ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​ប្រាសាទ​តា​មាន់​មាន​ចំនួន​តិចតួច

ប្រាសាទ​តា​មាន់ ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​ខ្មែរ-ថៃ ត្រូវ​ចាត់​ទុក​ជា​តំបន់​ដែល​មាន​សក្ដានុពល​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​សំខាន់​មួយ​របស់​ខេត្ត​ឧត្តរមានជ័យ។
ដោយ សុ ជីវី
2012-12-28
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
តាមាន់ ឧត្ដរមានជ័យ ៣០៤
១៧-មករា-២០១០: ទាហាន​ខ្មែរ​ដើរ​ពិនិត្យ​ក្នុង​បរិវេណ​ប្រាសាទ​តាមាន់​ធំ ក្នុង​ស្រុក​បន្ទាយអំពិល ខែត្រ​ឧត្ដរមានជ័យ។
RFA/Hang Savyouth

ប៉ុន្តែ​មក​ដល់​ពេល​នេះ តំបន់​ប្រាសាទ​បុរាណ​ខ្មែរ​នៅ​តំបន់​ព្រំដែន នៅ​តែ​ពុំ​អាច​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​បាន​នៅ​ឡើយ ខណៈ​សង្គ្រាម​ដណ្ដើម​កាន់​កាប់​ប្រាសាទ​តា​មាន់​ពី​សំណាក់​ភាគី​ថៃ នៅ​មិន​ទាន់​អាច​ដោះស្រាយ​បាន​ទាំង​ស្រុង។

តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​ប្រាសាទ​តា​មាន់ ក្នុង​ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ នៅ​តែ​ខ្សត់​ភ្ញៀវ​ទេសចរ​ចូល​ទៅ​ទស្សនា នៅ​ពេល​ដែល​កងទ័ព​ខ្មែរ-ថៃ នៅ​តែ​បន្ត​ត្រៀម​ប្រយុទ្ធ​ក្នុង​ជម្លោះ​ដណ្ដើម​កាន់​កាប់​ប្រាសាទ​នេះ​ពី​សំណាក់​ភាគី​ថៃ។

មេ​បញ្ជា​ការ​រង​កង​វរ​សេនា​នៃ​កងពល​លេខ​៤២ ឈរ​ជើង​នៅ​ប្រសាទ​តា​មាន់ លោក សៅ ជិន មាន​ប្រសាសន៍​ថា ចំនួន​អ្នក​ទេសចរ​ដែល​ចូល​មក​ទស្សនា​ប្រាសាទ​តា​មាន់ បាន​ថយ​ចុះ​រហូត បើ​គិត​ចាប់​តាំង​ពី​មាន​ការ​ផ្ទុះ​អាវុធ​នៅ​តាម​បណ្ដោយ​ព្រំដែន​ខ្មែរ-ថៃ ក្នុង​ខេត្ត​ឧត្តរមានជ័យ ជា​ពិសេស​គឺ​នៅ​ប្រាសាទ​តា​មាន់ នេះ កាលពី​ខែ​មេសា និង​ឧសភា ឆ្នាំ​២០១១ មក។

លោក​មេ​បញ្ជា​ការ​រង សៅ ជិន បាន​បញ្ជាក់​ពី​ស្ថានភាព​នៅ​លើ​ប្រសាទ​តា​មាន់ ថា មក​ដល់​ពេល​នេះ រៀង​រាល់​ថ្ងៃ ភាគី​ទាំង​ពីរ ខ្មែរ-ថៃ នៅ​តែ​បន្ត​ដាក់​កម្លាំង​ទ័ព​រួម​គ្នា​នៅ​លើ​ប្រាសាទ​ចំនួន ៧​នាក់ និង​មាន​នគរបាល​ការពារ​ព្រំដែន ​២នាក់ ហើយ​កម្លាំង​ទាំង​អស់​ត្រូវ​មាន​វត្តមាន​នៅ​លើ​ប្រាសាទ​ចាប់​ពី​ម៉ោង ៧​ព្រឹក ដល់​ម៉ោង ៣​រសៀល។

លោក សៅ ជិន៖ «ប្រៀបធៀប​ពី​ឆ្នាំ​មុនៗ ឆ្នាំ​នេះ​អត់​សូវ​ច្រើន​ប៉ុន្មាន​ទេ។ កាល​ពី​ឆ្នាំ​មុនៗ ពី​យើង​អត់​ទាន់​ជម្លោះ​ព្រំ​ដែន​ហ្នឹង គាត់​មក​ច្រើន។ ដល់​ពេល​អីចេះ គាត់​អត់​សូវ​មក​ទេ មក​តិច​ណាស់។ មក​តិច គិត​ទៅ​ជាង ១​ឆ្នាំ​ហើយ តាំង​ពី​វ៉ៃ​គ្នា។ កាល​អត់​ទាន់​វ៉ៃ​គ្នា គាត់​មក​ច្រើន​អ្នក​ស្រុក»

ក្រៅ​ពី​ការ​ដាក់​កម្លាំង​រួម​គ្នា​នៅ​លើ​ប្រាសាទ ម៉ោង​ពេល​ដែល​អ្នក​ទេសចរ​ត្រូវ​ចូល​ទៅ​ទស្សនា​ប្រាសាទ​នេះ ក៏​ត្រូវ​កំណត់​តាម​រយៈ​ការ​ពិភាក្សា​គ្នា​រវាង​ភាគី​ទាំង​២។

បើ​ទោះ​ជា​មាន​ការ​លើក​ឡើង​ថា​ខ្សត់​អ្នក​ទេសចរ​ពី​ភាគី​កម្ពុជា ក៏​គេ​អាច​ឃើញ​អ្នក​ទេសចរ​ថៃ ចូល​មក​ទស្សនា​ញឹកញាប់ ជា​ពិសេស​សិស្ស​សាលា​ដែល​ចូល​មក​ទស្សនា​ជា​ក្រុមៗ។ ការ​មក​ទស្សនា​របស់​សិស្ស​សាលា​ថៃ គឺ​ពី ២​ទៅ ៣​ដង​ក្នុង​ខែ។

ទាហាន​ខ្មែរ​ម្នាក់​ដែល​កំពុង​ប្រចាំ​ការ​នៅ​លើ​ប្រាសាទ​តា​មាន់ លោក យិន ចាន់ អោយ​ដឹង​ថា ទាំង​ភ្ញៀវ​ទេសចរ​ដែល​ចូល​ពី​ទឹក​ដី​ខ្មែរ និង​ពី​ខាង​ទឹក​ដី​ថៃ ត្រូវ​នាំ​ឡើង​ទៅ​ប្រាសាទ​ដោយ​សមត្ថកិច្ច​ដែល​កំពុង​ប្រចាំ​ការ។ លោក យិន ចាន់ អោយ​ដឹង​ដែរ​ថា ភ្ញៀវ​ដែល​ឡើង​ពី​ខាង​ថៃ អាច​ទស្សនា​ប្រសាទ​បាន​ងាយ​ស្រួល​ជាង ចំណែក​ភ្ញៀវ​ពី​ខាង​ខ្មែរ គឺ​ត្រូវ​ទាហាន​ថៃ ហាម​ប្រាម​នៅ​តាម​កន្លែង​មួយ​ចំនួន។

លោក យិន ចាន់៖ «ពី​មុន យើង​ចូល​បាន​ច្រើន។ ឥឡូវ​ម៉ោ​យើង​ចូល​អត់​បាន​ទេ បាន​តែ​ជុំវិញ​ដូច​គ្នា។ ពេល​ទៅ​មុខ​ទៀត យើង​អាច​ចូល​ទៅ​ខាង​មុខ​បាន​ទៀត ហើយ​អាច​មើល​បាន​ដូច​គ្នា។ យើង គេ​នាំ​ដើរ​អីចឹង គឺ​គេ​មក​អីចឹង កុំ​អោយ​ដើរ​ហួស ដែល​យើង​អាច​ចូល​ទៅ​បាន។ គេ​ម៉ោ​ក៏​គេ​នាំ​ចូល​ទៅ គេ​ត្រូវ​ប្រាប់​កន្លែង​ណា​ដែល​យើង​មិន​អោយ​ចូល យើង​ក៏​ដូចគ្នា»

នៅ​ជុំវិញ​ប្រាសាទ​តា​មាន់ ទាំង​ក្នុង​ទឹក​ដី​ខ្មែរ និង​ថៃ គេ​អាច​មើល​ឃើញ​ខ្សែ​ត្រៀម​ប្រយុទ្ធ​របស់​កងទ័ព ក្នុង​នោះ​ភាគី​ខ្មែរ បាន​ដាក់​នៅ​ចម្ងាយ​ប្រហែល ១០០​ម៉ែត្រ​ពី​ខឿន​ខាង​មុខ ឬ​ខាង​កើត​ប្រាសាទ។ ចំណែក​ទ័ព​ថៃ គឺ​ដាក់​ខ្សែ​ត្រៀម​នៅ​ជាប់​នឹង​ខឿន​ស្ទើរ​ជុំវិញ​ប្រាសាទ។ ជាមួយ​គ្នា​នេះ កងទ័ព​ថៃ ក៏​បាន​ដាក់​ឧបករណ៍​ថត​រូប​ស្វ័យ​ប្រវត្តិ​នៅ​តាម​ចុង​ដើម​ឈើ​មួយ​ចំនួន​នៅ​តាម​ខ្សែ​ត្រៀម ដើម្បី​មើល​សកម្មភាព​ទាំង​ឡាយ​នៅ​លើ​ប្រាសាទ។

យ៉ាង​នេះ​ក្ដី កងទ័ព​ខ្មែរ​ដែល​ឈរ​ជើង​នៅ​ប្រាសាទ​តា​មាន់ បាន​រំពឹង​ទុក​ថា ស្ថានការណ៍​នៅ​លើ​ប្រាសាទ​នេះ​នឹង​បាន​កាន់​តែ​ប្រសើរ​ជាង​នេះ ប្រសិន​បើ​ក្រុម​ការងារ​ដោះស្រាយ​បញ្ហា​ព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ​អាច​ឈាន​ដល់​ការ​ចរចា​បញ្ចប់​ជម្លោះ​ព្រំ​ដែន ដែល​លើស​ពី​ការ​ចរចា​ដើម្បី​សម្រួល​កម្លាំង​ទ័ព​ដូច​ពេល​បច្ចុប្បន្ន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (0)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល