ពាន​រង្វាន់​សិទ្ធិ​មនុស្ស​ឈាន​មុខ​ជះ​ឥទ្ធិពល​ដល់​ការ​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ

ប្រធាន​ស្ថានីយ​វិទ្យុ​សម្បុក​ឃ្មុំ លោក ម៉ម សូណង់ដូ ដែល​រដ្ឋាភិបាល​បាន​ចោទ​ពី​បទ​បង្កើត​តំបន់​អបគមន៍ ជាប់​គុក ២០​ឆ្នាំ​នោះ បាន​ក្លាយ​ទៅ​ជា​បេក្ខជន​ចុង​ក្រោយ​សម្រាប់​ទទួល​ពាន​រង្វាន់​ឈាន​មុខ​ចំពោះ​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដែល​ប្រឈម​មុខ​នឹង​ហានិភ័យ។

0:00 / 0:00

ក្រុម​នេះ​បាន​វាយ​តម្លៃ​ថា លោក ម៉ម សូណង់ដូ បាន​លះបង់​អាយុ​ជីវិត​របស់​ខ្លួន​ដើម្បី​ជួយ​ដល់​ជន​ក្រីក្រ និង​ទាមទារ​សិទ្ធិ​សេរីភាព​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​តស៊ូ​ទាមទារ​សិទ្ធិ​របស់​ពួកគេ​ដែល​ប្រតិបត្តិ​តាម​ឱវាទ​ប្រៀន​ប្រដៅ​ឲ្យ​ប្រកាន់​នូវ​ធម៌​អហិង្សា​តាម​មាគ៌ា​ព្រះពុទ្ធ​សាសនា។

លោក ម៉ម សូណង់ដូ ក្នុង​វ័យ ៧១​ឆ្នាំ បាន​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​គេ​ចាត់​ទុក​ថា ជា​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជា ដែល​ប្រឈម​មុខ​នឹង​ហានិភ័យ​ខ្ពស់ ក្នុង​ការ​រួម​ចំណែក​យ៉ាង​ធំធេង​ចំពោះ​បុព្វហេតុ​សិទ្ធិ​មនុស្ស សម្រាប់​ឆ្នាំ​២០១៣។

ជា​រៀង​រាល់​ឆ្នាំ​អង្គការ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ឈាន​មុខ ហៅ​ជា​ភាសា​អង់គ្លេស​ថា ហ្វ្រន់ឡាញ ឌីហ្វិនឌ័រ (Front Line Defenders) បាន​ស្វែង​រក​អ្នក​ឈាន​មុខ​ក្នុង​កិច្ចការ​សិទ្ធិ​មនុស្ស ហើយ​ប្រឈម​ហានិភ័យ​នៅ​ទូទាំង​ពិភព​លោក សម្រាប់​ផ្ដល់​ពានរង្វាន់ គឺ​ជា​គំរូ​សេចក្ដី​ក្លាហាន ហើយ​ប្ដេជ្ញា​ចិត្ត​ដ៏​មោះមុត​ចំពោះ​បុព្វហេតុ​សិទ្ធិ​មនុស្ស។

ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​បាន​ជួប​សម្ភាស​ជាមួយ​វិទ្យុ​អាស៊ី​សេរី បាន​សាទរ​ចំពោះ​ពាន​រង្វាន់​នេះ បើ​ទោះ​បី​ជា​លោក​ពុំ​មាន​សេរីភាព ហើយ​កំពុង​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​ក្ដី៖ «ដល់​ពេល​គាត់​ធ្លាក់​ខ្លួន យើង​អាណិត​គាត់​ដែរ បន់​ឲ្យ​តែ​រដ្ឋាភិបាល​គេ​លើកលែង​ទោស​ឲ្យ​គាត់​ទៅ​ណា គ្រាន់​តែ​ចង់​បាន​តែ​ប៉ុណ្ណឹង អត់​ចង់​បាន​អី​ទេ​រាល់​ថ្ងៃ។ កូន​ចៅ​អត់​មាន​សុំ​អី​ពី​រដ្ឋាភិបាល​ទេ សុំ​ឲ្យ​គាត់​ជួយ​សម្រាល​ទោស​អ៊ីចឹង​ទៅ​ណា។ ត្រឹម​ត្រូវ​ហើយ ព្រោះ​គាត់​កសាង​ជាតិ​ដែរ គាត់​ជួយ​ប្រជាជន ជួយ​កុមារ​កំព្រា ជួយ​សាលារៀន​លុយ​គាត់​ដោយ​សុទ្ធចិត្ត​ហ្មង គាត់​អត់​មាន​យក​លុយ​រដ្ឋាភិបាល​ផង អ្នក​ក្រ​អ្នក​ឈឺ អ្នក​ទីទាល់ អត់​មាន​ទី​រំពឹង គឺ​គាត់​ជួយ​ទាំង​អស់ ហើយ​ចៅ​តូចៗ​ក៏​គាត់​ជួយ​កសាង​សាលារៀន​ឲ្យ​ក្មេង​នោះ​ដែរ។ (ការ​ផ្ដល់​ពានរង្វាន់) ត្រឹមត្រូវ យល់​ថា អាណិត សោកស្ដាយ​ពេល​វេលា​ដែល​គាត់​ខំ​កសាង​ទៅ​ជា​អត់​មាន​ន័យ ពលរដ្ឋ​ខ្មែរ​សង្ឃឹម​លើ​គាត់​ភាគតិច​ក៏​ដោយ។ សំណូមពរ​ឲ្យ​រដ្ឋាភិបាល​ជួយ​មើល​ខុស​ត្រូវ​ទៅ ចុះ​ទោស​អ្នក​ផ្សេង​ចេះ​សម្រាល​បាន​រាប់​រយ​នាក់ ចុះ​មិន​អាច​លើក​លែង​ឲ្យ​គាត់​បាន​ទេ​អី?»

ភរិយា​លោក ម៉ម សូណង់ដូ លោកស្រី ឌិន ផាណារ៉ា ក៏​សប្បាយ​ចិត្ត​ដែល​អង្គការ​នេះ​បាន​ជ្រើសរើស​ស្វាមី​គាត់​ថា ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ឈាន​មុខ។ ទន្ទឹម​នឹង​គ្នា​នេះ លោកស្រី​សុំ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ចំពោះ​ការ​ឃុំ​ខ្លួន​ស្វាមី​គាត់។

លោកស្រី ឌិន ផាណារ៉ា៖ «ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ហើយ​និង​មាន​មោទនភាព​ណាស់ ដែល​បាន​គេ​ជ្រើសរើស​គាត់​ក្នុង​ចំណោម​អ្នក​ដែល​ជួយ​សកម្មភាព​នៅ​ក្នុង​សង្គម គាត់​ជួយ​អ្នក​ក្រីក្រ អ្នក​វេទនា ហើយ​គាត់​គាំទ្រ​សេរីភាព​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ គាត់​ជួយ​សង្គម ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​ណាស់ គាត់​ហ៊ាន​លះបង់​សេរីភាព​របស់​គាត់»

អង្គការ​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ឈាន​មុខ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៣ ថា លោក ម៉ម សូណង់ដូ ជា​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​មក​ពី​កម្ពុជា​ម្នាក់ សម្រាប់​ទទួល​ពាន​រង្វាន់​ឈាន​មុខ​សម្រាប់​ឆ្នាំ​២០១៣​នេះ។

សេចក្ដី​ថ្លែងការណ៍​ដដែល​បញ្ជាក់​ថា លោក ម៉ម សូណង់ដូ បាន​លះបង់​អាយុ​ជីវិត​របស់​ខ្លួន​ ដើម្បី​ជួយ​ដល់​ជន​ក្រីក្រ និង​ទាមទារ​សិទ្ធិ​សេរីភាព​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​តស៊ូ​ទាមទារ​សិទ្ធិ​របស់​ពួកគេ ដែល​ប្រតិបត្តិ​តាម​ឱវាទ​ប្រៀន​ប្រដៅ​អហិង្សា​តាម​ជំនឿ​សាសនា។

លោក​គឺ​ជា​អ្នក​សារព័ត៌មាន និង​ជា​នាយក​ស្ថានីយ​វិទ្យុ​ឯករាជ្យ​មួយ​ក្នុង​ចំណោម​ស្ថានីយ​វិទ្យុ​ឯករាជ្យ​ចំនួន​បី​ក្នុង​ប្រទេស​កម្ពុជា ដែល​ចាត់​ទុក​ថា ជា​ប្រទេស​មួយ​រឹតត្បិត​សេរីភាព​និយាយ​ស្ដី ហើយ​លោក​ក៏​ជា​ស្ថាបនិក​សមាគម​អ្នក​ប្រជាធិបតេយ្យ ដែល​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​យ៉ាង​ក្លៀវក្លា។

នាយក​ប្រតិបត្តិ​របស់​ក្រុម​អ្នក​ការពារ​សិទ្ធិ ហ្វ្រន់ឡាញ ឌីហ្វិនឌ័រ លោកស្រី ម៉ារី ឡ័រលើ (Mary Lawlor) មាន​ប្រសាសន៍​ថា ពាន​រង្វាន់​នេះ គឺ​ជា​ការ​ប្រារព្ធ​ដល់​ស្មារតី​ដែល​ពុំ​អាច​បំផ្លិចបំផ្លាញ​បាន ដែល​បង្រួបបង្រួម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក គឺ​ជា​ចលនា​មួយ​ដើម្បី​បង្កើត​ឲ្យ​មាន​សង្គម​ដែល​រឹតតែ​មាន​យុត្តិធម៌ និង​សមភាព។

លោកស្រី ម៉ារី ឡ័រលើ៖ «ទោះ​បី​ជា​រដ្ឋាភិបាល​ព្យាយាម​យ៉ាង​ណា​ក៏​ដោយ ពួកគេ​មិន​អាច​កម្ចាត់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទាំង​អស់​នោះ​បាន​ដែរ ហើយ​នៅ​ពេល​ដែល​ជន​ណា​ម្នាក់​អស់​ជីវិត មាន​អ្នក​ផ្សេង​ទៀត​មក​បន្ត​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​អយុត្តិធម៌។ អ្វី​ដែល​រដ្ឋាភិបាល​មិន​យល់​នោះ គឺ​ថា អ្នក​នឹង​មិន​អាច​លុប​បំបាត់​ស្មារតី​នៅ​សកម្មជន​ការពារ​សិទ្ធិ​បាន​ឡើយ។ ស្មារតី​ទាំង​នោះ​នៅ​តែ​ស្ថិត​ក្នុង​លោហិត​របស់​ពួកគេ»

ពិត​ណាស់​ស្មារតី​នេះ គឺ​ស្ថិត​នៅ​ក្នុង​មនសិការ​មនុស្ស​ផ្សេង​ទៀត ពុំ​មាន​តែ​លោក ម៉ម សូណង់ដូ ម្នាក់​នោះ​ទេ។

ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ប្រចាំ​ខេត្ត​ព្រៃវែង លោក ចាន់ យ៉ាង ដែល​ធ្លាប់​ធ្វើការ​ជាមួយ​លោក ម៉ម សូណង់ដូ បាន​ថ្លែង​ថា ពាន​រង្វាន់​នេះ​កាន់​តែ​ធ្វើ​ឲ្យ​លោក​មាន​កម្លាំង​ចិត្ត​បំពេញ​ការងារ​សង្គម​បន្ថែម​ទៀត​ដោយ​ឥត​ភ័យ​ខ្លាច។

លោក ចាន់ យ៉ាង៖ «មក​ពី​ខ្ញុំ​អត់​ធ្វើ​អី​ខុស កាល​ណា​ខ្ញុំ​គិត​តែ​ពី​រឿង​លុយ​កាក់ គេ​ហៅ​ចូល​ហ៊្វុនសិនប៉ិច គេ​ឲ្យ​តំណែង​ជា​ចៅហ្វាយ​ខេត្ត ក៏​ខ្ញុំ​មិន​ទទួល​ស្គាល់។ ខ្ញុំ​ជឿ​ថា គាត់​ជា​សកម្មជន​ពិតៗ វា​អត់​មាន​ក្លែងក្លាយ​ទេ បើ​គាត់​ក្លែងក្លាយ គាត់​មិន​អាច​ចូល​មក​ឲ្យ​គេ​ចាប់​ខ្លួន​ទេ។ ជា​រង្វាន់​មួយ​លើក​ទឹក​ចិត្ត​សមាជិក​ខាង​ក្រោម​ឲ្យ​មាន​កម្លាំង​ចិត្ត​ឲ្យ​រឹត​រឹងប៉ឹង​ឡើង​មិន​ទ្រេតទ្រោត»

ជ័យ​លាភី​សម្រាប់​ពានរង្វាន់​ហ្វ្រន់ឡាញ ឆ្នាំ​២០១៣ សម្រាប់​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ដែល​ប្រឈម​ហានិភ័យ​នឹង​ត្រូវ​ប្រកាស​នៅ​ឯ​ពិធី​មួយ​ក្នុង​ទីក្រុង ឌុបលីន (Dublin) ប្រទេស​អៀរឡង់ដ៏ (Ireland) នា​ឆ្នាំ​នេះ។

ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ពាន់​រង្វាន់​នេះ​វា​សាក​សម​ណាស់​ចំពោះ​លោក ម៉ម សូណង់ដូ ហើយ​ករណី​លោក ម៉ម សូណង់ដូ នឹង​កាន់​តែ​ធ្វើ​ឲ្យ​ពិភពលោក​ងាក​មក​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង៖ «ព្រោះ​អី​យើង​ដឹង​ថា ករណី​លោក ម៉ម សូណង់ដូ គឺ​ជា​ការ​សម្រេច​ចិត្ត​នយោបាយ​មួយ​របស់​រដ្ឋាភិបាល​ដោយសារ​ការងារ​របស់​គាត់​ទាក់ទង​រឿង​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ការងារ​វិទ្យុ​សម្បុក​ឃ្មុំ ដូច្នេះ​ពិភពលោក​នឹង​ចាប់​អារម្មណ៍​លើ​លោក ម៉ម សូណង់ដូ។ ខ្ញុំ​ជឿ​ជាក់​ថា លោក​អាច​ទទួល​បាន​យុត្តិធម៌ និង​រួច​ខ្លួន​មាន​សេរីភាព​ឡើង​វិញ»

បើ​ទោះ​ជា​មាន​ការ​លើក​ឡើង​យ៉ាង​នេះ​ក្ដី ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ថា ការ​ផ្ដល់​ពាន​រង្វាន់ និង​ការ​លើក​សរសើរ​ណា​មួយ​ដល់​អ្នក​ទោស​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ​នោះ គឺ​ជា​ជា​ទម្លាប់​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ទៅ​ហើយ។

ទីប្រឹក្សា​រាជ​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ទិត សុធា បាន​ឆ្លើយតប​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​មិន​បាន​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​នីតិរដ្ឋ ឬ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទេ។ សម្រាប់​រដ្ឋាភិបាល គឺ​ធ្វើការ​ដោយ​ផ្ដោត​ទៅ​លើ​ការ​អនុវត្ត​ច្បាប់ ដោយ​ផ្ដល់​អាទិភាព​ទៅ​ដល់​ស្ថាប័ន​តុលាការ​ដើម្បី​កែ​ទម្រង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។

លោក ទិត សុធា៖ «វា​ជា​ទម្លាប់​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ឲ្យ​តម្លៃ​អ្នក​ទោស ព្រោះ​អ្នក​ទោស​ក្នុង​ប្រទេស​កម្ពុជា អ្នក​ខ្លះ​អះអាង​ថា ខ្លួន​ជា​អ្នក​ទោស​នយោបាយ»។

អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង សម រង្ស៊ី លោក សុន ឆ័យ មាន​មតិ​ថា លោក ម៉ម សូណង់ដូ គឺ​ជា​មនុស្ស​កម្រ។ ការ​ចាប់​ខ្លួន​លោក​គឺ​បញ្ជាក់​ថា រដ្ឋាភិបាល​មិន​ទាន់​បាន​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស​ពេញលេញ​នៅ​ឡើយ។

លោក សុន ឆ័យ៖ «ខ្ញុំ​ជឿ​ថា អង្គការ​ដែល​គេ​ឲ្យ​កិត្តិយស​ដល់​លោក ម៉ម សូណង់ដូ...។ ជា​កត្តា​បង្ហាញ​ថា ការ​បំពាន​ទៅ​លើ​លោក ម៉ម សូណង់ដូ មិន​ត្រូវ​បាន​អន្តរជាតិ​បំភ្លេច​នៅ​ឡើយ គេ​នៅ​តែ​បន្ត​ជំរុញ។ សង្ឃឹម​ថា ជាប់​ជា​កិត្តិយស​ដើម្បី​ជំរុញ​ឲ្យ​អ្នក​កាន់កាប់​អំណាច​ក្នុង​ប្រទេស​កម្ពុជា ធ្វើ​ការ​ពិនិត្យ​ឡើង​វិញ លើ​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ដល់​លោក ម៉ម សូណង់ដូ នេះ»

លោក ម៉ម សូណង់ដូ គាត់​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កក្កដា ឆ្នាំ​២០១២ ហើយ​បើ​ទោះ​ជា​គ្មាន​ភស្តុតាង​ជាក់លាក់ ដើម្បី​ភ្ជាប់​រូប​លោក​ទៅ​នឹង​ចលនា​អបគមន៍ គាត់​ត្រូវ​តុលាការ​ចោទ​ប្រកាន់​កាល​ពី​ថ្ងៃ​ទី​១ ខែ​តុលា ឆ្នាំ​២០១២ ពី​បទ​ញុះញង់​ឲ្យ​មាន​ការ​បះបោរ និង​ញុះញង់​ឲ្យ​កាន់​អាវុធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៅ​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ហើយ​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ឆ្នាំ។

លោក ម៉ម សូណង់ដូ គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម ៦​នាក់ ពី​ប្រទេស​ផ្សេងៗ ក្នុង​ឆ្នាំ​នេះ ដែល​ត្រូវ​ទទួល​បាន​ពាន​រង្វាន់។ បេក្ខជន ៥​នាក់​ផ្សេង​ទៀត​មាន​មក​ពី​ប្រទេស​អ៊ីរ៉ង់(Iran) កេនយ៉ា (Kenya) កូឡុំប៊ី (Columbia) អូបែរគីស្ថាន (Uzbekistan) និង​ប្រទេស​ម៉ូរីតានី (Mauritania) ដែល​គេ​ជ្រើស​ចេញ​ពី​មនុស្ស ៩០​នាក់​នៅ​ទូទាំង​ពិភព​លោក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។