

មន្ត្រី​ស្ថាប័ន​អយ្យកា​តុលាការ​ខេត្ត​រតនគិរី បាន​សម្រេច​ចោទ​ប្រកាន់​បុរស​ជន​ជាតិ​ដើម​ភាគ​តិច​ម្នាក់​ឈ្មោះ យើន តែន រស់​នៅ​ឃុំ​ញ៉ាង ស្រុក​អណ្ដូង​មាស ខេត្ត​រតនគិរី ពី​បទ​កាប់​រាន​ព្រៃ​ឈើ​ខុស​ច្បាប់។

ព្រះ​រាជ​អាជ្ញា​រង​អម​តុលាការ​ខេត្ត​រតនគិរី គឺ លោក ជា សុភ័ក្រ។ លោក​បាន​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​២ ខែ​មិនា ឆ្នាំ​២០១២ មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រួម​និង​មន្ត្រី​ស្ថាប័ន​អយ្យកា​បាន​ចុះ​បង្ក្រាប​ករណី​កាប់​រាន​ព្រៃ​ឈើ​នេះ​នៅ​ចំណុច​ឃុំ​ញ៉ាង ស្រុក​អណ្ដូង​មាស និង​ចាប់​ឃាត់​ខ្លួន​ប្រជា​ពល​រដ្ឋ​រដ្ឋ​ចំនួន​បួន​នាក់ ពាក់​ព័ន្ធ​និង​សកម្មភាព​កាប់​រាន​ព្រៃ​ឈើ ក៏​ប៉ុន្តែ​អាជ្ញាធរ​បាន​ដោះ​លែង​ប្រជា​ពល​រដ្ឋ​ចំនួន​បី​នាក់​វិញ ដោយ​សារ​សមត្ថកិច្ច​បាន​រក​ឃើញ​ថា ពួក​គាត់​ត្រូវ​គេ​ជួល​មក​ធ្វើ​ជា​កម្មករ​កាប់​រាន​ព្រៃ​យក​ប្រាក់​ឈ្នួល​ប្រចាំ​ថ្ងៃ។ លោក​បន្ត​ថា តុលាការ​បាន​ចោទ​ប្រកាន់ និង​ចេញ​ដីកា​ឃុំ​ខ្លួន​បុរស​ឈ្មោះ យើន តែន នៅ​ពន្ធនាគារ​ខេត្ត​រួច​ហើយ កាល​ពី​ថ្ងៃ​ទី​៣ ខែ​មិនា ឆ្នាំ​២០១២ កន្លង​ទៅ ៖ "កាប់​រាន​ដី​ព្រៃ​រដ្ឋ​តែ​ម្នាក់​តើ ខ្ញុំ​ចុះ​ទៅ​ជា​មួយ​ព្រោះ​កម្មករ​គាត់​ថា​អត់​ដឹង​ទេ ព្រោះ​គាត់​ថា​គាត់​ស៊ី​ឈ្នួល​គេ។ គេ​បញ្ជូន​ខ្លួន​តាំង​ពី​ម្សិល​ឯ​ណោះ"

នាយរង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក ផាន់ ភីន។ លោក​បាន​បញ្ជាក់​ថា សមត្ថកិច្ច​បាន​រក​ឃើញ​ដី​ព្រៃ​ចំនួន​បី​ហិកតារ ត្រូវ​បាន​គេ​កាប់​រាន​ផ្នែក​ខាង​ក្រោម ដោយ​សំអាង​ថា​ដី​នោះ​ពួក​គេ​បាន​មក​ពី​អាជ្ញាធរ​ភូមិ​ឃុំ​ប្រគល់​ឲ្យ​កាប់​រាន​យក​ជា​កម្មសិទ្ធិ។ លោក​បន្ត​ថា ករណី​កាប់​រាន​ដី​ព្រៃ​ក្រោម​រូប​ភាព​ដី​ទិញ​លក់ ក៏​មាន​ច្រើន​ករណី​ទៀត​ដែល​មន្ត្រី​ព្រៃ​ឈើ​កំពុង​ចាត់​វិធានការ​បង្ក្រាប ៖ "គាត់​ជួល​គេ​កាប់ មនុស្ស​ជាង ១០​នាក់ កំណត់​ហេតុ​សួរ​ចម្លើយ​យើង​ដាក់​បន្ទុក​ទៅ​លើ​គាត់​តែ​មួយ ទៅ​ហើយ​មាន​ជាប់​ពាក់ព័ន្ធ​អ្នក​ទិញ​ដី​ទៀត។ ការណ៍​ហ្នឹង​មិន​មែន​តែ​គាត់​ម្នាក់​ធ្វើ​ទេ វា​មាន​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​មូលដ្ឋាន។ អ៊ីចឹង​គាត់​អ្នក​បង្ហាញ​ឲ្យ​គាត់​កាប់​ឲ្យ​ដី​ឲ្យ​អី​គាត់"

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១២ កន្លង​ទៅ មន្ត្រី​ខណ្ឌ​ព្រៃ​ឈើ​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​ប្រជា​ពល​រដ្ឋ​ចំនួន​ប្រាំបី​នាក់​ត្រូវ​ក្រុម​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ ដោយ​សារ​មាន​ជាប់​ពាក់ព័ន្ធ​សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​យក​ដី​បួន​ករណី​ផ្សេង​គ្នា​នៅ​តាម​បណ្ដា​ស្រុក​ក្នុង​ខេត្ត​នេះ។ ហើយ​ករណី​កាប់​រាន​ព្រៃ​ឈើ​នោះ មាន​ជាប់​ពាក់ព័ន្ធ​អាជ្ញាធរ​មូលដ្ឋាន​ជា​អ្នក​ចុះ​ហត្ថ​លេខា​លើ​ឯកសារ​ទិញ​លក់​ដី​ព្រៃ​ឈើ​នោះ។

អ្នក​សម្របសម្រួល​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ប៉ែន ប៊ុណ្ណារ៍ បាន​កត់​សំគាល់​ថា បទ​បញ្ជា​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ស្ដីពី​ការ​ហាម​កាប់​រាន​ព្រៃ​ឈើ​យក​ដី និង​ហាម​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ហត្ថ​លេខា​លើ​ឯកសារ​ទិញ​លក់​ដី​ព្រៃ មិន​មាន​ប្រសិទ្ធភាព​ខ្ពស់​ទេ ពី​ព្រោះ​តំបន់​ព្រៃ​ឈើ​គ្រប់​ស្រុក​ក្នុង​ខេត្ត​នេះ ត្រូវ​បាន​គេ​កាប់​រាន​យក​ដី។ ក្នុង​នោះ​មាន​ផ្ទៃ​ដី​ព្រៃ​ប្រមាណ​ជាង ៣​ម៉ឺន​ហិកតារ ក្លាយ​ជា​ដី​ចម្ការ​កៅស៊ូ​ឯកជន។ លោក​បន្ត​ថា សមាគម​អាដហុក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អាជ្ញាធរ​ខេត្ត​រួច​ហើយ នៅ​ចុង​សប្ដាហ៍​នេះ ដើម្បី​ដឹក​នាំ​យុទ្ធនាការ​ទាមទារ​ឲ្យ​មាន​ការ​អនុវត្ត​តាម​បទ​បញ្ជា​ស្ដីពី​បម្រាម​កាប់​រាន និង​ទិញ​លក់​ដី​បាន​ពី​កាប់​រាន​ព្រៃ​ឈើ​ខុស​ច្បាប់ ៖ "បើ​និយាយ​ពី​ច្បាប់​ភូមិបាល ច្បាប់​ព្រៃ​ឈើ ចេញ​តាំង​ពី​ឆ្នាំ​ពីរ​ពាន់​មួយ ពីរ​ពាន់​ពីរ អ៊ីចឹង​រយៈ​ពេល​ជាង ១០​ឆ្នាំ​ហើយ។ វា​មាន​ភាព​អនាធិបតេយ្យ ចាប់​ពី​ឆ្នាំ​២០០៩ មក ប្រមុខ​រាជ​រដ្ឋាភិបាល​ព្រមាន​ជាប់​រហូត ប៉ុន្តែ​វា​ហាក់​ដូច​មិន​មាន​ប្រសិទ្ធភាព ដោយសារ​តែ​មន្ត្រី​ជំនាញ មន្ត្រី​មូលដ្ឋាន​មួយ​ចំនួន លោក​ជាប់​ទាក់​ទង​និង​ផល​ប្រយោជន៍"

របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​២០០៤ រហូត​បច្ចុប្បន្ន ករណី​កាប់​រាន​ដី​តំបន់​ព្រៃ​ឈើ​ទំហំ​រាប់​រយ​ហិកតារ​ឡើង​មាន​មិន​តិច​ជាង ២០​ករណី​ទេ។ នេះ​មិន​រាប់​ករណី​កាប់​រាន​ព្រៃ​ឈើ​ទ្រង់ទ្រាយ​ចាប់​ពី​ក្រោម ១០០​ហិកតារ​ចុះ មាន​រាប់​រយ​ករណី​ផ្សេង​ទៀត ត្រូវ​បាន​គេ​កាប់​រាន និង​កំពុង​បន្ត​កាប់​រាន​នៅ​ក្នុង​ខេត្ត​នេះ។ សកម្មភាព​កាប់​រាន​ព្រៃ​នៅ​ខេត្ត​រតនគិរី ដើម្បី​យក​ដី​ដាំ​កៅស៊ូ ជា​ការ​និយម​មួយ​ថ្មី របស់​ប្រជា​ពល​រដ្ឋ​រស់​នៅ​ខេត្ត​រតនគិរី និង​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន ដែល​មក​ពី​តំបន់ ឬ​ខេត្ត​ផ្សេងៗ​ទៀត៕

កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ប៉ុណ្ណោះ។