ខ្សែ​អាត់​របស់​លោក​សូណង់ដូ បង្ហាញ​ថា​លោក​គ្មាន​ពាក់ព័ន្ធ​នឹង​លោក​សួនសេរីរដ្ឋា

នៅ​គ្រា​ដែល​ក្រុម​គ្រួសារ​លោក ម៉ម សូណង់ដូ ត្រៀម​ចាំ​ទទួល​សាលក្រម​ដែល​ជា​លទ្ធផល​នៃ​សវនាការ នៅ​ដើម​ខែ​តុលា ខាង​មុខ​នេះ វិទ្យុ​សំបុក​ឃ្មុំ និង​សមាគម​អ្នក​ប្រជាធិបតេយ្យ​របស់​លោក បាន​ព្យាយាម​បង្ហាញ​ខ្សែ​អាត់​សំឡេង ដែល​លោក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។
ដោយ សុ ជីវី
2012-09-24
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ម៉ម សូណង់ដូ ចេញ​ពី​សវនាការ ៣០៥
លោក ម៉ម សូណង់ដូ ចេញ​ពី​បន្ទប់​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ត្រូវ​មន្ត្រី​ពន្ធនាគារ​នាំ​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១២។
RFA/Tep Soravy

ខ្សែ​អាត់​សំឡេង​នោះ ត្រូវ​បាន​អះអាង​ថា អាច​ជា​តឹកតាង​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​លោក ហើយ​ក៏​ធ្លាប់​ត្រូវ​បាន​ស្នើ​ទៅ​តុលាការ​ឲ្យ​យក​ជា​ភស្តុតាង ក្នុង​រឿង​ក្តី​ចោទ​ប្រកាន់​លោក​ដែរ តែ​ចៅក្រម​បដិសេធ។

សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ចប់​សវនាការ​រយៈពេល ៣ថ្ងៃ​កន្លះ​របស់​ខ្លួន កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា លើ​សំណុំ​រឿង​ចោទ​ប្រកាន់​របស់​រដ្ឋាភិបាល​កម្ពុជា ទៅ​លើ​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជន​ជាប់​ចោទ​មួយ​ចំនួន​ទៀត​ថា ជា​អ្នក​ប៉ុនប៉ង​បង្កើត​តំបន់​អបគមន៍​នៅ​ខេត្ត​ក្រចេះ។

ព្រះរាជ​អាជ្ញា បាន​ប្រកាស​ចោទ​លោក ម៉ម សូណង់ដូ ថា បាន​សហការ​ជាមួយ​ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ គឺ​លោក សួន សេរីរដ្ឋា ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

នៅ​ក្រោយ​សវនាការ​នោះ​បាន​បញ្ចប់ វិទ្យុ​សំបុក​ឃ្មុំ បាន​ផ្សព្វផ្សាយ​ពី​ខ្លឹមសារ​មួយ​ចំនួន​នៃ​សម្ដី​របស់​លោក ម៉ម សូណង់ដូ ដែល​ថ្លែង​នៅ​តាម​បណ្ដា​វេទិកា​សាធារណៈ ដែល​លោក​បាន​ចូល​រួម​ជាមួយ​ប្រធាន​អំណាច​ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក។

ខ្លឹមសារ​សំខាន់ៗ​មួយ​ចំនួន​នៃ​សម្ដី​របស់​ប្រធាន​វិទ្យុ​សំបុកឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ លោក ម៉ម សូណង់ដូ ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​វិទ្យុ​សំបុក​ឃ្មុំ បាន​បញ្ជាក់​ថា លោក​ពុំ​មាន​និន្នាការ​ចូល​រួម ឬ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ចលនា​អំណាច​ពលរដ្ឋ​របស់​លោក សួន សេរីរដ្ឋា នោះ​ឡើយ។

ក្នុង​ការ​ចាក់​ផ្សាយ​រយៈពេល ១៦​នាទី ដោយ​មាន​អ្នក​អធិប្បាយ​អម​ផង គេ​បាន​ផ្សាយ​ឡើង​វិញ​នូវ​ខ្លឹមសារ​សំខាន់ៗ​ទាំង​នោះ នៅ​ក្រោយ​ពេល​ដែល​តុលាការ​ក្រុង​ភ្នំពេញ បាន​បញ្ចប់​សវនាការ​លើ​សំណុំ​រឿង លោក ម៉ម សូណង់ដូ និង​អ្នក​ពាក់ព័ន្ធ កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា និង​សម្រេច​ថា នឹង​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​ទី១ ខែ​តុលា ខាង​មុខ។

គេ​បាន​រំលឹក​ថា រាល់​ពេល​ដែល​លោក ម៉ម សូណង់ដូ ជួប​ជាមួយ​ពលរដ្ឋ​នៅ​សហរដ្ឋ​អាមេរិក និង​នៅ​ក្នុង​សមាជ​ប្រចាំ​ឆ្នាំ​លើក​ទី២ នៃ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ នៅ​ក្រុង​លីនវូដ (Lynnwood) រដ្ឋ​វ៉ាស៊ីនតោន (Washington) កាល​ពី​ខែ​មីនា និង​មេសា ឆ្នាំ​២០១២ កន្លង​ទៅ លោក ម៉ម សូណង់ដូ តែង​តែ​បាន​ថ្លែង​បញ្ជាក់​ទុក​ជា​មុន​ថា លោក​ទៅ​និយាយ​ក្នុង​នាម​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​ចលនា​ប្រជាធិបតេយ្យ ហើយ​បើ​ទោះ​ជា​យ៉ាង​ណា លោក និង​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក គឺ​ពុំ​អាច​ចូល​រួម​ជាមួយ​គ្នា​បាន​ទេ ពីព្រោះ​ឆន្ទៈ​ខុស​គ្នា និង​មាន​ទិសដៅ គោល​បំណង មិន​ដូច​គ្នា​ទេ៖ «ខ្ញុំ​មិន​អាច​ចូល​រួម​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ពីព្រោះ​ខ្ញុំ​រស់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មាន​ច្បាប់​រដ្ឋធម្មនុញ្ញ មាន​ព្រះមហាក្សត្រ ទិសដៅ និង​គោលដៅ​របស់​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ជា​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ»

ជា​មួយ​គ្នា​នេះ លោក ម៉ម សូណង់ដូ ក៏​បាន​លើក​ឡើង​ពី​លក្ខន្តិក​នៃ​សមាគម​របស់​លោក និង​ថា​ជានិច្ចកាល​សមាគម​នេះ​ធ្វើ​ការ​ទៅ​តាម​លំអាន​ច្បាប់​កម្ពុជា ដែល​ផ្ទុយ​គ្នា​ពី​ចលនា​ប្រជាពលរដ្ឋ​របស់​លោក សួន សេរីរដ្ឋា៖ «ចំណែក​ចលនា​អំណាច​ពលរដ្ឋ គេ​ប្រើ​ច្បាប់​របស់​សហរដ្ឋ​អាមេរិក ដូច្នេះ ដែល​អនុញ្ញាត​អោយ​ខ្ញុំ​អង្គុយ​កៅអី​ជិត​គ្នា​ហ្នឹង គឺ​ជា​ខ្មែរ​ដូច​គ្នា។ សិទ្ធិ​សេរីភាព ហើយ​និង​អធិបតេយ្យភាព ឯករាជ្យ គឺ​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​ហ្នឹង គេ​មាន​របស់​គេ។ ចំពោះ​ខ្ញុំ គឺ​មាន​របស់​ខ្ញុំ ដែល​មិន​អាច​លូក​ដៃ​ចូល​អ្នក​ណា​ទេ»

បន្ទាប់​មក​ទៀត នៅ​ក្នុង​ពេល​លោក​ទៅ​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ នៅ​អូរីហ្គេន (Oregon) សហរដ្ឋ​អាមេរិក ដែរ​នោះ លោក ម៉ម សូណង់ដូ បាន​អះអាង​ថា វត្តមាន​របស់​លោក​នៅ​ក្នុង​សមាជ​ប្រចាំ​ឆ្នាំ​លើក​ទី២ របស់​ចលនា​អំណាច​ពលរដ្ឋ​នោះ គឺ​ក្នុង​តួនាទី​ជា​អ្នក​សារព័ត៌មាន​សុទ្ធសាធ ។ លោក​ថា លោក​ចង់​ស្វែង​យល់​ពី​គ្រប់​ប្រភេទ​ក្រុម​មនុស្ស ដោយ​ពុំ​រើស​មុខ​ឡើយ៖ «ខ្ញុំ​មិន​ត្រឹម​តែ​ជា​ប្រធាន​សមាគម​ទេ តែ​ក៏​ជា​ប្រធាន​សំបុក​ឃ្មុំ ហេតុ​ដូច្នោះ ខ្ញុំ​ក៏​ជា​អ្នក​សារព័ត៌មាន។ ហើយ​បើ​និយាយ​ពី​នាទី​អ្នក​សារព័ត៌មាន​ទៅ​ជួប​អ្នក​ណា​ក៏​បាន។ ទៅ​ជួប​មេ​ចោរ​ក៏​បាន សួរ​អ្នក​ឯង​រឿង​អី​បាន ចូល​ចិត្ត​លួច​ម្ល៉េះ។ ហើយ​ទៅ​ជួប​អ្នក​ក្បត់​ជាតិ​ក៏​បាន សួរ​ថា​តើ​ហេតុ​អ្វី​បាន​ជា​អ្នក​ឯង​ចូល​ចិត្ត​កាត់​ដី​អោយ​យួន​ម្ល៉េះ ហ្នឹង​ជា​ឧទាហរណ៍»

ពាក់ព័ន្ធ​នឹង​ចលនា​ងើប​ឡើង​របស់​ពលរដ្ឋ​នៅ​តាម​បណ្ដា​ប្រទេស​មួយ​ចំនួន ដើម្បី​ផ្លាស់​ប្ដូរ​ការ​គ្រប់​គ្រង​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន លោក ម៉ម សូណង់ដូ បាន​បញ្ជាក់​ថា លោក​ពុំ​គាំទ្រ​ចលនា​បែប​នេះ​ឡើយ​សម្រាប់​បរិបទ​កម្ពុជា៖ «រឿង​ប្រើ​អំពើ​ហិង្សា ទោះ​ត្រូវ​ក្តី ក៏​មិន​ត្រូវ​ប្រើ​ដែរ។ អា​រឿង​ចលនា​បំបះបំបោរ​ធ្វើ​ដូចម្តេច​អោយ​មាន​កាប់​សម្លាប់​ដូច​ជំនាន់​ខ្មែរ​ក្រហម ឬ​ក៏​ដូច​ជា​ទុយនេស៊ី ឬ​នៅ​ក្នុង​អេហ្ស៊ីប ឬ​ក្នុង​ប្រទេស​ក្នុង​តំបន់​អារ៉ាប់ មួយ​ចំនួន​ផ្សេង​ទៀត ដែល​គេ​ធ្វើ​បាន​ជោគជ័យ​ហ្នឹង ខ្ញុំ​អត់​គាំទ្រ​ទេ ពីព្រោះ​ខ្ញុំ​ចង់​ដោះស្រាយ​រឿង​ច្បាប់ គឺ​ការ​បោះ​ឆ្នោត​ហ្នឹង»

ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ​សំបុក​ឃ្មុំ ពី​សម្រង់​សម្ដី​របស់​ប្រធាន​វិទ្យុ​នេះ បង្ហាញ​ថា លោក ម៉ម សូណង់ដូ ព្យាយាម​រលាស់​ខ្លួន​ចេញ​ពី​ការ​ចោទ​ប្រកាន់​រូប​លោក​ថា បាន​ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ​របស់​លោក សួន សេរីរដ្ឋា ក្នុង​កិច្ច​សហការ​ក្នុង​បំណង​ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល​កម្ពុជា។

នៅ​ក្នុង​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កន្លង​ទៅ មេធាវី​ការពារ​ក្ដី​អោយ​លោក ម៉ម សូណង់ដូ គឺ​លោក សុក សំអឿន បាន​ស្នើ​ឲ្យ​តុលាការ​ទទួល​យក​នូវ​ភស្តុតាង​មួយ​ចំនួន​របស់​កូន​ក្តី​លោក​ជា​ប្រភេទ​ខ្សែ​អាត់​សំឡេង ដើម្បី​ជា​ភស្តុតាង​ដោះ​បន្ទុក​លោក ម៉ម សូណង់ដូ ពី​ការ​ចោទ​ប្រកាន់​នេះ ប៉ុន្តែ​ត្រូវ​ចៅក្រម​ជំនុំ​ជម្រះ​បដិសេធ។

ព្រះរាជ​អាជ្ញា​រង លោក មាស ច័ន្ទពិសិដ្ឋ នៅ​ក្នុង​ពេល​សន្និដ្ឋាន​បញ្ចប់​សវនាការ​លើ​លោក ម៉ម សូណង់ដូ និង​អ្នក​ពាក់ព័ន្ធ កាល​ពី​ថ្ងៃ​ទី១៤ ខែ​កញ្ញា បាន​បញ្ជាក់​ថា គេ​ពុំ​ឃើញ​មាន​ភស្តុតាង​ជាក់​លាក់​ថា ការ​ជួប​គ្នា​នៅ​ក្រៅ​ប្រទេស​របស់ លោក ម៉ម សូណង់ដូ ជាមួយ​លោក សួន សេរីរដ្ឋា នៅ​ក្នុង​ប្រទេស​ថៃ និង​នៅ​សហរដ្ឋ​អាមេរិក​នោះ ថា​ជា​ទំនាក់​ទំនង​ធម្មតា ឬ​ក្នុង​នាម​ជា​អ្នក​សារព័ត៌មាន និង​ថា កន្លង​មក លោក ម៉ម សូណង់ដូ ពុំ​ដែល​បង្ហាញ​ជំហរ​មិន​គាំទ្រ​ចំពោះ​លោក សួន សេរីរដ្ឋា នោះ​ដែរ។

ករណី​ដែល​សវនាការ​បាន​បញ្ចប់ ហើយ​ភស្តុតាង​មួយ​ចំនួន​ដែល​រំពឹង​ថា អាច​ដោះ​បន្ទុក​លោក ម៉ម សូណង់ដូ នោះ ពុំ​ត្រូវ​បាន​បង្ហាញ​ដល់​អង្គ​សវនាការ​នោះ ធ្វើ​ឲ្យ​ក្រុម​អ្នក​ច្បាប់​ដែល​បាន​ឃ្លាំ​មើល​ដំណើរ​រឿង​នេះ បាន​លើក​ឡើង​ថា គេ​នឹង​អាច​ស្នើ​ឲ្យ​តុលាការ​ទទួល​យក​ភស្តុតាង​នោះ​ជា​ថ្មី​ទៀត ប្រសិន​បើ​រឿង​ក្ដី​នេះ​ត្រូវ​បន្ត​ដល់​សាលា​ឧទ្ធរណ៍។

ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី ចិយា មាន​ប្រសាសន៍​ថា ការ​មិន​ទទួល​យក​ភស្តុតាង ដែល​ជា​ការ​ដោះ​បន្ទុក​ជន​ជាប់​ចោទ គឺ​ជា​ទង្វើ​ខុស​នីតិវិធី​របស់​ចៅក្រម។ លោក​ថា បើ​មេធាវី​ទទួល​ស្គាល់​ថា ភស្តុតាង​នោះ​មាន​តម្លៃ​ដោះ​បន្ទុក គេ​អាច​ស្នើ​ឡើង​នៅ​ក្នុង​សវនាការ​នៅ​តុលាការ​បន្ទាប់​ទៀត៖ «ការ​ពិត ចៅក្រម​មិន​គួរ​បដិសេធ​ការ​ដាក់​ភស្តុតាង​ទេ។ គេ​អាច​បដិសេធ​តែ​ខ្លឹមសារ​នៃ​ភស្តុតាង មិន​អាច​ទាត់​ចោល​ភស្តុតាង​ទេ នៅ​ពេល​ណា​មិន​ទាន់​ដឹង​ថា ភស្តុតាង​នោះ​ត្រូវ​ដោះ​បន្ទុក ឬ​ដាក់​បន្ទុក ឬ​ក៏​អី​ផង ហើយ​គេ​មិន​អោយ​ដាក់​ភស្តុតាង​ហ្នឹង គឺ​ជា​កំហុស»

បើ​ទោះ​ជា​យ៉ាងណា អ្នក​ឃ្លាំមើល​បាន​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​កម្ពុជា អោយ​ដោះស្រាយ​បញ្ហា​នេះ​តាម​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ នឹង​ផ្ដល់​ការ​ព្រមាន​ដល់​ប្រធាន​វិទ្យុ​នេះ​ពី​ការ​ផ្សព្វ​ផ្សាយ​របស់​គាត់​ជាជាង​ការ​ប្រើ​ប្រាស់​មធ្យោបាយ​តុលាការ ដើម្បី​ដាក់​ទោស​ទណ្ឌ៖ «គឺ​អាច​ព្រមាន ឧទាហរណ៍​ថា យក​មក​ផ្សាយ​ខុស​អ៊ីចឹង​ទៅ ក្រសួង​ព័ត៌មាន​ហ្នឹង​អាច​ចេញ​លិខិត​ណែនាំ​ទៅ កុំ​អោយ​ផ្សាយ​អ៊ីចឹង​ទៅ។ វា​ល្អ​ជាង​ការ​ដែល​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​មក​ដាក់​ទោសទណ្ឌ វា​ធ្វើ​អោយ​ប៉ះពាល់​កិត្តិយស​តុលាការ​ខ្មែរ​យើង​ផង និង​កិត្តិយស​ថ្នាក់​ដឹកនាំ​ផង»

សវនាការ​សំណុំ​រឿង​ក្ដី​ជម្លោះ​ដីធ្លី បង្កើត​តំបន់​អបគមន៍​ប្រឆាំង​រដ្ឋាភិបាល នៅ​ខេត្ត​ក្រចេះ បាន​បើក​ចាប់​តាំង​ពី​ថ្ងៃ​អង្គារ ទី១១ ខែ​កញ្ញា ឆ្នាំ​២០១២ ដោយ​មាន​ជន​ជាប់​ចោទ​សរុប​ចំនួន ១០នាក់ រាប់​ទាំង​លោក ម៉ម សូណង់ដូ និង​ឈ្មោះ ប៊ុន រដ្ឋា ដែល​កំពុង​គេច​ខ្លួន។

ក្នុង​រឿង​ក្ដី​ជម្លោះ​ដីធ្លី នៅ​ខេត្ត​ក្រចេះ តុលាការ​បាន​ចោទ​ប្រកាន់​លោក ម៉ម សូណង់ដូ និង​អ្នក​ពាក់ព័ន្ធ ពី​បទ​ប្រឆាំង​អ្នក​រាជការ​សាធារណៈ កុបកម្ម ជ្រៀតជ្រែក​ខុស​ច្បាប់​ក្នុង​ការ​បំពេញ​មុខ​ងារ​សាធារណៈ ញុះញង់​ឲ្យ​ប្រជាពលរដ្ឋ​កាន់​កាប់​អាវុធ​ខុស​ច្បាប់ និង​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត។ ប្រសិន​បើ​រក​ឃើញ​ថា​មាន​កំហុស លោក ម៉ម សូណង់ដូ ដែល​មាន​វ័យ​ជាង ៧០ឆ្នាំ ប្រឈម​នឹង​ជាប់​ពន្ធនាគារ​យូរ​បំផុត​រហូត ៣០​ឆ្នាំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (5)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

When you need the time and strength to develop our country. You create the problem with your innocent people. Can you take a break and think again, how can Ta Mam Sonando create a war with two arrow? Please don't be afraid of losing power unless you you nothing for the country. Please release him from the present and say sorry to him. The let the world look down on you and the whole Cambodian Nation.

If you real love our country don't waste your time to use the court as your weapon. Bring Cambodian to the wealthy Country rather than beg from other countries to feed your people.

Sep 29, 2012 06:59 AM

អ្នក​អាន​អនាមិក

តើអ្នកចោទគេថាចង់វាយរំលំរដ្ធាភិបាលទាំងនោះ ធ្វើជាល្ងង់ឬជាឆ្កួត
មនុស្សចេះដឹងស្គាល់អ្វីថាជាអ្វីដូចលោកម៉មសូណង់ដូ មិនល្ងង់ទៅធ្វើដូចគេចោទនោះទេរ
គាត់ឆ្លាតជាងនេះឆ្ងាយណាស់ ដូច្នេះសូមអ្នកចោទអស់នោះឈប់ធ្វើល្ងង់ធ្វើឆ្កួតទៀតទៅ!

Sep 25, 2012 11:02 PM

អ្នក​អាន​អនាមិក

ពី PP

រដ្ឋាភិបាលខែ្មរប្រសព្វធ្វើឆ្កួតណាស់ ព្រោះថាបញ្ជាតុលាការខែ្មរឲ្យចាប់អ្នកមិនមានទោសថាមានទោស

Sep 25, 2012 10:38 PM

អ្នក​អាន​អនាមិក

CAN PUBLIC READ JUDGMENT OPINIONS ALL THE PREVOURS CASES THAT THE COURT HAS DECIDED.

Sep 25, 2012 08:23 AM

អ្នក​អាន​អនាមិក

ចៅក្រម<មេក្រម=រដ្ឋមន្ត្រីឬនាយទុន<បាក្រម=ហ៊ុនសែន<តាក្រម=យួនហានណូយនេះហើយតុលាការស្មែរ???

Sep 24, 2012 08:19 PM

មើល​មតិ​ទាំង​អស់.