សាកសពយុវតីឈ្មោះ ចយ ពេជ្រ អាយុ ១៩ឆ្នាំ ត្រូវបានគេឃើញនៅខាងក្រៅទ្វារក្រោយផ្ទះថៅកែរបស់នាង កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដានេះ។
ភ្នាក់ងារប៉ូលិសម៉ាឡេស៊ី បានចាត់ទុកមរណភាពរបស់យុវតីខ្មែររូបនេះថា បណ្ដាលមកពីជំងឺរលាកសួត។ ប៉ុន្តែការចោទប្រកាន់កាលពីដើមសប្ដាហ៍នេះ បានបង្ហាញថា នាងត្រូវបានម្ចាស់ផ្ទះវាយរហូតដល់ស្លាប់។
ប្រភពព័ត៌មាន Free Malaysia Today បានរាយការណ៍ថា ខ្លឹមសារក្នុងអ៊ីមេលដែលផ្ញើទៅមនុស្សជាង ៤០០នាក់ ដែលរួមមានទាំងស្ថានទូតម៉ាឡេស៊ី ក្រុមប៉ូលិស ហើយនិងស្ថានទូតខ្មែរប្រចាំនៅម៉ាឡេស៊ី ផងនោះ អ្នកជិតខាងម្នាក់បានអះអាងថា មានសាក្សីជាច្រើននាក់បានឃើញយុវតីរងគ្រោះរូបនេះ ត្រូវបានម្ចាស់ផ្ទះធ្វើបាបទាំងផ្លូវកាយ និងផ្លូវចិត្ត។
យុវតីរងគ្រោះត្រូវបាននាំចេញទៅធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី ដោយក្រុមហ៊ុនភ្នាក់ងារជ្រើសរើសពលករឈ្មោះ AP TSE & C Cambodian Resources Co.។
នាយកក្រុមហ៊ុនលោក សេង សិទ្ធីជ័យ (Seng Sithichey) បានអះអាងថា នាង ចយ ពេជ្រ មានអាយុ ២១ឆ្នាំ ហើយថា តាមលិខិតបញ្ជាក់របស់គ្រូពេទ្យ គឺនាងស្លាប់ដោយសារជំងឺរលាកសួត។
អង្គការសិទ្ធិមនុស្ស The Human Rights Watch (HRW) បានបង្ហាញថា មរណភាពរបស់យុវតី ចយ ពេជ្រ មិនមែនជាករណីតែមួយនោះទេ។
អង្គការសិទ្ធិមនុស្ស The Human Rights Watch បានអំពាវនាវសុំឲ្យរដ្ឋាភិបាលទាំងពីរ គឺម៉ាឡេស៊ី និងកម្ពុជា ចាត់វិធានការស៊ើបអង្កេតស្វែងរកពិតចំពោះករណីមួយនេះ និងករណីធ្វើបាបរំលោភសិទ្ធិកម្មករជាច្រើនករណីទៀត។ ហើយដោយសារតែប្រទេសកម្ពុជា បង្កើនការបញ្ជូនប្រមាណពលករទៅធ្វើការនៅក្រៅប្រទេស។ អង្គការនេះបានស្នើឲ្យរដ្ឋាភិបាល ក៏ដូចជាអ្នកនយោបាយយកចិត្តទុកដាក់ក្នុងការការពារសុវត្ថិភាពរបស់ពលករពីការប្រឈមនឹងការធ្វើបាប និងរំលោភសិទ្ធិ។
ចំណែកលោកស្រី មូរ សុខហួរ តំណាងរាស្ត្រមណ្ឌលកំពត និងជាអតីតរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងថា លោកស្រីនឹងសួរទៅស្ថានទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា អំពីករណីមរណភាពរបស់នាង ចយ ពេជ្រ ហើយនិងបញ្ហាសុវត្ថិភាព និងសន្តិសុខនៃស្ត្រីពលករខ្មែរដែលបម្រើការងារនៅក្នុងប្រទេសម៉ាឡេស៊ី៕
