អ្នក​កើត​​ជំងឺ​គ្រុនចាញ់​កើន​ឡើង​ក្នុង​ឆ្នាំ​២០០៩

មន្រ្តី​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ចំនួន​មនុស្ស​ដែល​រង​គ្រោះ​ដោយសារ​ជំងឺ​គ្រុនចាញ់​នៅ​កម្ពុជា មាន​ការ​កើន​ឡើង​នៅ​ក្នុង​ឆ្នាំ​២០០៩ បើ​ប្រើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ទៅ​នឹង​ឆ្នាំ​២០០៨​កន្លង​ទៅ​នេះ។

0:00 / 0:00

លោក​វេជ្ជបណ្ឌិត ដួង សុជាតិ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​គ្រុនចាញ់​របស់​ក្រសួង​សុខាភិបាល បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ ឲ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០០៩​កន្លង​ទៅ ចំនួន​អ្នក​កើត​ជំងឺ​គ្រុនចាញ់​មាន​ការ​កើន​ឡើង​ជាង​ឆ្នាំ​២០០៨ ដោយ​ក្នុង​ឆ្នាំ​២០០៩ មាន​អ្នក​កើត​ជំងឺ​គ្រុនចាញ់​ប្រមាណ​៨​ម៉ឺន​ករណី ហើយ​មាន​ស្លាប់​ចំនួន​២៨០​នាក់ ច្រើន​ជាង​ឆ្នាំ​មុន​ដែល​មាន​អ្នក​ស្លាប់​ចំនួន​២០០​នាក់​ប៉ុណ្ណោះ។

លោក​វេជ្ជបណ្ឌិត ដួង សុជាតិ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា មូលហេតុ​នៃ​ការ​កើន​ឡើង​ចំនួន​អ្នក​មាន​ជំងឺ​គ្រុនចាញ់​មាន​ច្រើន ក្នុង​នោះ​ដោយសារ​មាន​ការ​ប្រែប្រួល​ធាតុអាកាស​ដែល​ធ្វើ​ឲ្យ​មូស​ដែល​ជា​សត្វ​ចម្លង​មេរោគ​គ្រុនចាញ់​ឆាប់​ពង​និង​ឆាប់​ញាស់​ជាដើម។

លោក​វេជ្ជបណ្ឌិត ដួង សុជាតិ បាន​ឲ្យ​ដឹង​ដូច្នេះ ៖ «កើន​ជាង​២០០៨​បន្តិច ព្រោះ​ឆ្នាំ​២០០៩ យើង​ឃើញ​កត្តា​ខ្លះ​ធ្វើ​ឲ្យ​មាន​ការ​កើន ដូចជា​មាន​ភ្លៀង​ធ្លាក់​ដើម​ឆ្នាំ​លឿន​ពេក អ៊ីចឹង​វា​បង្ក​ឲ្យ​មាន​ជម្រក​មូស​ច្រើន ហើយ​មុង​ដែល​យើង​កុម្ម៉ង់​តាម​អង្គការ​សុខភាព​ពិភពលោក​មក​យឺត មក​តាំង​ពី​ខែ​៤ ខែ​៥​បាន​មក​ដល់ អ៊ីចឹង​ភ្លៀង​ធ្លាក់​ហើយ ហើយ​ការ​ចែកចាយ​ទម្រាំ​ដឹក​ទៅ​ដល់​កន្លែង​ផ្សេង​ទៀត អ៊ីចឹង​ទាល់​តែ​ខែ​៦ ខែ​៧ បាន​យើង​បាន​ចែក អ៊ីចឹង​វា​មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​ការពារ​ប្រជាជន។ ទី​៣ យើង​ឃើញ​ថា ប្រជាជន​ក្នុង​ឆ្នាំ​២០០៩ មាន​ការ​ចល័ត​ច្រើន ហើយ​យើង​ឃើញ​ការដ្ឋាន​ធំៗ​ដែល​គេ​ត្រូវការ​កម្មករ​ច្រើន អ៊ីចឹង​យើង​ឃើញ​ថា កម្មករ​ទាំងនោះ​គាត់​ទៅ​ទាំង​ប្រពន្ធ​កូន អ៊ីចឹង​គាត់​ជា​ជន​ចំណូល​ថ្មី នៅ​កន្លែង​ដី​ថ្មី គាត់​អត់​បាន​ការពារ គាត់​អត់​យល់​រឿង​គ្រុនចាញ់ អ៊ីចឹង​បាន​យើង​ឃើញ​ថា មាន​កើត​ជំងឺ​គ្រុនចាញ់​ច្រើន​មែន​ទែន។ ចំណុច​មួយ​ទៀត គឺ​ដោយសារ​រដ្ឋាភិបាល​កសាង​ផ្លូវ​អី​ច្រើន​នៅ​តាម​ជនបទ អ៊ីចឹង​ទៅ​ប្រជាជន​ងាយ​ស្រួល​មក​រក​សេវា​របស់​យើង​ប្រើ​ប្រាស់​ច្រើន​វិញ អ៊ីចឹង​យើង​ឃើញ​ចំនួន​ប្រជាជន​មក​ប្រើ​សេវា​រដ្ឋ​មាន​ការ​កើន​ឡើង អ៊ីចឹង​ក្នុង​នោះ​ក៏​ធ្វើ​ឲ្យ​ជំងឺ​គ្រុនចាញ់​យើង​មាន​តួលេខ​កើន​តាម​គេ​អ៊ីចឹង​ដែរ»

ចំពោះ​វិធានការ​ការពារ​ជំងឺ​គ្រុនចាញ់​វិញ លោក​វេជ្ជបណ្ឌិត ដួង សុជាតិ បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ត្រូវ​តែ​សម្រាក​ក្នុង​មុង​ដើម្បី​ការពារ​មូស​ខាំ ៖ «វិធានការ​ការពារ​យើង យើង​សង្កត់​ធ្ងន់​ទៅ​លើ​មុង​ជ្រលក់​ថ្នាំ ធ្វើ​ម៉េច​ឲ្យ​ប្រជាជន​គាត់​យក​មុង​ទៅ​ប្រើ​ឲ្យ​បាន​ត្រឹមត្រូវ។ ទី​២ ធ្វើ​យ៉ាងណា​ឲ្យ​គាត់​ឆាប់​រក​សេវា​ព្យាបាល​ដែល​នៅ​ជិត​ភូមិ​គាត់ ឬ​ក៏​ទៅ​រក​អ្នក​ស្ម័គ្រចិត្ត​ភូមិ​ដែល​យើង​បាន​បង្កើត​ហើយ​នៅ​តាម​ភូមិ​ឃុំ​របស់​គាត់​ហ្នឹង ធ្វើ​ម៉េច​ឲ្យ​បាន​ទាន់​ពេល កុំ​រង់ចាំ​ទៅ​ព្យាបាល​សេវា​ឯកជន ឬ​ទិញ​ថ្នាំ​ព្យាបាល​ខ្លួន​ឯង​ដែល​ជា​ប្រការ​មួយ​ធ្វើ​ឲ្យ​គ្រុន​ចាញ់​ធ្ងន់ធ្ងរ​អាច​ធ្វើ​ឲ្យ​ស្លាប់​បាន»

ក្នុង​ចំណោម​រាជធានី​ខេត្ត​ទាំង​២៤​នៅ​ប្រទេស​កម្ពុជា ខេត្ត​ដែល​កើត​មាន​ជំងឺ​គ្រុនចាញ់​ច្រើន​ជាង​គេ គឺ​មាន​ខេត្ត​កំពង់ចាម ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី​និង​កោះកុង៕